![]() |
| ពលរដ្ឋឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ថតជាមួយជំទប់ទី២ ឃុំជាំក្រវៀន លោក អ៊ិន សុខុន (ស្ដាំ) នៅមុខសាលាឃុំ ពេលទៅចុះឈ្មោះបោះឆ្នោត និងធ្វើលិខិតបញ្ជាក់អត្តសញ្ញាណពីមេឃុំ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦។ Photo Provided |
ពលរដ្ឋ មួយចំនួន នៅខេត្ត ត្បូងឃ្មុំ នៅតែ ជួបការលំបាក ក្នុងការ ចុះឈ្មោះ បោះឆ្នោត
RFA / វិទ្យុ អាស៊ី សេរី | ២២ វិច្ឆិកា ២០១៦
ប្រជាពលរដ្ឋ នៅឃុំ ជាំក្រវៀន ស្រុក មេមត់
ខេត្ត ត្បូងឃ្មុំ លើកឡើង ថា,
ពួកគេ នឹងមិនអាច ចុះឈ្មោះ បោះឆ្នោត បានឡើយ ដោយសារ ខ្វះឯកសារ។
បន្ថែម ពីនេះ នៅពេល ពលរដ្ឋ នាំគ្នា ទៅធ្វើ លិខិត បញ្ជាក់កំណើត
គឺ អាជ្ញាធរឃុំ តែង ប្រាប់ពួកគេ ថា មិនមាន ឯកសារ ជារឿយៗ។
ប្រធាន លេខាធិការដ្ឋាន គណៈកម្មការ រៀបចំ ការបោះឆ្នោត ខេត្ត បញ្ជាក់ ថា,
បញ្ហានេះ ពួកគេ បានទៅជួប អាជ្ញាធរខេត្ត
ធ្វើយ៉ាងណា ជំរុញ ការចេញ ឯកសារ ឲ្យបាន គ្រប់គ្រាន់
ដើម្បី ឲ្យពលរដ្ឋ មានសិទ្ធិ ចុះឈ្មោះ បោះឆ្នោត ទាន់ពេលវេលា។
ប្រជាពលរដ្ឋមួយចំនួននៅឃុំជាំក្រវៀន
ចង់ចុះឈ្មោះបោះឆ្នោតខ្លាំងណាស់
ដោយពួកគាត់ខ្លះនាំគ្នាទៅធ្វើលិខិតបញ្ជាក់សំបុត្រកំណើត ៣ដង ឬ
៤ដងហើយ ខ្លះទៀតទៅ ៧ដង ឬ ៨ដង
ដើម្បីបានលិខិតនោះទៅបញ្ជាក់អត្តសញ្ញាណសម្រាប់ចុះឈ្មោះបោះឆ្នោត។
ការព្យាយាមរបស់ពលរដ្ឋនេះ ត្រូវខកបំណងរហូតមក
ក្រោមហេតុផលថាអាជ្ញាធរឃុំមិនមានក្រដាស
ឬសៀវភៅសម្រាប់បញ្ជាក់លិខិតសំបុត្រកំណើតជូនពួកគេឡើយ។
ពលរដ្ឋនៅឃុំជាំក្រវៀន លោកស្រី សុ ខុម ឲ្យដឹងថា
គាត់ខំប្រឹងធ្វើដំណើរចម្ងាយប្រមាណ ១០គីឡូម៉ែត្រដើម្បីទៅសាលាឃុំ
សុំធ្វើលិខិតបញ្ជាក់សំបុត្រកំណើត ប៉ុន្តែត្រូវបរាជ័យរហូត
ក្រោមហេតុផលថា ធ្វើជូនពលរដ្ឋមិនទាន់ពេលវេលា
ហើយនិងមិនមានក្រដាសស្នាមជាដើម៖ «ប្រាប់ថាធ្វើមិនទាន់អ៊ីចឹងទៅ។ ខ្ញុំមកពីរដងធ្វើមិនទាន់ ខ្ញុំមកទៀត។ ជួនណាមកទៅអស់ទៅ។»
លោកស្រីបន្តថា
ប្រសិនបើអាជ្ញាធរនៅតែមិនបានធ្វើជូនគាត់ទៀត
លោកស្រីសម្រេចឈប់ធ្វើតែម្តង ហើយនឹងមិនបានចុះឈ្មោះបោះឆ្នោតទេ។
ស្រដៀងគ្នានេះ ពលរដ្ឋមួយរូបទៀត លោក ម៉ៃ ឡាក់
បញ្ជាក់ថា
លោកទៅសាលាឃុំដើម្បីធ្វើលិខិតបញ្ជាក់សំបុត្រកំណើតប្រមាណ ៨លើកហើយ
ប៉ុន្តែមិនបានសម្រេចដដែល។ ទោះបីជាយ៉ាងនេះក្តី
លោកថានឹងព្យាយាមបន្តទៀតរហូតអាជ្ញាធរព្រមបំពេញឯកសារបញ្ជាក់កំណើតជូនគាត់៖
«មិនដឹងយល់យ៉ាងម៉េច? ខ្ញុំចង់បោះឆ្នោតនឹងគេ។ គេអស់ក្រដាសអ៊ីចឹង ខ្ញុំមិនដឹងនិយាយយ៉ាងម៉េច។»
ឃុំជាំក្រវៀន គឺមានភូមិចំនួន១៨ ហើយមានពលរដ្ឋគ្រប់អាយុចុះឈ្មោះបោះឆ្នោតចំនួនជិត ១ម៉ឺននាក់ (៨.០៣៦នាក់) ប៉ុន្តែគិតត្រឹមថ្ងៃទី២២ វិច្ឆិកា គឺមានពលរដ្ឋបានចុះឈ្មោះបោះឆ្នោតចំនួនជាង ៦ពាន់នាក់ប៉ុណ្ណោះ។
ទាក់ទងបញ្ហានេះ មេឃុំជាំក្រវៀន លោក អ៊ួច យឿន
