Paris Peace Accords 23 Oct. 1991

Friday, December 2, 2016

HRW៖ ការ​បន្ត​ឃុំ​ មន្ត្រី​ អាដហុក​ និង​គ.ជ.ប. ​ជា​ការ​រំលោភ​ សិទ្ធិ​ ដែល​ការពារ​ ដោយ​ច្បាប់​ អន្តរជាតិ | HRW:

(ពី​ឆ្វេង) អគ្គលេខាធិការ​រង​គ.ជ.ប លោក នី ចរិយា មន្ត្រី​សមាគម​អាដហុក (ADHOC) លោក យី សុខសាន្ត លោក នី សុខា អ្នកស្រី លឹម មុន្នី និង​លោក ណៃ វ៉ង់ដា ពេល​បញ្ជូន​មក​​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។  RFA/Brach Chev
(ពី​ឆ្វេង) អគ្គលេខាធិការ​រង​គ.ជ.ប លោក នី ចរិយា មន្ត្រី​សមាគម​អាដហុក (ADHOC) លោក យី សុខសាន្ត លោក នី សុខា អ្នកស្រី លឹម មុន្នី និង​លោក ណៃ វ៉ង់ដា ពេល​បញ្ជូន​មក​​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Brach Chev

HRW៖ ការ​បន្ត​ឃុំ​ មន្ត្រី​ អាដហុក​ និង​គ.ជ.ប. ​ជា​ការ​រំលោភ​ សិទ្ធិ​ ដែល​ការពារ​ ដោយ​ច្បាប់​ អន្តរជាតិ

RFA / វិទ្យុ អាស៊ី សេរី | ១ ធ្នូ ២០១៦


អង្គការ ​ឃ្លាំ​មើល​ សិទ្ធិ​មនុស្ស​ អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch, HRW) បាន​ចេញ ​របាយការណ៍​ នៅ​ថ្ងៃ​ ទី​១ ធ្នូ ចាត់​ទុក​ ការ​សម្រេច​ ឃុំ​ខ្លួន​ មន្ត្រី​ សិទ្ធិ​មនុស្ស​ អាដហុក (ADHOC) ទាំង ៤​រូប និង​លោក នី ចរិយា អគ្គលេខាធិការ​ រង គណៈកម្មាធិការ​ ជាតិ​ រៀបចំ​ ការ​បោះឆ្នោត (គ.ជ.ប.) ថា​ ជា​ការ​រំលោភ​ សិទ្ធិ​ របស់​ ពួក​គេ ដែល​ត្រូវ​ បាន​ការពារ​ ដោយ​ច្បាប់​ អន្តរជាតិ។

អ្នក​នាំ​ពាក្យ​ គ.ជ.ប. លោក​បណ្ឌិត ហង្ស ពុទ្ធា លើក​ឡើង​ ថា, ក្រុម​អ្នក​ច្បាប់ របស់ គ.ជ.ប. ក៏​នឹង​បន្ត​ ឃ្លាំ​មើល​ នីតិវិធី ​របស់​ តុលាការ​ លើ​ការ​ឃុំ​ខ្លួន​ លោក នី ចរិយា នេះ​ដែរ។

ក្នុង​សេចក្ដី​ ថ្លែងការណ៍ ​របស់​ខ្លួន​ នៅ​ដើម​ខែ​ថ្មី​នេះ, យូមែន រ៉ៃត៍ វ៉ច្ឆ អំពាវនាវ​ ឲ្យ​ប្រទេស​ ម្ចាស់​ជំនួយ ​របស់​ កម្ពុជា និង​អង្គការ​ សហប្រជាជាតិ គួរ​តែ​ បញ្ចេញ​សំឡេង ​ប្រឆាំង ​ទៅ​នឹង​ សាល​ដីកា​ របស់​ តុលាការ​ កំពូល និង​សកម្មភាព​ ផ្សេងៗ​ ទៀត​ ដែល​គាំទ្រ​ ដោយ​លោក​ នាយ​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​គោល​បំណង បំភិតបំភ័យ និង​គាប​សង្កត់​ សកម្មភាព​ ការងារ​ ផ្នែក​សិទ្ធិ​មនុស្ស។

