Paris Peace Accords 23 Oct. 1991

Thursday, November 17, 2016

លោក សម រង្ស៊ី ប្រតិកម្ម​ នឹង​លោក ឈាង វុន ជុំវិញ​ ការ​សម្រេច​ របស់​​ សហភាព ​អន្តរសភា | Sam Rainsy reacts to Cheang Vun re decision of IPU

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​ក្នុង​វេទិកា​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០១៦ នា​រដ្ឋ​ធានី​វ៉ាស៊ីនតុន សហរដ្ឋអាមេរិក។
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​ក្នុង​វេទិកា​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០១៦ នា​រដ្ឋ​ធានី​វ៉ាស៊ីនតុន សហរដ្ឋអាមេរិក។ RFA

លោក សម រង្ស៊ី ប្រតិកម្ម​ នឹង​លោក ឈាង វុន ជុំវិញ​ ការ​សម្រេច​ របស់​​ សហភាព ​អន្តរសភា

RFA / វិទ្យុ អាស៊ី សេរី | ១៦ វិច្ឆិកា ២០១៦


លោក សម រង្ស៊ី ប្រធាន​ គណបក្ស​ សង្គ្រោះជាតិ គាំទ្រ​ សេចក្ដី​សម្រេច​ របស់​ សហភាព ​អន្តរសភា (IPU) ជំរុញ​ ឲ្យ​គណបក្ស​ នយោបាយ​ ធំៗ​ ទាំង​ពីរ​ ចរចា​គ្នា​ ឡើង​វិញ។  លោក​ អះអាង​ ថា,  សហភាព​ អន្តរ​សភា​ ចង់​ឲ្យ​ បក្ស​ទាំងពីរ ​ដោះស្រាយ ​បញ្ហា​នេះ ដោយសារ គេ​ បាន​ដឹង​ច្បាស់​ ថា, ការ​ចោទ​ប្រកាន់, ការ​ផ្ដន្ទាទោស​ ដល់​អ្នក​ តំណាងរាស្ត្រ ​បក្ស​ប្រឆាំង និង​មន្ត្រី​ សង្គម​ស៊ីវិល គឺ​ ជា​រឿង​ នយោបាយ ធ្វើ​ឡើង​ តាម​បញ្ជា​ របស់​ ថ្នាក់​ដឹកនាំ ​រដ្ឋាភិបាល។

លោក សម រង្ស៊ី«ខ្ញុំ​ ចាប់​អារម្មណ៍, ហើយ​ យើង​ ទាំងអស់​គ្នា​ គួរ​ ចាប់អារម្មណ៍​ អំពី​ សេចក្ដី​សម្រេច ​របស់ ​សហភាព​ អន្តរសភា, ហើយ​ គេ​ បាន​ចេញ​ សេចក្ដី​សម្រេច ចុង​ក្រោយ​នេះ ថា, ​គេ​ អត់​ជឿ​ទេ ការ​ចោទ​ប្រកាន់ ​មក​លើ​ តំណាងរាស្ត្រ, សកម្មជន​ គណបក្ស​ ប្រឆាំង, និង​មន្ត្រី​ សង្គម​ស៊ីវិល, គឺ ​គេ ​មិន​ជឿ​ ថា, ​ជា​រឿង​ ផ្ទាល់​ខ្លួន  រឿង​តុលាការ។  ដើម្បី​ ដោះស្រាយ ​បញ្ហា​ នយោបាយ ​ត្រូវ​តែ​ ជួប​ជជែក​គ្នា។  ច្បាប់​ នៅ​កម្ពុជា បកស្រាយ​ស្រេច ​តែ​ ចិត្ត គឺ​ គុក​ច្រវ៉ាក់, ហើយ​ គាប​សង្កត់​ ចំពោះ​ អ្នក​ ដែល​មិន​ ឯកភាព​ ជាមួយ​ ខ្លួន»



ទាក់ទង​នឹង​សេចក្ដី​សម្រេច​របស់ IPU តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា បាន​ប្រាប់​អាស៊ីសេរី ថា លោក​មាន​ការ​សោកស្ដាយ​ចំពោះ​ការ​ស្នើសុំ​របស់​សហភាព​អន្តរសភា

លោក ឈាង វុន បន្តថា រដ្ឋសភា​កម្ពុជា ​សព្វថ្ងៃ​កំពុង​មាន​ដំណើរការ​ធម្មតា​ជា​ប្រក្រតី គ្មាន​វិបតិ្ត​នយោបាយ ហើយ​ក៏​មិន​ចាំបាច់​ចរចា​ជាមួយ​គណបក្ស​ប្រឆាំង ដើម្បី​ដោះស្រាយ​ករណី​រឿង​អាស្រូវ​ផ្ទាល់​របស់​ក្រុម​មេ​បក្ស​ប្រឆាំង​នោះ​ដែរ។
 
លោក​ថា​ អ្វី​ដែល​សំខាន់​នោះ គឺ​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ត្រូវ​ចូល​ធ្វើ​ការ​ក្នុង​រដ្ឋសភា​ដូច​ធម្មតា​វិញ ស្រប​តាម​ឆន្ទៈ​របស់​រាស្ត្រ៖ «សភា​កើត​ហើយ រដ្ឋាភិបាល​កើត​ហើយ តួនាទី​បែងចែក​ឲ្យ​គេ​រួច​អស់​ហើយ ម្នាក់​ត្រូវ​អនុវត្ត​និង​គោរព​រដ្ឋធម្មនុញ្ញ បទ​បញ្ជា​ផ្ទៃ​ក្នុង​នៃ​រដ្ឋសភា ច្បាប់​ស្ដីពី​លក្ខន្តិកៈ​អ្នក​តំណាងរាស្ត្រ ហើយ​អនុវត្ត​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទៅ ​គឺ​ចប់​ហើយ មាន​អ្វី​ទៀត។ ចង់​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ទៅ​ចរចា​ពី​រឿង​ពាក់ព័ន្ធ​នឹង​ទណ្ឌិត ឬ​ពាក់ព័ន្ធរឿង​អាស្រូវ​បុគ្គល​សាធារណៈ​នោះ គឺ​វា​ទៅ​មិន​រួច​ទេ»

សេចក្ដី​សម្រេច​សហភាព​អន្តរសភា ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Swiss) ផ្សាយ​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​ទី​១៥ វិច្ឆិកា ក៏​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ ធានា​ការ​គោរព​សិទ្ធិ​មនុស្ស គោរព​ច្បាប់ គោរព​សិទ្ធិ​បញ្ចេញ​មតិ និងសិទ្ធិ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី ព្រមទាំង​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ប្រឆាំង​អ្នក​តំណាងរាស្ត្រ និង​មន្ត្រី​សង្គម​ស៊ីវិល​ទាំងអស់


No comments:

Post a Comment