Paris Peace Accords 23 Oct. 1991

Friday, November 4, 2016

[Vietnamization: Border] យាយ​តា​ មួយ​គ្រួសារ​ ស្ម័គ្រស្មោះ​ ការពារ ​វត្ត​ប៉ាក់ណាម​ នៅ​ជាប់​ព្រំដែន ​វៀតណាម | One elderly couple vowed to defend Pak Nam Pagoda near Vietnamese border

លោក សឹម មៀច ដែល​បាន​មក​រស់​នៅ​ជាប់​របង​វត្ត​ប៉ាក់ណាម  ក្នុង​ឃុំ​ព្រែកជ្រៃ ស្រុក​កោះធំ ខេត្ត​កណ្ដាល តាំង​ពី​ឆ្នាំ​១៩៨១ ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៦។
លោក សឹម មៀច ដែល​បាន​មក​រស់​នៅ​ជាប់​របង​វត្ត​ប៉ាក់ណាម ក្នុង​ឃុំ​ព្រែកជ្រៃ ស្រុក​កោះធំ ខេត្ត​កណ្ដាល តាំង​ពី​ឆ្នាំ​១៩៨១ ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Brach Chev

យាយ​តា​ មួយ​គ្រួសារ​ ស្ម័គ្រស្មោះ​ ការពារ ​វត្ត​ប៉ាក់ណាម​ នៅ​ជាប់​ព្រំដែន ​វៀតណាម

RFA / វិទ្យុ អាស៊ី សេរី | ៤ វិច្ឆិកា ២០១៦



យាយ​តា​ មួយ​គ្រួសារ​ បាន​ស្ម័គ្រចិត្ត​ តាម​បម្រើ​ ព្រះសង្ឃ​ ក្នុង​វត្ត​មួយ​ ជាប់​ព្រំដែន​ កម្ពុជា-​វៀតណាម ធ្វើ​ជា​ចំណុះ​ ជើង​វត្ត​ មិន​ព្រម​ ចាក​ចេញ​ ទៅ​ណា ខណៈ អ្នក​ក្បែរ​ខាង​ របស់​គាត់​ គឺ​សុទ្ធតែ​ ជនជាតិ​ វៀតណាម។   [An elderly couple vows to stay to serve the monks at a pagoda next to the border with Vietnam, refusing to leave despite the fact they are surrounding by Vietnamese neighbors.]  មាន​ការ​ ព្រួយ​បារម្ភ​ ថា, នៅ​ពេល ​គ្មាន​ យាយ​តា​ ទាំង​ពីរ​ នាក់​នោះ នឹង​ធ្វើ​ ឲ្យ​បាត់បង់ ​អ្នក​ការពារ ​វត្ត ខណៈ ​វត្ត​មួយ​នេះ បាន​ក្លាយ ​ជា​បង្គោល​ ព្រំដែន ​របស់​ កម្ពុជា។ 


នៅ​ជុំវិញ ​វត្ត​ប៉ាក់ណាម ហ៊ុមព័ទ្ធ ដោយ​ផ្ទះ​ជនជាតិ​ វៀតណាម មាន​ផ្ទះ​ ពលរដ្ឋ​ខ្មែរ​ តែមួយ​ គ្រួសារ​ ប៉ុណ្ណោះ ដែល​ព្រម ​រួមរស់ ​ក្បែរ​បង​វត្ត។  ផ្ទះ​ឈើ​មួយ​ខ្នង ​ដំបូល និង​ជញ្ជាំង​ បាំង​បិទ​ ដោយ​ស័ង្កសី​ ចាស់ៗ ទ្រទ្រង់​ ដោយ​សរសេរ​ ស៊ីម៉ង់ ត៍​លើក​ខ្ពស់​ ពី​ដី។   ទី​នេះ​ហើយ​ ជា​ជម្រក​ ដ៏​សុខសាន្ត ​របស់​ យាយ​តា ​មួយ​គ្រួសារ​ មាន​គ្នា​ ពីរ​នាក់​ ដែល​រស់​នៅ​ ទី​នេះ​ ជាង ៣៥​ឆ្នាំ​ មក​ហើយ។


