![]() |
| លោកមេធាវី មូរតុន ក្លារ (Morton Sklar) ផ្ដល់បទសម្ភាសន៍ដល់អាស៊ីសេរី កាលពីថ្ងៃទី២៦ សីហា ឆ្នាំ២០១៦។ |
មេធាវីលោក ញ៉យ ចំរើន នៅអាមេរិក ថា, កូនក្ដីលោក នឹងឈ្នះបណ្ដឹង ប្រឆាំង រដ្ឋាភិបាល កម្ពុជា
RFA / វិទ្យុ អាស៊ី សេរី | ៨ វិច្ឆិកា ២០១៦
មេធាវី របស់លោក ញ៉យ ចំរើន គឺ លោក មូរតុន ក្លារ (Morton Sklar) អះអាង ថា, កូនក្តីលោក នឹងឈ្នះបណ្ដឹង ប្រឆាំងលោក ហ៊ុន ម៉ាណែត កូនប្រុស លោកនាយករដ្ឋមន្ត្រី នៅតុលាការ សហព័ន្ធ ក្នុងសហរដ្ឋ អាមេរិក ដោយសារតែ ភាគី ចុងបណ្ដឹង មិនចូលរួម សវនាការ កាលពីដើមខែ វិច្ឆិកា។ ប៉ុន្តែ មន្ត្រី ជាន់ខ្ពស់ របស់ រដ្ឋាភិបាល កម្ពុជា មិន ចាប់អារម្មណ៍ ចំពោះ ការប្រកាស នេះឡើយ។
លោក មូរតុន ក្លារ មានប្រសាសន៍បន្តថា៖ «តាមការវាយតម្លៃរបស់ខ្ញុំ គឺថារដ្ឋាភិបាលខ្លាចខ្លាំងណាស់នូវអ្វីដែលអាចកើតមានឡើងក្នុងពេលដែលក្តីក្ដាំនេះកំពុងដំណើរការ។ ម្យ៉ាងទៀតប្រសិនបើគេឆ្លើយតបទៅនឹងបណ្ដឹងនេះមែន នោះរដ្ឋាភិបាលកម្ពុជា នឹងក្លាយទៅជាគូភាគីនៃដំណើរការក្តីទូទៅមួយហើយ។ សម្រាប់ប្រព័ន្ធតុលាការនៅកម្ពុជា វិញ វាមិនមានអ្វីចោទជាបញ្ហានោះទេ ពីព្រោះអ្នកណាក៏ដឹងដែរថា ដំណើរការក្តីនៅទីនោះគ្រប់គ្រងដោយរដ្ឋាភិបាលលោក ហ៊ុន សែន។ ប៉ុន្តែនៅសហរដ្ឋអាមេរិក គេមិនអាចធ្វើតាមទំនើងចិត្តនោះទេ។ ដូច្នេះតុលាការនៅអាមេរិក អាចបង្ហាញពីភាពអាម៉ាស់របស់ពួកគេលើឆាកអន្តរជាតិ ចំពោះទង្វើដែលពួកគេបានប្រព្រឹត្ត ជាពិសេសការប្រើប្រាស់ប្រព័ន្ធតុលាការរបស់ពួកគេក្នុងការគំរាមកំហែង និងដាក់ទោសទណ្ឌដល់ក្រុមអ្នករិះគន់ ឬក្រុមបក្សប្រឆាំង។»
លោក ញ៉យ ចំរើន បានប្ដឹងរដ្ឋាភិបាលកម្ពុជា និងលោក ហ៊ុន ម៉ាណែត កូនប្រុសរបស់លោក ហ៊ុន សែន ពីបទប្រើអំពើហិង្សាដោយចេតនា និងប៉ុនប៉ងធ្វើឃាតលើរូបលោកកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន អះអាងថា កម្ពុជា មិនខ្វល់ពីបណ្ដឹងរបស់លោក ញ៉យ ចំរើន នៅសហរដ្ឋអាមេរិក នោះទេ។ លោកអះអាងថា កម្ពុជា មានអធិបតេយ្យភាពរបស់ខ្លួនដែលមិនស្ថិតក្រោមឥទ្ធិពលរបស់ប្រទេសណាមួយនោះឡើយ៖«ប្រសិនបើយុត្តាធិការ ឬនីតិវិធីត្រូវប្ដឹងទៅក្រៅប្រទេស អាហ្នឹងជារឿងមួយ ប៉ុន្តែបើគេនិយាយអំពីអធិបតេយ្យភាព ឬឯករាជភាព អាហ្នឹងជារឿងមួយផ្សេងទៀត។ អ៊ីចឹងទេខ្ញុំយល់ថា ពាក់ព័ន្ធនឹងករណីនេះហើយដោយឯកឧត្តម ញ៉យ ចំរើន គាត់យល់ផ្សេង ហើយរាជរដ្ឋាភិបាលយល់ផ្សិង អាហ្នឹងវាជារឿងផ្ទុយគ្នា។ គាត់សញ្ជាតិអាមេរិកាំង ហើយគាត់ទៅប្ដឹងនៅតុលាការសហរដ្ឋអាមេរិក អាហ្នឹងខ្ញុំក៏មិនយល់ដែរ មិនដឹងថាច្បាប់គេហ្នឹងវាពាក់ព័ន្ធយ៉ាងម៉េច? រឿងនេះកើតឡើងនៅកម្ពុជា ហើយហេតុម៉េចបានជាទៅប្ដឹងនៅសហរដ្ឋអាមេរិក?»
