១៣-មករា-២០១៦៖ ឈើមូលដែលគេកាប់រំលំនាឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ រូបភាពសហគមន៍ |
សហគមន៍ រកឃើញ បទល្មើស កាប់ឈើ ជាថ្មី ក្នុងតំបន់ឧទ្យាន ជាតិ វីរជ័យ ខេត្តរតនគិរី
RFA / វិទ្យុ អាស៊ី សេរី | ២ វិច្ឆិកា ២០១៦
សហគមន៍ តំបន់ ការពារ ធម្មជាតិ អូរតាបូក ឋិតក្នុង ឧទ្យានជាតិវីរជ័យ ក្នុងឃុំ តាវែងលើ ស្រុក តាវែង ខេត្តរតនគិរី រកឃើញបទល្មើសកាប់ឈើប្រណិតមានតម្លៃជាថ្មីទៀតក្នុងព្រៃអភិរក្ស គ្រាដែលសហគមន៍នាំគ្នាដើរល្បាតព្រៃឃ្លាំមើលព្រៃឈើនៅសេសសល់ ក្រោយពីការលួចកាប់យកឈើអស់ជាច្រើននៅឧទ្យានជាតិវីរជ័យ នៅប៉ុន្មានឆ្នាំ កន្លង ទៅនេះ។
ក្រសួង បរិស្ថាន បានកាត់ចេញតំបន់ព្រៃឈើ ២.៨០០ ហិកតារពីឧទ្យានជាតិវីរជ័យ បង្កើតជាតំបន់ការពារធម្មជាតិអូរតាបូក ដើម្បីប្រគល់ឲ្យសហគមន៍ជនជាតិដើមភាគតិចព្រៅ នៅតំបន់ក្បែរនោះ អភិរក្សតាំងពីឆ្នាំ២០១៤ រហូតមក។
មន្ត្រីគម្រោងអង្គការសង្គ្រោះសត្វព្រៃ លោក មឿ ធារ៉ា បញ្ជាក់នៅថ្ងៃទី២ ខែវិច្ឆិកា ថា នេះជាការរកឃើញបទល្មើសព្រៃឈើថ្មី ដែលកើតមានក្រោយតំបន់ការពារធម្មជាតិបានប្រគល់ឲ្យសហគមន៍គ្រប់គ្រង។ លោកថា ក្រុមល្បាតព្រៃកំពុងបន្តល្បាតព្រៃនៅចំណុចផ្សេងទៀត ដើម្បីវាយតម្លៃជុំវិញបទល្មើសព្រៃឈើថ្មី និងរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចពាក់ព័ន្ធ៖ «អត់បានជនល្មើសទេ ឃើញតែកំណាត់ឈើដែលគេកាប់គរៗហើយ។ ឈើនោះជាប្រភេទឈើធ្នង់ មុខកាត់ចិតប៉ែតឡើង។ ឥឡូវខ្ញុំទើបរកឃើញមួយចំណុចនៅច្រើនចំណុចទៀតនៃការកាប់បំផ្លាញព្រៃឈើក្នុងតំបន់ការពារ។»
ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២ ខែវិច្ឆិកា ក្រុមល្បាតសហគមន៍អូរតាបូក សហការជាមួយមន្ត្រីបរិស្ថាន មន្ត្រីអនុរក្សឧទ្យានជាតិវីរជ័យ និងមន្ត្រីអង្គការសង្គ្រោះសត្វព្រៃកម្ពុជា មានគ្នាសរុប ២០នាក់ បាននាំគ្នាល្បាតព្រៃ, ហើយ ប្រទះឃើញ ចំនៀរ ឈើប្រណិត ប្រភេទ ឈើធ្នង់ចំនួន ៥ ទៅ ៦ដើម ទំហំមុខកាត់ ៧ ទៅ ៨តឹក បន្សល់ចោលក្នុងព្រៃចំណុចអូរឡាប៉រ។
ប្រធានសហគមន៍អូរតាបូក លោក សាលា ត្រាវ បញ្ជាក់ដែរថា ជនល្មើសទំនងប្រជាពលរដ្ឋមកពីតំបន់ផ្សេងអាចជាប់ពាក់ព័ន្ធលួចអារយកឈើមានតម្លៃនោះ ជាពិសេសសហគមន៍សង្ស័យទៅលើកម្មករក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចនៅតំបន់ក្បែរតំបន់ការពារធម្មជាតិ បានលួចកាប់យកឈើដឹកជញ្ជូនចូលការដ្ឋានក្រុមហ៊ុន៖ «គេកាយដើមវា ហើយគេរំលំខ្លះៗ មុខសញ្ញាតាមខ្ញុំដឹងខាងក្រៅខាងក្រុមហ៊ុនណា!»
ប្រធានការិយាល័យផែនការ និងកិច្ចការច្បាប់ និងជាមន្ត្រីសម្របសម្រួលតំបន់ការពារធម្មជាតិ នៃមន្ទីរបរិស្ថាន ខេត្តរតនគិរី លោក ទន់ សុវណ្ណនី ឲ្យដឹងដែរថា រហូតមកទល់នឹងរសៀលថ្ងៃទី២ វិច្ឆិកា នេះ ក្រុមល្បាតព្រៃមិនទាន់ផ្តល់របាយការណ៍ពីលទ្ធផលចុះល្បាតព្រៃរយៈពេលពីរថ្ងៃកន្លងទៅនៅឡើយ។
លោកថា ប្រសិនបើមានភស្តុតាងបង្ហាញថា មានបទល្មើសកើតមានជាថ្មីក្នុងព្រៃអភិរក្សនេះ មន្ត្រីអនុរក្សឧទ្យានជាតិមានភារកិច្ចស៊ើបអង្កេតរកមុខសញ្ញាប្រព្រឹត្តបទល្មើស យកមកផ្ដន្ទាទោសតាមច្បាប់៖ «ចង់ស្រាវជ្រាវចង់រកឲ្យឃើញចំណុចធំៗហ្នឹង បើមានខាងសមត្ថកិច្ចវីរជ័យ ត្រូវតែរកមុខសញ្ញាបទល្មើសឲ្យឃើញ ឲ្យឃើញតើបទល្មើសចេញពីប្រភពណា? អ្នកណាបញ្ជាឲ្យធ្វើ?»
តំបន់ការពារធម្មជាតិអូរតាបូក គឺជាតំបន់ព្រៃឋិតក្នុងឧទ្យានជាតិវីរជ័យ។ ព្រៃឈើ ជាពិសេសឈើប្រណិតមានបេង នាងនួន ធ្នង់ និងគ្រញូង រងការលួចកាប់បែបអនាធិបតេយ្យអស់ស្ទើរគ្មានសល់តាំងពីឆ្នាំ២០១២ រហូតមក៕
No comments:
Post a Comment