Paris Peace Accords 23 Oct. 1991

Saturday, October 22, 2016

[Vietnamization: Border, Paris Peae Agreements 25th] កម្ពុជា, ​វៀតណាម ​ព្រមព្រៀង ​ដោះដូរ​ដី​ នៅ​តំបន់​ មួយ​ចំនួន​ តាម​បណ្ដា​ខេត្ត​ ជាប់​ព្រំដែន | Cambodia, Vietnam agree to swap territory in provinces along the border

សកម្មភាព​ឈូស​ឆាយ​ធ្វើ​ផ្លូវ​របស់​វៀតណាម ចូល​ដី​ខ្មែរ​នៅ​តាម​ក្រវាត់​ព្រំដែន​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
សកម្មភាព​ឈូស​ឆាយ​ធ្វើ​ផ្លូវ​របស់​វៀតណាម ចូល​ដី​ខ្មែរ​នៅ​តាម​ក្រវាត់​ព្រំដែន​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៦។

កម្ពុជា, ​វៀតណាម ​ព្រមព្រៀង ​ដោះដូរ​ដី​ នៅ​តំបន់​ មួយ​ចំនួន​ តាម​បណ្ដា​ខេត្ត​ ជាប់​ព្រំដែន

RFA / វិទ្យុ អាស៊ី សេរី | ២២ តុលា ២០១៦

 

កម្ពុជា, វៀតណាម ព្រមព្រៀង​ ដោះដូរ​ដី​គ្នា​ ក្នុង​តំបន់​ មួយ​ចំនួន​ តាម​បណ្ដា​ខេត្ត​ ជាប់​ព្រំដែន​ នៃ​ប្រទេស ​ទាំង​ពីរ។  ការ​ព្រមព្រៀង​ គ្នា​នេះ កើត​ឡើង​ ក្នុង​ពេល​ ដែល​គណៈកម្មការ​ចម្រុះ ​ព្រំដែន​ គោក​ កម្ពុជា និង​វៀតណាម ជួប​ប្រជុំ​គ្នា​ នៅ​លើ​ទឹកដី ​វៀតណាម កាល​ពី​ថ្ងៃ​ ទី​១៨ ដល់​ថ្ងៃ​ ទី​២០ ខែ​តុលា នៅ​ទីក្រុង ​ហូជីមិញ

កិច្ច​ព្រមព្រៀង​នេះ ជា​កំណត់​ហេតុ​ នៃ​កិច្ច​ប្រជុំ​ របស់ ​គណៈកម្មការ​ចម្រុះ​ ព្រំដែន​ គោក​ កម្ពុជា-​វៀតណាម ដែល​ត្រូវ​ ក្រសួង​ ការបរទេស​ វៀតណាម ចេញ​ផ្សាយ ​នៅ​ថ្ងៃ​ ទី​២០ ខែ​តុលា ឆ្នាំ​២០១៦ ជា​ភាសា​ វៀតណាម តាម​គេហទំព័រ​ របស់​ខ្លួន។

ភាគី​ ទាំង​២ (កម្ពុជា, វៀតណាម) បាន​ពិភាក្សា​ អំពី​ ការ​ដោះដូរ​ដី​ តាម​រូបមន្ត​ អនុស្សរណៈ​ យោគយល់​គ្នា (MOU) នៅ​តាម ​ខេត្ត​ មួយ​ចំនួន ដែល​ពាក់ព័ន្ធ​ នឹង​ប្រទេស ​ទាំង​ពីរ។  ក្រៅ​ពី​នេះ ភាគី​ ទាំង​ពីរ​ ឯកភាព ​អញ្ជើញ​ អ្នក​ជំនាញ​ អន្តរជាតិ​ ដើម្បី​ មក​ជួយ​ក្នុង​បញ្ហា​ បោះ​បង្គោល ​ព្រំដែន។


ប្រធាន​គណៈកម្មការ​ចម្រុះ​បោះ​បង្គោល​ព្រំដែន​គោក​កម្ពុជា-វៀតណាម លោក វ៉ា គឹមហុង ឲ្យ​អាស៊ីសេរី ដឹង​នៅ​ថ្ងៃ​ទី​២២ ខែ​តុលា ថា តំបន់​ដែល​ត្រូវ​ដោះដូរ​ជាមួយ​ភាគី​វៀតណាម គឺ​ជា​ដី​ភូមិ​របស់​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ដែល​ចូល​ដី​វៀតណាម។ លោក​ថា ដី​ដែល​ត្រូវ​ដោះដូរ​នោះ ស្ថិត​នៅ​ក្នុង​ខេត្ត​ស្វាយរៀង រតនគិរី មណ្ឌលគិរី ជាដើម។ លោក​ពន្យល់​ថា  ដោះដូរ​ដី​តាម​រូបមន្ត MOU លុះ​ត្រា​មាន​តំបន់​ដី​នោះ​នៅ​ក្នុង​ខេត្ត​ជាប់​គ្នា ប៉ុន្តែ​បើ​ខេត្ត​នោះ​រក​ដី​ដូរ​មិន​បាន ទើប​មាន​ការ​ពិចារណា​រក​កន្លែង​ផ្សេង​នៅ​តាម​តំបន់​ជិតៗ​នោះ។ លោក​ថា មូលហេតុ​នៃ​ការ​ដោះដូរ​នេះ​ថា ព្រោះ​រដ្ឋាភិបាល​មិន​ចង់​ឲ្យ​ពលរដ្ឋ​បាត់បង់​ភូមិម្ករ ដី​ស្រែ​ចម្ការ​របស់​ខ្លួន​កំពុង​រស់​នៅ ប៉ុន្តែ​ជា​ដី​ដែល​ឋិត​ក្នុង​ដែនដី​របស់​វៀតណាម។

