Paris Peace Accords 23 Oct. 1991

Thursday, December 8, 2016

បទវិភាគ៖ តើ​ មាន​អ្វី​ នៅ​ពី​ក្រោយ ​ការ​លើក​លែង​ ទោស​ លោក កឹម សុខា? Analysis: Was there a hidden reason behind the pardon of Kem Sokha?

លោក​នាយកគណៈរដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា។
លោក​នាយកគណៈរដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា។

បទវិភាគ៖ តើ​ មាន​អ្វី​ នៅ​ពី​ក្រោយ ​ការ​លើក​លែង​ ទោស​ លោក កឹម សុខា?

RFA / វិទ្យុ អាស៊ី សេរី | ៧ ធ្នូ ២០១៦

 

ព្រះមហាក្សត្រ​ បាន​ប្រោស ​ព្រះរាជទាន​ការ​ លើក​លែង​ទោស ​ប្រធាន ​ស្ដីទី​ គណបក្ស​ សង្គ្រោះ​ជាតិ លោក កឹម សុខា តាម​សំណើរ​ របស់​លោក​ នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​ ជា​សញ្ញា ​វិជ្ជមាន​ មួយ​ ដែល​គេ ​គិត​ថា អាច​បន្ធូរ​ ស្ថានការណ៍ ​នយោបាយ​ តានតឹង ​រវាង​ គណបក្ស ​ជាប់​ឆ្នោត​ ទាំង​ពីរ​ ឡើង​វិញ។   ក៏​ប៉ុន្តែ​ ហេតុផល​ ពិត​ប្រាកដ​នោះ មិន​ច្បាស់​ ថា ជា​ការ​ លើកលែងទោស​ លោក កឹម សុខា នេះ ជា​រឿង​ ដែល​គណបក្ស​ ទាំង​ពីរ​ ចង់​ចាប់​ ដៃ​គ្នា​ ដឹកនាំ​ នាវា​កម្ពុជា ទៅ​រក​ ការ​អភិវឌ្ឍ​ ពិតប្រាកដ​ ក៏​ថា​បាន។

តើ ​អ្វី​ នៅ​ពី​ក្រោយ​ នៃ​ការ​ លើក​លែង​ទោស​ លោក កឹម សុខា នេះ?


ករណី​ ចោទ​ប្រកាន់​ លោក កឹម សុខា កន្លង​មក​នោះ នរណា​ ក៏​ដឹង​ដែរ​ ថា ជា​រឿង​ នយោបាយ រហូត​ ដល់​មាន​ ការ​ចាប់​ចង​ សកម្មជន​ ការពារ​ សិទ្ធិមនុស្ស និង​មនុស្ស​ មួយ​ចំនួន ​ទៀត​ ដាក់​ពន្ធនាគារ ទោះបី ជា​មាន ​ការ​ថ្កោលទោស​ ពី​សហគមន៍​ ជាតិ និង​អន្តរជាតិ​ ក្ដី។  ក៏ប៉ុន្តែ​ រឿង​ គួរ​ ឲ្យ​ភ្ញាក់ផ្អើល​ នៅ​ពេល​ លោក​ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សុំ​ ព្រះរាជទាន ការ​លើក​លែង ​ទោស ​ជូន​លោក កឹម សុខា តាម​សំណើ​ របស់​លោក កឹម សុខា នោះ។  ការ​លើកលែង​ ទោស លោក កឹម សុខា នេះ នៅ​ស្រប​ពេល ​តុលាការ​ កំពូល​ បាន​ប្រកាស ​បដិសេធ​ សំណើ​ នៅ​ក្រៅ​ឃុំ​ របស់ ​មន្ត្រី​ សិទ្ធិមនុស្ស​ អាដហុក (ADHOC) ៤​រូប និង​អគ្គលេខាធិការ ​រង គ.ជ.ប. លោក នី ចរិយា

