Paris Peace Accords 23 Oct. 1991

Sunday, November 20, 2016

ព្រះរាជអាជ្ញា ​ខេត្ត​កំពង់ស្ពឺ​ ចេញ​ដីកា​ ឲ្យ​ឃុំ​ខ្លួន​ មន្ត្រី​ សិទ្ធិ​មនុស្ស​ លោក សៀ ភារម្យ ពី​បទ​ឆបោក | Kampong Speu prosecutor issues arrest warrant for land rights activist Sia Phearum for forgery

នាយក​លេខាធិការដ្ឋាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន (HRTF) លោក សៀ ភារម្យ ចូលរួម​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០១៦។
នាយក​លេខាធិការដ្ឋាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន (HRTF) លោក សៀ ភារម្យ ចូលរួម​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០១៦។ RFA

ព្រះរាជអាជ្ញា ​ខេត្ត​កំពង់ស្ពឺ​ ចេញ​ដីកា​ ឲ្យ​ឃុំ​ខ្លួន​ មន្ត្រី​ សិទ្ធិ​មនុស្ស​ លោក សៀ ភារម្យ ពី​បទ​ឆបោក


RFA / វិទ្យុ អាស៊ី សេរី | ១៩ វិច្ឆិកា ២០១៦


មន្ត្រី​ សិទ្ធិ​មនុស្ស​ ល្បី​ឈ្មោះ ​ម្នាក់​ ដែល​តែងតែ ​ឃ្លាំ​មើល​ ការ​រំលោភ​ សិទ្ធិ​មនុស្ស និង​សិទ្ធិ​ លំនៅឋាន គឺ​ លោក សៀ ភារម្យ ត្រូវ​ បាន​ព្រះរាជអាជ្ញា​ ខេត្ត​កំពង់ស្ពឺ លោក កែវ សុធា ចេញ​ដីកា​ ឲ្យ​ឃុំ​ខ្លួន​ បណ្ដោះអាសន្ ទាក់ទង ​បទ​ចោទ​ ក្លែង​បន្លំ​ ឯកសារ​ សាធារណៈ, ប្រើប្រាស់​ ឯកសារ​ក្លែង, និង​បទ​ឆបោក ​ក្នុង​សំណុំ​រឿង​ ដី ​មួយ​កន្លែង​ ក្នុង​ខេត្ត​ កំពង់ស្ពឺ។

ចំណែក​ លោក សៀ ភារម្យ នាយក ​លេខាធិការដ្ឋាន​ នៃ​ក្រុម​ការងារ​ ពិសេស​ សិទ្ធិ​លំនៅឋាន ដែល​រង​ការ​ ចោទ​ប្រកាន់​នេះ បដិសេធ​ ថា, លោក​ មិន​បាន ​ប្រព្រឹត្ត​ ដូច​ការ​ លើក​ឡើង​ទេ, ហើយ​ លោក​ នឹង​តតាំង​ តាម​ផ្លូវ​ច្បាប់​ ដោយ​មិន ​រត់​គេច​ខ្លួន​ ឡើយ។  លោក​ បញ្ជាក់​ថា, លោក​ បាន​ទទួល​ ដីកា​នេះ​ ជាង​មួយ​សប្ដាហ៍​ហើយ។


ដីកា​ចុះ​ថ្ងៃ​ ទី​៤ ខែ​វិច្ឆិកា របស់​ព្រះរាជអាជ្ញា​ខេត្ត​កំពង់ស្ពឺ ចោទ​ប្រកាន់​ថា លោក សៀ ភារម្យ បាន​ប្រព្រឹត្ត​បទល្មើស​ទាំងនេះ​នៅ​ភូមិ​ក្របីត្រាំ ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ កាល​ពី​ឆ្នាំ​២០០៩ រហូត​មក​ដល់​ឆ្នាំ​២០១៦។ អ្នក​ប្ដឹង​លោក សៀ ភារម្យ ឈ្មោះ នួន ផល្លី។

ដើម​បណ្ដឹង​ឈ្មោះ នួន ផល្លី រូប​នេះ​ចោទ​ប្រកាន់​ថា មនុស្ស​ពីរ​នាក់ ម្នាក់​ឈ្មោះ ខឹម សុខឃឹម ដែល​បាន​ទទួល​មរណភាព​ទៅ​ហើយ និង​ម្នាក់​ទៀត​គឺ​លោក សៀ ភារម្យ ថា​បាន​រួម​គ្នា​ប្រើប្រាស់​ឯកសារ​ក្លែង​ទាក់ទង​ដី​មួយ​កន្លែង​នៅ​ខេត្ត​កំពង់ស្ពឺ។

លោក សៀ ភារម្យ ថ្លែង​បញ្ជាក់​ថា រឿង​ដីធ្លី​នេះ​ជា​ការ​មួលបង្កាច់​លើ​រូប​លោក​ទាំង​ស្រុង។ លោក​ថា​ដី​មួយ​ដុំ​នេះ​ជា​ដី​ដែល​អ៊ំ​ស្រី​របស់​លោក​ឈ្មោះ ខឹម សុខឃឹម បាន​ធ្វើ​អំណោយ​ដល់​លោក ហើយ​សុរិយោដី​បាន​ផ្ទេរ​កម្មសិទ្ធិ​មក​លោក​ជា​ផ្លូវ​ការ​ហើយ​ដែរ​តាំង​ពី​ឆ្នាំ​២០០៤ មក​ម៉្លេះ ប៉ុន្តែ​នៅ​ពេល​នោះ ឈ្មោះ នួន ផល្លី មិន​បាន​ប្ដឹង​តវ៉ា​ទេ។

លោក​ឲ្យ​ដឹង​ទៀត​ថា នៅ​ពេល​អ៊ំ​ស្រី​របស់​លោក គឺ​លោកស្រី ខឹម សុខឃឹម ទទួល​មរណភាព​បាត់​ទៅ ទើប​ឈ្មោះ នួន ផល្លី ប្ដឹង​លោក​អំពី​រឿង​នោះ​តែ​ម្តង។

ទោះ​យ៉ាង​ណា​ក្តី លោក សៀ ភារម្យ ក៏​បង្ហាញ​ការ​ព្រួយ​បារម្ភ​លើ​រឿង​នេះ ខណៈ​លោក​ឃើញ​សង្គម​ស៊ីវិល​មួយ​ចំនួន​ត្រូវ​បាន​តុលាការ​ចាប់​ឃុំ​ខ្លួន​ជា​បន្តបន្ទាប់។ លោក​ថា​ពេល​លោក​បាន​ទទួល​ដីកា​នេះ មាន​មិត្តភ័ក្ដិ​សង្គម​ស៊ីវិល​ខ្លះ​ផ្តល់​គំនិត​ឲ្យ​លោក​រត់​គេច​ខ្លួន​សិន​ទៅ ប៉ុន្តែ​លោក​មិន​រត់​ទេ ព្រោះ​លោក​យល់​ថា បើ​លោក​រត់​គេច​ខ្លួន មាន​ន័យ​ថា​លោក​បាន​ធ្វើ​ខុស​ដូច​ការ​ចោទ​ប្រកាន់៕

No comments:

Post a Comment