យូមែន រ៉ៃត៍ វ៉ច្ឆ ឲ្យ​ដឹង ​ថា, វិធានការ​ ទាំងនេះ ព្រម​ទាំង​ ការ​គំរាម​ ថ្មីៗ​ ចង់​បិទ​ ការិយាល័យ​ ឧត្តម​ស្នងការ​ អង្គការ​ សហប្រជាជាតិ ទទួល​បន្ទុក​ សិទ្ធិ​មនុស្ស (UN OHCHR) នៅ​កម្ពុជា ដែល​បាន​ ដំណើរ​ការ​ តាំង​ឆ្នាំ ១៩៩៤ មក​នោះ គឺ​ ជា​ផ្នែក​មួយ ​នៃ​យុទ្ធនាការ​ របស់​ រដ្ឋាភិបាល​ ក្នុង​ការ​ កាត់​បន្ថយ​ ការ​ឃ្លាំ​មើល​ សិទ្ធិ​មនុស្ស​ ជាតិ និង​អន្តរជាតិ​ នៅ​កម្ពុជា។

នាយក​ អង្គការ​ ឃ្លាំ​មើល​ សិទ្ធិ​មនុស្ស​ អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ប៊្រែដ អាដាម (Brad Adams) មាន​ប្រសាសន៍​ ថា៖ «តុលាការ​ កំពូល បាន​បង្ហាញ ពី​ភាព​លម្អៀង​ នយោបាយ​ របស់​ខ្លួន​ ចំពោះ​ ការ​បដិសេធ ការ​ស្នើសុំ​ ការ​ធានា​ នៅ​ក្រៅ​ឃុំ ​របស់​ អ្នក​ការពារ​ សិទ្ធិ​មនុស្ស និង​អគ្គលេខាធិការ ​រង គ.ជ.ប. ដែល​ត្រូវ​ បាន​ចោទ​ប្រកាន់​ ពី​បទ​ព្រហ្មទណ្ឌ​នេះ ដោយសារ​ តែ​ អ្នក​ទាំងនោះ​ បាន​ធ្វើ​ ការងារ​ ដែល​រដ្ឋាភិបាល​ មិន​ចូល​ចិត្ត»

ប្រ៊ែដ អាដាម ២០១៥ ៨៥៥
នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក លោក ប្រ៊ែដ អាដាម (Brad Adams) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នា​រាជធានី​វ៉ាស៊ីនតុន កាល​ពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៥។ Photo: RFA
 
សេចក្តី​ថ្លែងការណ៍​របស់​មន្ត្រី​សិទ្ធិ​មនុស្ស​អន្តរជាតិ​រូប​នេះ ធ្វើ​ឡើង​ភ្លាមៗ​ក្រោយ​តុលាការ​កំពូល កាល​ពី​ថ្ងៃ​ទី​៣០ វិច្ឆិកា បាន​ចេញ​សាល​ដីកា​ច្រាន​ចោល​បណ្ដឹង​សាទុក្ខ​របស់​ក្រុម​មេធាវី​ការពារ​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក ៤​រូប និង​អគ្គលេខាធិការ​រង គ.ជ.ប រឿង​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។ លោក ប៊្រែដ អាដាម សង្កត់​ធ្ងន់​ថា មិន​គួរ​នរណា​ម្នាក់​យល់​ច្រលំ​អំពី​គោល​បំណង​នៃ​ការ​ផ្ដន្ទាទោស​នេះ ថា​មាន​គោលដៅ​ផ្សេង​ក្រៅ​ពី​កិច្ច​ខំ​ប្រឹងប្រែង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ទាញ​ត្រឡប់​ក្រោយ​វិញ​នូវ​សមិទ្ធផល​ការងារ​របស់​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក និង​អង្គការ​សហប្រជាជាតិ ដែល​ខិតខំ​ប្រឹងប្រែង​រាប់​ទសវត្ស​មក​ហើយ ក្នុង​ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស​សម្រាប់​ប្រជាជន​កម្ពុជា ទាំងមូល។

មន្ត្រី​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា ឲ្យ​ដឹង​ថា ក្រុម​អ្នក​ច្បាប់​របស់ គ.ជ.ប នឹង​ស៊ើប​អង្កេត​ពិនិត្យ​លើ​ផ្លូវ​ច្បាប់​បន្ត​ទៀត​លើ​ការ​អនុវត្ត​នីតិវិធី​របស់​តុលាការ និង​បញ្ហា​សុខភាព​របស់​លោក នី ចរិយា។

លោក​បណ្ឌិត ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា កន្លង​មក​ក្រុម​អ្នក​ច្បាប់​របស់ គ.ជ.ប បាន​រាយការណ៍​ទៅ​ថ្នាក់​ដឹកនាំ គ.ជ.ប. អំពី​ការ​អនុវត្ត​ផ្លូវ​ច្បាប់​ចាត់ការ​ទៅ​លើ​លោក នី ចរិយា នេះ៖ «ឧទាហរណ៍​ថា ការ​ត្រៀម​ខ្លួន​ឡើង​តុលាការ បញ្ហា​សុខភាព​អី​ជាដើម​ហ្នឹង ក្រុម​តាមដាន​ហ្នឹង​តែងតែ​រាយការណ៍​មក​ឲ្យ​ថ្នាក់​ដឹកនាំ គ.ជ.ប.»


