ទីប្រឹក្សាការទូតរបស់រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក រ៉ាអ៊ូល ម៉ាក់ហ្សេនណា (Raoul-Marc Jennar) ផ្ដល់បទសម្ភាសន៍ទាក់ទងនឹងកិច្ចព្រមព្រៀងក្រុងប៉ារីស ក្រោយពិធីរំឭកខួបទី២៥ នៃកិច្ចព្រមព្រៀងក្រុងប៉ារីស កាលពីថ្ងៃទី២០ តុលា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ។ RFA/Sorn Chanratha |
ការអនុវត្ត កិច្ចព្រមព្រៀង ទីក្រុង ប៉ារីស ក្នុងរយៈពេល ២៥ឆ្នាំ មានជោគជ័យ និងបរាជ័យ
RFA / វិទ្យុ អាស៊ី សេរី | ២១ តុលា ២០១៦
នៅក្នុងពិធី រំឭកខួប លើកទី២៥ នៃកិច្ចព្រមព្រៀង ទីក្រុងប៉ារីស នៅឆ្នាំ២០១៦ ក្រោមប្រធានបទ «កិច្ចព្រមព្រៀងទីក្រុងប៉ារីស និងសន្តិភាពនៅកម្ពុជា» ដែលរៀបចំ ដោយរដ្ឋាភិបាល និងស្ថានទូត បារាំង ត្រូវ បានអ្នកពាក់ព័ន្ធ ឆ្លុះបញ្ចាំង ថា, ការអនុវត្ត មានទាំងភាព ជោគជ័យ និងបរាជ័យ។
នៅក្នុងពិធី រំឭកខួប លើកទី២៥ នៃកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ មកដល់ឆ្នាំ ២០១៦ ដែលប្រារព្ ធធ្វើនៅក្រសួង ការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នៅថ្ងៃ ទី២០ ខែតុលា តួអង្គ ពាក់ព័ន្ធ មួយចំនួន ឆ្លុះបញ្ចាំង ចម្រុះគ្នា ថា, ខ្លឹមសារ គោលការណ៍ ក្នុងកិច្ចព្រមព្រៀងនេះ មិនត្រូវ បានអនុវត្តន៍ បានពេញលេញ នៅឡើយទេ។
ទីប្រឹក្សាការទូតរបស់រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក រ៉ាអ៊ូល ម៉ាក់ហ្សេនណា (Raoul-Marc Jennar) ថ្លែងថា ខ្លឹមសារនៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស មាន ៥ចំណុចសំខាន់។ ប៉ុន្តែមាន ៣ចំណុច បានបរាជ័យ គឺទីមួយ ដំណើរការសន្តិភាព។ ទីពីរ គឺការស្ដារ និងកសាងកម្ពុជាឡើងវិញ។ ការស្ដារប្រទេសឡើងវិញបានត្រឹមតែប្រមាណ ១០ភាគរយទេ នៅពេលដែលអាជ្ញាធរអ៊ុនតាក់ ដកចេញពីកម្ពុជា។ ទីបី គឺការការពារបូរណភាពទឹកដី។ ពេលអង្គភាពការពារព្រំដែនរបស់អាជ្ញាធរបណ្ដោះអាសន្ននៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ហៅកាត់ថា អ៊ុនតាក់ (UNTAC) នៅតាមបន្ទាត់ព្រំដែនថៃ ឡាវ និងវៀតណាម យើងមើលទៅរបាយការណ៍របស់អង្គភាពនេះ គេថា ថៃ បានរំកិលបង្គោលព្រំដែន ប៉ុន្តែអ៊ុនតាក់ មិនបានការពារបូរណភាពទឹកដីនោះទេ។
លោក រ៉ាអ៊ូល ម៉ាក់ហ្សេនណា៖ «អ៊ុនតាក់ បានបង្កើតគំនិតចម្លែកមួយ ដោយលើកឡើងថា ជាតំបន់ដែលមិនអាចចូលទៅបាន។ ដូច្នេះមានន័យថា មិនមានឯកភាពជាតិទេ នៅក្នុងប្រទេសនេះ។ ផ្ទុយពីនេះ ចំពោះការបើកចំហសង្គមវិញ យើងបានជឿជាក់លើគោលដៅមួយចំនួនដែលបានធ្វើឲ្យមានគណបក្សនយោបាយចំនួន ២៤ មានកាសែតជាង ៣០ មានអង្គការសិទ្ធិមនុស្សក្នុងចំនួន ៤។ នោះជាភាពជោគជ័យ។ ការធ្វើមាតុភូមិនិវត្តន៍ជនភៀសខ្លួន និងជនភៀសសឹកជាង ៣៧ម៉ឺននាក់ (៣៧២.០០០) ពីព្រំដែនថៃ មកកម្ពុជាវិញ នោះគឺជាជោគជ័យពិតប្រាកដ។»
