Paris Peace Accords 23 Oct. 1991

Wednesday, November 2, 2016

សង្គម​ស៊ីវិល​ បារម្ភ​ ការ​លក់​ឈើ​ ដែល​បង្ក្រាប​បាន​ អាច​ជា​លេស​ ធ្វើ​ ឲ្យ​មាន​ ការ​កាប់​ឈើ​ បន្ត | Civil society fears the sale of confiscated timber is an excuse for further logging

អនុ​គណៈកម្មការ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​នៃ​អាជ្ញាធរ​ខេត្ត​រតនគិរី ចុះ​ពិនិត្យ​ទីតាំង​ក្រុមហ៊ុន នុភាព សុភី នា​តំបន់​អូរតាយ៉ាក ក្នុង​ឧទ្យាន​ជាតិ​វីរៈជ័យ នៅ​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៦។ RFA/Ratha Visal
អនុ​គណៈកម្មការ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​នៃ​អាជ្ញាធរ​ខេត្ត​រតនគិរី ចុះ​ពិនិត្យ​ទីតាំង​ក្រុមហ៊ុន នុភាព សុភី នា​តំបន់​អូរតាយ៉ាក ក្នុង​ឧទ្យាន​ជាតិ​វីរៈជ័យ នៅ​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៦។ RFA/Ratha Visal

សង្គម​ស៊ីវិល​ បារម្ភ​ ការ​លក់​ឈើ​ ដែល​បង្ក្រាប​បាន​ អាច​ជា​លេស​ ធ្វើ​ ឲ្យ​មាន​ ការ​កាប់​ឈើ​ បន្ត


