អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ថ្លែងក្នុងសន្និសីទកាសែតនាវិមានរដ្ឋសភា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥។ |
បក្សប្រឆាំង នៅតែ ទទូច ចង់ដោះស្រាយ បញ្ហានយោបាយ ជាមួយ បក្សកាន់អំណាច
RFA / វិទ្យុ អាស៊ី សេរី | ១៧ តុលា ២០១៦
គណបក្ស សង្គ្រោះជាតិ នៅតែ ទទូច ដោះស្រាយ បញ្ហានយោបាយ ជាមួយ គណបក្ស ប្រជាជន កម្ពុជា ជាថ្មី នៅថ្ងៃ ទី១៧ ខែតុលា។ ការប្រកាស ជំហរ របស់ គណបក្ស សង្គ្រោះជាតិ ថា, ចង់ចរចា ជាមួយ បក្ស កាន់អំណាចនេះ ធ្វើឡើង នៅពេល ក្រុមតំណាងរាស្ត្រ បក្សប្រឆាំង ទៅសួរ សុខទុក្ខស កម្មជន របស់ខ្លួន នៅក្នុងពន្ធនាគារ។ រីឯ បក្សកាន់អំណាច ពន្យល់ថា មិនអាច ចរចា ដើម្បី ដោះលែង អ្នកជាប់ចោទ ឬអ្នកល្មើសច្បាប់ នោះទេ។
ថ្វីត្បិតតែគណបក្សកាន់អំណាចថាស្ថានភាពនយោបាយនៅតែធម្មតាក្តី តែសម្រាប់មជ្ឈដ្ឋានទូទៅ រួមទាំងបក្សប្រឆាំងផង នៅតែយល់ថា ស្ថានភាពនយោបាយក្នុងពេលបច្ចុប្បន្ននេះ កំពុងមានបញ្ហាដែលល្មមដល់ពេលត្រូវបញ្ចប់ហើយ ដើម្បីគិតគូរបម្រើដល់ប្រទេសជាតិ និងប្រជាជន។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា ស្ថានភាពនយោបាយក្នុងពេលបច្ចុប្បន្ននេះ មិនគួរទុកឲ្យនៅរ៉ាំរ៉ៃដែលនាំឲ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតក្នុងពេលខាងមុខឡើយ។ លោកអំពាវនាវដល់គណបក្សប្រជាជនកម្ពុជា គួរតែព្រមចរចាដោះស្រាយបញ្ចប់បញ្ហានយោបាយ ដោយដោះលែងអ្នកទោសនយោបាយឲ្យមានសេរីភាពឡើងវិញ ជាដើម។
ការថ្លែងបែបនេះ បន្ទាប់ពីលោក យឹម សុវណ្ណ និងតំណាងរាស្ត្រមួយចំនួនទៀត បានចូលទៅសួរសុខទុក្ខតំណាងរាស្ត្រ និងសកម្មជនគណបក្សសង្គ្រោះជាតិ នៅពន្ធនាគារព្រៃស នៅព្រឹកថ្ងៃទី១៧ ខែតុលា។ នៅពេលរសៀលថ្ងៃដដែល ប្រតិភូបក្សប្រឆាំងក៏បានវិលត្រឡប់ទៅពន្ធនាគារព្រៃសម្តងទៀត ដើម្បីសួរសុខទុក្ខមន្ត្រីការពារសិទ្ធិមនុស្សអាដហុក (ADHOC) ៤រូប រួចបន្តទៅសួរសុខទុក្ខលោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប នៅពន្ធនាគារស្នងការក្រុងភ្នំពេញ។
ឆ្លើយតបចំពោះសំណើសុំចរចាដោះស្រាយនយោបាយនោះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា ក្នុងពេលតុលាការកំពុងតែដំណើរការនីតិវិធីចំពោះមន្ត្រីមួយចំនួនរបស់គណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ទោស ហើយដែលបានប្រព្រឹត្តបទល្មើសនោះ គឺមិនអាចជួបចរចាគ្នាបានទេ ដើម្បីកុំឲ្យជះឥទ្ធិពលដល់នីតិវិធីរបស់តុលាការ។
