លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ត្រឡប់មកដល់ប្រទេសកម្ពុជា វិញនៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែកក្កដា ឆ្នាំ២០១៤។ RFA/Uon Chhin |
អ្នកវិភាគ នយោបាយ ថា, បក្ស កាន់អំណាច ខ្លាចលោក សម រង្ស៊ី ចូលស្រុក ធ្វើ ឲ្យមាន ចលនា គាំទ្រច្រើន
RFA / វិទ្យុ អាស៊ី សេរី | ២៣ តុលា ២០១៦
អ្នកវិភាគ នយោបាយ និងសង្គម ចាត់ទុក បម្រាម ទាំងស្រុង លើការ ត្រឡប់ មកវិញ របស់លោក សម រង្ស៊ី ថា បានបង្ហាញ ឲ្យដឹង នូវការ ជ្រួលច្រាល់ និងភ័យខ្លាច របស់ គណបក្ស កាន់អំណាច និងលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន។ អ្នកវិភាគ នយោបាយ និងសង្គមយល់ថា គណបក្សកាន់អំណាចកំពុងភ័យខ្លាចវត្តមានលោក សម រង្ស៊ី ចូលស្រុក ធ្វើ ឲ្យមាន ចលនា គាំទ្រ បក្សប្រឆាំង កាន់តែ ច្រើន។
អ្នកវិភាគ នយោបាយ និងសង្គម យល់ថា, ប្រសិនបើ មានវត្តមាន លោក សម រង្ស៊ី ចូលស្រុកវិញ គណបក្ស កាន់អំណាច អាច នឹងពិបាក គ្រប់គ្រង ចលនា គាំទ្រ នៅក្នុងស្រុក, ហើយ ករណី លោក សម រង្ស៊ី នៅក្នុងប្រទេស ត្រូវ អាជ្ញាធរ ចាប់ខ្លួនលោក, គណបក្ស ប្រឆាំង នឹងកាន់តែ មានឥទ្ធិពល ថែមទៀត។
ការលើកឡើងរបស់អ្នកវិភាគនយោបាយ និងសង្គម នៅក្រោយពេលដែលរដ្ឋាភិបាលប្រកាសត្រៀមកងកម្លាំងដើម្បីទប់ស្កាត់មិនឲ្យលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ វិលចូលស្រុកវិញបានជាដាច់ខាត។
អ្នកវិភាគនយោបាយ លោក មាស នី បានប្រាប់អាស៊ីសេរី ថា ការចេញបម្រាមរបស់គណបក្សកាន់អំណាចនៅពេលនេះ ហាក់ទំនងជាគណបក្សកាន់អំណាចភ័យខ្លាចវត្តមានលោក សម រង្ស៊ី ចូលស្រុកវិញ ហើយអាចបំពេញតួនាទីនយោបាយ និងដោយសេរីវិញនោះ គណបក្សប្រឆាំងអាចបង្កើតឲ្យមានការជួបជុំគ្នាដ៏ធំ ហើយអាជ្ញាធរនឹងកាន់តែស្មុគស្មាញ។ ប៉ុន្តែអ្នកវិភាគនយោបាយរូបនេះបញ្ជាក់ថា បើសិនលោក សម រង្ស៊ី ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារ ខណៈចូលស្រុកវិញដែរនោះ មជ្ឈដ្ឋានជាតិ និងអន្តរជាតិ នឹងរិះគន់រដ្ឋាភិបាលកាន់តែខ្លាំង។ ហេតុនេះ ចង់ មិនចង់ គណបក្សកាន់អំណាចមិនដែលចង់ឲ្យលោក សម រង្ស៊ី ចូលស្រុកវិញទេ៖ «ជាយុទ្ធសាស្ត្រ គឺត្រូវតែទុកឲ្យលោក សម រង្ស៊ី នៅក្រៅស្រុក វាហាក់ដូចជាធ្វើឲ្យគណបក្សប្រជាជនកម្ពុជា រស់នៅស្រួលជាង និងមិនពិបាកគ្រប់គ្រងស្ថានការណ៍សង្គម។»
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ច្រានចោលចំពោះការលើកឡើងនេះ ដោយចាត់ទុកថា គ្រាន់តែជាការយល់ឃើញរបស់បុគ្គលម្នាក់ៗប៉ុណ្ណោះ។ លោកបន្តថា គណបក្សប្រជាជនកម្ពុជា មិនបានខ្លាចវត្តមានលោក សម រង្ស៊ី នេះទេ គឺធ្វើនេះដើម្បីការពារសន្តិភាពស្ថិរភាពនយោបាយជូនប្រជាពលរដ្ឋទូទាំងប្រទេសប៉ុណ្ណោះ៖ «ការដែលហាមមិនឲ្យបុគ្គល សម រង្ស៊ី ចូលស្រុកនេះ មានន័យថា ដើម្បីការពារថែរក្សាសណ្ដាប់ធ្នាប់សាធារណៈ សន្តិភាព ស្ថិរភាពនយោបាយ ដើម្បីបម្រើផលប្រយោជន៍សង្គម មិនមានបម្រើផលប្រយោជន៍បុគ្គល សម រង្ស៊ី ក្រុមណាមួយនោះឡើយ។»