លោកថា ទោះបីជាការធ្វើសមាហរណកម្មអន្តរាយក៏ដោយ ក៏ចុងក្រោយការរៀបចំការបោះឆ្នោតក៏ទទួលបានជោគជ័យដែរ បើទោះជាពលរដ្ឋមួយភាគបីមិនបានចូលរួមក្នុងដំណើរការបោះឆ្នោតនោះ ហើយស្ថានីយបោះឆ្នោតមួយចំនួនរងការគំរាមបំផ្លាញចោលដោយពួកខ្មែរក្រហមក៏ដោយ។
ភាគីរាជរដ្ឋាភិបាលតែងតែលើកឡើងអំពីភាពបរាជ័យរបស់អ៊ុនតាក់ ក្នុងការអនុវត្តគោលការណ៍កិច្ចព្រមព្រៀងក្រុងប៉ារីស។
កាលពីថ្ងៃទី១៧ ខែតុលា ស្ថាប័នអង្គការសង្គមស៊ីវិលជាង ៥០ បានធ្វើសេចក្ដីប្រកាសរួមមួយដោយថា រាជរដ្ឋាភិបាលមិនទាន់អនុវត្តន៍គោលការណ៍នៃសន្ធិសញ្ញាសន្តិភាពមួយនេះ បានគ្រប់ជ្រុងជ្រោយនោះទេ។
ស្ថាប័នទាំងនេះលើកហេតុផលថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នឹងរីកចម្រើនឡើយបើស្ថានភាពនៅតែបន្តដូចបច្ចុប្បន្ននេះ។ ស្ថាប័នទាំងនេះ ស្នើសុំរដ្ឋាភិបាលកែលម្អចំណុចមួយចំនួនដូចជា ការធ្វើវិសោធនកម្មច្បាប់អង្គការសង្គមស៊ីវិល និងច្បាប់សហជីពឲ្យស្របតាមស្តង់ដារ សិទ្ធិមនុស្សអន្តរជាតិ ការឈប់ធ្វើទុក្ខបុកម្នេញមន្ត្រីសិទ្ធិមនុស្សការធានាឲ្យមានប្រព័ន្ធតុលាការ និងកងកម្លាំងប្រដាប់អាវុធមានឯករាជភាពជាដើម។
ឆ្លើយតបការចង់ឲ្យប្រទេសចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឲ្យដាក់សម្ពាធជំរុញរដ្ឋាភិបាលកម្ពុជា អនុវត្តន៍បំពេញតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស នោះ ត្រូវបានលោក រ៉ាអ៊ូល-ម៉ាក់ ហ្សេនណា ថ្លែងថា កិច្ចព្រមព្រៀងនេះមិនមានប្រសិទ្ធភាពទៀតទេ។
ការថ្លែងរបស់លោកគឺយោងទៅប្រសាសន៍របស់តួអង្គអ្នកចរចាសំខាន់មួយរូប គឺលោក ហ្សង់-ដាវីត ឡឺវីត (Jean-David Levitte) ដែលថា មិនមានទិដ្ឋភាពច្បាប់ណាមួយអាចធ្វើដូច្នេះបានទេ បន្ទាប់ពីកម្ពុជា មានរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣៖ «ឥឡូវនេះ កិច្ចពិភាក្សានយោបាយត្រូវតែធ្វើឡើង នៅក្នុងក្របខ័ណ្ឌរដ្ឋធម្មនុញ្ញកម្ពុជា មិនមែនក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀងទីក្រុងប៉ារីស ទេ។ ដូចខ្ញុំនិយាយអ៊ីចឹង ថាកិច្ចព្រមព្រៀងនេះ គឺចប់ហើយ។ គ្មានទិដ្ឋភាពច្បាប់ណាមួយដែលឲ្យប្រទេសហត្ថលេខីដាក់សម្ពាធអីលើអាជ្ញាធរកម្ពុជា បានទេ។»