កាលពីថ្ងៃទី៨ ខែតុលា កន្លងទៅ គណបក្សប្រឆាំងក៏បានថ្វាយលិខិតមួយច្បាប់ទៅព្រះមហាក្សត្រ ដើម្បីស្នើសុំឲ្យព្រះអង្គលើកលែងទោសដល់សកម្មជនសិទ្ធិមនុស្ស ដីធ្លី បរិស្ថាន នយោបាយ និងជាពិសេសថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ក៏ប៉ុន្តែសំណើនេះត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បដិសេធភ្លាមៗ ដោយថ្លែងនៅក្នុងលិខិតដដែលថា ករណីរបស់លោក សម រង្ស៊ី និងករណីរបស់លោក កឹម សុខា គឺជារឿងអនុវត្តច្បាប់សុទ្ធសាធ និងជាកិច្ចការរបស់តុលាការ។
ទោះបីជាយ៉ាងណាក្តី គណបក្សសង្គ្រោះជាតិ ប្រកាសថា លោក សម រង្ស៊ី នឹងនៅតែវិលចូលមកប្រទេសកម្ពុជា វិញនៅមុនការបោះឆ្នោតឆ្នាំ២០១៨ ខាងមុខ ទោះបីជាលោករួមរឹតដោយសំណាញ់តុលាការក្តី។ លើសពីនេះទៀត លោក យឹម សុវណ្ណ លើកឡើងថា លោក សម រង្ស៊ី ក៏បានប្រកាសយល់ព្រមវិលមកស្រុកខ្មែរ ហើយដើរចូលពន្ធនាគារ ប្រសិនបើរដ្ឋាភិបាល ឬតុលាការព្រមដោះលែងតំណាងរាស្ត្រ និងសកម្មជនបក្សប្រឆាំង និងអ្នកទោសនយោបាយផ្សេងៗទៀត។
ចំពោះបញ្ហានេះ លោក សុខ ឥសាន លើកឡើងថា លោក សម រង្ស៊ី មានសាលក្រមផ្ដន្ទាទោសរួចទៅហើយ ដែលត្រូវជាប់ពន្ធនាគារ ២ឆ្នាំ និងបង់ប្រាក់ ៨លានរៀល ដូច្នេះមិនចាំបាច់ដោះដូរឡើយ ព្រោះលោកត្រូវតែទទួលទោសដដែល។ ម្យ៉ាងវិញទៀត លោកថានៅលើពិភពលោកនេះ គ្មានប្រទេសណាមួយដោះដូរអ្នកទោសនោះដែរ។
មួយរយៈពេលកន្លងទៅនេះ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ព្រមទាំងសហគមន៍អន្តរជាតិជាង ៣០ប្រទេសផង សុទ្ធតែចង់ឃើញគណបក្សធំៗទាំងពីរបន្តវប្បធម៌សន្ទនានយោបាយ ដើម្បីបន្ថយភាពតានតឹង និងការគោរពសិទ្ធិមនុស្ស ជាដើម។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា មានប្រសាសន៍ថា អ្នកជាប់ពន្ធនាគារទាំងអស់នោះ គឺពួកគាត់ជាប់ទោសដោយសារតែការចោទប្រកាន់ពាក់ព័ន្ធនឹងរឿងនយោបាយ។ លោក សូ ចន្ថា បន្ថែមថា លោកនឹងឯកភាពចំពោះការពង្រឹងនីតិរដ្ឋពិតប្រាកដ និងមានស្តង់ដារតែមួយ ដោយមិនមែនការរើសអើងផ្នែកនយោបាយ។
ថ្មីៗនេះដែរ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក រ៉ុង ឈុន ក៏បានសម្ដែងក្តីព្រួយបារម្ភចំពោះទំនាស់នយោបាយម្តងក្តៅម្តងត្រជាក់រវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំងដែរ ដោយលោកអំពាវនាវឲ្យគណបក្សដែលមានអាសនៈក្នុងរដ្ឋសភា វិលទៅរកតុចរចា ដើម្បីបន្ថយកម្ដៅនយោបាយឲ្យដល់កម្រិតសូន្យ៕
No comments:
Post a Comment