Paris Peace Accords 23 Oct. 1991

Saturday, November 26, 2016

រដ្ឋាភិបាល​ កម្ពុជា ព្រមាន​​​ ពិចារណា​​ បិទ​ការិយាល័យ ​អ.ស.ប. ​ផ្នែក​សិទ្ធិ​មនុស្ស | Cambodian govt threatens to close UN Human Rights Office

សកម្មជន​បឹង​កក់​ តវ៉ា​នៅ​ខាង​មុខ​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា កាល​ពី​​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Sochivyu
សកម្មជន​បឹង​កក់​ តវ៉ា​នៅ​ខាង​មុខ​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា កាល​ពី​​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Sochivy

រដ្ឋាភិបាល​ កម្ពុជា ព្រមាន​​​ ពិចារណា​​ បិទ​ការិយាល័យ ​អ.ស.ប. ​ផ្នែក​សិទ្ធិ​មនុស្ស

RFA / វិទ្យុ អាស៊ី សេរី | ២៥ វិច្ឆិកា ២០១៦


រដ្ឋាភិបាល ​កម្ពុជា ព្រមាន ​ប្រើប្រាស់ ​សិទ្ធិ​អធិបតេយ្យ ដើម្បី​ ពិចារណា​ បិទ​ការិយាល័យ​ សិទ្ធិមនុស្ស ​របស់ អង្គការ សហប្រជាជាតិ (អ.ស.ប.) ប្រសិនបើ​ ការិយាល័យ​ មិន​បន្ត​ កិច្ច​ព្រមព្រៀង ជាមួយ​ រដ្ឋាភិបាល ដោយ​ត្រូវ​ អនុវត្ត​ លក្ខខណ្ឌ​ មួយ​ចំនួន។  តាម​រយៈ​ លិខិត ​របស់ ​រដ្ឋមន្ត្រី​ ក្រសួង​ ការបរទេស លោក ប្រាក់ សុខុន ផ្ញើ​ជូន​ ឧត្ដម​ស្នងការ​ អង្គការ សហប្រជាជាតិ ​ទទួល​បន្ទុក សិទ្ធិមនុស្ស នៅ​ទីក្រុង​ ហ្សឺណែវ (Geneva) កាល​ពី​ថ្ងៃ​ ទី​២២ ខែ​វិច្ឆិកា រដ្ឋាភិបាល​ កម្ពុជា សម្ដែង ​ការ​ខក​ចិត្ត ដោយ​ការិយាល័យ​ ឧត្ដម​ស្នងការ​ អង្គការ ​សហប្រជាជាតិ​ ទទួល​បន្ទុក​ សិទ្ធិមនុស្ស​ ប្រចាំ ​ប្រទេស​ កម្ពុជា រំលោភ​ លើ​តួនាទី​ របស់​ខ្លួន​ ដែល​បាន​ កំណត់ ​​នៅ​ក្នុង​ អនុស្សរណៈ​ យោគយល់​គ្នា (MoU)។  ក៏​ប៉ុន្តែ​ មន្ត្រី​ ផ្នែក​សិទ្ធិ​ អន្តរជាតិ ហៅ​លិខិត​ របស់​ ក្រសួង​ ការបរទេស​ កម្ពុជា នេះ មិន​ សម​ហេតុផល។


​ភាព​តានតឹង​រវាង​រដ្ឋាភិបាល​កម្ពុជា និង​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​ប្រទេស​កម្ពុជា បាន​កើត​ឡើង​កាល​ពី​ចុង​ខែ​តុលា បន្ទាប់​ពី​ការិយាល័យ​នេះ ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ពន្យល់​ពី​ការ​រារាំង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី មិន​ឲ្យ​ចូល​មក​ប្រទេស​កម្ពុជា។ ភ្លាមៗ​នោះ ក្រសួង​ការបរទេស បាន​ហៅ​ទង្វើ​នេះ ថា​ជា​ការ​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា។

​លិខិត​របស់​លោក ប្រាក់ សុខុន សរសេរ​ថា ឧត្ដម​ស្នងការ​ការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​ប្រទេស​កម្ពុជា បន្ត​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា។ រដ្ឋាភិបាល​កម្ពុជា បាន​លើក​យក​មាត្រា​២ (កថាខណ្ឌ​៧) នៃ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ ដែល​ចែង​ពី​ការ​គោរព​គោលការណ៍​អធិបតេយ្យភាព និង​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា។
​រដ្ឋាភិបាល​កម្ពុជា ចោទ​ថា តំណាង និង​អ្នកនាំពាក្យ​ការិយាល័យ​នេះ បាន​បញ្ចេញ​ឥរិយាបថ​ព្រហើន និង​មិន​គោរព​អធិបតេយ្យភាព​កម្ពុជា ដែល​រដ្ឋាភិបាល​កម្ពុជា អះអាង​ថា មិន​អាច​ទទួល​យក​បាន។ រដ្ឋាភិបាល​កម្ពុជា ព្រមាន​ប្រើប្រាស់​សិទ្ធិ​អធិបតេយ្យ ដើម្បី​ពិចារណា​បិទ​ការិយាល័យ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ។