លើស​ពី​នេះ​ទៀត ការ​សុំ​ព្រះរាជទាន​លើកលែង​ទោស​លោក កឹម សុខា នេះ ក៏​នៅ​ស្រប​ពេល​មាន​ដំណឹង​ថា លោក សម រង្ស៊ី ដែល​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​នោះ ខំ​ស្វះស្វែង​វិល​ចូល​ស្រុក​វិញ​ដើម្បី​មក​ចូលរួម​បុណ្យ​សព​ម្ដាយក្មេក​របស់​លោក ដែល​ទទួល​មរណភាព​នោះ​ដែរ។ ទោះ​ជា​លោក​នាយករដ្ឋមន្ត្រី​អាច​មាន​លេស​ក្នុង​ការ​សុំ​ព្រះរាជទាន​ពី​ព្រះមហាក្សត្រ​ឲ្យ​លើកលែងទោស លោក សម រង្ស៊ី និង​លោក កឹម សុខា ក្នុង​ពេល​តែមួយ​ក្តី ក៏​លោក​មិន​ឆក់​យក​ឱកាស​នោះ​ដែរ។ ប្រការ​នេះ​ហើយ​ដែល​ធ្វើ​អោយ​មាន​ចម្ងល់​លេច​ឡើង​ថា បើសិនជា​លោក​នាយករដ្ឋមន្ត្រី​មាន​បំណង​បន្ធូរបន្ថយ​ស្ថានការណ៍​នយោបាយ និង​ចាប់​ដៃ​គ្នា​ប្រើប្រាស់​វប្បធម៌​សន្ទនា​ក្នុង​ការ​រួមគ្នា​អភិវឌ្ឍន៍​ប្រទេស​ជាតិ​មែន​នោះ ហេតុ​អ្វី​ក៏​លោក​មិន​សុំ​ការ​លើក​លែង​ទោស​សម្រាប់​មេ​បក្ស​ប្រឆាំង​ទាំង​ពីរ​នាក់​តែម្ដង?

អ្វី​ដែល​អាច​ជា​ចម្លើយ​គឺ​ថា គណបក្ស​ប្រជាជន​កម្ពុជា អាច​ប្រើប្រាស់​យុទ្ធសាស្ត្រ ”បំបែក​បំបាក់​ដើម្បី​គ្រប់គ្រង” ពីព្រោះ​ថា តាម​មើល​ទៅ​គ្មាន​អ្វី​ចម្លែក​ទេ គឺ​លោក ហ៊ុន សែន ហាក់​ដូចជា​ចាប់​ចង​លោក សម រង្ស៊ី និង​ដោះលែង​លោក កឹម សុខា ឡើង​វិញ ដើម្បី​ឲ្យ​បន្ត​សកម្មភាព​ដឹកនាំ​គណបក្ស​ប្រឆាំង​នៅ​ពេល​អវត្តមាន​មេ​បក្ស​នោះ។ នេះ​អាច​ជា​ជម្រើស​ល្អ​សម្រាប់​គណបក្ស​កាន់​អំណាច​ដើម្បី​បំបែកបំបាក់​កម្លាំង​ប្រឆាំង​ក៏​ថា​បាន ពីព្រោះ​ថា ការ​ធ្វើ​ដូច្នេះ​ដើម្បី​ឲ្យ​អ្នក​គាំទ្រ​បក្ស​ប្រឆាំង ឬ​អ្នក​និយម​លោក សម រង្ស៊ី ដក​សេចក្ដី​ទុក​ចិត្ត​លើ​លោក កឹម សុខា ឬ​ជំរុញ​ឲ្យ​សាធារណជន​មើល​ឃើញ​ថា លោក កឹម សុខា អាច​ត្រូវ​រ៉ូវ​ជាមួយ​លោក ហ៊ុន សែន ជា​សម្ងាត់​នៅ​ពី​ក្រោយ​ខ្នង​ក៏​ថា​បាន។

ទាក់ទង​នឹង​បញ្ហា​នេះ តាម​មើល​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា ឬ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អាច​លេងល្បែង​ចាស់ ដែល​រក្សា​ទុក​ជា​ច្រើន​អាណត្តិ​មក​នោះ យក​មក​លេង​ជា​ថ្មី​ម្ដង​ទៀត​នៅ​ឆ្នាំ​២០១៨ ខាង​មុខ ពីព្រោះ​ថា លោក ហ៊ុន សែន ដែល​បាន​កាន់​អំណាច​ជិត ៤០​ឆ្នាំ​មក​នេះ មាន​រឿង​អាស្រូវ​ជា​ច្រើន​ក្រោម​រដ្ឋបាល​ដឹកនាំ​របស់​លោក ក្នុង​នោះ​មាន​បញ្ហា​កាប់​បំផ្លាញ​ធនធាន​ធម្មជាតិ បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស អំពើ​ពុករលួយ ស្ថាប័ន​តុលាការ​មិន​ឯករាជ្យ និង​ករណី​មួយ​ចំនួន​ទៀត។ បញ្ហា​ទាំង​អស់​នេះ គណបក្ស​កាន់​អំណាច​លំបាក​នឹង​ស្ដារ​ប្រជាប្រិយភាព​របស់​ខ្លួន​ឡើង​វិញ​ណាស់។