បន្ថែមពីនេះ លោក សុខ ឥសាន រិះគន់លោក សម រង្ស៊ី ដែលធ្លាប់លើកឡើងថា លោកនឹងត្រឡប់មកស្រុកវិញ និងព្រមជាប់ពន្ធនាគារជំនួសឲ្យសកម្មជនរបស់លោកនោះ គឺគ្រាន់តែជាកលល្បិចនយោបាយចង់បង្កើត និងធ្វើឲ្យច្របូកច្របល់នៅកម្ពុជា ប៉ុណ្ណោះ។
លិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី ដែលត្រូវបានបង្ហាញជាសាធារណៈនៅថ្ងៃទី២១ ខែតុលា បានបញ្ជាក់ថា យោងតាមចំណាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើទៅអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយស្ថាប័នពាក់ព័ន្ធនានា និងជាពិសេសជាមួយលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ឲ្យប្រើគ្រប់មធ្យោបាយមិនឲ្យលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ វិលចូលស្រុកបានទេ។
លិខិតដដែលបង្គាប់ឲ្យគ្រប់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ ដែលធ្វើប្រតិបត្តិការមកកម្ពុជា មិនឲ្យលោក សម រង្ស៊ី ឡើងលើយន្តហោះមកកម្ពុជា ទេ និងត្រូវផ្ដល់របាយការណ៍ទៀងទាត់ក្នុងករណីលោក សម រង្ស៊ី ទិញសំបុត្រមកកម្ពុជា។ ក្នុងករណីលោក សម រង្ស៊ី ធ្វើដំណើរមកកម្ពុជា តាមយន្តហោះណាមួយ យន្តហោះនោះត្រូវបង្វែរទិសដៅទៅអាកាសយានដ្ឋានដើមវិញ ដោយមិនអនុញ្ញាតឲ្យចុះចតនោះទេ។
ក្នុងករណីលោក សម រង្ស៊ី នៅតែអាចចុះដល់អាកាសយានដ្ឋានណាមួយនៅកម្ពុជា បាន ក៏មិនត្រូវឲ្យចាកចេញពីយន្តហោះឡើយ និងត្រូវត្រឡប់ទៅអាកាសយានដ្ឋានដើមវិញ។ ក្នុងករណីលោក សម រង្ស៊ី ចាកចេញពីយន្តហោះ នគរបាលអន្តោប្រវេសន៍ត្រូវចាត់វិធានការផ្លូវច្បាប់កុំឲ្យចូលកម្ពុជា បាន និងត្រូវចាត់វិធានការផ្សេងៗតាមការចាំបាច់។
អាស៊ីសេរី មិនអាចសុំការឆ្លើយតបបន្ថែមពីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ចំពោះចំណាត់ការយ៉ាងណា ទាក់ទិនការបង្គាប់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននៅឡើយនៅថ្ងៃទី២២ ខែតុលា។
ករណីនេះដែរ លោកមេធាវី សុក សំអឿន នៃការិយាល័យមេធាវីអម្រិន្ទ លើកឡើងថា បម្រាមនេះរាជរដ្ឋាភិបាលមានសិទ្ធិរារាំងអ្នកណាម្នាក់មិនឲ្យចូលស្រុក បើពិនិត្យលើច្បាប់អន្តោប្រវេសន៍៖ «ករណីនេះ រដ្ឋាភិបាលមានសិទ្ធិ មានអំណាច បើពិនិត្យលើអន្តោប្រវេសន៍ ប៉ុន្តែរឿងនេះអាចធ្វើឡើងចំពោះជនបរទេស មិនបាននិយាយពីជនជាតិខ្មែរនោះឡើយ ព្រោះជនជាតិខ្មែរ តាមច្បាប់ប្រទេសមិនអាចដកហូតច្បាប់សញ្ជាតិនោះទេ។»
យ៉ាងណា ក្រោយរដ្ឋាភិបាលចេញបម្រាមភ្លាមៗមិនឲ្យលោក សម រង្ស៊ី ចូលស្រុកវិញ លោក សម រង្ស៊ី បានអះអាងតាមរយៈបទសម្ភាសន៍ជាមួយអាស៊ីសេរី ថា បម្រាមនេះហាក់បង្ហាញថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្លាចវត្តមានរបស់លោក និងធ្វើឡើងមិនសមហេតុផលនោះឡើយ។ បន្ថែមពីនេះ លោក សម រង្ស៊ី អះអាងថា លោកនឹងវិលចូលស្រុកតាមមធ្យោបាយផ្សេងៗនៅមុនការបោះឆ្នោតឆ្នាំ២០១៧ ខាងមុខ៕
No comments:
Post a Comment