Paris Peace Accords 23 Oct. 1991

Wednesday, December 14, 2016

ជីវប្រវត្តិ​ សង្ខេប ​របស់​ ប្រធានាធិបតី​ ហ្វីលីពីន​ និង​ដំណើរ​ ទស្សនកិច្ច ​របស់​លោក​ មក​កម្ពុជា | CV, visit of Filipino president Rodrigo Duterte in Cambodia

ប្រធានាធិបតី​ហ្វីលីពីន ​លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) (រូប​លើក​ដៃ) ពេលមក​ដល់​កម្ពុជា នា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ​នៅ​ល្ងាច​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៦។  RFA/Brach Chev
ប្រធានាធិបតី​ហ្វីលីពីន ​លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) (រូប​លើក​ដៃ) ពេលមក​ដល់​កម្ពុជា នា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ​នៅ​ល្ងាច​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Brach Chev

ជីវប្រវត្តិ​ សង្ខេប ​របស់​ ប្រធានាធិបតី​ ហ្វីលីពីន​ និង​ដំណើរ​ ទស្សនកិច្ច ​របស់​លោក​ មក​កម្ពុជា

RFA / វិទ្យុ អាស៊ី សេរី | ១៤ ធ្នូ ២០១៦



ប្រធានាធិបតី​ ទី​១៦ នៃ​ប្រទេស ហ្វីលីពីន​ កំពុង​ បំពេញ​ ទស្សនកិច្ច​ រយៈពេល ២​ថ្ងៃ​ នៅ​កម្ពុជា។  លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) ដែល​ជាប់​ ជា​ប្រធានាធិបតី​ ហ្វីលីពីន កាល​ពី​ថ្ងៃ​ ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៦ បាន​ជាប់​ឈ្មោះ​ ជា​ប្រធានាធិបតី ដែល​បាន​ធ្វើ​ ឲ្យ​​មនុស្ស​ ស្លាប់​ច្រើន​ ជាង​គេ​ ក្នុង​ចំណោម​ ប្រធានាធិបតី​ ទាំង​ឡាយ ​របស់ ​ប្រទេស​នេះ។

តើ​ លោក​ មាន​ជីវប្រវត្តិ​យ៉ាង​ណា​ខ្លះ? ហើយ​ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា របស់​លោក​ប្រធានាធិបតី​រូប​នេះ អាច​មាន​អត្ថន័យ​យ៉ាង​ណា​ខ្លះ​សម្រាប់​ទំនាក់ទំនង​ កម្ពុជា-​ហ្វីលីពីន?

គឺ​លោក ឌូតឺតេ នេះ​ហើយ​ ដែល​លោក ​នាយករដ្ឋមន្ត្រី ហ៊ុន សែន លើក​ឡើង​ ថា មាន​ចំណុច​ មួយ​ចំនួន​ ដូច​រូបលោក ជា​ពិសេ ស​ គឺ​ការ​ មិន ​ចូលចិត្ត​ ឲ្យ​បរទេស​ លូកលាន់​ កិច្ចការ​ ដែល​លោក​ចាត់​ទុក​ ថា ជា​របស់ ​ប្រទេស​លោក៖ ។

ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា ជា​លើក​ដំបូង​របស់​លោក ឌូតឺតេ នេះ គឺ​២​ខែ​ក្រោយ​ពេល​លោក​បាន​ជួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​កិច្ចប្រជុំ​មួយ​ក្នុង​ប្រទេស​ឡាវ។ ដំណើរ​មក​កាន់​កម្ពុជា​នេះ គឺ​ស្រប​ពេល​ដែល​លោក ឌូតឺតេ កំពុង​ធ្វើ​ ​​​ឲ្យ​មជ្ឈដ្ឋាន​អន្តរជាតិ​ភ្ញាក់​ផ្អើល​នៅ​ក្រោយ​ពេល​ដែល​ប្រធានាធិបតី​ហ្វីលីពីន បាន​ប្រកាស​ពី​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន។ លើស​ពី​នេះ​លោក​បាន​ប្រើប្រាស់​ពាក្យ​សម្ដី​អសុរោះ​ទៅ​លើ​មេដឹកនាំ និង​អង្គការ​ពិភពលោក​ធំៗ​ រួម​ទាំង​អង្គការ​សហប្រជាជាតិ​ផង ដែល​ថ្កោលទោស និង​ទាមទារ​ ឲ្យ​​លោក​ បញ្ឈប់​សង្គ្រាម​បង្ហូរ​ឈាម​ក្នុង​រឿង​គ្រឿងញៀន។

