Paris Peace Accords 23 Oct. 1991

Friday, November 4, 2016

លោក ហ៊ុន សែន បង្ហាញ​ជំហរ​ គាំទ្រ​ លោក ដូណាល់ ត្រាំ ជា​ប្រធានាធិបតី​ អាមេរិក | Hun Sen reveals his support for Donald Trump US presidency

បេក្ខភាព​ប្រធានាធិបតី​មក​ពី​គណបក្ស​សាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump) និង​បេក្ខភាព​ប្រធានាធិបតី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ អ្នកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) ក្នុង​កិច្ច​ពិភាក្សា​តទល់​គ្នា​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០១៦។ Photo AFP
បេក្ខភាព​ប្រធានាធិបតី​មក​ពី​គណបក្ស​សាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump) និង​បេក្ខភាព​ប្រធានាធិបតី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ អ្នកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) ក្នុង​កិច្ច​ពិភាក្សា​តទល់​គ្នា​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០១៦។ Photo AFP

លោក ហ៊ុន សែន បង្ហាញ​ជំហរ​ គាំទ្រ​ លោក ដូណាល់ ត្រាំ ជា​ប្រធានាធិបតី​ អាមេរិក

RFA / វិទ្យុ អាស៊ី សេរី | ២ វិច្ឆិកា ២០១៦

ប្រមុខ​ រដ្ឋាភិបាល​ កម្ពុជា លោក ហ៊ុន សែន ប្រកាស​ជំហរ ​គាំទ្រ​ បេក្ខភាព​ ប្រធានាធិបតី​ អាមេរិក មក​ពី​គណបក្ស​ ក្រៅ​រដ្ឋាភិបាល លោក ដូណាល់ ត្រាំ (Donald Trump )។  ជុំវិញ​ ការ​ប្រកាស​នេះ អ្នក​ធ្វើ​ការងារ​ ទាក់ទង​ ការងារ ​បោះឆ្នោត​ ព្រមាន​ ថា, ការ​បង្ហាញ​ ជំហរ ​របស់​ ប្រមុខ​រដ្ឋាភិបាល​ មុន​ការ​បោះឆ្នោត​ នៅ​អាមេរិក​ ដូចនេះ អាច​ធ្វើ​ ឲ្យ​ប៉ះពាល់​ ដល់​នយោបាយ​ ការ​បរទេស ​រវាង​ កម្ពុជា និង​សហរដ្ឋ​ អាមេរិក។

ការ​ប្រកាស​ជំហរ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បែប​នេះ ត្រូវ​បាន​ដកស្រង់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា (AKP) ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ហើយ​ក៏​ទទួល​បាន​ចំណាប់​អារម្មណ៍​ពី​សារព័ត៌មាន​អន្តរជាតិ​មួយ​ចំនួន។

ថ្លែង​នៅ​ចំពោះ​មុខ​ក្រុម​មេ​ប៉ូលិស​ប្រមាណ ១​ពាន់​នាក់ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​គាំទ្រ​លោក ដូណាល់ ត្រាំ ឲ្យ​ក្លាយ​ជា​ប្រធានាធិបតី​របស់​អាមេរិក។ លោក​ពន្យល់​ថា ប្រសិន​បើ​លោក ត្រាំ ជាប់​ឆ្នោត និង​ធ្វើ​ឲ្យ​សភាពការណ៍​ពិភពលោក​វិវឌ្ឍន៍​ទៅ​រក​សភាព​ល្អ​ប្រសើរ និង​គ្មាន​សង្គ្រាម ព្រោះ​លោក ដូណាល់ ត្រាំ ជា​អ្នក​ជំនួញ ដូច្នេះ​អ្នក​ជំនួញ​មិន​ឲ្យ​មាន​សង្គ្រាម​ទេ។ ប៉ុន្តែ​លោក​យល់​ថា ក្នុង​ករណី​អ្នកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) ឈ្នះ​ទៅ​វិញ​នោះ នឹង​អាច​ធ្វើ​ឲ្យ​ពិភពលោក​ស្មុគស្មាញ​ខ្លាំង។

