![]() |
| លោក ហ៊ុន ម៉ានិត និងកញ្ញា ធី សុវណ្ណថា (ហ្វេសប៊ុក) |
សារឆ្លើយឆ្លង រវាង ធី សុវណ្ណថា និងកូនប្រុស នាយករដ្ឋមន្រ្តី ទាក់ទង រឿងលោក កឹម សុខា ត្រូវ បានគេ ទម្លាយ
|
00:46
03:56
អ្នកប្រើប្រាស់ បណ្តាញសង្គម ហ្វេសបុក បានចែករំលែក ព័ត៌មាន តៗ គ្នា ថា, សកម្មជន គំាទ្រ បក្សកាន់អំណាច លោក ផែ សុវណ្ណារិទ្ធិ បានទម្លាយ កម្រងសន្ទា ឆ្លើយឆ្លង (chat) ធី សុវណ្ណថា ទៅកាន់លោក ហ៊ុន ម៉ានិត ដែលជាកូនប្រុស លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ក្នុងបំណង «ស៊ីពែ» គេ។
ធី សុវណ្ណថា ដែលធ្លាប់ រិះគន់ លោក ហ៊ុន សែន ឥតសំចៃមាត់ ក្រោយមក បានងាក ទៅគំាទ្រ បក្សកាន់អំណាច វិញ។ ធី សុវណ្ណថា ធ្លាប់ធ្វើ បាតុកម្ម ទាមទារ ឲ្យលោក កឹម សុខា ចុះចេញ ពីដំណែង អនុប្រធាន ទី១ នៃរដ្ឋសភា និងករណី មួយទៀត ប្តឹងលោក កឹម សុខា ថា បានបរិហាកេរ្តិ៍ ពាក់ព័ន្ធ នឹងសំណុំរឿង ដែលគេ ចោទថា, លោក មានសេ្នហា លួចលាក់ ជាមួយ ខុម ចាន់តារាទី ហៅ ស្រីមុំ ផងដែរ។
តាមសារឆ្លើយឆ្លងគ្នារវាង ធី សុវណ្ណថា និងលោក ហ៊ុន ម៉ានិត នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលត្រូវបានគេបញ្ចេញថ្មីៗនេះ គឺនាងតែងតែរាយការណ៍រាល់សកម្មភាពនានាប្រឆាំងនឹងលោក កឹម សុខា ទៅកាន់កូនប្រុសលោក ហ៊ុន សែន។
សារមានខ្លឹមសារថា៖ «បងនិត រសៀលម៉ោង៣ ក្រុមខ្ញុំដាក់ពាក្យបណ្តឹងទៅអង្គភាពប្រឆំាងអំពើពុករលួយទាក់ទងនឹងករណីលោក កឹម សុខា ទិញផ្ទះនិងដីឲ្យប្រពន្ធចុង ស្អែកនេះក្រុមខ្ញុំទៅស្វាគមន៍លោក កឹម សុខា នៅពោធិ៍សាត់ទៀតហើយ! បងស្រីមុំសារភាពហើយ បានរង្វាន់អីឲ្យខ្ញុំ! បងនិត ថ្ងៃអង្គារម៉ោងពីររសៀល ខ្ញុំហែរក្បួនពី UNទៅបក្សសង្គ្រោះជាតិ ចេញពីសង្គ្រោះជាតិទៅផ្ទះ កឹម សុខា និងសុំកម្លាំងយុវជនបង៥០នាក់ជិះម៉ូតូហែក្បួន។ លោក ម៉ានិត ថា បងអត់ឲ្យពួកគាត់ចូលរួមទេ មិនចង់ឲ្យបែកការទេ កម្លាំងបងរក្សាទុកទាក់តែពេលចំាបាច់បានប្រើគាត់។»
លើសពីនេះទៀត លោក ហ៊ុន ម៉ានិត បានសន្យាជាមួយ ធី សុវណ្ណថា នឹងប៉ាវបាយហាងនៅភ្នំពេញ ពេលធ្វើការងារបានជោគជ័យ។
ក្នុងសារនោះ ធី សុវណ្ណថា ក៏បានទាមទាររង្វាន់លើកទឹកចិត្តពី លោក ហ៊ុន ម៉ានិត បន្ទាប់ពីនាងធ្វើកិច្ចការនេះ។
បើតាមសារដែលសន្ទនាតាំងអំឡុងខែកុម្ភៈដល់ខែវិច្ឆិកានេះ ធី សុវណ្ណថា និងលោក ហ៊ុន ម៉ានិត ក៏បាននិយាយពីឈ្មោះស្រីមុំ ដែលទៅពឹងសមាគមអាហុកផងដែរ៖ «ខ្ញុំគិតថា ស្រីមុំទៅអាដហុក គឺបញ្ជា កឹម សុខា ជាអ្នកឲ្យទៅ ដើម្បីចេញមុខបដិសេធ ហើយខ្ញុំគិតថាស្រីមុំអាចគ្រោះថ្នាក់ ពូអាចសង្កេតមើលតាមដានបានទេ ខ្ញុំគិតថាគំនិត កឹម សុខា ចង់ឲ្យម្នាក់ហ្នឹង(ស្រីមុំ)បដិសេធ ហើយចង់ទម្លាក់កំហុសលើខាងរដ្ឋាភិបាលវិញ។»