សព្វ​ថ្ងៃ​នេះ ក្រៅ​ពី​បញ្ហា​ជម្លោះ​ដីធ្លី ការ​បណ្ដេញ​ចេញ និង​ការ​ទប់ស្កាត់​បទល្មើស​គ្មាន​ប្រសិទ្ធភាព​នោះ គឺ​ស្ថាប័ន​តុលាការ​ដែល​ជា​ស្ថាប័ន​រង​ផល​ប៉ះពាល់​ខ្លាំង​ជាង​គេ ដោយ​ហេតុ​ថា ការ​ត្រួត​ពិនិត្យ​កំហុស​ឆ្គង​របស់​ស្ថាប័ន​នីតិប្រតិបត្តិ​គ្មាន​ប្រសិទ្ធភាព​ឡើយ។ ជា​ទូទៅ​ការ​អនុវត្ត ឬ​ការ​កាត់​សេចក្ដី​របស់​តុលាការ​ត្រូវ​បាន​ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធិមនុស្ស​ចោទ​ប្រកាន់​ថា តុលាការ​អនុវត្ត​ស្ដង់ដារ​ពីរ។ ពិសេស​ទៅ​ទៀត​នោះ ស្ថាប័ន​តុលាការ​នេះ ហាក់​ដូច​ជា​គ្មាន​សមត្ថភាព​ក្នុង​ការ​ត្រួតពិនិត្យ និង​តុល្យភាព​អំណាច ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មាន​ការ​ជ្រៀតជ្រែក​ពី​អង្គនីតិប្រតិបត្តិ​ដូច​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ។ ស្ថាប័ន​តុលាការ​នេះ​ក៏​រង​ផលប៉ះពាល់​ខ្លាំង​ទៅ​លើ​ការ​នៅ​ក្រោម​ស្ថាប័ន​នីតិប្រតិបត្តិ។

ចំពោះ​សំណុំ​រឿង​ក្ដី​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ គឺ​កម្រ​ឃើញ​តុលាការ​វិនិច្ឆ័យ​សេចក្ដី​ផ្អែក​លើ​គោលការណ៍​ច្បាប់ ជា​ខ្នាត​វាស់វែង​ខុស និង​ត្រូវ​ណាស់ ដូចជា​សំណុំរឿង​មន្ត្រី​សិទ្ធិមនុស្ស​អាដហុក នេះ​ជាដើម។ ក្រៅ​ពី​នេះ​ទៀត​ស្ថាប័ន​តុលាការ​ក៏​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ និង​សកម្មភាព​ដទៃ​ទៀត​ដែរ។ បញ្ហា​ទាំង​នេះ ប្រជាពលរដ្ឋ​ស្ទើរ​តែ​អស់​ជំនឿ​ទៅ​លើ​ប្រព័ន្ធ​អនុវត្ត​ច្បាប់​ទៅ​ហើយ ពិសេស​នៅ​ពេល​មាន​រឿង​អ្វី​មួយ គឺ​អ្នក​ខ្លះ​រត់​ទៅ​រក​ខ្សែរ​រៀងៗ​ខ្លួន អ្នក​ខ្លះ​ទៀត​គ្មាន​ខ្សែ​បក្សពួក គឺ​ត្រៀម​លុយ​ដើម្បី​សូក​ប៉ាន់​តុលាការ​ជាដើម។