លោក ហ៊ុន សែន ទស្សន៍ទាយ​ពី​លទ្ធផល​បោះឆ្នោត​របស់​សហរដ្ឋ​អាមេរិក​ដូចនេះ ក្នុង​ពេល​ចូលរួម​ធ្វើ​បាឋកថា​ស្ដីពី «ការ​ដឹកនាំ​បញ្ជា​កម្លាំង សភាពការណ៍​ជាតិ អន្តរជាតិ និង​បញ្ហា​ផ្សេងៗ» ជូន​ដល់​ថ្នាក់​ដឹកនាំ គ្រូ​នគរបាល​ជាតិ និង​និស្សិត​សិក្ខាកាម​នៃ​បណ្ឌិតសភា​នគរបាល​កម្ពុជា។

នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ហៅ​កាត់​ថា និកហ្វិច (NICFEC) លោក សំ គន្ធាមី យល់​ថា សម្ដី​របស់​លោក ហ៊ុន សែន អាច​ប៉ះពាល់​ដល់​នយោបាយ​ការទូត ប្រសិន​បើ​លោក ដូណាល់ ត្រាំ មិន​ឈ្នះ​ឆ្នោត។ ផ្ទុយ​ពី​ការ​គិត​របស់​លោក ហ៊ុន សែន លោក សំ គន្ធាមី យល់​ថា ទោះ​បី​ជា​លោក ដូណាល់ ត្រាំ ជា​ពាណិជ្ជករ​ក្តី ប៉ុន្តែ​ឥរិយាបថ​របស់​លោក ត្រាំ មាន​ការ​រើសអើង និង​មាន​អំពើ​ហិង្សា​ផង។

ក្រោយ​ពី​លោក ហ៊ុន សែន មាន​ប្រសាសន៍ សារព័ត៌មាន​អន្តរជាតិ​មួយ​ចំនួន​ដូចជា​បាងកក​ប៉ុស្តិ៍ (Bangkok Post) សារព័ត៌មាន​រ៉យទ័រ (Reuters) និង​សារព័ត៌មាន ឆេនណល ញូវ អេស៊ា (Channel News Asia) ជាដើម បាន​ដកស្រង់​សម្ដី​របស់​លោក​ចុះ​ផ្សាយ​យ៉ាង​ព្រោងព្រាត។

អ្នក​ស្រាវជ្រាវ​នយោបាយ​ការ​បរទេស និង​ច្បាប់​អន្តរជាតិ លោក ឡុង គឹមឃន យល់​ថា ប្រហែល​ជា​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ចង់​ធ្វើ​ការងារ ឬ​ទំនាក់ទំនង​ការទូត​ជាមួយ​រដ្ឋាភិបាល​អាមេរិក មក​ពី​គណបក្ស​សាធារណរដ្ឋ ដែល​អាច​មាន​ទំនាក់ទំនង​ល្អ​ជាង​រដ្ឋាភិបាល​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ។

គេ​មិន​សូវ​ឃើញ​លោក ហ៊ុន សែន ថ្លែង​សរសើរ​រដ្ឋាភិបាល​អាមេរិក​ដែល​កំពុង​ដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ។ លោក​ធ្លាប់​ថ្លែង​ឌឺដង​ថា បទពិសោធន៍​របស់​លោក អាច​បង្រៀន​ប្រធានាធិបតី​អាមេរិក​ថែម​ទៀត​ផង។

ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា (AKP) បាន​ដកស្រង់​សម្ដី​លោក ហ៊ុន សែន ថា បើ​សិន​អ្នកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) ឈ្នះ​ឆ្នោត នោះ​ទំនាក់ទំនង​រវាង​ចិន និង​អាមេរិក អាច​ផ្លាស់ប្ដូរ ចំណែក​ទំនាក់ទំនង​រវាង​អាមេរិក និង​រុស្ស៊ី នឹង​មាន​ការ​លំបាក។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​លោក ត្រាំ ឈ្នះ​ឆ្នោត អាមេរិក​អាច​ទៅ​ជា​មិត្ត​ជាមួយ​រុស្ស៊ី។

ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ខាង​មុខ សហរដ្ឋ​អាមេរិក នឹង​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី ដែល​មាន​លោក ដូណាល់ ត្រាំ ជា​បេក្ខភាព​ប្រធានាធិបតី​មក​ពី​គណបក្ស​សាធារណរដ្ឋ និង​អ្នកស្រី ហ៊ីលឡារី គ្លីនតុន ជា​បេក្ខភាព​ប្រធានាធិបតី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ ដែល​គណបក្ស​នេះ​បាន​កាន់​អំណាច​ពីរ​អាណត្តិ​មក​ហើយ៕


No comments:

Post a Comment