ក្រុមចលនាយុវជន និងសកម្មជនគណបក្សសង្គ្រោះជាតិ ខេត្តបាត់ដំបង ឈរមុខសាលាបឋមសិក្សា២ធ្នូ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦។ RFA/Hum Chamroeun |
សមត្ថកិច្ច ខេត្ត បាត់ដំបង មិនឲ្យ យុវជន បក្សប្រឆាំង ផ្សព្វផ្សាយ ឲ្យពលរដ្ឋ ទៅចុះឈ្មោះ បោះឆ្នោត
RFA / វិទ្យុ អាស៊ី សេរី | ១៦ តុលា ២០១៦
ក្បួនផ្សព្វផ្សាយនេះមានក្រុមយុវជន និងសកម្មជនគណបក្សសង្គ្រោះជាតិ ចូលរួមប្រមាណ ១០០នាក់ ដោយចែកជា ១០ក្រុម ដើរចែកខិត្តប័ណ្ណដល់អ្នកមកទស្សនាការប្រណាំងទូក ហើយត្រូវសមត្ថកិច្ចស្ទាក់ជាប់កាលពីរសៀលថ្ងៃទី១៥ តុលា នៅក្នុងពិធីបុណ្យអុំទូកនាដងស្ទឹងសង្កែ ក្រុងបាត់ដំបង។
មន្ត្រីគណបក្សប្រឆាំងនៅខេត្តបាត់ដំបង បានប្រតិកម្មភ្លាមៗនឹងការហាមឃាត់នេះ ថាជាទង្វើមួយរារាំងដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខេត្តបាត់ដំបង លោក ជា ជីវ មានប្រសាសន៍ថា សមត្ថកិច្ចបានរារាំងក្រុមយុវជនរបស់គណបក្សខ្លួនទាំងកម្រោល ដោយពួកគេពុំបានធ្វើអ្វីខុសច្បាប់នោះឡើយ។ លោកបញ្ជាក់ថា ការងារនេះ គឺខាងគណៈកម្មការរៀបចំការបោះឆ្នោតខេត្តបាត់ដំបង មិនជំទាស់នឹងក្រុមយុវជនគណបក្សសង្គ្រោះជាតិ ធ្វើយុទ្ធនាការផ្សព្វផ្សាយជំរុញឲ្យពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតនាឱកាសពិធីប្រណាំងទូកក្នុងដងស្ទឹងសង្កែ នោះទេ ប្រសិនបើអាជ្ញាធរដែនដីអនុញ្ញាតនោះ។ លោកបន្ថែមថា ក្រុមការងាររបស់លោក បានដាក់លិខិតស្នើសុំទៅសាលាក្រុងបាត់ដំបង រួចមកហើយ ក៏ប៉ុន្តែខាងសាលាក្រុងបានបដិសេធចំពោះការស្នើសុំនេះ។ លោកថា អាជ្ញាធរមិនអនុញ្ញាត គឺជារឿងមិនត្រឹមត្រូវឡើយ៖ «ព្រោះចំនួនពលរដ្ឋមកចុះឈ្មោះបោះឆ្នោតតិចណាស់ គឺប្រមាណជា ៤៧ភាគរយទេគិតត្រឹមថ្ងៃទី១៤ តុលា។ អ៊ីចឹងបើប្រៀបធៀបនឹងអ្នកចុះឈ្មោះទូទាំងប្រទេស ខេត្តបាត់ដំបង ស្ថិតនៅលេខរៀងទី២៤ ក្នុងចំណោម ២៥ខេត្ត-រាជធានី។ អ៊ីចឹងហើយបានជាយើងបារម្ភពីការងារនេះ។»
អ្នកចូលរួមក្នុងយុទ្ធនាការនេះ ស្លៀកពាក់លក្ខណៈដូចជាពលរដ្ឋធម្មតា គឺពុំមានពាក់ឯកសណ្ឋានដែលបញ្ជាក់អំពីគណបក្សនយោបាយណាមួយនោះទេ។ អ្នកចូលរួមមានដាក់គ្រឿងបំពងសំឡេង និងមានកាន់ខិត្តប័ណ្ណសម្រាប់ចែកឲ្យអ្នកទស្សនាការប្រណាំងទូក ដែលមានខ្លឹមសារសរសេរអញ្ជើញឲ្យពលរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ត្រូវទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា។
ឆ្លើយតបនឹងបញ្ហានេះ អភិបាលក្រុងបាត់ដំបង លោក សៀង ឯមវូនស្សី មានប្រសាសន៍ថា មូលហេតុដែលអាជ្ញាធរមិនអនុញ្ញាតឲ្យធ្វើយុទ្ធនាការនេះ ដោយសារក្រុមយុវជនគណបក្សសង្គ្រោះជាតិ ធ្វើយុទ្ធនាការក្នុងពិធីបុណ្យអុំទូកដែលមានមនុស្សច្រើន ហើយហាក់មានចេតនាឃោសនាឲ្យប្រជាពលរដ្ឋគាំទ្រគណបក្សខ្លួន។ លោកបញ្ជាក់ថា ប្រសិនបើមន្ត្រីគណបក្សប្រឆាំងនៅខេត្តបាត់ដំបង ចង់ផ្សព្វផ្សាយជំរុញឲ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត ដែលមានអាជ្ញាធរពាក់ព័ន្ធចូលរួមនោះ ខាងអាជ្ញាធរក្រុងនឹងមិនបដិសេធឡើយ៖ «គឺគណៈកម្មការរៀបចំការបុណ្យអុំទូកខេត្ត ស្វាគមន៍នឹងរៀបចំជូនទីតាំងឲ្យធ្វើយុទ្ធនាការ តែបើលោកមកក្នុងនាមគណបក្សនយោបាយ គឺយើងមិនអនុញ្ញាតឲ្យធ្វើបានទេ បើទោះជាលោកយល់ឃើញថា ការចុះឈ្មោះនៅមានកម្រិតក៏ដោយ ព្រោះប៉ះពាល់ដល់ការចូលរួមកម្សាន្តសប្បាយរបស់ប្រជាពលរដ្ឋ។»
