![]() |
| រូបឯកសារ៖ លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ថ្លែងទៅកាន់ក្រុមអ្នកតំណាងស្រ្តីគណបក្សគណបក្សសង្គ្រោះជាតិនៅទីស្នាក់ការបក្សសង្រ្គោះជាតិ នារាជធានីភ្នំពេញ នៅថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០១៦។ (ឡេង ឡែន/VOA) |
បក្សប្រឆាំង សន្យាអភិវឌ្ឍ តំបន់ព្រំដែន បើ ខ្លួន ឈ្នះឆ្នោត
លោក កឹម សុខា លើកឡើង ថា, ទឹកដី និងព្រំដែន គឺ ជាបញ្ហាសំខាន់ ដែលប្រជាពលរដ្ឋ កំពុង យកចិត្ត ទុកដាក់
ស្របពេល ដែលបណ្ដាប្រទេស ជិតខាង តែងតែ រំលោភបំពាន ជាបន្តបន្ទាប់។
ភ្នំពេញ —
លោក កឹម សុខា ប្រធានស្ដីទី គណបក្ស សង្គ្រោះជាតិ ថ្លែងថា, ការអភិវឌ្ឍ តំបន់ តាមព្រំដែន ឲ្យរីកចម្រើន គឺ ជាបញ្ហា ចាំបាច់ ដើម្បី ការពារ បូរណភាព ទឹកដី កម្ពុជា, ហើយ ថា, រដ្ឋាភិបាល ដែលដឹកនាំ ដោយគណបក្ស សង្គ្រោះជាតិ នឹងជំរុញ ប្រជាពលរដ្ឋ ទៅរស់នៅ តំបន់ព្រំដែន ឲ្យកាន់តែ ច្រើន នៅពេល ដែលគណបក្ស ប្រឆាំង ឈ្នះ ការបោះឆ្នោត។
លោក កឹម សុខា ថ្លែងបែបនេះក្នុងពិធីសំណេះសំណាលជាមួយយុវជនដែលជាសកម្មជនបក្សមកពីតាមបណ្ដាខេត្តរាប់រយនាក់ នៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា។
លោក កឹម សុខា លើកឡើងថា ទឹកដីនិងព្រំដែនគឺជាបញ្ហាសំខាន់ដែលប្រជាពលរដ្ឋកំពុងយកចិត្តទុកដាក់ ស្របពេលដែលបណ្ដាប្រទេសជិតខាងតែងតែរំលោភបំពានជាបន្តបន្ទាប់។
លោក កឹម សុខា ក៏បានរិះគន់ការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការហាមឃាត់ប្រជាពលរដ្ឋមិនឲ្យជួលដីឲ្យទៅជនជាតិវៀតណាមកន្លងមក ថាជាការប្រកាសដែលមិនមានយន្តការច្បាស់លាស់ និងគ្មានប្រសិទ្ធភាព។
«ឧទាហរណ៍ ឥឡូវប្រជាពលរដ្ឋយើងនៅតាមព្រំដែន យើងស្រែកប្រាប់ថា សូមឲ្យបងប្អូននៅតាមព្រំដែន កុំជួលដីឲ្យយួន កុំជួលដីឲ្យសៀម កុំជួលដីឲ្យបរទេស យើងស្រែកប៉ុណ្ណឹងគឺអត់គ្រប់គ្រាន់ទេ។ មិនជួលឯណា បើអត់មានទឹក ធ្វើស្រែ។ ទឹកមកពីស្រុកយួនទាំងអស់។»
លោក កឹម សុខា បន្ថែមថា នៅពេលដែលគណបក្សសង្គ្រោះជាតិជាប់ឆ្នោត និងដឹកនាំប្រទេស គណបក្សលោកនឹងអភិវឌ្ឍន៍នៅតាមតំបន់ព្រំដែន ដើម្បីពង្រឹងការការពារព្រំដែនដោយមិនចាំបាច់សាងសង់កំផែងការពារដូចការគ្រោងរបស់ប្រជាធិបតីអាមេរិកថ្មីនោះទេ។