មនុស្ស​ជិត ៦​ពាន់​នាក់​ត្រូវ​អាជ្ញាធរ​ហ្វីលីពីន បញ្ជាក់​ថា ត្រូវ​បាញ់​សម្លាប់​នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន រួម​ទាំង​អ្នក​ប្រើប្រាស់ ចែកចាយ និង​ជួញដូរ នៅ​ក្នុង​រយៈពេល ៦​ខែ​មក​នេះ។
បណ្ដាញ​ព័ត៌មាន​ក្នុង​ប្រទេស​ហ្វីលីពីន នៅ​ដើម​ខែ​ធ្នូ​នេះ បាន​ស្រង់​សម្ដី​របស់​លោក ឌូតឺតេ ដែល​ថា រូប​លោក​មិន​មែន​ជា​ឃាតក​ឡើយ លោក​មិន​ដែល​សប្បាយ​រីករាយ ឬ​ចូលចិត្ត​មើល​ឃើញ​មនុស្ស​ដេក​ស្ដូកស្ដឹង ហើយ​ឈាម​ហូរ​ជោក​ខ្លួន​នោះ​ដែរ។  បើ​ ទោះ​ជា​ យ៉ាង​នេះ​ក្ដី លោក​ បាន​គំរាម​​ថា នឹង​បាញ់​សម្លាប់​មន្ត្រី ឬ​ប៉ូលិស​ណា ដែល​បាន​សម្លាប់​មនុស្ស​ស្លូត​ត្រង់។  លោក​ ថា, មន្ត្រី​ មិន​ត្រូវ​ សម្លាប់​អ្នក​ ដែល​លុតជង្គង់​ ទទួល​កំហុស ដែល​ត្រូវ​ ចង​ដៃ​ ទៅ​ក្រោយ, ហើយ​ មន្ត្រី​សមត្ថកិច្ច​ដែល​ល្មើស​នឹង​ត្រូវ​លោក​បាញ់​សម្លាប់។  លោក​ ថា មាន​មន្ត្រី​មិន​តិច​ជាង ២.០០០​នាក់​ទេ​ដែល​កំពុង​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​គ្រឿងញៀន។  លោក​ អះអាង​ ថា លោក​ នឹង​មិន​ បក​ក្រោយ​ទេ លុះ​ណា​តែ ​លោក​ បាន​នាំ​ ឲ្យ​​មាន ការ​ផ្លាស់ប្ដូរ​អោយ​ប្រទេស​ហ្វីលីពីន ពោល​គឺ​ជា​ប្រទេស​ដែល​រួចផុត​ពី​ការ​ញាំញី​នៃ​គ្រឿងញៀន។ 
លោក​ ថា,  សង្គ្រាម​ នឹង​ឆាប់​ចប់​ បើ​ អ្នក​ ជួញដូរ​ គ្រឿងញៀន​ បញ្ឈប់​ជំនួញ ​របស់​ខ្លួន​ ដែរ។

បើ​ទោះ​ជា​យ៉ាង​ណា លោក​ក៏​ត្រូវ​សារព័ត៌មាន​ក្នុង​ស្រុក​ផ្សព្វផ្សាយ​ថា បាន​ការពារ​មន្ត្រី​ម្នាក់​ក្នុង​ករណី​សង្ស័យ​ថា បាញ់​សម្លាប់​ចៅហ្វាយ​ក្រុង​នៅ​ក្នុង​ពន្ធនាគារ។

លោក ឌូតឺតេ ដែល​មាន​វ័យ ៧១​ឆ្នាំ ជា​ប្រធានាធិបតី​ដែល​ចាស់​ជាង​គេ និង​ធ្វើ​អោយ​មាន​មនុស្ស​ស្លាប់​ច្រើន​ជាង​គេ​ក្នុង​ចំណោម​ប្រធានាធិបតី​ទាំង​១៦ របស់​ហ្វីលីពីន។ ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​រិះគន់​ថា រយៈពេល​ប៉ុន្មាន​ខែ​នៃ​ការ​កាន់​អំណាច​របស់​លោក ឌូតឺតេ មាន​មនុស្ស​ស្លាប់​ច្រើន​ជាង​ការ​កាន់​អំណាច​របស់​ប្រធានាធិបតី​ផ្ដាច់ការ លោក ហ្វែឌីណាន់ ម៉ាខូស (Ferdinand Marcos) ដែល​បញ្ចប់​ក្នុង​ឆ្នាំ​១៩៨៦ នោះ​ទៀត។ ពួកគេ​ហៅ លោក ឌូតឺតេ ថា ជា​អ្នក​ដាក់​ទណ្ឌកម្ម។