មិនបានមានប្រសាសន៍យ៉ាងណាឡើយ នៅថ្ងៃទី២៣ វិច្ឆិកា
ក្រោមហេតុផលថាទូរស័ព្ទស្តាប់គ្នាមិនបាន។
ទោះជាយ៉ាងណា ជំទប់ទី២ ឃុំជាំក្រវៀន
មកពីគណបក្ស សម រង្ស៊ី លោក អ៊ិន សុខុន មានប្រសាសន៍ថា
ពលរដ្ឋដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត មូលហេតុសំខាន់
គឺពួកគាត់ខ្វះឯកសារតែម្តង។ លោកថា
ក្នុងមួយភូមិៗអាចមានពលរដ្ឋគ្រប់អាយុចុះឈ្មោះបោះឆ្នោត
ដែលមិនមានឯកសារប្រមាណ ២០នាក់ ឬលើសពីនេះ។ លោកអះអាងថា កន្លងទៅ
អាជ្ញាធរធ្លាប់ធ្វើសំណើទៅថ្នាក់ស្រុក ឬខេត្ត
ប៉ុន្តែការបញ្ជូនឯកសារទាំងនោះមកថ្នាក់ឃុំ គឺយឺតយ៉ាវ
ហើយមានចំនួនតិចតួច ចំណែកពលរដ្ឋដែលត្រូវការ គឺមានចំនួនច្រើន។
បញ្ហានេះ
លោកបារម្ភថានឹងអាចធ្វើឲ្យប៉ះពាល់ដល់ដំណើរការចុះឈ្មោះបោះឆ្នោត
និងការបោះឆ្នោតនៅពេលខាងមុខមិនខាន៖ «ខ្ញុំគិតថាប្រជាពលរដ្ឋមិនបានមកចុះឈ្មោះបោះឆ្នោតគ្រប់គ្នាអ៊ីចឹង លទ្ធផលបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ មិនបានឆ្លុះបញ្ចាំងនូវតម្លាភាព។»
បញ្ហាប្រជាពលរដ្ឋខ្វះឯកសារនេះ
គឺកើតមានស្ទើរតែគ្រប់ស្រុកនៅខេត្តត្បូងឃ្មុំ
ចំណែកការផ្តល់សេវាកម្មជូនពលរដ្ឋវិញ គឺនៅជួបបញ្ហាប្រឈមច្រើន
ជាហេតុធ្វើឲ្យពលរដ្ឋគ្រប់អាយុចុះឈ្មោះបោះឆ្នោត
នឹងអាចបាត់បង់សិទ្ធិចុះឈ្មោះបោះឆ្នោតតែម្តង
ពីព្រោះរយៈពេលចុះឈ្មោះ គឺនៅសល់តែ ៦ថ្ងៃទៀតប៉ុណ្ណោះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីពេលថ្មីៗនេះ
បានជំរុញជាថ្មីឲ្យពលរដ្ឋនាំគ្នាទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។
ប្រធានលេខាធិការដ្ឋានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ
លោក សុខ ឈិន បញ្ជាក់ថា បញ្ហាកង្វះឯកសារនេះ
ខាងលោកបានជំរុញទៅអាជ្ញាធរខេត្តម្តងជាពីរដង
ធ្វើយ៉ាងណាជួយពន្លឿនក្នុងការចេញលិខិតស្នាមផ្សេងៗជូនពលរដ្ឋ
ដើម្បីអាចឲ្យពួកគាត់បានទៅចុះឈ្មោះឆ្នោតទាន់ពេលវេលា៖ «បានជួបពិភាក្សាជាមួយឯកឧត្តមអភិបាល
នៃគណៈអភិបាលខេត្តម្តងជាពីរដង ហើយគាត់ក៏បានទទួលស្គាល់
ហើយក៏បានចាត់វិធានការនេះហើយ។»
លោកបន្ថែមថា
ពលរដ្ឋគ្រប់អាយុចុះឈ្មោះបោះឆ្នោតនៅខេត្តត្បូងឃ្មុំ
គឺមានចំនួនជាង ៥សែននាក់ ហើយគិតត្រឹមថ្ងៃទី២២ វិច្ឆិកា
មានពលរដ្ឋចំនួនជិត ៤សែននាក់ (៣៨៦.៦៥១នាក់) ដែលបានមកចុះឈ្មោះ គឺស្មើនឹងជាង ៧១ភាគរយ។
ទោះបីយ៉ាងណាក៏ដោយ
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខេត្តត្បូងឃ្មុំ លោក សេង ស៊ាងលី
អះអាងថា មកដល់ដំណាក់កាលនេះទៅហើយ
អាជ្ញាធរពុំគួរលើកឡើងអំពីមូលហេតុខ្វះឯកសារទៀតនោះទេ។
ពួកគេត្រូវបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ
ក្នុងការផ្តល់ជូនលិខិតពាក់ព័ន្ធផ្សេងៗដល់ពួកគាត់
ជៀសវាងរើសអើងដោយប្រការណាមួយ៕

No comments:
Post a Comment