«យើងមានលុយឯណាទៅកសាងព្រំដែននូវជញ្ជាំងតាមព្រំដែនទាំងអស់? អត់ទេ។ អញ្ចឹងយើងធ្វើម៉េច? យើងត្រូវអភិវឌ្ឍន៍ព្រំដែនដើម្បីឲ្យប្រជាពលរដ្ឋយើងទៅនៅហ្នឹងច្រើន។ ដើម្បីឲ្យពួកគាត់ទៅនៅតាមព្រំដែនច្រើន ទាល់តែកន្លែងហ្នឹងមានការរីកចម្រើន។ ទី១ មានផ្លូវខ្សែក្រវាត់ព្រំដែនផ្លូវល្អ ទី២ រៀបចំឲ្យមានទីផ្សារ វត្តអារាម ឲ្យមានការងារធ្វើ រោងចក្រ ឬក៏បង្កើតកសិកម្មឲ្យគាត់។»
នៅក្នុងសំណុំរឿងព្រំដែនកម្ពុជាវៀតណាមនេះ មន្ត្រីគណបក្សប្រឆាំងពីររូបគឺលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា និង លោក អ៊ុំ សំអាន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប ត្រូវបានអាជ្ញាធររបស់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឃុំខ្លួន និងផ្ដន្ទាទោសពាក់ព័ន្ធនឹងការអធិប្បាយនានារបស់ពួកគេទាក់ទិននឹងការប្រើប្រាស់ផែនទី និងការកំណត់ព្រំប្រទល់កម្ពុជា-វៀតណាម។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រាប់ VOA ថា បញ្ហាព្រំដែនជាបញ្ហាសំខាន់ និងពិបាកក្នុងការដោះស្រាយ។
ទោះជាយ៉ាងណាលោកថា រដ្ឋាភិបាលបាននិងកំពុងដោះស្រាយបញ្ហាព្រំដែនជាមួយបណ្ដាប្រទេសជិតខាង ដើម្បីអាចឈានទៅអភិវឌ្ឍន៍នៅតំបន់ទាំងនោះ តាំងពីឆ្នាំ១៩៩៥មក។
«ជាយុទ្ធសាស្ត្ររបស់គណបក្សប្រជាជនក្នុងគោលនយោបាយនេះ គឺខិតខំកសាងខ្សែបន្ទាត់ព្រំដែន ដែលពីមុនជាសមរភូមិ ដែលជាតំបន់ក្រីក្រ ដែលជាតំបន់ដាច់ស្រយាល ឲ្យទៅជាព្រំដែនសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការ ព្រមទាំងជាតំបន់អភិវឌ្ឍន៍ ដើម្បីលើកកម្ពស់ជីវភាពប្រជាជន កសាងសុខដុមរមណីយដ្ឋានរបស់ប្រជាជននៃប្រទេសកម្ពុជាជាមួយបណ្ដាប្រទេសជិតខាង។ ដូច្នេះហើយ វាត្រូវអនាគតទៅក្នុងទិសដៅនេះ ព្រំដែនគឺជាតំបន់អភិវឌ្ឍន៍។»
ចាប់តាំងពីឆ្នាំ២០១១ រហូតដល់ឆ្នាំ២០១៦នេះ កម្ពុជាបានចេញកំណត់ទូតជាបន្តបន្ទាប់ជាង២០ដង តវ៉ាទៅកាន់ភាគីវៀតណាមពាក់ព័ន្ធនឹងបញ្ហាសកម្មភាពរបស់វៀតណាមក្នុងការសាងសង់ប៉ុស្តិ៍ ផ្លូវ និងការជីកស្រះទឹក នៅតាមព្រំដែនកម្ពុជា-វៀតណាម។
លោកស្រី កុយ ពិសី អនុប្រធានគណៈកម្មការព្រំដែនកម្ពុជា ប្រាប់ VOA ថា កម្ពុជាកំពុងបន្តកិច្ចការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម ដោយមិនទាន់អាចកំណត់ពីពេលវេលាបញ្ចប់បាននៅឡើយ។
លោក ហេង ស្រ៊ាង អ្នកសិក្សាស្រាវជ្រាវផ្នែកសង្គម និងនយោបាយ ប្រាប់ VOA ថា គោលនយោបាយរបស់គណបក្សប្រឆាំងក្នុងការអភិវឌ្ឍព្រំដែន អាចសម្រេចទៅបាន ប្រសិនបើគណបក្សប្រឆាំងបានសិក្សាពីគោលនយោបាយ និងលទ្ធភាពឲ្យបានច្បាស់លាស់។