ជារួម​គណបក្ស​ប្រជាជ​កម្ពុជា បាន​ធ្លាក់​ប្រជាប្រិយភាព​ម្ដង​បន្តិចៗ ដោយសារ​តែ​បញ្ហា​ទាំង​អស់​នេះ ដែល​លទ្ធផល​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ជា​ឧទាហរណ៍​ស្រាប់។ បញ្ហា​នេះ គណបក្ស​ប្រជាជន​កម្ពុជា ក៏​ដឹង​ខ្លួន​ឯង​ដែរ​អំពី​ការ​បាត់បង់​សំឡេង​អ្នក​គាំទ្រ​នេះ។ ដើម្បី​ទាញ​យក​សំឡេង​គាំទ្រ​មក​វិញ​បាន​គណបក្ស​កាន់​អំណាច​មាន​តែ​ប្រើ​យុទ្ធសាស្ត្រ​ដែល​ខ្លួន​ធ្លាប់​ប្រើ​ជាមួយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច កាល​ពី​មុន​មក​វិញ​តែប៉ុណ្ណោះ។ អ្វី​ទៅ​ជា​យុទ្ធសាស្ត្រ​ចាស់​នោះ? យុទ្ធសាស្ត្រ​ចាស់ គឺ​ជា​ការ "បំបែក​បំបាក់​ដើម្បី​គ្រប់គ្រង" ពោល​គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​ផ្ទៃក្នុង​គណបក្ស​ប្រឆាំង​ច្របូកច្របល់ និង​បែកបាក់​រវាង​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ទាំង​ពីរ គឺ​លោក សម រង្ស៊ី និង​លោក កឹម សុខា។

ទាក់ទង​នឹង​បញ្ហា​នេះ ទិសដៅ​ធំ​បំផុត​របស់​គណបក្ស​កាន់​អំណាច​មាន​តែ​បំបែក​ក្បាល​ម៉ាស៊ីន​ដឹកនាំ​បក្ស​ប្រឆាំង​ទាំង​ពីរ​នេះ​ទេ ដែល​អាច​មាន​សង្ឃឹម​ទៅ​លើ​ជោគជ័យ​នៃ​ការ​បោះឆ្នោត​ឆ្នាំ​ពី​២០១៨ ពីព្រោះ​ថា បើ​កាល​ណា​បំបែកបំបាក់​រវាង​លោក កឹម សុខា និង​លោក សម រង្ស៊ី បាន​នោះ​គឺ​វាសនា​លោក​ទាំង​ពីរ​នឹង​បាត់បង់​សំឡេង​មិន​ខុស​ពី​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ឡើយ។ យុទ្ធសាស្ត្រ​ដដែលៗ​នេះ គណបក្ស​កាន់​អំណាច​នៅ​តែ​យក​មក​ប្រើប្រាស់​គ្រាន់​តែ​ផ្លាស់ប្ដូរ​រូបភាព​តែប៉ុណ្ណោះ។

ការ​បំបែកបំបាក់​តាម​រយៈ​ការ​ទាញ​យក​តំណាងរាស្ត្រ​មួយ​ចំនួន​ឲ្យ​មក​ចុះ​ចូល​នឹង​បក្ស​កាន់​អំណាច និង​ការ​ប្រើប្រាស់​តុលាការ​ជា​រឿង​មួយ​បាច់​ដែល​គណបក្ស​នេះ​ធ្លាប់​ធ្វើ។ កាល​ពី​មុន តុលាការ​ក៏​ធ្លាប់​ចាត់​ការ​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ តាម​បណ្ដឹង​របស់​លោក ញឹក ប៊ុនឆៃ ដែរ។ ក្រោយ​ពី​បែកបាក់ សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ក៏​បាន​បង្កើត​គណបក្ស​មួយ​ថ្មី​ផ្សេង​ទៀត។ ការ​ហែកហួរ​នយោបាយ​រវាង​អ្នក​ទាំង​ពីរ​ឥត​ឈប់ឈរ​រហូត​ដល់​បច្ចុប្បន្ន ទោះបីជា​អ្នក​ទាំង​ពីរ​ធ្លាប់​បាន​ឱប​ក្រសោប​គ្នា​រហូត​ទទួល​បាន​ជ័យជំនៈ​កាល​ពី​អាណត្តិ​ទី​១ ឆ្នាំ​១៩៩៣ ក្ដី។

