Paris Peace Accords 23 Oct. 1991

Sunday, October 2, 2016

[Vietnamization: Logging, Ratanakiri] សង្គម​ស៊ីវិល​ អំពាវនាវ​ ឲ្យ​អាជ្ញាធរ ​ទប់ស្កាត់​ ឈ្មួញ​វៀតណាម​ ចូល​មក​ ទិញ​ឈើ​ នៅ​តំបន់​ ព្រំដែន | Civil society requests authority stop Vietnamese merchants from entering Cambodia and buy timber along border

ជនជាតិ​វៀតណាម​កាប់​ឈើ​ខេត្ត​រតនគិរី ៦២០
សហគមន៍​ភូមិ​ឃ្វែង ឃុំ​យ៉ាទុង ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ចុះ​ល្បាត​ព្រៃ​នៅ​ចំណុច​អូរតាង៉ត ជិត​ប៉ុស្តិ៍​តម្រួត​ការពារ​ព្រំដែន​ខ្មែរ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០១៥។

សង្គម​ស៊ីវិល​ អំពាវនាវ​ ឲ្យ​អាជ្ញាធរ ​ទប់ស្កាត់​ ឈ្មួញ​វៀតណាម​ ចូល​មក​ ទិញ​ឈើ​ នៅ​តំបន់​ ព្រំដែន