លោក ឌូតឺតេ កើត​នៅ​ក្នុង​ត្រកូល​អ្នក​ចេះ​ដឹង​ជាប់​សែស្រឡាយ​ចិន នៅ​ក្នុង​តំបន់ មីនដាណាវ (Mindanao) ដោយ​មាន​ឪពុក​ជា​មេធាវី និង​ម្ដាយ​ជា​គ្រូ​បង្រៀន។ លោក​រៀន​ចប់​ផ្នែក​ច្បាប់ និង​វិទ្យាសាស្ត្រ​នយោបាយ។ លោក​ធ្លាប់​ជា​រដ្ឋអាជ្ញា​នៅ​ក្នុង​ក្រុង​កំណើត​របស់​លោក​គឺ​ក្រុង​ដាវ៉ាវ (Davoa) ពី​ឆ្នាំ​១៩៧៧ រហូត​ដល់​រដ្ឋ​ប្រហារ​ក្នុង​ឆ្នាំ​១៩៨៦ ទើប​លោក​ត្រូវ​តែងតាំង​ជា​ចៅហ្វាយ​រង​ក្រុង។ លោក​បាន​ជាប់​ឆ្នោត​ជា​ចៅហ្វាយ​ក្រុង នៅ ២​ឆ្នាំ​ក្រោយ​មក ហើយ​បាន​ឋិត​ក្នុង​តួនាទី​នេះ​អស់​រយៈពេល ១០​ឆ្នាំ។ លោក​បាន​ជាប់​ជា​តំណាង​ពលរដ្ឋ​ក្នុង​តំបន់​ក្នុង​ឆ្នាំ​២០០១ ហើយ​បាន​ត្រឡប់​មក​ធ្វើ​ជា​ចៅហ្វាយ​ក្រុង​វិញ​រហូត​ដល់​ឆ្នាំ​២០១០។ លោក​ក៏​ធ្វើ​ជា​ជំនួយ​ការ​កូនស្រី​របស់​លោក ដែល​បាន​ជាប់​ជា​ចៅហ្វាយ​ក្រុង​ជំនួស​រូប​លោក​មួយ​អាណត្តិ លុះ​ដល់​ឆ្នាំ​២០១៣ លោក​បាន​ត្រឡប់​ទៅ​ធ្វើ​ជា​ចៅហ្វាយ​ក្រុង​វិញ និង​ចុង​ក្រោយ​នេះ​លោក​បាន​ក្លាយ​ជា​ប្រធានាធិបតី​ទី​១៦ របស់​ហ្វីលីពីន។

នៅ​ក្នុង​ការឃោសនា​បោះឆ្នោត​ប្រធានាធិបតី លោក ឌូតឺតេ បាន​ប្រកាស​ពី​ការ​បោស​សំអាត​គ្រឿងញៀន ដែល​ឈាន​ទៅ​ដល់​ការ​សម្លាប់​មនុស្ស​ជា​ច្រើន​នៅ​ក្រោយ​លោក​បាន​តួនាទី។  ការ​លើក​យក​ អំណះអំណាង​ ពី​ចំណុច​ ល្អៗ ដែល​កើត​ឡើង​ ក្រោម​ស្នាដៃ​ របស់​លោក នៅ​ពេល​ ធ្វើ​ជា​ចៅហ្វាយ​ ក្រុង​ ដាវ៉ាវ នោះ​ហើយ​ ដែល​ជា​ចំណែក​ សំខាន់​ មួយ​ ធ្វើ​​ឲ្យ​ បាន​ការ​ គាំទ្រ​ ពី​ពលរដ្ឋ។  លោក​ ក៏​ធ្លាប់​ប្រើប្រាស់​កណ្ដាប់​ដៃ​ដែក​​បែប​នេះ​ដែរ នៅ​ពេល​លោក​នៅ​ជា​ចៅហ្វាយ​ក្រុង ហើយ​ បាន​ធ្វើ​ ឲ្យ​បទ​ឧក្រិដ្ឋ​ ក្នុង​ក្រុង​ ថយ​ចុះ ប្រែ​ក្លាយ​ក្រុង​នេះ​ជា​ទី​មាន​សុវត្ថិភាព​មិន​ធ្លាប់​មាន​ពី​មុន។