​សម្រាប់​បរិបទ​សព្វថ្ងៃ​នេះ​វិញ គណបក្ស​ប្រជាជន​កម្ពុជា នឹង​អាច​បន្ត​លេងល្បែង​នយោបាយ​នេះ​ទៀត​នោះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា អាច​នឹង​បង្ក​ព្យុះភ្លៀង ពិសេស​លោក ហ៊ុន សែន បង្កើត​ភាព​ស្និទ្ធស្នាល​ជាមួយ​លោក កឹម សុខា ដើម្បី​ឲ្យ​ផ្ទៃក្នុង​បក្ស​ប្រឆាំង​រង្គោះរង្គើរ និង​បាត់​ទំនុក​ចិត្ត​លើ​លោក កឹម សុខា។ ចំពោះ​លោក សម រង្ស៊ី វិញ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អាច​មិន​ស្នើ​សុំ​ទៅ​ព្រះមហាក្សត្រ​ដើម្បី​ប្រោស​ប្រទាន​លើកលែងទោស​ឲ្យ​ឡើយ ព្រោះ​គណបក្ស​ប្រឆាំង​មាន​លោក កឹម សុខា ដឹកនាំ​ស្រាប់។

អ្វី​ដែល​កាន់​តែ​បង្ហាញ​ច្បាស់​ទៅ​ទៀត​នោះ នៅ​ក្នុង​កិច្ច​ប្រជុំ​សភា​នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​ធ្នូ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា លោក កឹម សុខា ជា​ប្រធាន​ថ្នាក់​ដឹកនាំ​ក្រុម​តំណាងរាស្ត្រ​បក្ស​ប្រឆាំង និង​ប្រធាន​ក្រុម​ភាគ​តិច​នៅ​ក្នុង​រដ្ឋសភា ដែល​មាន​ឋានៈ​ស្មើ​នាយករដ្ឋមន្ត្រី​សម្រាប់​ជា​ដៃគូ​សន្ទនា​ជាមួយ​លោក។ ការ​ប្រកាស​របស់​លោក ហ៊ុន សែន អំពី​ការ​សន្ទនា​នេះ​មិន​មែន​ជា​លើក​ទី​១ ទេ កាល​ពី​ឆ្នាំ​២០១៤ នៅ​ក្រោយ​ពេល​បញ្ចប់​ជម្លោះ​នយោបាយ លោក ហ៊ុន សែន ក៏​ធ្លាប់​បាន​ប្រកាស​ថា លោក សម រង្ស៊ី ក៏​ជា​ដៃគូ​សន្ទនា​ជាមួយ​លោក​ដែរ ដោយសារ​ថា តួនាទី​ប្រធាន​ក្រុម​ភាគ​តិច​ក្នុង​សភា​នេះ គឺ​ជា​តួនាទី​របស់​លោក សម រង្ស៊ី កាល​ពី​មុន។ ក្រៅ​ពី​នេះ លោក ហ៊ុន សែន និង​លោក សម រង្ស៊ី ថែម​ទាំង បាន​ដឹក​ដៃ​គ្នា​ទៅ​ចូលរួម​កម្មវិធី​អង្គរ​សង្ក្រាន្ត​នៅ​ខេត្ត​សៀមរាប ទៀត​ផង កាល​ពី​ឆ្នាំ​២០១៥។ នៅ​ត្រង់​ប្រការ​នេះ​ហើយ អាច​បញ្ជាក់​កាន់​តែ​ច្បាស់​ថា តើ​ដៃគូ​សន្ទនា​រវាង​លោក ហ៊ុន សែន និង​លោក កឹម សុខា ជា​ដៃគូ​ស្មោះត្រង់ ឬ​គ្រាន់តែ​ចង់​ឲ្យ​សម្ព័ន្ធភាព​រវាង​លោក សម រង្ស៊ី និង​លោក កឹម សុខា ប្រេះឆា​គ្នា?

នៅ​ត្រង់​ចំណុច​នេះ ផែនការ​ដែល​គណបក្ស​កាន់​អំណាច​អាច​ធ្វើ​បន្ត​ទៀត គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​លោក សម រង្ស៊ី មន្ត្រី​មួយ​ចំនួន​ក្នុង​បក្ស និង​អ្នក​គាំទ្រ​បក្ស​នេះ មិន​ទុក​ចិត្ត​លោក កឹម សុខា ម្ដង​បន្តិចៗ ពិសេស​ធ្វើ​ឲ្យ​លេចលឺ ឬ​បញ្ចេញ​ព័ត៌មាន​ថា លោក កឹម សុខា ត្រូវ​រ៉ូវ​ជាមួយ​លោក ហ៊ុន សែន ឬ​លក់​ខ្លួន​ជាដើម។ បើសិនជា​លោក សម រង្ស៊ី និង​លោក កឹម សុខា ទប់​ស្ថានការណ៍​នេះ​មិន​បាន​ទេ មេ​បក្ស​ទាំង​ពីរ​អាច​នឹង​បែក​គ្នា​នៅ​ពេល​ណា​មួយ មុន​ពេល​បោះឆ្នោត​បាន​មក​ដល់​ក៏​ថា​បាន។

