Paris Peace Accords 23 Oct. 1991

Friday, October 14, 2016

[Vietnamization: Ratanakiri] សហគមន៍​ ជនជាតិ​ដើម ​ភាគ​តិច​ អះអាង​ ថា,​ វៀតណាម ​នៅ​តែ​ ឆ្លង​ដែន​ កាប់​ឈើ​ ក្នុង​ដី​ខ្មែរ | Ethnic minority groups say, Vietnamese still crossing border to cut logs in Cambodian territory

សហគមន៍​ភូមិ​ឃ្វែង ឃុំ​យ៉ាទុង ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ចុះ​ល្បាត​ព្រៃ​នៅ​ចំណុច​អូរតាង៉ត ជិត​ប៉ុស្តិ៍​តម្រួត​ការពារ​ព្រំដែន​ខ្មែរ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០១៥។
សហគមន៍​ភូមិ​ឃ្វែង ឃុំ​យ៉ាទុង ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ចុះ​ល្បាត​ព្រៃ​នៅ​ចំណុច​អូរតាង៉ត ជិត​ប៉ុស្តិ៍​តម្រួត​ការពារ​ព្រំដែន​ខ្មែរ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០១៥។

សហគមន៍​ ជនជាតិ​ដើម ​ភាគ​តិច​ អះអាង​ ថា,​ វៀតណាម ​នៅ​តែ​ ឆ្លង​ដែន​ កាប់​ឈើ​ ក្នុង​ដី​ខ្មែរ

RFA / វិទ្យុ អាស៊ី សេរី | ១៣ តុលា ២០១៦


ប្រជាពលរដ្ឋ​ ជនជាតិ​ដើម​ ភាគ​តិច ​រស់​នៅ ​ភូមិ​តាំងលោម ជាប់​ព្រំដែន ​ប្រទេស ​វៀតណាម ក្នុង​ឃុំ​​ញ៉ាង ស្រុក​ អណ្ដូងមាស ខេត្ត​រតនគិរី អះអាង​ ថា, ជនជាតិ​ វៀតណាម នៅ​តែ​ បន្ត​ ឆ្លង​ដែន​ មក​កាប់​ឈើ​ ក្នុង​ដី​ខ្មែរ ​ក្បែរ​ប៉ុស្តិ៍​ តម្រួត​ការពារ ​ព្រំដែន ​តំបន់​នោះ។  អ្នក​ភូមិ​ ចោទ​ប្រកាន់​ ទៅ​លើ ​មន្ត្រី​ព្រំដែន និង​អាជ្ញាធរ​ មូលដ្ឋាន​ ថា, ​ឃុបឃិត ​ក្នុង​រឿង​នេះ។

សហគមន៍​ភូមិ​តាំងលោម អះអាង​ថា ជនជាតិ​វៀតណាម ២១​នាក់ ប្រដាប់​ដោយ​ម៉ាស៊ីន​កាត់​ឈើ ឧបករណ៍​ទាញ​ឈើ និង​ប្រើប្រាស់​ម៉ូតូ​ជា​មធ្យោបាយ​ដឹក​ជញ្ជូន​ឈើ​បាន​ឆ្លង​ទន្លេ​ជា​ព្រំដែន​ចូល​មក​កាប់​ឈើ​ក្នុង​ដី​ខ្មែរ​ក្នុង​ឃុំ​ញ៉ាង ស្រុក​អណ្ដូងមាស ខេត្ត​រតនគិរី។ ការ​អះអាង​នេះ​ធ្វើ​ឡើង​ក្រោយ​ពេល​សមាជិក​សហគមន៍​បី​នាក់​បាន​ដើរ​ល្បាត​ព្រៃ ហើយ​ប្រទះ​ឃើញ​ជនជាតិ​វៀតណាម ទាំង​នោះ​កំពុង​អារ​រំលំ និង​ដឹក​ជញ្ជូន​ឈើ​ក្នុង​ព្រៃ​ចំណុច​អូរ​ព្រាម ជិត​ប៉ុស្តិ៍​​នគរបាល​ការពារ​ព្រំដែន​ផាតាម កាល​ពី​ថ្ងៃ​ទី​១២ ខែ​តុលា។

សមាជិក​ក្រុម​ល្បាត​ព្រៃ​ម្នាក់ គឺ​លោក រម៉ាម ហ្យ៊ាង បញ្ជាក់​ថា វៀតណាម​ទាំង ២១​នាក់​នេះ​ឆ្លង​​ទូក​ពី​ត្រើយ​ម្ខាង​ទន្លេ​ទឹក​ដី​ប្រទេស​វៀតណាម មក​ចត​ទូក​នៅ​ចម្ងាយ ៥០០​ម៉ែត្រ ពី​ប៉ុស្តិ៍​តម្រួត​ផាតាម ហើយ​ចូល​ព្រៃ​កាប់​ឈើ ចំណែក​សហគមន៍​មាន​គ្នា​តិច​មិន​អាច​រារាំង​ជនជាតិ​វៀតណាម ទាំង​នោះ​បាន​ឡើយ។ លោក​បន្ត​ថា តម្រួត​ព្រំដែន និង​ប្រជាពលរដ្ឋ រួម​ទាំង​មន្ត្រី​មូលដ្ឋាន​មាន​ជាប់​ពាក់ព័ន្ធ​ទទួល​ប្រាក់​ជា​ថ្នូរ​ឲ្យ​ជនជាតិ​វៀតណាម កាប់​ឈើ​នេះ៖ «ជួប​គ្នា ពួក​ខ្ញុំ​ទៅ​តែ​បី​នាក់ ថ្ងៃ​ម្សិល​បាន​ជួប​ហ្នឹង។ ត្រូវ​ការ​ឲ្យ​គេ​បង្ក្រាប​ឲ្យ​ពួក​ខ្ញុំ​ប្រជាពលរដ្ឋ​គិតតែ ឥឡូវ​គេ​ញាត់​តែ​ហោ​ប៉ៅ​អាវ​ទៅ​មួយ​រួច​ខ្លួនៗ»