ប្រធាន​គ្រប់គ្រង​ការិយាល័យ​ស៊ើប​អង្កេត​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​ឃុំ​ខ្លួន​លោក នី ចរិយា និង​មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក​នេះ មាន​រយៈពេល​ជាង ៦​ខែ​ហើយ។ លោក​បញ្ជាក់​ថា តុលាការ​គួរ​តែ​ដោះលែង​ពួក​គេ​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ដើម្បី​ជៀស​ផុត​ពី​ការ​ចោទ​ប្រកាន់​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ​ថា ការ​ឃុំ​ខ្លួន​នេះ​ខុស​ច្បាប់៖ «ការ​ឃុំ​ខ្លួន​ពួក​គាត់​បន្ត យើង​ឃើញ​ថា​អត់​មាន​អី​ចំណេញ ព្រោះ​ថា​សហគមន៍​អន្តរជាតិ អឺរ៉ុប សហរដ្ឋ​អាមេរិក និង​បណ្ដា​ប្រទេស​មួយ​ចំនួន គេ​ទាមទារ​ឲ្យ​ដោះលែង​ពួក​គាត់​ទាំងអស់​ហ្នឹង ហើយ​ក៏​ឈាន​ទៅ​ដល់​ការ​បង្កក​ជំនួយ»


ទាក់ទង​នឹង​ករណី​នេះ អង្គការ​ធ្វើ​ការ​ផ្នែក​ច្បាប់ និង​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ មាន​ដូចជា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ អង្គការ​ជំនួយ​ផ្នែក​ច្បាប់ អង្គការ​ពិភពលោក​ប្រឆាំង​ទារុណកម្ម និង​អង្គការ​មួយ​ចំនួន​ទៀត បាន​ចេញ​របាយការណ៍​វិភាគ​ផ្លូវ​ច្បាប់ ជុំវិញ​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​លើ​លោក នី ចរិយា ជា​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប.) និង​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក ៤​រូប​ទៀត គឺ​លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និង​អ្នកស្រី លឹម មុន្នី ថា​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​អ្នក​ទាំង ៥​នាក់​នេះ មិន​ស្រប​នឹង​ច្បាប់​ជាតិ ហើយ​ការ​ពន្យារ​ពេល​ឃុំ​ខ្លួន​បណ្ដោះអាសន្ន ក៏​អនុវត្ត​ខុស​ពី​បទដ្ឋាន​សិទ្ធិ​មនុស្ស​អន្តរជាតិ​ដែរ ដែល​មាន​អានុភាព​អនុវត្ត​ដោយ​ផ្ទាល់​នៅ​ក្នុង​ច្បាប់​ជាតិ។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ធ្លាប់​ឆ្លើយតប​ថា គ្មាន​ការ​ឃុំ​ខ្លួន​លើស​ការ​កំណត់​របស់​ច្បាប់​ទេ។ លោក​បញ្ជាក់​ថា បើ​សិន​ជា​តុលាការ​អនុវត្ត​ខុស​នីតិវិធី ភាគី​ពាក់ព័ន្ធ​មាន​សិទ្ធិ​ប្ដឹង​តុលាការ​បាន៖ «បើ​សិន​ជា​គាត់​យល់​ថា​ការ​សម្រេច​នេះ​ខុស​ច្បាប់​ជាតិ និង​អន្តរជាតិ និង​គ្មាន​សំអាង​ហេតុ គាត់​អាច​ប្ដឹង​ទៅ​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម ដែល​មាន​កិច្ច​ត្រួត​ពិនិត្យ​មើល​លើ​នីតិវិធី និង​ការ​សម្រេច​របស់​តុលាការ»


ទោះ​បី​ ជា​យ៉ាង​នេះ​ក្ដី លោក ប៊្រែដ អាដាម នៃ​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) មាន​ប្រសាសន៍​ ថា៖ «លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ឥទ្ធិពល​លើ​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា» 