RFA / វិទ្យុ អាស៊ី សេរី | ១ វិច្ឆិកា ២០១៦




មន្ត្រី​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឲ្យ​ដឹង​ថា រាជ​រដ្ឋាភិបាល​បាន​ព្រមព្រៀង​លក់​ឈើ​ជាង ៦​ម៉ឺន​ម៉ែត្រ​គូប​ឲ្យ​ទៅ​ក្រុមហ៊ុន​មួយ​ក្នុង​តម្លៃ​ជាង ១៤​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​២៨ តុលា។ មន្ត្រី​នាំ​ពាក្យ​ដដែល​អះអាង​ថា កិច្ច​ពិភាក្សា​តម្លៃ​លក់​ឈើ​ដែល​គណៈកម្មការ​បង្ក្រាប​បាន គឺ​ធ្វើ​ឡើង​ដោយ​មាន​ភាគី​ជាច្រើន​ចូលរួម និង​ប្រកប​ដោយ​តម្លាភាព។
យ៉ាង​ណា​ក៏ដោយ មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា គម្រោង​លក់​ឈើ​ទាំងនេះ​អាច​ជា​ហេតុផល​ដើម្បី​សម្រួល​ដល់​ក្រុម​ឈ្មួញ អាច​រក​ស៊ី​ឈើ​បន្ត​ទៀត​ប៉ុណ្ណោះ។
ឈើ​ប្រភេទ​លេខ​១ លេខ​២ និង​លេខ​៣ រួម​មាន​បេង ធ្នង់ សុក្រំ ជាដើម ជាង ៦​ម៉ឺន​ម៉ែត្រ​គូប ត្រូវ​បាន​អនុ​គណៈកម្មការ​ដាក់​ដេញ​ថ្លៃ​សម្រេច​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន​មួយ​ឈ្មោះ វី អ៊ីននើជី ឡូជិស្ទីក (V Energy Logistics) ក្នុង​តម្លៃ​ជាង ១៤​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។
អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣១ តុលា ថា ការ​សម្រេច​នេះ​ធ្វើ​ឡើង​តាម​នីតិវិធី​ត្រឹមត្រូវ ដោយ​មាន​ភាគី​ពាក់ព័ន្ធ​ចូលរួម ហើយ​មាន​ក្រុម​អ្នក​សារព័ត៌មាន ពិសេស​មាន​ភាគី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចូលរួម​តាមដាន​សកម្មភាព​ពិភាក្សា​តម្លៃ​នោះ​ទៀត​ផង។ លោក​បន្ត​ថា ដោយសារ​មាន​តែ​មួយ​ក្រុមហ៊ុន ដូច្នេះ​មិន​មែន​ជា​ការ​ដាក់​ដេញ​ថ្លៃ​ទេ ប៉ុន្តែ​ជា​ការ​ពិភាក្សា​តម្លៃ​ទៅ​វិញ ហើយ​ថវិកា​ដែល​ទទួល​បាន​ពី​ការ​លក់​ឈើ រាជ​រដ្ឋាភិបាល​នឹង​យក​ទៅ​ជួយ​លើ​វិស័យ​អប់រំ៖ «រដ្ឋាភិបាល​សម្ដេច​តេជោ បាន​ប្រកាស ក៏ដូចជា​កិច្ច​ប្រជុំ​សន្និបាត​នៅ​ក្រសួង​បរិស្ថាន គឺ​ដូច​គ្នា​ដែរ គឺ​ប្រកាស​ការ​ដេញ​ថ្លៃ​ឈើ​ហ្នឹង លក់​បាន គឺ​យក​ថវិកា​ហ្នឹង​ទៅ​បម្រើ​ក្នុង​វិស័យ​អប់រំ»
កាល​ពី​ថ្ងៃ​ទី​១៥ មករា រាជ​រដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​ដោយ​មាន​លោក សៅ សុខា ដែល​ជា​អគ្គ​មេ​បញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ និង​ជា​មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​ប្រធាន​គណៈកម្មការ​នេះ។
គណៈកម្មការ​នេះ​មាន​ភារកិច្ច​សំខាន់ៗ​មួយ​ចំនួន​ដូចជា ទប់ស្កាត់ និង​បង្ក្រាប​សកម្មភាព​កាប់​ឈើ ការ​នាំ​ចេញ​ឈើ​ខុស​ច្បាប់ និង​បទល្មើស​ព្រៃ​ឈើ​នៅ​ភូមិភាគ​ឦសាន​នៃ​ប្រទេស ស្រាវជ្រាវ​រក​អ្នក​ពាក់ព័ន្ធ​ក្នុង​ការ​កាប់ និង​នាំ​ឈើ​ខុស​ច្បាប់ ចាប់​ជន​ល្មើស និង​វត្ថុ​តាង ដើម្បី​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ ព្រម​ទាំង​សហការ​ជាមួយ​ភាគី​វៀតណាម និង​ឡាវ ដើម្បី​ធ្វើ​ការងារ​ឲ្យ​មាន​ប្រសិទ្ធភាព។
បេសកកម្ម​របស់​គណៈកម្មការ​ជាតិ​មួយ​នេះ​រយៈពេល​ប្រមាណ ៣​ខែ​ដំបូង ពួក​គេ​សម្រេច​បញ្ជូន​របាយការណ៍​របស់​ខ្លួន​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មេសា បន្ទាប់​ពី​ចាប់​បាន​ឈើ​ខុស​ច្បាប់​ជាង ៧​ម៉ឺន​ម៉ែត្រ​គូប និង​ប្ដឹង​ឈ្មួញ​រក​ស៊ី​ចំនួន ៥៧​ករណី​ទៅ​តុលាការ។ លោក អេង ហ៊ី បញ្ជាក់​ថា ឈើ​ប្រមាណ ១​ម៉ឺន​ម៉ែត្រ​គូប ត្រូវ​បាន​រាជ​រដ្ឋាភិបាល​សម្រេច​លក់​កាល​ពី​ខែ​សីហា ប៉ុន្តែ​លោក​មិន​បាន​ដឹង​ថា​មាន​តម្លៃ​ប៉ុន្មាន​ទេ។
