![]() |
| អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក នី ចរិយា (អាវលឿងទុំ) ចូលស្ដាប់សភាស៊ើបសួរសាលាឧទ្ធរណ៍ ទាក់ទងបណ្ដឹងសុំមោឃភាពលើការសាកសួររបស់ ACU ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦។ RFA/Rann Samnang |
សាលាឧទ្ធរណ៍ តម្កល់ សាលក្រម សំណុំរឿង លោក នី ចរិយា បរិហារកេរ្តិ៍ ទុក ជាបានការ
RFA / វិទ្យុ អាស៊ី សេរី | ១៤ ធ្នូ ២០១៦
ប្រធាន ក្រុមប្រឹក្សា ជំនុំជម្រះ សាលាឧទ្ធរណ៍ លោក ប្លង់ សំណាង ប្រកាស សេចក្ដីសម្រេច នេះ ដោយប្រើ ពេលត្រឹមតែ ៣នាទី ដោយគ្មាន លើកឡើង នូវសេចក្តីសំអាង ណាមួយ ដល់មេធាវី ការពារក្ដី។
ការប្រកាសសាលដីកា ធ្វើឡើងមុនពេលលោក នី ចរិយា ត្រូវបានមន្ត្រីពន្ធនាគាររាជធានីភ្នំពេញ នាំខ្លួនមកដល់សាលាឧទ្ធរណ៍។ លោក នី ចរិយា មិននិយាយអ្វីទេលើការសម្រេចនេះ។
អ្នកសារព័ត៌មាន សួរ៖ «សភាស៊ើបសួរ សាលាឧទ្ធរណ៍ គេ សម្រេច, តើ លោក យល់យ៉ាងណា?»
លោក នី ចរិយា៖ «មានជួប មេធាវីខ្ញុំ ឬនៅ? ជួបហើយ! អ៊ីចឹង! ទុក ឲ្យមេធាវីខ្ញុំ, ព្រោះខ្ញុំ អត់ដឹងផង។»
លោក សំ សុគង់ មេធាវីការពារក្ដីឲ្យលោក នី ចរិយា យល់ឃើញថា ការសម្រេចនៅរសៀលថ្ងៃទី១៤ ខែធ្នូ នេះ មិនបានផ្ដល់យុត្តិធម៌ដល់កូនក្ដីលោកទេ៖ «យើងឃើញប្រកាសនៅរសៀលនេះ ឃើញប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានប្រកាសសាលដីកានេះមិនបាននិយាយអំពីសំអាងហេតុទេ ប៉ុន្តែគ្រាន់តែប្រធានក្រុមប្រឹក្សាជំនុំជម្រះប្រកាសតែសេចក្ដីសម្រេច។ សេចក្ដីសម្រេច គឺប្រកាសតែតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការ។ អ៊ីចឹង! ខ្ញុំគិតថា យើងនឹងបានទទួលនូវសាលដីកាមួយពេញលេញនៅក្នុងសប្ដាហ៍ក្រោយ។ យើងនឹងសិក្សាអំពីសំអាងហេតុ និងសេចក្ដីសម្រេចនោះ ថាតើការសម្រេចនេះមានលក្ខណៈត្រឹមត្រូវ ឬមិនត្រឹមត្រូវ»។
ជុំវិញរឿងបរិហារកេរ្តិ៍នេះ កាលពីខែកញ្ញា ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការក្រុងភ្នំពេញ លោក ឃី ឆៃ ផ្ដន្ទាទោសលោក នី ចរិយា ដាក់ពន្ធនាគារ ៦ខែ និងពិន័យលុយ ៦លានរៀល។ ទាក់ទិនអង្គហេតុនៃសំណុំរឿងនេះ អគ្គលេខាធិការរងនៃ គ.ជ.ប រូបនេះ ត្រូវបានមន្ត្រីតុលាការខេត្តសៀមរាប ២នាក់ គឺលោក សុខ កែវបណ្ឌិត ជាព្រះរាជអាជ្ញារង និងលោក គី រិទ្ធី ជាចៅក្រម បានប្ដឹងលោក នី ចរិយា ដោយចោទប្រកាន់ពីបទបរិហារកេរ្តិ៍ ជុំវិញដីទំនាស់របស់អ្នកភូមិមួយកន្លែងនៅឃុំជប់រំដេង ស្រុកស្វាយលើ ខេត្តសៀមរាប កាលពីឆ្នាំ២០១៥។ ការចោទប្រកាន់ពេលនោះ ធ្វើឡើងបន្ទាប់ពីលោក នី ចរិយា ដែលពេលនោះជាមន្ត្រីសិទ្ធិមនុស្សអង្គការអាដហុក (ADHOC) បានបើកសន្និសីទកាសែតដោយនិយាយថា តុលាការចោទ និងចាប់ខ្លួនពលរដ្ឋមានទំនាស់ដីធ្លីនោះ ធ្វើឡើងដោយខុសច្បាប់។
លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) នៃអង្គការសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំក្រុងបាងកក បានហៅសាលដីការបស់សាលាឧទ្ធរណ៍ សម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញទុកជាបានការ ដែលឲ្យលោក នី ចរិយា ជាប់ពន្ធនាគារ ៦ខែនោះ ថាជាសេចក្តីសម្រេចប្រថាប់ត្រា គ្មានយុត្តិធម៌។ លោកថា សេចក្តីសម្រេចផ្ដន្ទាទោសលោក នី ចរិយា ដែលធ្វើឡើងតែប្រមាណបីនាទី គឺនៅមុនពេលការនាំខ្លួនជនជាប់ចោទមកដល់បន្ទប់សវនាការទៀតនោះ គឺជាសេចក្តីសម្រេចដ៏អាក្រក់បំផុត៕

No comments:
Post a Comment