ម្យ៉ាងវិញទៀត មូលហេតុ​សំខាន់​ដែល​គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​ប្រើ​យុទ្ធសាស្ត្រ​បំបែកបំបាក់​នេះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​ចង់​បន្ត​កាន់​អំណាច​ទៅ​មុខ​ទៀត ហើយ​បញ្ហា​នេះ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ធ្លាប់​លើក​ឡើង​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​មែន​ជា​សាស្ត្រាចារ្យ​នៃ​ការ​ផ្លាស់ប្ដូរ​​នោះ​ទេ។

ការ​ប្រើ​ល្បិច និង​ការ​ប្រកាស​នៅ​បន្ត​កាន់​អំណាច​របស់​លោក ហ៊ុន សែន រហូត​ដល់​អាយុ​ជិត ១០០​ឆ្នាំ របស់​លោក​កន្លង​មក ឆ្លុះ​បញ្ចាំង​ពី​ការ​មិន​ផ្លាស់ប្ដូរ​ឡើយ។ លោក ហ៊ុន សែន មិន​រួញរា​នឹង​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង​ដែល​លោក​យល់​ថា ជា​ការ​ចាំបាច់​ក្នុង​នោះ​រួម​មាន ការ​សម្លុត​គំរាមកំហែង​មេដឹកនាំ​បក្ស​របស់​ខ្លួន ការ​គំរាម​រំលាយ​របប​រាជា​និយម និង​ការ​កែប្រែ​រដ្ឋធម្មនុញ្ញ ដើម្បី​ធានា​ថា តំណែង​នាយករដ្ឋមន្ត្រី​ត្រូវ​តែ​បាន​មក​លើ​លោក។

ក៏ប៉ុន្តែ​យុទ្ធាសាស្ត្រ​ទាំង​អស់​នេះ គណបក្ស​ប្រឆាំង​អាច​មាន​មេរៀន​គ្រប់គ្រាន់ គឺ​លោក កឹម សុខា អាច​មាន​យុទ្ធសាស្ត្រ​របស់​ខ្លួន​ក្នុង​ការ​ទប់ទល់​នឹង​ការ​បំបែកបំបាក់​នេះ​វិញ​ក៏​ថា​បាន ហើយ​លោក​ក៏​អាច​មើល​មេរៀន​ពី​អតីតកាល​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច រវាង​លោក ញឹក ប៊ុនឆៃ និង​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ។  រី​ឯ​លោក សម រង្ស៊ី វិញ ក៏​ធ្លាប់​មាន​មេរៀន​សម្ដេច​ក្រុមព្រះ​បាន​រត់​ចេញ​ពី​លោក​វិញ​ដែរ ពោល​គឺ​ការ​បែកបាក់​សម្ពន្ធភាព​អ្នក​ប្រជាធិបតេយ្យ​ក្រោយ​ពី​ការ​បោះឆ្នោត​ឆ្នាំ​២០០៣ ដែល​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស សម រង្ស៊ី មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត។ នៅ​ពេល​នោះ​សម្ដេច​ក្រុមព្រះ​បាន​រត់​ទៅ​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា បោះបង់​គណបក្ស សម រង្ស៊ី ឲ្យ​នៅ​ឯ​កោបន្ត​ប្រឆាំង​នៅ​ក្នុង​សភា ហើយ​នៅ​ទីបំផុត​អ្នក​ទាំង​ពីរ​មិន​អាច​សម្រេច​បំណង​របស់​ខ្លួន​ដូច​គ្នា៕





1 comment:

  1. Anonymous2:23 AM

    With his Hanoi Master's approval, Traitor Hun Sen applied the classic " Divide & Conquer ".

    ReplyDelete