លោក សឹម មៀច មាន​អាយុ ៨១​ឆ្នាំ បាន​មក​រស់​នៅ​ជាប់​របង​វត្ត​ប៉ាក់ណាម តាំង​ពី​ឆ្នាំ​១៩៨១ ម្ល៉េះ ក្រោយ​របប​ប៉ុល ពត ត្រូវ​ផ្ដួល​រំលំ។ មូលហេតុ​ដែល​លោក​មក​រស់​នៅ​ទី​នេះ ក៏​ព្រោះ​វត្ត​ប៉ាក់ណាម ជា​កេរដំណែល​របស់​លោក​ពី​ដូន​តា។ និយាយ​ដោយ​សំឡេង​រដឺន លោក​មាន​សម្បុរ​ខ្មៅ សក់​ស​ពេញ​ក្បាល រៀបរាប់​ឲ្យ​ដឹង​ថា លោក​រស់​នៅ​ដំបូង​មាន​ពលរដ្ឋ​នៅ​ខ្លះៗ​ដែរ ប៉ុន្តែ​ដោយសារ​មាន​ពលរដ្ឋ​វៀតណាម ច្រើន​ពេក ប្រមូល​ផ្តុំ​គ្នា​រស់​នៅ​ទី​នោះ ពលរដ្ឋ​ខ្មែរ​បែរ​ជា​នាំ​គ្នា​ចាក​ចេញ​រហូត​នៅ​សល់​តែ​គ្រួសារ​លោក​មួយ​ប៉ុណ្ណោះ។

លោក សឹម មៀច បាន​រួម​រស់​ជាមួយ​ភរិយា​ឈ្មោះ ឈិត គឹម បាន​ជាង ៧​ឆ្នាំ​មក​ហើយ។ លោកស្រី ឈិត គឹម អាយុ ៦៧​ឆ្នាំ ជា​ភរិយា​ទី​២​របស់​លោក បន្ទាប់​ពី​ភរិយា​ទី​១ របស់​លោក​លា​ចាក​លោក បន្សល់​កូន​ប្រាំ​នាក់។ សព្វថ្ងៃ​ទាំង​កូន​ប្រពន្ធ​ទី​១ និង​កូន​ប្រពន្ធ​ទី​២ របស់​លោក សឹម មៀច មិន​បាន​រស់​នៅ​ជា​លោក​ទេ ពួកគេ​ទៅ​រស់​នៅ​ឃុំ​ផ្សេង​ឆ្ងាយ​ពី​នេះ ដែល​មាន​ពលរដ្ឋ​ខ្មែរ​រស់​នៅ​ច្រើន។


វត្ត​ប៉ាក់ណាម ៨៥៥
ទិដ្ឋភាព​បិណ្ឌ​ទី​១១ នៅ​វត្ត​ខេមរៈរាជាការាម ហៅ​វត្ត​ប៉ាក់ណាម ស្ថិត​ក្នុង​ស្រុក​កោះធំ ខេត្ត​កណ្ដាល ជាប់​ព្រំដែន​វៀតណាម ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៦។ Photo: RFA


ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ត លោក សឹម មៀច ប្រាប់​ថា ជនជាតិ​វៀតណាម ធ្លាប់​មក​សាង​រូបសំណាក​យាយ ម៉ៅ ដែល​ពួកគេ​គោរព​បូជា​នៅ​ទីធ្លា​វត្ត​ដែរ ប៉ុន្តែ​លោក​ជំទាស់​មិន​ឲ្យ​សាងសង់ និង​បាន​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ទើប​ជនជាតិ​វៀតណាម ប្ដូរ​ទីតាំង​សាងសង់​ឆ្ងាយ​ពី​វត្ត​វិញ។ លោក​ប្រាប់​ថា លោក​មក​រស់​នៅ​ដំបូង​វត្ត​គ្មាន​ព្រះសង្ឃ​ទេ ដូច្នេះ​លោក​ត្រូវ​ដើរ​ស្នើ​សុំ​ព្រះសង្ឃ​ពី​វត្ត​ផ្សេងៗ​ដើម្បី​ឲ្យ​ព្រះសង្ឃ​មក​ង​គង់​នៅ ហើយ​ទន្ទឹម​គ្នា​នោះ​ដែរ លោក​ដើរ​ប្រមូល​បច្ច័យ​ដើម្បី​ក៏​សាង​វត្ត​នៅ​តាម​ខេត្ត​រួម​មាន ខេត្ត​កណ្ដាល តាកែវ ព្រៃវែង និង​ខេត្ត​ស្វាយរៀង ជាដើម។