ច្បាប់ប្រឆាំងភេរវកម្មរបស់សហរដ្ឋអាមេរិក ដែលត្រូវបានអនុម័តចូលជាធរមានកាលពីឆ្នាំ២០០១ ចែងយ៉ាងច្បាស់ថា ពលរដ្ឋអាមេរិកាំង គ្រប់រូបមានសិទ្ធិប្ដឹងរដ្ឋាភិបាលបរទេសទាំងឡាយដែលបានធ្វើទារុណកម្ម និងប៉ុនប៉ងសម្លាប់ពលរដ្ឋរបស់ខ្លួន។
លោក ញ៉យ ចំរើន បញ្ជាក់ថា ការប្ដឹងរដ្ឋាភិបាលកម្ពុជា នៅតុលាការសហរដ្ឋអាមេរិក ដោយសារតុលាការកម្ពុជា មិនអាចផ្តល់យុត្តិធម៌ឲ្យលោក។
កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ មេធាវីដើមបណ្ដឹងបានផ្ញើឯកសារបណ្ដឹងចំនួន ៥៧ទំព័រជាភាសាអង់គ្លេស និង ៦៣ទំព័រជាភាសាខ្មែរ ទៅរដ្ឋាភិបាលកម្ពុជា ហើយបណ្ដឹងនោះបានបោះត្រាទទួលដោយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦។ ពាក្យបណ្តឹងតម្រូវឲ្យចុងចោទមកឆ្លើយបំភ្លឺមុខសវនាការតុលាការសហព័ន្ធរបស់អាមេរិក នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ប៉ុន្តែរដ្ឋាភិបាលមិនបានចូលខ្លួនតាមការកំណត់នេះទេ។
មេធាវីក្នុងក្រុមអ្នកច្បាប់របស់លោក មូរតុន ក្លារ (Morton Sklar) គឺលោក អ៊ុច ខែមសុខាំបូរ ថ្លែងថា ប្រសិនបើតុលាការសហរដ្ឋអាមេរិក ចេញសាលក្រមឲ្យលោក ញ៉យ ចំរើន ឈ្នះមែននោះ រដ្ឋាភិបាលកម្ពុជា ត្រូវតែមានកាតព្វកិច្ចក្នុងការសងជំងឺចិត្តដល់ដើមបណ្ដឹងមួយទ្វេជាបី និងដោះលែងសកម្មជននយោបាយដែលកំពុងជាប់ឃុំ រួមមានលោក មាជ សុវណ្ណារ៉ា លោក ហុង សុខហួរ លោក អ៊ុំ សំអាន និងមនុស្សជាច្រើនរូបទៀត៖ «ទីមួយ យើងបានផលអ្វីដែលយើងបានពីការចោទប្រកាន់ហ្នឹង។ ហើយទីពីរ យើងបានឈ្នះជាស្វ័យប្រវត្តិ។ ហើយទីបី រដ្ឋាភិបាលខ្មែរដែលចាញ់ហ្នឹង ត្រូវបង់ការខូចខាត។ ទាមទារឲ្យសកម្មជនទាំងអស់ចេញពីការឃុំឃាំងដែលខុសច្បាប់ អយុត្តិធម៌ ធ្វើបាប ធ្វើទុក្ខបុកម្នេញគេ ធ្វើទារុណកម្ម និងភេរវកម្ម មិនមែនតែទៅលើលោក មាជ សុវណ្ណារ៉ា ប៉ុណ្ណោះទេ តែទាំងអស់។ បើមិនអាចធ្វើបាន នោះនឹងមានសម្ពាធយ៉ាងខ្លាំងពីអន្តរជាតិ។»
លោកបន្តថា ដើមបណ្ដឹងប្រឆាំងរដ្ឋាភិបាលកម្ពុជា និងលោក ហ៊ុន ម៉ាណែត ក្នុងករណីនេះមានចំនួន ៦នាក់រួមមាន លោក ញ៉យ ចំរើន លោក មាជ សុវណ្ណារ៉ា អ្នកស្រី ជេមី មាជ និងកូនស្រីរបស់លោក មាជ សុវណ្ណារ៉ា បីនាក់ទៀត។
ពួកគេទាំងនេះបានប្ដឹងរដ្ឋាភិបាលកម្ពុជា និងលោក ហ៊ុន ម៉ាណែត កូនប្រុសរបស់លោក ហ៊ុន សែន ពីបទប៉ុនប៉ងធ្វើឃាតបំពារបំពានរូបរាងកាយធ្ងន់ធ្ងរ ធ្វើទារុណកម្មតាមទំនើងចិត្ត អំពើភេរវកម្មអន្តរជាតិ ការឃុំឃាំងរយៈពេលយូរ ការធ្វើឲ្យឈឺចាប់ដោយចេតនាដែលបណ្ដាលឲ្យមានទុក្ខព្រួយផ្លូវអារម្មណ៍ និងការចាប់ដាក់គុកដោយខុសច្បាប់៕

No comments:
Post a Comment