RFA / វិទ្យុ អាស៊ី សេរី | ៣០ កញ្ញា ២០១៦





ម៉ូតូ​ រាប់​សិប​គ្រឿង​ ក្នុង​មួយ​ថ្ងៃៗ ត្រូវ​ បាន​ប្រជាពលរដ្ឋ​ ប្រើប្រាស់​ សម្រាប់​ ដឹក​ជញ្ជូន​ឈើ​ ទៅ​លក់​ ឲ្យ​ឈ្មួញ ​វៀតណាម តាម​ច្រក​ របៀង​ប៉ុស្តិ៍​ន គរបាល​ ការពារ​ព្រំដែន​ ផាតាម និង​ប៉ុស្តិ៍​ ផាសាវ ក្នុង​ឃុំ​ញ៉ាង ស្រុក​ អណ្ដូងមាស ខេត្ត ​រតនគិរី។  សហគមន៍ ​អភិរក្ស​ ព្រៃឈើ ​អះអាង​ ថា, ឈ្មួញ​វៀតណាម ឆ្លង​ទូក​ មក​ចាំ ​ទិញ​ឈើ​ នៅ​មាត់​ទន្លេ​ ជាប់​ខ្សែ​បន្ទាត់ ​ព្រំដែន និង​មិន​ឃើញ​ សមត្ថកិច្ច​ នៅ​តំបន់​នោះ ​បង្ក្រាប។
មន្ត្រី​ឃ្លាំមើល​បញ្ហា​ព្រៃឈើ​សមាគម​អាដហុក (ADHOC) ខេត្ត​រតនគិរី អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត​រតនគិរី ទប់ស្កាត់​ជា​បន្ទាន់​នូវ​សកម្មភាព​រត់​ពន្ធ​ឈើ​ឆ្លង​ដែន​ដែល​នៅ​តែ​បន្ត​កើត​មាន​នៅ​ច្រក​របៀង​ព្រំដែន​ប៉ុស្តិ៍​ផាតាម ក្នុង​ឃុំ​ញ៉ាង ស្រុក​អណ្ដូងមាស។
ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​ខណៈ​ដែល​សហគមន៍​អភិរក្ស​ព្រៃឈើ​នៅ​ភូមិ​តាំងលោម ឃុំ​ញ៉ាង រាយការណ៍​ថា ឈ្មួញ​វៀតណាម នៅ​តែ​បន្ត​ប្រមូល​ទិញ​ឈើ​ពី​ពលរដ្ឋ​ខ្មែរ​នៅ​តំបន់​ព្រំដែន​ចន្លោះ​ប៉ុស្តិ៍​​តម្រួត​ការពារ​ព្រំដែន​ផាតាម និង​ប៉ុស្តិ៍​ផាសាវ ជាប់​នឹង​ទន្លេ​ជា​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា-​វៀតណាម។
មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​រតនគិរី លោក ឆាយ ធី បញ្ជាក់​នៅ​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ថា ខណៈ​ដែល​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​កំពុង​ប្រារព្ធ​បុណ្យ​កាន់​បិណ្ឌ នៅ​ឯ​តំបន់​ព្រំដែន​អូរសេដ្ឋី ឈ្មួញ​វៀតណាម នាំ​គ្នា​ឆ្លង​ទូក​មក​ចាំ​ប្រមូល​ទិញ​ឈើ​ពី​ពលរដ្ឋ​ខ្មែរ​ដែល​លួច​កាប់​ឈើ​ពី​ក្នុង​ព្រៃ​ទៅ​លក់​ឲ្យ​ឈ្មួញ​វៀតណាម។ លោក​កត់សំគាល់​ថា ការ​រត់​ពន្ធ​ឈើ​ឆ្លង​ដែន​នេះ កើត​មាន​ច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ បើ​ទោះ​បី​សហគមន៍​ផ្ដល់​ព័ត៌មាន និង​សុំ​ឲ្យ​អាជ្ញាធរ​បង្ក្រាប​យ៉ាង​ណា​ក្ដី៖ «ថ្មីៗ​នេះ​វៀតណាម ទិញ​ឈើ​ហើយ​ទម្លាក់​តាម​ទន្លេ​យក​ទៅ​ត្រើយម្ខាង​ដែល​ជា​ទឹកដី​វៀតណាម។ ការ​កាប់​ឈើ​លក់​ឲ្យ​ឈ្មួញ​វៀតណាម ក្នុង​នោះ​មាន​កូន​មន្ត្រី​ភូមិ និង​មន្ត្រី​ប៉ុស្តិ៍»
​សហគមន៍​រស់​នៅ​ជិត​តំបន់​ព្រំដែន​ប៉ុស្តិ៍​ផាតាម ជា​ញឹកញាប់​បាន​ផ្តល់​រូបថត​ពាក់ព័ន្ធ​ការ​លួច​កាប់​ឈើ​នៅ​តំបន់​ព្រៃ​ជាប់​ព្រំដែន​ប្រព្រឹត្ត​ដោយ​សមាជិក​សហគមន៍​ដោយ​មាន​ការ​ឃុបឃិត​ពី​មន្ត្រី​ភូមិ និង​តម្រួត​ព្រំដែន​នៅ​នៅ​តំបន់​នោះ​ផ្ទាល់។
សហគមន៍​ការពារ​ព្រៃឈើ​ភូមិ​តាំងសេ និង​ភូមិ​តាំងម្លូ សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ក្នុង​ភូមិ និង​ភូមិ​ផ្សេង​ទៀត​ក្នុង​ស្រុក​អណ្ដូងមាស នៅ​តែ​បន្ត​ចូល​ព្រៃ​កាប់​ឈើ ហើយ​កាប់​អារ​ច្រៀក​ជា​ឈើ​ជ្រុង​ដឹក​ជញ្ជូន​តាម​ម៉ូតូ​មក​ស្តុក​ទុក​នៅ​ច្រាំង​ទន្លេ​រង់ចាំ​ឈ្មួញ​វៀតណាម មក​ទិញ​ឈើ​នោះ​នៅ​វេលា​យប់ ហើយ​ដឹក​ជញ្ជូន​ឆ្លង​ទន្លេ​ទៅ​ប្រទេស​វៀតណាម៖ «អស់​រលីង​ដើម​កកោះ​មុខ ២០ គេ​យក​អស់​រលីង។ បើ​ទៅ​ម្ដង​គេ​ចាប់ៗ​គេ​អត់​ហ៊ាន​ទេ នេះ​គេ​បើក​ទូលាយ​គេ​អត់​ខ្លាច ហើយ​មាន​ទាហាន​មក​ចាំ​នេះ​បង់​ប៉ុន្មានៗ​ខ្ញុំ​អត់​ដឹង​ទេ។ ខាង​នេះ​ខ្សែ​ក្រវាត់​ព្រំដែន​ខាង​ប៉ុស្តិ៍​ផាតាម។ ឥឡូវ​នាំ​យួន មក​កាប់​ក្នុង​ព្រៃឈើ​របស់​យើង។ ក្នុង​មួយ​ម៉ូតូ​ជួនកាល​មាន​ពីរ​ដុំ ជួនកាល​បាន​បី​ដុំ»
អាស៊ីសេរី មិន​អាច​ទាក់ទង​មេបញ្ជាការ​វរៈ​ការពារ​ព្រំដែន​លេខ​៦២៣ លោក ងួន សុវណ្ណា សុំ​បញ្ជាក់​ករណី​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៣០ ខែ​កញ្ញា។
ទាក់ទិន​ការ​អំពាវនាវ​នេះ​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគិរី លោក កែប កត់ ទទួល​ស្គាល់​ថា​ការ​រត់​ពន្ធ​ឈើ​ឆ្លង​ដែន​នេះ​មាន​ទ្រង់ទ្រាយ​ជា​ការ​ដឹក​ជញ្ជូន​ដោយ​ម៉ូតូ​របស់​ពលរដ្ឋ​នៅ​តំបន់​នោះ​ដើម្បី​រក​ប្រាក់​ចំណូល​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ។ លោក​ថា ដោយសារ​តំបន់​នោះ​ឋិត​នៅ​ឆ្ងាយ​មិន​មាន​ផ្លូវ​ធ្វើ​ដំណើរ​ងាយ​ស្រួល​ទើប​សមត្ថកិច្ច​ពិបាក​បង្ក្រាប​ទាន់​ពេល​វេលា៖ «ព័ត៌មាន​ដូច​មិន​ដល់​ហ្នឹង​ទេ យើង​មាន​ច្បាប់​ទម្លាប់​មិន​ឲ្យ​គាត់​ធ្វើ​ស្រេច​ចិត្ត​បាន​ទេ​ ចាំ​ខ្ញុំ​ឲ្យ​មន្ត្រី​ខ្ញុំ​ចុះ​ទៅ​ពិនិត្យ​មើល​រឿង​ហ្នឹង»
ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ សហគមន៍​ការពារ​ព្រៃឈើ​ឃុំ​ញ៉ាង បារម្ភ​ថា បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​តូច​ប្រព្រឹត្ត​ឡើង​ដោយ​ប្រជាពលរដ្ឋ​ច្រើន​នាក់​ក្នុង​ភូមិ នឹង​នាំ​ឲ្យ​ព្រៃឈើ​នៅ​សេសសល់ នឹង​​ត្រូវ​បំផ្លាញ​អស់​នៅ​ពេល​ខាង​មុខ​នេះ៕




No comments:

Post a Comment