ទោះជាយ៉ាងណា លោកបន្តថា ការអភិវឌ្ឍតាមតំបន់ព្រំដែនហាក់ជាគម្រោងដែលពិបាកនឹងអាចសម្រេចបាន ដែលសូម្បីតែរដ្ឋាភិបាលក៏មិនទាន់មានលទ្ធភាពធ្វើបាននៅឡើយ។
ដូច្នេះលោកបន្ថែមថា គណបក្សប្រឆាំង និងគណបក្សកាន់អំណាចត្រូវតែយកចិត្តទុកដាក់រួមគ្នាដោះស្រាយ។
«គោលនយោបាយគិតថាទៅខាងព្រំដែនខាងអី ខ្ញុំគិតថា វាប្រហែលជានៅឆ្ងាយនៅឡើយទេ ពីព្រោះហេដ្ឋារចនាសម្ព័ន្ធនៅក្នុងស្រុកសព្វថ្ងៃ ក្នុងប្រទេស ក្នុងក្រុងយើងសព្វថ្ងៃមួយចំនួនហ្នឹង ក៏នៅតែផ្លូវបាក់បែក ក៏នៅតែមិនទាន់បានធ្វើផ្លូវហ្នឹងឲ្យមានដំណើរការស្រួលផង ហើយចរាចរបុកគ្នាស្លាប់រាល់ថ្ងៃហ្នឹងមិនទាន់ដោះស្រាយបានផង។ ដូច្នេះទម្រាំតែទៅធ្វើនៅតំបន់ព្រំដែនទៀតនោះ។ អាហ្នឹងប្រហែលជាអាចគ្រាន់តែជាការការឃោសនាគោលនយោបាយឲ្យវាល្អពីរោះ។ ប៉ុន្តែការអនុវត្តខ្ញុំគិតថា នៅឆ្ងាយណាស់។ ជាថ្មីម្ដងទៀតដូចថា ខ្មែរយើងនៅឈ្លោះគ្នានៅឡើយហ្នឹង។ យើងអត់ទាន់មូលមាត់រឹងមាំសម្រាប់ដោះស្រាយបញ្ហាជាតិបាននៅឡើយទេ។ ដូច្នេះសូម្បីតែបញ្ហាក្នុងស្រុកយើងដោះស្រាយអត់ទាន់បានផង ទម្រាំតាមបញ្ហាព្រំដែនទៀត។»
លោក ហេង ស្រ៊ាង បន្ថែមថា ការអភិវឌ្ឍព្រំដែន អាចធ្វើឲ្យកម្ពុជាកសាងបន្ទាត់ព្រំដែនរឹងមាំ ជួយធ្វើឲ្យជីវភាពប្រជាពលរដ្ឋបានប្រសើរឡើង និងបញ្ចៀសនូវការធ្វើចំណាកស្រុករបស់យុវជនដែលជាបញ្ហាប្រឈមរបស់កម្ពុជាជាដើម។
នៅថ្ងៃចន្ទនេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា កម្ពុជានឹងស្វែងរកថវិកាពីប្រទេសចិនបន្ថែមទៀតសម្រាប់ធ្វើផ្លូវខ្សែក្រវាត់ព្រំដែនមួយចំនួនជាប់ប្រទេសវៀតណាម និងឡាវ ដែលលោកអះអាងថា ធ្វើទៅតាមយុទ្ធសាស្ត្រចតុកោណរបស់រដ្ឋាភិបាល៕

Opposition party promises to develop border area if it wins elections
ReplyDeleteStupid CNRP, you keep playing game to win.
In a real economic development, you want to lay electrical power, water supply, road access and housing development in a best chosen area. Then the efficiency, profit from such area will give rise to the neighboring area.
The border area is not optimum for economic development. Transportation is bad; there is no road. Power supply is non-existence; water supply is terrible. How do you supply water for business to process food, stuff and products?
CNRP can only scam the uneducated ones. I am too smart for CNRP.