
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ផ្ដល់បទសម្ភាសន៍ដល់អាស៊ីសេរី នាការិយាល័យនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦។
លោក សម រង្ស៊ី ត្រូវ តុលាការ ភ្នំពេញ ផ្ដន្ទាទោស រឿងបរិហារកេរ្តិ៍ តាមហ្វេសប៊ុក មួយករណីទៀត
RFA / វិទ្យុ អាស៊ី សេរី | ៨ វិច្ឆិកា ២០១៦
ចៅក្រម ជំនុំជម្រះ សាលាដំបូង រាជធានី ភ្នំពេញ លោក អ៊ឹម វណ្ណៈ សម្រេច ផ្ដន្ទាទោស ប្រធាន គណបក្សប្រឆាំង លោក សម រង្ស៊ី ករណី បរិហារកេរ្តិ៍ មន្ត្រី គណបក្ស កាន់អំណាច ជាសាធារណៈ រឿងចុច ចូលចិត្ត (Likes) លើទំព័រ ហ្វេសប៊ុក របស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន។
អ្នកនាំពាក្យ និងជាប្រធានលេខាធិការដ្ឋានរដ្ឋបាល សាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន ឲ្យអាស៊ីសេរីដឹងក្រោយតុលាការសវនាការកាត់ទោសនៅថ្ងៃទី៨ វិច្ឆិកា ថា តុលាការសម្រេចពិន័យលោក សម រង្ស៊ី ១០លានចូលថវិការដ្ឋ និង១៥លានរៀល ទៅដើមបណ្ដឹង។
លោក អ៊ី រិន ថា ការសម្រេចផ្ដន្ទាទោសនេះ យោងតាមមាត្រាច្បាប់ ៣០៥ នៃក្រមព្រហ្មទណ្ឌ។
មាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ ដែលចែងអំពីបទបរិហារកេរ្តិ៍ជាសាធារណៈ នឹងត្រូវពិន័យជាប្រាក់ពី១សែន ដល់១០លានរៀល ដោយសំដៅដល់គ្រប់ការអះអាងបំផ្លើស ឬការទម្លាក់កំហុសដោយអសុទ្ធិចិត្ត លើអំពើណាមួយ ដែលនាំឲ្យប៉ះពាល់ដល់កិត្តិយស ឬកិត្តិសព្ទនៃបុគ្គល ឬនៃស្ថាប័ន តាមរយៈសម្ដី លិខិត ឬគំនូរ នៅទីសាធារណៈ ឬក្នុងសាលប្រជុំសាធារណៈ និងគ្រប់មធ្យោបាយទូរគមនាគមន៍ សោតទស្សន៍សម្រាប់សាធារណជន។
កាលពីថ្ងៃទី១០ មីនា មន្ត្រីគណបក្សប្រជាជនកម្ពុជា លោក សោម សឿន បានប្ដឹងលោក សម រង្ស៊ី ជុំវិញការបង្ហោះអត្ថបទដែលមានខ្លឹមសារមួលបង្កាច់ខុសពីការពិតដែលថា លោក សោម សឿន បានណែនាំដល់មន្ត្រីរបស់ខ្លួន អ្នកគាំទ្រ និងបណ្ដាញ រួមទាំងមន្ត្រីរាជការស៊ីវិល ប៉ូលិស ទាហាន ដើម្បីបង្កើតគណនេយ្យហ្វេសប៊ុកក្លែងក្លាយ ក្នុងគោលបំណងផ្ដល់ការចូលចិត្ត (Like) សិប្បនិម្មិតដល់ទំព័រហ្វេសប៊ុក លោក ហ៊ុន សែន។
No comments:
Post a Comment