អនុ​ប្រធាន​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រូប៊ឺតសុន (Phil Robertson)  ប្រាប់​អាស៊ីសេរី​ថា ការ​ព្រមាន​របស់​ក្រសួង​ការបរទេស​នេះ ជា​ការ​គំរាមកំហែង​ដល់​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​ប្រទេស​កម្ពុជា និង​ប្រព័ន្ធ​របស់​អង្គការ​សហប្រជាជាតិ ដោយ​រដ្ឋាភិបាល​កម្ពុជា បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អន្តរជាតិ​ស្ដីពី​សិទ្ធិមនុស្ស​សំខាន់ៗ។

លោក​បញ្ជាក់​ថា កិច្ច​ការ​ដែល​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​កំពុង​ធ្វើ គឺ​ឃ្លាំមើល​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​ផ្នែក​សិទ្ធិមនុស្ស​ដែល​រដ្ឋាភិបាល​កម្ពុជា បាន​ចុះ​ហត្ថលេខា។ លោក​ថា លិខិត​របស់​ក្រសួង​ការបរទេស​កម្ពុជា​នេះ មិន​សម​ហេតុផល។

​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​ប្រទេស​កម្ពុជា មិន​ទាន់​ឆ្លើយតប​នឹង​អាស៊ីសេរី ទាក់ទង​នឹង​រឿង​នេះ​នៅ​ឡើយ នៅ​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា។

​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ចុង​ក្រោយ ដែល​រដ្ឋាភិបាល​កម្ពុជា អនុញ្ញាត​ឲ្យ​ការិយាល័យ​ផ្នែក​សិទ្ធិមនុស្ស​នេះ ប្រតិបត្តិការ​នៅ​កម្ពុជា បាន​អស់​សុពលភាព​នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៥។

រដ្ឋាភិបាល​កម្ពុជា សម្រេច​រង់ចាំ​រហូត​ដល់​ថ្ងៃ​ទី​៣០ ធ្នូ​២០១៦ ឲ្យ​ការិយាល័យ​នេះ​បញ្ជាក់​ពី​ការ​ទទួល​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ថ្មី​រវាង​ភាគី​ទាំង​ពីរ ដោយ​ផ្អែក​លើ​គោរព​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង និង​អធិបតេយ្យភាព​កម្ពុជា។

​រដ្ឋាភិបាល​កម្ពុជា ហៅ​ការិយាល័យ​នេះ ដែល​មិន​ទាន់​ចុះ​កិច្ច​ព្រមព្រៀង​ជា​ថ្មី ថា​ខុសច្បាប់។ លោក ហ្វីល រូប៊ឺតសុន ស្នើ​ឲ្យ​ប្រទេស​ម្ចាស់​ជំនួយ​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​នេះ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក​បន្ត​ថា រដ្ឋាភិបាល​ត្រូវ​អនុវត្ត​តាម​កាតព្វកិច្ច​សិទ្ធិមនុស្ស​អន្តរជាតិ ហើយ​ការិយាល័យ​មួយ​នេះ ជា​ផ្នែក​មួយ​នៃ​កាតព្វកិច្ច​ដែល​ត្រូវ​អនុញ្ញាត​ឲ្យ​បន្ត​ប្រតិបត្តិការ​ដោយ​គ្មាន​ការ​គំរាមកំហែង។

កិច្ច​ព្រមព្រៀង​ទ្វេ​ភាគី​ឆ្នាំ​១៩៩៣ នេះ រដ្ឋាភិបាល​កម្ពុជា ឯកភាព​ឲ្យ​មាន​វត្តមាន​នៃ​ការិយាល័យ​ឧត្តម​ស្នងការ​​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​ប្រទេស​កម្ពុជា ដើម្បី​ធ្វើ​ការងារ​បច្ចេកទេស​ឃ្លាំមើល​សិទ្ធិមនុស្ស។

ក្នុង​លិខិត​ផ្ញើ​ទៅ​ទីក្រុង​ហ្សឺណែវ លោក ប្រាក់ សុខុន អះអាង​ថា រដ្ឋាភិបាល​កម្ពុជា ប្ដេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ដើម្បី​ប្រកាន់​ខ្ជាប់​នូវ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ដោយ​លើក​កម្ពស់​សេរីភាព​ជា​មូលដ្ឋាន។ លោក​លើក​ឡើង​ថា ការ​អនុញ្ញាត​ឲ្យ​មាន​អ្នក​សរសេរ​របាយការណ៍​ពិសេស ការ​ត្រួត​ពិនិត្យ​ជា​សកល​តាម​កាលកំណត់​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស ការ​អនុញ្ញាត​ឲ្យ​អង្គការ​ជាតិ និង​អន្តរជាតិ និង​ការ​បើក​សេរីភាព​សារព័ត៌មាន។

​ទោះបីជា​យ៉ាង​ណា មន្ត្រី​ជាន់​ខ្ពស់​នៃ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ អះអាង​ថា បរិយាកាស​សិទ្ធិមនុស្ស​នៅ​កម្ពុជា កំពុង​តានតឹង និង​ធ្លាក់​ចុះ តាម​រយៈ​ការ​ប្រើប្រាស់​តុលាការ និង​ការ​បង្កើត​ច្បាប់​ដើម្បី​បំបិទ​សិទ្ធិ និង​គំរាមកំហែង​សង្គម​ស៊ីវិល សកម្មជន មេដឹកនាំ​សហគមន៍ ពលរដ្ឋ និង​បក្ស​ប្រឆាំង៕


No comments:

Post a Comment