លោកបញ្ជាក់បន្ថែមថា ការដាក់សម្ពាធគឺជាការជ្រៀតជ្រែកអធិបតេយ្យកម្ពុជា ខុសនឹងកិច្ចព្រមព្រៀងក្រុងប៉ារីស។
ឯកអគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា លោក ហ្សង់-ក្លូដ ពាំបឺហ្វ (Jean-Claude POIMBOEUF) ថ្លែងថា ខួបកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ពេលនេះ គឺជាការបង្ហាញអំពីកិច្ចប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធក្នុងការនាំសន្តិភាពដល់កម្ពុជា។
លោកថា អ៊ុនតាក់ បានអនុវត្តន៍កិច្ចព្រមព្រៀងនេះ ដោយនាំឲ្យកម្ពុជា មានការបោះឆ្នោតមានរដ្ឋធម្មនុញ្ញដែលនាំឲ្យកម្ពុជា ក្លាយជារដ្ឋអធិបតេយ្យដែលសម្រេចកិច្ចការដោយខ្លួនឯង៖ «ដូច្នេះទស្សនៈខ្ញុំ គឺសហគមន៍អន្តរជាតិបានដើរតួនាទីជួយកម្ពុជា កាលពី ២៥ឆ្នាំមុន ដើម្បីឲ្យមានសន្តិភាព និងការអភិវឌ្ឍ ហើយបន្ទាប់មកពលរដ្ឋកម្ពុជា ទទួលខុសត្រូវរកផ្លូវល្អបំផុតដោយខ្លួនឯង ដើម្បីអភិវឌ្ឍន៍ប្រទេស ទាំងនយោបាយ សេដ្ឋកិច្ច និងសង្គម ព្រមទាំងវិស័យអប់រំ ក៏ជាការបារម្ភ។ ទស្សនៈខ្ញុំ គឺមានមោទនភាពចំពោះអ្វីដែលសហគមន៍អន្តរជាតិបានធ្វើកាលពី ២៥ឆ្នាំមុន។ ឥឡូវនេះ គឺជាការទទួលខុសត្រូវរបស់កម្ពុជា ហើយ ដែលត្រូវប្រើប្រាស់ឲ្យបានត្រឹមត្រូវបំផុត នូវអ្វីដែលបានសម្រេចព្រមព្រៀងគ្នា កាលពី ២៥ឆ្នាំមុននោះ។»
ទាក់ទងបញ្ហានេះដែរ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា សរសេរតាមហ្វេសប៊ុក (Facebook) របស់លោកនៅថ្ងៃទី២០ ខែតុលា ថា កិច្ចព្រមព្រៀងស្ដីពី «ដំណោះស្រាយនយោបាយរួមនៃជម្លោះកម្ពុជា» ដែលយើងហៅថា «កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១» នេះ នៅតែ មានតម្លៃ ជានិច្ច។
លោក បញ្ជាក់ថា កិច្ចព្រមព្រៀងក្រុងប៉ារីសនេះ ធានាអំពី «អធិបតេយ្យភាព, ឯករាជភាព, បូរណភាព, និងភាពមិនអាចរំលោភបាននៃដែនដី អព្យាក្រឹតភាព ឯកភាពជាតិកម្ពុជា» និង «ការធានា ការបោះឆ្នោត ដោយសេរី និងយុត្តិធម៌។»
កិច្ចព្រមព្រៀងនេះជាមរតកដ៏មហាសាលដែលអ្នកស្នេហាជាតិកម្ពុជា គ្រប់ភាគីបានពលីបូជាជីវិត កម្លាំងកាយ កម្លាំងចិត្ត ដើម្បីឯករាជភាព និងឯកភាពជាតិកម្ពុជា ដែលមានការចូលរួមគាំទ្រពីអន្តរជាតិ។
ទោះជាបែបនេះក្ដី ភាគីរាជរដ្ឋាភិបាលតែងតែលើកភាពបរាជ័យរបស់អ៊ុនតាក់ ក្នុងការអនុវត្តគោលការណ៍កិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយតែងតែលើកឡើងអំពីវីរភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលនាំឲ្យមានឯកភាពជាតិតាមរយៈការអនុវត្តយុទ្ធសាស្ត្រឈ្នះឈ្នះ៕
No comments:
Post a Comment