Paris Peace Accords 23 Oct. 1991

Thursday, October 13, 2016

គ.ជ.ប. បារម្ភ​ ពី​កម្ដៅ​ នយោបាយ​ ក្នុង​ដំណើរការ​ បោះឆ្នោត | NEC concerned about heated politics during the election process

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​នា​រដ្ឋសភា កាល​ពី​ព្រឹក​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០១៥។
ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​នា​រដ្ឋសភា កាល​ពី​ព្រឹក​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០១៥។

គ.ជ.ប. បារម្ភ​ ពី​កម្ដៅ​ នយោបាយ​ ក្នុង​ដំណើរការ​ បោះឆ្នោត

RFA / វិទ្យុ អាស៊ី សេរី | ១២ តុលា ២០១៦



សមាជិក​គណៈកម្មាធិការ​ ជាតិ​ រៀបចំ​ ការ​បោះឆ្នោត (គ.ជ.ប.) បាន​បង្ហាញ ​ក្តី​ព្រួយ​បារម្ភ​ អំពី​ កម្ដៅ​នយោបាយ ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ដែល​អាច ​នឹង​ប៉ះពាល់​ ដល់​ដំណើរ​ការ​ ចុះ​ឈ្មោះ​ បោះឆ្នោត។  ទាំង គ.ជ.ប. និង​អង្គការ​ សង្គម​ស៊ីវិល ​មួយ​ចំនួន​ទៀត សុទ្ធតែ​ ចង់​ឃើញ​ គណបក្ស ​ដែល​មាន ​អាសនៈ ​ក្នុង​រដ្ឋ​សភា វិល​ទៅ​រក​ តុ​ចរចា ​ដើម្បី​ បន្ថយ​ កម្ដៅ​ នយោបាយ ​ឲ្យ​ដល់​កម្រិត​ សូន្យ។