វ៉ា គឹមហុង ៦២០
ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង ធ្វើ​សន្និសីទ​កាសែត​ទាក់ទង​រឿង​ផែនទី នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​២៨ សីហា ឆ្នាំ​២០១៥។ RFA/Sek Bandith RFA/Sek Bandith
 
ភាគី​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា​លើ​លទ្ធផល​នៃ​កិច្ច​ប្រជុំ ដែល​ភាគី​វៀតណាម ដឹកនាំ​ដោយ​លោក ឡេ ហ្វាយ ជុង (Le Hoai Trung) អនុរដ្ឋមន្ត្រី​ក្រសួង​ការបរទេស ទទួល​បន្ទុក​គណៈកម្មការ​ព្រំដែន​ជាតិ។ ភាគី​កម្ពុជា ប្រធាន​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង ក្រៅ​ពី​នេះ ក៏​មាន​តំណាង​ក្រសួង​ស្ថាប័ន និង​អាជ្ញាធរ​មូលដ្ឋាន​នៅ​ជាប់​ព្រំដែន​ប្រទេស​ទាំងពីរ

កំណត់ហេតុ​នៃ​កិច្ច​ប្រជុំ​បង្ហាញ​ទៀត​ថា មក​ដល់​ពេល​នេះ ភាគី​ទាំង​​២​សម្រេច​បាន ៨៣​ភាគរយ នៃ​ការងារ​បែង​ចែក​ព្រំដែន និង​បោះ​បង្គោល​ព្រំដែន និង​បន្ត​អនុវត្ត​សន្ធិសញ្ញា​ទាំង​ឡាយ​បាន​ចុះ​ហត្ថលេខា​ជាមួយ​គ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​សេសសល់ និង​ដើម្បី​បញ្ចប់​ការងារ​បោះ​បង្គោល​ព្រំដែន​គោក​ឲ្យ​បាន​ឆាប់ និង​អនុវត្ត​សន្ធិសញ្ញា​ឆ្នាំ​១៩៨៥ និង​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥។
ភាគី​ទាំង​២ ឯកភាព​អញ្ជើញ​អ្នក​ជំនាញ​អន្តរជាតិ ដើម្បី​មក​ជួយ​បញ្ហា​បោះ​បង្គោល​ព្រំដែន។ ភាគី​ទាំង​២ ក៏​បាន​ឯកភាព​សហការ​សាងសង់​ស្ពាន​ថ្មី​នៅ​តំបន់​ដាក់ដាំ (Dac Dang) ជំនួស​ស្ពាន​ចាស់ ដើម្បី​ជំរុញ​ការ​សហការ​ផ្លាស់ប្ដូរ​វប្បធម៌ សេដ្ឋកិច្ច រវាង​មូលដ្ឋាន​ទាំង​ពីរ

ប្រធាន​គណៈកម្មការ​ចម្រុះ​បោះ​បង្គោល​ព្រំដែន​គោក​កម្ពុជា លោក វ៉ា គឹមហុង  បញ្ជាក់​បន្ថែម​ថា ភាគី​ទាំង​ពីរ​ពិត​ជា​បាន​ឯកភាព​គ្នា​ដូច​អ្វី​ដែល​ជា​ការ​បង្ហាញ​របស់​ភាគី​វៀតណាម មែន។ ទោះ​ភាគី​វៀតណាម បង្ហាញ​កំណត់​ហេតុ​នេះ​ជា​សាធារណៈ​មែន ប៉ុន្តែ​លោក វ៉ា គឹមហុង ថា ជា​គោលការណ៍ ភាគី​កម្ពុជា មិន​បង្ហាញ​របាយការណ៍​នេះ​ជា​សាធារណៈ​ទេ។

លោក វ៉ា គឹមហុង ថា ក្រោយ​លោក​បាន​ចុះ​ហត្ថលេខា​លើ​ការ​ព្រមព្រៀង​នេះ​ហើយ លោក​ត្រូវ​បញ្ជូន​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​បន្ត។ បើ​តាម​លោក វ៉ា គឹមហុង រឿង​នេះ អាច​នឹង​ត្រូវ​ឆ្លង​កាត់​ការ​សម្រេច​ពី​រដ្ឋ​សភា​ថែម​ទៀត​ផង។

ទាក់ទង​បញ្ហា​ព្រំដែន​នេះ​ដែរ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បដិសេធ​ធ្វើ​អត្ថាធិប្បាយ ខណៈ​ដែល​លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​នេះ​ជា​ផ្លូវ​ការ។ គណៈកម្មការ​ចម្រុះ​ព្រំដែន​គោក​កម្ពុជា-វៀតណាម បាន​ឯកភាព​ឲ្យ​ក្រុម​ការងារ​ពិសេស​វៀតណាម-កម្ពុជា ជួប​គ្នា​នៅ​ដើម​ខែ​វិច្ឆិកា ដើម្បី​កំណត់​ច្បាស់លាស់​នូវ​ដី​ពិត​ប្រាកដ​របស់​បង្គោល​ព្រំដែន ដូចជា​នៅ​ខេត្ត​ដាក់ឡាក់ (Dac Lak) មណ្ឌលគិរី តៃនិញ (Tay Ninh) ស្វាយរៀង។ បន្ទាប់​ពី​កំណត់​បាន​ទីតាំង​ច្បាស់​លាស់​ហើយ នឹង​ប្រគល់​ការងារ​ទាំង​នេះ​អោយ​អាជ្ញាធរ​ព្រំដែន​បោះ​បង្គោល៕


No comments:

Post a Comment