សព្វថ្ងៃ​វត្ត​ខេមរៈ​រាជាការាម ហៅ​វត្ត​ប៉ាក់ណាម មាន​ព្រះសង្ឃ​គង់​នៅ​ចំនួន ៦​អង្គ ក្នុង​នោះ​មាន​ព្រះភិក្ខុ​មួយ​អង្គ​ជា​ចៅ​អធិការ​ដែល​ព្រះ​ទើប​មក​គង់​នៅ​បាន​ជាង ៥​ខែ​ប៉ុណ្ណោះ។ វត្ត​នេះ មិន​សូវ​មាន​ព្រះសង្ឃ​គង់​នៅ​បាន​ច្រើន​ឆ្នាំ​ទេ។ លោក សឹម មៀច ថា ចាប់​ពី​លោក​មក​រស់​នៅ​មក វត្ត​ប្តូរ​ចៅ​អធិការ​ជិត ២០​អង្គ​ហើយ។

​វត្ត​ប៉ាក់ណាម ស្ថិត​ក្នុង​ភូមិ​ប៉ាក់ណាម ឃុំ​ព្រែកជ្រៃ ស្រុក​កោះធំ ខេត្ត​កណ្ដាល សង់​នៅ​លើ​ផ្ទៃដី​បណ្ដោយ ៧០០​ម៉ែត្រ និង​ទទឹង ៣០០​ម៉ែត្រ។ វត្តមាន​វិហារ​មួយ​សង់​ពី​ថ្ម​សាលាឆាន់​មួយ​ខ្នង​សង​ពី​ឈើ​កំពុង​ស្ថិត​ក្នុង​សភាព​ទ្រុឌទ្រោម នៅ​ក្បែរ​សាលាឆាន់ មាន​អគារ​សាលារៀន​ដែរ តែ​ត្រូវ​បិទ​ទ្វារ​ចោល ព្រោះ​គ្មាន​គ្រូបង្រៀន ហើយ​ក៏​គ្មាន​សិស្ស​ទៅ​រៀន​ដែរ សូម្បី​ក្មេងៗ​ជនជាតិ​វៀតណាម នៅ ក៏​មិន​ចូលរៀន​ដែរ គេ​សុខចិត្ត​ឆ្លង​ទៅ​រៀន​នៅ​ប្រទេស​វៀតណាម។

ព្រះចៅ​អធិការ​វត្ត​ប៉ាក់ណាម ព្រះ​ភិក្ខុ ចាប់ ឡាយស៊ែ ព្រះជន្ម ២៥​ព្រះវស្សា មាន​ដីកា​ថា ដោយសារ​ព្រះអង្គ​ទើប​គង់​នៅ​វត្ត​នេះ ព្រះអង្គ​មិន​សូវ​ដឹង​អំពី​ការ​ជួយ​ជ្រោមជ្រែង​វត្ត​ពី​សំណាក់​ក្រុម​គ្រួសារ​លោក សឹម មៀច ទេ។ ប៉ុន្តែ​ព្រះ​ភិក្ខុ​ឲ្យ​ដឹង​ថា សព្វថ្ងៃ​លោក​យាយ ឈិត គឹម ជា​អ្នក​ជួយ​ដាំ​ស្ល​ប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃ។

ការងារ​ប្ដី​ប្រពន្ធ​វ័យ​ចំណាស់​ដែល​បម្រើ​ព្រះសង្ឃ​សព្វ​ថ្ងៃ ខណៈ​លោក សឹម មៀច មាន​វ័យ​ចំណាស់ បាន​ត្រឹម​ជួយ​មើល​ថែ​បោស​សំអាត​វត្តអារាម ដាំ​ដើម​ឈើ​នៅ​ទីធ្លា​វត្ត​ជាដើម។ ចំណែក​លោកស្រី ឈិត គឹម ជា​អ្នក​រៀបចំ​ធ្វើ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ។ លោកស្រី​ឲ្យ​ដឹង​ថា លោកស្រី​សប្បាយ​ចិត្ត​នៅ​ពេល​បាន​បម្រើ​ព្រះសង្ឃ ហើយ​លោក​ក៏​មិន​ដាច់​ចិត្ត​ចាក​ចេញ​ចោល​វត្ត។


ឈិត គឹម វត្ត​ប៉ាក់ណាម ៨៥៥
លោកស្រី ឈិត គឹម ភរិយា​លោក សឹម មៀច ដែល​នៅ​រៀបចំ​ម្ហូប​អាហារ​សម្រាប់​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​ប៉ាក់ណាម ជាប់​ព្រំដែន​វៀតណាម។ រូបថត​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Brach Chev RFA/Brach Chev