លោក​អះអាង​ថា គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​នៅ​តែ​បន្ត​ការងារ​របស់​ខ្លួន​ឥត​ឈប់​ឈរ ហើយ​កំពុង​ស្រាវជ្រាវ​រក​មេ​ខ្លោង ឬ​ឈ្មួញ​កណ្ដាល​ដែល​ទិញ​ឈើ​ពី​ប្រជាពលរដ្ឋ។ ដោយឡែក​ឈ្មួញ​ឈើ​ម្នាក់​ឈ្មោះ ហេង សំនៀង ហៅ​យាយ​ព្រឿង ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​ស្ទឹងត្រែង ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៣ តុលា ហើយ​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ។ តាំង​ពី​ខែ​មេសា ឆ្នាំ​២០១៦ មក គណៈកម្មការ​នេះ​ចាប់​បាន​បទល្មើស​ជា​ហូរហែ​បន្ថែម​ទៀត ប៉ុន្តែ​នៅ​មិន​ទាន់​ទទួល​បាន​របាយការណ៍​ថា​មាន​ចំនួន​ប៉ុន្មាន​ម៉ែត្រ​គូប​នៅ​ឡើយ។
ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ប្រធាន​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូច ឡេង មើល​ឃើញ​ថា រូបភាព​ប្រកាស​លក់​ឈើ​ដែល​រាជ​រដ្ឋាភិបាល​បង្ក្រាប​បាន គឺ​មិន​មាន​តម្លាភាព​ទេ។ លោក​ថា ឈើ​ប្រកាស​លក់ គឺ​មិន​ដឹង​ថា​មាន​ទីតាំង​នៅ​ទីណា​ឡើយ ហើយ​អាច​ត្រូវ​បាន​ឈ្មួញ​ដឹក​ជញ្ជូន​យក​ទៅ​លក់​ស្ទើរ​តែ​អស់​ថែម​ទៀត​ផង។ លោក​បារម្ភ​ថា ការ​ប្រកាស​លក់​ឈើ​ពេល​នេះ អាច​ជា​រូបភាព​មួយ​ដើម្បី​កាប់​ឈើ​ថ្មី ឬ​នាំ​យក​ឈើ​ថ្មី​សម្រាប់​បង្គ្រប់​ទិន្នន័យ​ដែល​រដ្ឋាភិបាល​លក់​ឲ្យ​ក្រុមហ៊ុន​ប៉ុណ្ណោះ។ ជាង​នេះ​ទៀត វា​គ្រាន់​តែ​ជា​រូបភាព​មួយ​ជួយ​សម្រួល​ដល់​ក្រុម​ឈ្មួញ​រក​ស៊ី​ឈើ​ដុះ​ស្លែ ដើម្បី​មាន​ឱកាស​នាំ​ឈើ​ចេញ​ទៅ​ក្រៅ​ប្រទេស​ដោយ​ស្រប​ច្បាប់៖ «ឃើញ​ថា​រដ្ឋាភិបាល​បាន​ប្ដេជ្ញា​ចិត្ត​បិទ​ការ​ទិញ​ឈើ​ទៅ​ប្រទេស​វៀតណាម ឬ​ប្រទេស​ក្រៅ ប៉ុន្តែ​បន្ទាប់​ពី​ការ​ដេញ​ថ្លៃ​បាន​ហើយ ក្រុមហ៊ុន​នឹង​មាន​អាជ្ញាប័ណ្ណ​ដើម្បី​នាំ​ឈើ​ចេញ។ ហើយ​ការ​នាំ​ឈើ​ចេញ​បែប​នេះ​ហើយ គឺ​ជា​លេស​មួយ​ដើម្បី​នាំ​ឈើ​ថ្មី ហើយ​មិន​មាន​ការ​ត្រួត​ពិនិត្យ​ត្រឹមត្រូវ»
លោក អ៊ូច ឡេង នៅ​តែ​ពុំ​មាន​ជំនឿ​លើ​ការងារ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​ឡើយ។ ជាក់ស្តែង​ឈ្មួញ​ឈើ​ដុះ​ស្លែ​ក្រៅ​ពី ហេង សំនៀង ហៅ​យាយ​ព្រឿង គឺ​មិន​មាន​នរណា​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ទេ។ លោក​អះអាង​ថា ពួក​គេ​ទាំងនោះ​រួម​មាន ឧកញ៉ា លីម ប៊ុណ្ណា ហៅ​ខ្នា ឧកញ៉ា ស៊ឹង សំអុល ហៅ​អុល ឧកញ៉ា​ថៃ ជាដើម នៅ​តែ​អាច​បន្ត​ជំនួញ​ឈើ​របស់​ខ្លួន​បាន​ដដែល។
ច្បាប់​ព្រៃ​ឈើ​ឆ្នាំ​២០០២ មាត្រា​៨៥ ចែង​ថា អាយុកាល​បណ្ដឹង​បទល្មើស​ព្រៃ​ឈើ​ថ្នាក់​ទី​១ គឺ​មាន​រយៈពេល ១៥​ឆ្នាំ។ ចំណែក​មាត្រា​៩៣ វិញ​កំណត់​ថា បទល្មើស​ព្រៃ​ឈើ​ថ្នាក់​ទី​១ ត្រូវ​ជាប់​ពន្ធនាគារ​ពី ៥​ឆ្នាំ​ដល់ ១០​ឆ្នាំ និង​ត្រូវ​រឹប​អូស​វត្ថុ​តាង​ទាំងអស់​ដាក់​ជា​សម្បត្តិ​រដ្ឋ។
លោក អ៊ូច ឡេង យល់​ថា ដើម្បី​ឲ្យ​កិច្ច​ការពារ​ព្រៃ​ឈើ​មាន​ប្រសិទ្ធភាព រាជ​រដ្ឋាភិបាល​ត្រូវ​បិទ​អាជីវកម្ម​ឈើ​ទាំងអស់ ហើយ​ចាប់​ខ្លួន​ឧកញ៉ា និង​មន្ត្រី​ពាក់ព័ន្ធ​ធំៗ​ក្នុង​ជួរ​រដ្ឋាភិបាល យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់​ព្រៃ​ឈើ និង​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ​ដាក់​ជា​សម្បត្តិ​រដ្ឋ។ លោក​ក៏​ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ បញ្ឈប់​ការ​ទិញ​ឈើ​ពី​ប្រទេស​វៀតណាម ពីព្រោះ​ជា​ប្រភព​នាំ​ឲ្យ​មាន​កាប់ និង​ជួញដូរ​ឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា៕




No comments:

Post a Comment