អ្នក​យក​ព័ត៌មាន​របស់​​សារព័ត៌មាន ឌឹ អាត្លង់ទិច(The Atlantic) បាន​រំលឹក​ថា គេ​ធ្លាប់​ជួប​ជជែក​ជាមួយ​លោក ឌូតឺតេ កាល​លោក​នៅ​ជា​ចៅហ្វាយ​ក្រុង ក្នុង​ឆ្នាំ​១៩៨៨ កាល​ណោះ​លោក​បាន​និយាយ​ពី​ផែនការ​ក្នុង​ការ​កែប្រែ​ទីក្រុង​របស់​លោក ពេល​នោះ​លោក​ក៏​បាន​និយាយ​ពី​ការ​សម្លាប់​អ្នក​ជួញដូរ​គ្រឿងញៀន​ដែរ។ លោក ឌូតឺតេ រំលឹក​​ថា មាន​ពេល​មួយ​មាន​ការ​បាញ់​ត​គ្នា​រវាង​ប៉ូលិស​ក្រុង និង​ក្រុម​អ្នក​ជួញ​ដូរ​គ្រឿង​ញៀន, ហើយ​ មាន​របួស​សង្ខាង។ អ្នក​ជួញ​ដូរ​គ្រឿង​ញៀន​ដែល​របួស​មិន​ទាន់​ស្លាប់ ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ ពេល​នោះ​លោក​បាន​ទៅ​ដល់​មន្ទីរពេទ្យ​ ហើយ​បាន​ផ្ដាច់​ចោល​សម្ភារៈ​សង្គ្រោះ​បន្ទាន់​ទាំង​អស់។ អ្នក​យក​ព័ត៌មាន​ដដែល​ក៏​បាន​លើក​ឡើង​ពី​ព័ត៌មាន​ដែល​ថា លោក ឌូតឺតេ ក៏​ធ្លាប់​ច្រាន​អ្នក​ជួញ​ដូរ​គ្រឿង​ញៀន​ទម្លាក់​ពី​លើ​ឧទ្ធម្ភាគចក្រ​ដែរ។

ចំពោះ​ នយោបាយ ​ការបរទេស​ នៅ​ក្រោយ​ឡើង​ កាន់​តំ ណែង​ លោក ឌូតឺតេ បាន​ប្រកាស​ ថា នឹង​ចាប់​យក​ ទំនាក់​ទំនង​ ជាមួយ​ចិន និង​ងាក​ចេញ​ពី​សហរដ្ឋ​អាមេរិក នៅ​ពេល​ដែល​ជម្លោះ​នៅ​សមុទ្រ​ចិន ភាគ​ខាង​ត្បូង​មិន​ទាន់​បញ្ចប់​នៅ​ឡើយ។ លោក​ថែម​ទាំង​ប្រកាស​ដក​ខ្លួន​ចេញ​ពី​អង្គការ​សហប្រជាជាតិ​ផង។

ចំពោះ​ប្រធាន​អង្គការ​វេទិកា​អនាគត លោក អ៊ូ វីរៈ មើល​ឃើញ​ថា អ្នក​ទាំង​២ គឺ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ឌូតឺតេ ពិត​ជា​មាន​ចំណុច​ជាច្រើន​ដូច​គ្នា។