ព្រះសង្ឃ និង​ចំណុះ​ជើង​វត្ត​ប្រាប់​ថា ប្រសិនបើ​រដូវ​បុណ្យទាន​សំខាន់ៗ ដូចជា ពិធី​កាន់​បិណ្ឌ ឬ​បុណ្យ​ភ្ជុំបិណ្ឌ​បុណ្យ​កឋិន​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ មាន​ពុទ្ធបរិស័ទ​ទៅ​ធ្វើ​បុណ្យ​នៅ​វត្ត​ច្រើន ប៉ុន្តែ​បើ​ថ្ងៃ​ធម្មតា​ព្រះសង្ឃ​ស្ទើរ​ដាច់​ចង្ហាន់ ឬ​ក៏​ត្រូវ​ចេញ​បិណ្ឌបាត​នៅ​កន្លែង​ឆ្ងាយៗ​ពី​វត្ត​ទើប​បាន​ចង្ហាន់។ ដោយសារ​បរិវេណ​វត្ត​ហ៊ុមព័ទ្ធ​ដោយ​ជនជាតិ​បែប​នេះ ក្មេងៗ​ជនជាតិ​វៀតណាម តែង​នាំ​គ្នា ​រត់​លេង ​ពេញ​ទីធ្លា​ វិហារ​វត្ត

ពលរដ្ឋ​មក​ពី​ខេត្ត​ពោធិ៍សាត់ លោក ចូ ស្រ៊ី ដែល​បាន​មក​ធ្វើ​បុណ្យ​នៅ​វត្ត​ប៉ាក់ណាម ចង់​ឃើញ​អាជ្ញាធរ ឬ​អ្នក​ពាក់ព័ន្ធ​រៀបចំ​ផ្លូវ​ចូល​វត្ត​ឲ្យ​បាន​ធំ​ទូលាយ និមន្ត​ព្រះសង្ឃ​មក​គង់​នៅ​វត្ត​បន្ថែម និង​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ពលរដ្ឋ​ខ្មែរ​ទៅ​រស់​នៅ​ក្បែរ​វត្ត​ឲ្យ​បាន​ច្រើន។ លោក​យល់​ថា អ្នក​ពាក់ព័ន្ធ​គួរ​មាន​ការ​ឧបត្ថម្ភ ឬ​ជួយ​ទ្រទ្រង់​គ្រួសារ លោក សឹម មៀច ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​គ្រួសារ​លោក សឹម មៀច។

ទីតាំង​វត្ត​ប៉ាក់ណាម មាន​ប្រឡាយ​ទឹក​ហូរ​កាត់​មុខ​វត្ត។ ដី​តំបន់​នោះ​ជា​ប្រភេទ​ដី​សន្ត​ដែល​មាន​ជីជាតិ ប៉ុន្តែ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដី​ទាំង​នោះ​ត្រូវ​បាន​ជនជាតិ​វៀតណាម ជួល​ដើម្បី​ដាំ​ដំណាំ និង​ធ្វើ​ស្រែ។ ពលរដ្ឋ​យល់​ថា ប្រសិនបើ​រដ្ឋ​ផ្ដល់​ដី​ដល់​ពលរដ្ឋ​មួយ​គ្រួសារ ប្រាំ​ហិកតារ ឬ​បី​ហិកតារ និង​មាន​ពលរដ្ឋ​ខ្មែរ​ទៅ​រស់​នៅ​ច្រើន។

​ទាក់ទង​រឿង​នេះ អភិបាល​ខេត្ត​កណ្ដាល លោក ម៉ៅ ភិរុណ លោក​មិន​ទាន់​ជឿ​ថា នៅ​វត្ត​ប៉ាក់ណាម មាន​តែ​ពលរដ្ឋ​ខ្មែរ​គ្រួសារ​រស់​នៅ​ទេ។ លោក​ថា អាជ្ញាធរ​ខេត្ត​គ្មាន​ផែនការ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ឲ្យ​ទៅ​រស់​នៅ​ទី​នោះ​ទេ ដោយ​លោក​បញ្ជាក់​ថា ការ​ធ្វើ​បែប​នេះ ជា​គោលនយោបាយ​របស់ ប៉ុល ពត។

លោក​ថា ការ​ខំ​ប្រឹងប្រែង​នៅ​ថែរក្សា​ដី​វត្ត ព្រោះ​លោក​យល់​ថា ប្រសិនបើ​មិន​នៅ​ការពារ​ទេ វត្ត​ប៉ាក់ណាម អាច​នឹង​បាត់បង់ ខណៈ​វត្ត​ព្រំដែន​គ្មាន​ពុទ្ធបរិស័ទ​ខ្មែរ​រស់​នៅ​ក្រៅ​ពី​គ្រួសារ​លោក៕

No comments:

Post a Comment