កាល​ពី​ថ្ងៃ​ទី​១២ ខែ​តុលា ក្រុម​ល្បាត​ព្រៃ​សហគមន៍​ភូមិ​តាំងលោម បាន​ថតរូប​ជនជាតិ​វៀតណាម ខ្លះ​កំពុង​អារ​រំលំ​ឈើ ខ្លះ​ដឹក​ជញ្ជូន​ឈើ​ទុក​ជា​វត្ថុតាង​បញ្ជូន​មក​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​អាដហុក ជួយ​អន្តរាគមន៍​ទៅ​ឲ្យ​អាជ្ញាធរ​ចុះ​ទប់ស្កាត់​ករណី​នេះ។

​អ្នកនាំពាក្យ និង​អភិបាល​រង​ខេត្ត​រតនគិរី លោក ញ៉ែម សំអឿន បញ្ជាក់​ថា លោក​មិន​បាន​ទទួល​ព័ត៌មាន​ណា​មួយ​ទាក់ទិន​សេចក្ដី​រាយការណ៍​នេះ​ទេ។ លោក​ថា នឹង​ផ្ទៀងផ្ទាត់​សេចក្ដី​អះអាង​នេះ​ជាមួយ​តម្រួត​ព្រំដែន និង​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​ចាត់​វិធានការ​បង្ក្រាប៖ «ខ្ញុំ​ទើប​ដឹង​លើក​ទី​១ ចាំ​មើល​ខ្ញុំ​ទាក់ទង​នៅ​ខាង​ប៉ូលិស​ព្រំដែន ហើយ​និង​អាជ្ញាធរ»


ចំណែក​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ លោក កែប កត់ បញ្ជាក់​ដែរ​ថា មន្ត្រី​ជំនាញ​បាន​ទទួល​ព័ត៌មាន​ដូច​គ្នា និង​បាន​រៀបចំ​កម្លាំង​ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ខុស​ច្បាប់​នេះ។

កាល​ពី​ចុង​ខែ​កញ្ញា កន្លង​ទៅ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទើប​ដាក់​ចេញ​វិធានការ​ម៉ឺងម៉ាត់​បន្ថែម​ទៀត ប្រគល់​សមត្ថកិច្ច​ដល់​រដ្ឋបាល​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ ឲ្យ​លុបបំបាត់​ការ​នាំ​ឈើ​ចេញ​គ្មាន​ច្បាប់​ទៅ​ក្រៅ​ប្រទេស​តាម​ច្រក​របៀង និង​ច្រក​ព្រំដែន​ទាំង​អស់​ឲ្យ​មាន​ប្រសិទ្ធភាព។

អ្នកឃ្លាំមើល​បញ្ហា​ព្រៃឈើ​សមាគម​អាដហុក ខេត្ត​រតនគិរី លោក ឆាយ ធី ចាត់​ទុក​បទល្មើស​ព្រៃឈើ​ឆ្លងដែន​នៅ​ច្រក​របៀង​ប៉ុស្តិ៍​ផាតាម ថា​ជា​ការ​ទទួល​ខុស​ត្រូវ​សមត្ថកិច្ច​ពាក់ព័ន្ធ​ដែល​ត្រូវ​អនុវត្ត​បទបញ្ជា និង​ការ​ណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល។ លោក​ថា នៅ​តំបន់​ច្រក​របៀង​ព្រំដែន​ប៉ុស្តិ៍​ផាតាម គឺ​ជា​កន្លែង​ចរាចរ​ឈើ​ខុស​ច្បាប់​ឆ្លង​ដែន​កើត​មាន​ច្រើន​ឆ្នាំ​មក​ហើយ៖ «ខាង​វៀតណាម ចូល​មក​កាប់​អារ​ដឹក​ជញ្ជូន​ស្រេច​ចិត្ត មាន​ការ​ឃុបឃិត​ទទួល​ផល​ប្រយោជន៍​ពី​វៀតណាម ទាំង​អស់​ហ្នឹង»

​កាល​ពី​ខែ​កក្កដា សហគមន៍​តាំងលោម រាយការណ៍​ថា ម៉ូតូ​ប្រមាណ ២០ ទៅ ៣០​គ្រឿង​ក្នុង​មួយ​ថ្ងៃៗ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រើប្រាស់​សម្រាប់​ដឹក​ជញ្ជូន​ឈើ​ទៅ​លក់​ឲ្យ​ឈ្មួញ​វៀតណាម តាម​ច្រក​របៀង​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ផាតាម និង​ប៉ុស្តិ៍​ផាសាវ ក្នុង​ឃុំ​ញ៉ាង ស្រុក​អណ្ដូងមាស៕


No comments:

Post a Comment