បើ​ទោះ​ជា​យ៉ាង​ណា លោក អ៊ូ វីរៈ នៅ​តែ​មើល​ឃើញ​ថា ស្ថានភាព​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​ហ្វីលីពីន អាច​អាក្រក់​ជាង​កម្ពុជា ពិត​មែន​ថា ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​ទាំង​២ ប្រកាស​មិន​ចង់​បន្ត​ចូល​រួម​ជាមួយ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ដូច​គ្នា​ក៏​ដោយ៖ «»។
នៅ​មុន​ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា របស់​លោក ឌូតឺតេ គឺ​កាល​ពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ មាន​ពលរដ្ឋ​ហ្វីលីពីន ចំនួន ៥​នាក់ នៅ​កម្ពុជា បាន​លើក​បដា​តវ៉ា ដោយ​បិទ​មុខ​នៅ​ខាង​មុខ​ព្រះ​បរម​រាជវាំង​ក្នុង​រយៈពេល​ខ្លី។ ពួកគេ​ទាមទារ​ ឲ្យ​​ប្រធានាធិបតី​ បញ្ឈប់​ ការ​សម្លាប់​ មនុស្ស​ ដោយសារ​ ការ​ជួញដូរ និង​ការ​ប្រើប្រាស់ ​គ្រឿងញៀន ត្រូវ​ អនុវត្ត​នីតិរដ្ឋ និង​គោរព​សិទ្ធិ​មនុស្ស។ ពួក​គេ​បញ្ជាក់​ថា មាន​មនុស្ស​មិន​តិច​ទេ​ជា​ជន​ស្លូតត្រង់​ដែល​ត្រូវ​ស្លាប់​ក្នុង​សង្គ្រាម​បង្ហូរ​ឈាម​នេះ។

ទាក់ទិន​នឹង​ដំណើរ​មក​កម្ពុជា របស់​លោក ឌូតឺតេ នេះ លោក អ៊ូ វីរៈ មើល​ឃើញ​ថា កម្ពុជា និង​ហ្វីលីពីន ពុំ​មាន​ទំនាក់ទំនង​គ្នា​ធំដុំ​ទេ ទាំង​ផ្នែក​សេដ្ឋកិច្ច យោធា ឬ​សន្តិសុខ។ លោក​ថា ចំណុច​ដែល​ហ្វីលីពីន ចាប់​អារម្មណ៍​ជាមួយ​កម្ពុជា គឺ​ទំនាក់ទំនង​កម្ពុជា និង​ចិន។ លោក​បន្ត​ថា ជម្លោះ​នៅ​សមុទ្រ​ចិន ភាគ​ខាង​ត្បូង​គឺ​ជា​ប្រធានបទ​សំខាន់​សម្រាប់​ប្រធានាធិបតី​មីយ៉ាន់ម៉ា ឬ​ភូមា៖ «»។
របៀបវារៈ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក ឌូតឺតេ នៅ​លើក​នេះ គឺ​កម្ពុជា និង​ហ្វីលីពីន​នឹង​ព្រមព្រៀង​គ្នា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ស្ដីពី​កិច្ច​សហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន និង​អនុស្សរណៈ​នៃ​កិច្ច​ព្រមព្រៀង​ស្ដីពី​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​កីឡា។

លោក អ៊ូ វីរៈ មើល​ឃើញ​ថា កិច្ច​ព្រមព្រៀង​នេះ​ជា​តម្រូវ​ការ ប៉ុន្តែ​លោក​ក៏​បារម្ភ​ថា ការ​ជួប​ប្រជុំ​របស់​មន្ត្រី​គណបក្ស​ប្រឆាំង​ដែល​តែងតែ​ជ្រើសរើស​ប្រទេស​ហ្វីលីពីន ជា​ទីតាំង​អាច​នឹង​ត្រូវ​រឹត​ត្បិត។ លោក​ថា រឿង​បែប​នេះ​ធ្លាប់​កើត​ឡើង​រួច​ហើយ​នៅ​ពេល​កម្ពុជា ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​ប្រទេស​ថៃ។

លោក អ៊ូ វីរៈ ក៏​បាន​ជំរុញ​អោយ​មេដឹកនាំ​ប្រទេស​ទាំង​២ ត្រូវ​ពិចារណា​អោយ​បាន​គ្រប់​ជ្រុង​ជ្រោយ និង​ប្រកាន់​យក​ភាព​ចាស់ទុំ​ទាំង​ក្នុង​នយោបាយ នីតិរដ្ឋ និង​សិទ្ធិមនុស្ស។ លើស​ពី​នេះ​អ្នក​ទាំង​២ ជា​ពិសេស​កម្ពុជា ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​ចាប់​យក​ចិន និង​មិន​ត្រូវ​បោះបង់​អង្គការ​សហប្រជាជាតិ​ឡើយ ចៀសវាង​បញ្ហា​ទៅ​ថ្ងៃ​អនាគត៕



No comments:

Post a Comment