ទោះបីជាយ៉ាងនេះក្ដី ប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិ សង្កាត់អូរចារ ក្រុងបាត់ដំបង លោក រុន ចន្ទី អះអាងថា យុទ្ធនាការនេះពុំបានលើកយកគោលនយោបាយរបស់គណបក្សប្រឆាំងទៅផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនោះទេ។ លោកបញ្ជាក់ថា យុទ្ធនាការនេះក្នុងគោលបំណងដើម្បីជំរុញឲ្យប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ គឺត្រូវទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា។ លោកហៅការរារាំងពីសំណាក់សមត្ថកិច្ចនេះ ថាជាទង្វើមួយមិនចង់ឲ្យពលរដ្ឋបានទទួលដំណឹងការចុះឈ្មោះបោះឆ្នោត៖ «គឺហួសហេតុពេក ព្រោះសង្គមយើងជាប្រទេសប្រជាធិបតេយ្យ ដល់ពេលគាត់ចាប់ពួកខ្ញុំអ៊ីចឹង ខ្ញុំមិនដឹងថាគាត់ធ្វើការបម្រើពលរដ្ឋ ឬដើម្បីអ្វីទេ? អំឡុងពេលនេះ ខ្ញុំមានសិទ្ធិផ្ដល់ព័ត៌មានឲ្យពលរដ្ឋ ព្រោះថ្ងៃនេះជាថ្ងៃបុណ្យទានមានមនុស្សច្រើន ងាយស្រួលដល់ការផ្សព្វផ្សាយ។»
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបាត់ដំបង លោក យិន ម៉េងលី មានប្រសាសន៍ថា យុវជនគណបក្សសង្គ្រោះជាតិ ចែកខិត្តប័ណ្ណផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតក្នុងពេលពួកគេទស្សនាពិធីបុណ្យអុំទូកតាមដងស្ទឹងសង្កែ ក្រុងបាត់ដំបង គឺពុំមានកំហុសអ្វីដែលត្រូវអាជ្ញាធររារាំងពួកគាត់នោះទេ៖ «បញ្ហានេះយើងឃើញមានបណ្ដាខេត្តខ្លះធ្វើបាន ហើយខេត្តខ្លះធ្វើមិនបាន ករណីនេះគឺជាការយល់ច្រឡំ។ អាជ្ញាធរហាក់ដូចជាការភ័យខ្លាចខ្លាំងពេក។ អ៊ីចឹងករណីនេះ អាជ្ញាធរគួរតែបើកចិត្តឲ្យបានទូលាយបន្តិចទៅ ហើយធ្វើការពិនិត្យឡើងវិញឲ្យបានច្បាស់លាស់។ បើសិនជាក្រុមយុវជនយកឱកាសនោះធ្វើការឃោសនា គឺអាជ្ញាធរលោកអាចចាត់វិធានការបាន។»
នៅខេត្តបាត់ដំបង ប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតហើយមានចំនួនជាង ៣៦ម៉ឺននាក់ គិតត្រឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ ក្នុងចំណោមពលរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅចំនួនជាង ៧៦ម៉ឺននាក់។
អាជ្ញាធរខេត្តបាត់ដំបង រៀបចំការប្រណាំងទូកក្នុងដងស្ទឹងសង្កែ ខាងមុខផ្សារណាត់ក្រុងបាត់ដំបង ចំនួន ២ថ្ងៃ ដើម្បីអបអរសាទរក្នុងឱកាសថ្ងៃចេញព្រះវស្សា គឺចាប់ពីម៉ោង ២រសៀលនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៦ តុលា។ ទូកដែលបានចូលរួមការប្រកួតថ្ងៃដំបូងមានចំនួន ២៦គ្រឿង ក្នុងនោះមានទូកអុំបើកឆាក ៤គ្រឿង ទូកអុំបុរសខ្នាតអន្តរជាតិចំនួន ៨គ្រឿង ទូកខ្នាតអន្តរជាតិផ្នែកនារី ៣គ្រឿង ទូកអុំផ្នែកបុរសប្រពៃណីខ្នាតខ្លី ៨គ្រឿង និងទូកងប្រពៃណីជាតិ ៣គ្រឿង។
នៅក្នុងពិធីនេះ មានដាក់តាំងពិព័រណ៍ទំនិញរបស់ជនជាតិថៃ និងរបស់អាជីវករខ្មែរនៅអមសងខាងដងស្ទឹងសង្កែ ទាំងត្រើយខាងលិច និងត្រើយខាងកើត ចម្ងាយជាង ១គីឡូម៉ែត្រ និងមានការប្រគំតន្ត្រីចំនួន ៣កន្លែងចែកជូនពលរដ្ឋទស្សនាកម្សាន្តរៀងរាល់រាត្រី។ អភិបាលក្រុងបាត់ដំបង អះអាងថា នៅពេលយប់ក្រោយពីការប្រណាំងទូកថ្ងៃដំបូង មានប្រជាពលរដ្ឋមកទស្សនាកម្សាន្តក្នុងពិធីនេះប្រមាណ ១០ម៉ឺននាក់៕
No comments:
Post a Comment