រីឯ លោក ហ៊ុន ម៉ានិត បានឆ្លើយដូចនេះថា៖ «បាទ! អត់អីទេ ឲ្យគេជួយមើល ប៉ុន្តែបើវាយតម្លៃទៅអត់ជាបញ្ហាអីដែរទេ។»
លោក ហ៊ុន ម៉ានិត បានឆ្លើយតបទៅ ធី សុវណ្ណថា រឿងរៀបបាតុកម្មប្រឆំាងលោក កឹម សុខា ទៀតថា៖ «ត្រឹមត្រូវរៀបចំបានល្អ ម្តងហ្នឹងដាក់មេក្រូប្រដោយ [បណ្តោយ]ទៅ ឆាឆៅ សុំទាល់តែបានចម្លើយមើស មែន ឬក៏មិនមែន។»
ទោះជាបែបនេះក្តី VOD មិនអាចសុំការបំភ្លឺបន្ថែមពី ធី សុវណ្ណថា លោក ហ៊ុន ម៉ានិត និងលោក ផែ សុវណ្ណារិទ្ធិបាននៅឡើយទេ ជុំវិញព័ត៌មាននៅលើបណ្តាញសង្គមនោះ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន មានប្រសាសន៍ថា លោកមិនដឹងរឿងកូនប្រុសលោក ហ៊ុន សែន ជជែកគ្នាតាមហ្វេសប៊ុកជាមួយ ធី សុវណ្ណថា នោះទេ។ ប៉ុន្តែលោកថា ករណីលោក អ៊ូ វីរៈ ដែលធ្លាប់ចោទថា គណបក្សប្រជាជនកម្ពុជានៅពីក្រោយក្រុមយុវជនដឹកនាំបាតុកម្មប្រឆំាងលោក កឹម សុខា រឿងអាស្រូវផ្លូវភេទនោះ លោកថាជារឿងលាបពណ៌ខុសពីការពិត។
លោក ថា៖ «អ៊ូ វីរៈ និយាយ លាបពណ៌ ឲ្យគណបក្ស ប្រជាជន ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់គណបក្សប្រជាជន ព្រោះអញ្ចឹងបានយើងប្តឹងឲ្យតុលាការស្រាវជ្រាវរកយុត្តិធម៌ ឥឡូវ អ៊ូ វីរៈ និយាយអញ្ចឹង ប៉ុន្តែខាងភាគីគណបក្សប្រជាជនយល់ថា អ៊ូ វីរៈ និយាយមូលបង្កាច់ មិនមែនជាសិទ្ធិបញ្ចេញមតិទេ ឲ្យតុលាការគេដោះស្រាយទៅ តុលាការគេរកឃើញម៉េច យើងគោរពឆន្ទានុសិទ្ធិ របស់តុលាការ។»
គួរបញ្ជាក់ថា កាលពីចុងខែមេសា លោក អ៊ូ វីរៈ បានលើកឡើងថារឿងរ៉ាវស្នេហាបុគ្គលឯកជនរបស់លោក កឹម សុខា និងស្រីមុំ ជាយុទ្ធសាស្រ្តរបស់គណប្រជាជនកម្ពុជា។ លោក សុខ ឥសាន ចាត់ទុកថាជា ចេតនាបំផ្លើស ទម្លាក់កំហុសដោយអសុទ្ធចិត្ត ដែលនាំឲ្យប៉ះពាល់ដល់កិត្តិយស កិត្តិស័ព្ទ និងជាការបរិហារកេរ្តិ៍ជាសាធារណៈ។ ក្រោយមកលោក សុខ ឥសាន បានដាក់ពាក្យបណ្តឹងលោក អ៊ូ វីរៈ ទៅតុលាការឲ្យចោទប្រកាន់និងផ្តន្ទាទោសទៅតាមច្បាប់និងទាមទារឲ្យលោក អ៊ូ វីរៈ ផ្តល់សំណង៤០០លានរៀលស្មើប្រមាណ១០ម៉ឺនដុល្លារ៕

Shame on you, these two creatures!
ReplyDeleteKhmer should be proud of those two. You see they don't talk dirty like Kem Sokha. They were clean and reasonable.
ReplyDelete