ទំនាស់​នយោបាយ​ម្ដង​ក្ដៅ​ម្ដង​ត្រជាក់​រវាង​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​បាន​ក្លាយ​ទៅ​ជា​ប្រធានបទ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ជាមួយ​ភាគី​ពាក់ព័ន្ធ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដែល​រៀបចំ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​តុលា នៅ​ទីស្នាក់ការ គ.ជ.ប។
សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក រ៉ុង ឈុន មាន​ប្រសាសន៍​ថា កម្ដៅ​នយោបាយ​នៅ​កម្ពុជា ហាក់​បាន​ថយ​ចុះ​បន្តិច​កាល​ពី​មុន​ពេល​បុណ្យ​ភ្ជុំបិណ្ឌ នៅ​ពេល​បក្ស​ធំៗ​ទាំង​២ ផ្អាក​ការ​វាយ​ប្រហារ​ពាក្យ​សម្ដី​ធ្ងន់ៗ​ដាក់​គ្នា ក៏ប៉ុន្តែ​កម្ដៅ​នយោបាយ​នៅ​តែ​មិន​ទាន់​ថយ​ចុះ​ដល់​ចំណុច​លែង​ព្រួយ​បារម្ភ​ឡើយ។
​លោក រ៉ុង ឈុន បញ្ជាក់​ថា ប្រសិនបើ​អ្នក​នយោបាយ​មិន​បញ្ចុះ​កម្ដៅ​នយោបាយ​តាម​រយៈ​ការ​ចរចា​គ្នា​នោះ​ទេ វា​នឹង​ប៉ះពាល់​ដល់​ដំណើរ​ការ​ចុះ​ឈ្មោះ និង​ការ​បោះឆ្នោត៖ «យើង​ចង់​ឃើញ​អ្នក​នយោបាយ​មក​អង្គុយ​ជជែក​គ្នា​រក​ដំណោះស្រាយ ដើម្បី​ធ្វើ​ម៉េច ចូល​រួម​ក្នុង​ការ​បោះឆ្នោត មាន​វត្តមាន​អ្នក​នយោបាយ​ទាំង​អស់ គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់​ចូលរួម​ប្រកួត​ប្រជែង ក្នុង​ការ​បោះឆ្នោត​ឲ្យ​បាន​ទាំង​អស់​គ្នា។ យើង​ដឹង​ហើយ ទោះ​បី​ការ​ចុះ​ឈ្មោះ​បាន​ល្អ​ប្រសើរ (តែ) បើ​យើង​ខ្វះខាត​នៅ​ចំណុច​ហ្នឹង​មួយ ក៏​មិន​អាច​ដំណើរ​ការ​បាន​ល្អ​ដែរ»
​មជ្ឈដ្ឋាន​ទូទៅ​មើល​ឃើញ​ថា គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង បាន​ពើប​ប្រទះ​បញ្ហា​រង្គោះរង្គើ​ជាមួយ​គ្នា​អស់​ជិត​មួយ​អាណត្តិ​ហើយ ក្រោយ​ពី​មន្ត្រី និង​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ត្រូវ​បាន​តុលាការ​ចាប់​ដាក់​ពន្ធនាគារ​ជា​បន្តបន្ទាប់។ រី​ឯ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​ពីរ​រូប​ក៏​កំពុងតែ​រួម​រឹត​ដោយ​ពាក្យ​បណ្ដឹង ដែល​បណ្ដាល​ឲ្យ​លោក សម រង្ស៊ី និរទេស​ខ្លួន​រស់​នៅ​ក្រៅ​ប្រទេស ចំណែក​លោក កឹម សុខា សម្ងំ​រស់​នៅ​ក្នុង​ទីស្នាក់ការ​បក្ស​ម្នាក់​ឯង មិន​បាន​បំពេញ​ការងារ​នយោបាយ​ពេញលេញ​ដូច​គណបក្ស​កាន់​អំណាច។ លើស​ពី​នេះ​ទៀត មន្ត្រី​សិទ្ធិមនុស្ស និង​មន្ត្រី គ.ជ.ប ក៏​កំពុង​ជាប់​ពន្ធនាគារ​ដោយសារ​កិច្ច​ខិតខំ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ និង​តុលាការ បន្ទាប់ពី​ទទួល​បណ្ដឹង​ពី​នាង ខុម ចាន់តារាទី ហៅ ស្រីមុំ។
​ក្រុម​អង្គការ​ស៊ីវិល ចាត់​ទុក​ថា ចំណាត់​ការ​ទាំង​នេះ គឺ​ជា​រឿង​នយោបាយ​ដែល​ត្រូវ​ដោះស្រាយ​តាម​ច្រក​នយោបាយ។
​ប្រធាន​នាយកដ្ឋាន​កិច្ចការ​បោះឆ្នោត និង​នីតិកម្ម គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី ម៉េង សុភារី មាន​ប្រសាសន៍​ថា គណបក្ស​ធំៗ​ទាំង​ពីរ​គួរ​តែ​បាន​ជួប​ចរចា​គ្នា​វិញ ដើម្បី​ធានា​ឲ្យ​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត និង​ដំណើរការ​ប្រជាធិបតេយ្យ​បាន​ទៅ​មុខ​ដោយ​រលូន និង​ពេញ​បរិបូរណ៍៖ «យើង​ឃើញ​ហើយ​ថា ដើម្បី​ឲ្យ​កាន់​​តែ​មាន​តម្លាភាព​ទៀត​នោះ គួរតែ​គ្រប់​ភាគី​គណបក្ស​នយោបាយ​អោយ​មាន​ការ​ចូល​រួម​ទាំង​អស់​គ្នា កុំ​អោយ​អវត្តមាន​គណបក្ស​នយោបាយ ជាពិសេស​មេដឹកនាំ​គណបក្ស​នយោបាយ​ទាំង​អស់​ត្រូវ​ចូលរួម​ការ​បោះ​ឆ្នោត ទើប​ការ​បោះឆ្នោត​នោះ​មាន​តម្លាភាព សេរីភាព និង​យុត្តិធម៌ ហើយ​ដែល​គណបក្ស​នយោបាយ​ទាំង​អស់​អាច​ទទួល​យក​បាន»
​ឆ្លើយ​តប​ចំពោះ​បញ្ហា​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថា មិន​អាច​ទៅ​រួច​ទេ ប្រសិនបើ​ការ​ចរចា​ដើម្បី​ដោះលែង​អ្នក​ជាប់​ចោទ ឬ​អ្នក​ល្មើស​ច្បាប់​នោះ៖ «ទិសដៅ​របស់​គាត់​គឺ​យើង​ដឹង​ច្បាស់​ហើយ​ថា គាត់​ចង់​អោយ​គណបក្ស​ទាំង​ពីរ​ចរចា​គ្នា​ដើម្បី​ដោះលែង​អ្នក​ជាប់​ពិរុទ្ធ​នៅ​ក្នុង​ផ្លូវ​ច្បាប់ ដូច្នេះ​សួរ​ថា តើ​គណបក្ស​ទាំង​ពីរ​មាន​ភារកិច្ច​អី​ទៅ​រំលោភ​សមត្ថកិច្ច​តុលាការ ហើយ​បើ​ដូច្នេះ​ទៅ តើ​ឯ​ណា​ទៅ​ដែល​ហៅ​ថា នីតិរដ្ឋ​ដែល​ជា​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ហើយ​ឯ​ណា​ទៅ​ដែល​ជា​វប្បធម៌​និទណ្ឌភាព​នោះ ចង់​យក​និទណ្ឌភាព​មក​ជំនួស​នីតិរដ្ឋ​ម៉េច​កើត គឺ​យើង​មិន​អាច​ធ្វើ​ទៅ​​រួច​ទេ»
​នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​បោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ហៅ​កាត់​ថា និចហ្វិក (NICFEC) លោក សំ គន្ធាមី មាន​ប្រសាសន៍​ថា ថ្វី​ត្បិត​តែ​គណបក្ស​កាន់​អំណាច​អះអាង​ថា ចំណាត់​ការ​លើ​បក្ស​ប្រឆាំង​ជា​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ក្តី ប៉ុន្តែ​ពី​ក្រោយ​ខ្នង ឬ​ប្រភព​ដើម​នៃ​រឿង​នេះ គឺ​ផ្ដើម​ចេញ​ពី​ជម្លោះ​នយោបាយ។
លោក សំ គន្ធាមី លើក​ឡើង​ថា លោក​មាន​ក្ដី​ព្រួយ​បារម្ភ​ធំ​ជាង គ.ជ.ប. ទៅ​ទៀត ចំពោះ​កម្តៅ​នយោបាយ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ដូច្នេះ​បើ​អ្នក​នយោបាយ​នៅ​តែ​មានៈ​មិន​ព្រម​បញ្ចប់​ទំនាស់​ជាមួយគ្នា​ទេ​នោះ នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​មួយ​ចំនួន​រារែក​ក្នុង​ការ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត។ លោក សំ គន្ធាមី ក៏​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ស្ដារ​បរិយាកាស​នយោបាយ​ឲ្យ​ល្អ​ឡើង​វិញ ដើម្បី​ធានា​ឲ្យ​ការ​ត្រៀម​ប្រកួត​ប្រជែង​នយោបាយ​នៅ​ពេល​ខាង​មុខ​នេះ​ប្រកប​ដោយ​សេរី និង​យុត្តិធម៌៕

No comments:

Post a Comment