លោក​ បញ្ជាក់​ ថា៖ «តាម​រយៈ​ការ​ប្រើប្រាស់​តុលាការ​ដែល​នៅ​ក្រោម​នឹម​ត្រួតត្រា​របស់​បក្ស​កាន់​អំណាច លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើ​សារ​គំរាម​កំហែង​ទៅ​លើ​សង្គម​ស៊ីវិល ការ​គំរាម​បិទ​ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ គឺ​ជា​ការ​បង្ហាញ​ថា សកម្មភាព​តស៊ូ​មតិ និង​លើក​កម្ពស់​សិទ្ធិ​មនុស្ស​គ្មាន​សុវត្ថិភាព​ទេ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា កំពុង​ប្រឈម​នឹង​ការ​វាយ​ប្រហារ​មួយ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។ វា​ជា​ការ​សំខាន់​ណាស់​ដែល​ប្រទេស​ម្ចាស់​ជំនួយ ត្រូវ​បញ្ចេញ​សំឡេង​លើ​រឿង​នេះ​ឲ្យ​ខ្លាំងក្លា និង​រួម​សំឡេង​ជា​ធ្លុង​មួយ ដោយ​និយាយ​ថា ទង្វើ​របស់​រដ្ឋាភិបាល​កម្ពុជា គឺ​មិន​អាច​ទទួល​យក​បាន​ទេ ដោយ​បញ្ជាក់​ថា ប្រសិន​បើ​រដ្ឋាភិបាល​នៅ​តែ​បន្ត​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​សង្គម​ស៊ីវិល​នោះ នឹង​ទទួល​លទ្ធផល​មិន​ល្អ​ឡើយ»

ទាក់ទង​នឹង​ការ​ព្រមាន​បិទ​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​នេះ ស្ថានទូត​សំខាន់ៗ​មួយ​ចំនួន​នៅ​កម្ពុជា បាន​លើក​ឡើង​ថា គេ​គាំទ្រ​ឲ្យ​ការិយាល័យ​នេះ​បន្ត​មាន​នៅ​កម្ពុជា ព្រោះ​អង្គការ​សហប្រជាជាតិ មាន​តួនាទី​សំខាន់​ក្នុង​ការ​លើក​ស្ទួយ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

ស្ថានទូត​ជប៉ុន នៅ​រាជធានី​ភ្នំពេញ បាន​ផ្ញើ​សារ​អេឡិចត្រូនិក​មក​ឲ្យ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១ ធ្នូ ថា ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ (OHCHR) ប្រចាំ​កម្ពុជា បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​លើក​កម្ពស់ និង​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ ស្ថានទូត​ជប៉ុន សង្ឃឹម​ថា ការិយាល័យ​នេះ (OHCHR) និង​រាជ​រដ្ឋាភិបាល អាច​ឈាន​ទៅ​ដល់​មាន​កិច្ចព្រមព្រៀង​លើ​អនុស្សរណៈ​យោគយល់​គ្នា​មួយ ដើម្បី​បន្ត​ឲ្យ​ការិយាល័យ​នេះ​ដំណើរ​ការ​នៅ​កម្ពុជា។

រីឯ​ស្ថានទូត​សហរដ្ឋ​អាមេរិក​វិញ ក៏​ឲ្យ​ដឹង​តាម​សារ​អេឡិចត្រូនិក​ដែរ​ថា ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​ប្រទេស​កម្ពុជា គឺ​កំពុង​អនុវត្ត​ការងារ​សំខាន់ និង​ចាំបាច់។ វត្តមាន​របស់​ការិយាល័យ​នេះ ឆ្លុះ​បញ្ចាំង​ច្បាស់​លើ​ការ​ប្ដេជ្ញា​ចិត្ត​របស់​កម្ពុជា ក្នុង​ការងារ​សិទ្ធិ​មនុស្ស។

ស្ថានទូត​សហរដ្ឋ​អាមេរិក សង្ឃឹម​ថា ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ផ្នែក​សិទ្ធិ​មនុស្ស និង​រដ្ឋាភិបាល​កម្ពុជា នឹង​ព្រមព្រៀង​គ្នា​លើ​កិច្ចព្រមព្រៀង​នេះ ដែល​អនុញ្ញាត​ឲ្យ​ការិយាល័យ​នេះ​បន្ត​បេសកកម្ម​របស់​ខ្លួន ដើម្បី​ផ្តល់​ប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា៕




No comments:

Post a Comment