រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង (ឆ្វេង)
ចាប់ដៃជាមួយអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា
មុនអ្នកនាំពាក្យបក្សទាំង២
ធ្វើសន្និសីទកាសែតស្ដីពីលទ្ធផលនៃជំនួបនៅថ្ងៃទី១៩ ខែកុម្ភៈ
ឆ្នាំ២០១៦ នាវិមានរដ្ឋសភា។ RFA/Rann Samnang |
ជំនួប រវាង លោក កឹម សុខា និងលោក ស ខេង នៅចុង ខែធ្នូ មិន ទាន់មាន របៀបវារៈ ច្បាស់លាស់
RFA / វិទ្យុ អាស៊ី សេរី | ១១ ធ្នូ ២០១៦
ប្រធាន ក្រុមភាគច្រើន និងភាគតិច នៅក្នុងរដ្ឋសភា បានកំណត់ពេលជាក់លាក់ជារៀងរាល់ខែក្ដី ប៉ុន្តែសម្រាប់ការជួបគ្នានៅចុងខែធ្នូ នេះ គណបក្សទាំងពីរមិនទាន់បង្ហើបប្រាប់អំពីគោលបំណង ឬរបៀបវារៈជាក់លាក់នៅឡើយ។
ប៉ុន្តែរបៀបវារៈសំខាន់ដែលគណបក្សសង្គ្រោះជាតិ ចង់ជជែកកន្លងមកនោះ គឺការដោះលែងសកម្មជន មន្ត្រីគណបក្សសង្គ្រោះជាតិ និងអ្នកការពារសិទ្ធិមនុស្សកំពុងជាប់ឃុំឃាំង។
មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ថ្លែងប្រាប់អាស៊ីសេរី ថា លោក កឹម សុខា និងលោក ស ខេង នឹងជួបពិភាក្សាគ្នានៅក្រោយថ្ងៃទី២០ ធ្នូ តទៅ ប៉ុន្តែមិនទាន់ដឹងថា នឹងពិភាក្សាគ្នាអំពីរបៀបវារៈអ្វីឡើយ។ ថ្វីត្បិតតែយ៉ាងនេះក្ដី អ្នកនាំពាក្យបក្សប្រឆាំងរូបនេះបញ្ជាក់ថា វាគឺជាចំណុចចាប់ផ្ដើម ហើយគឺជាពេលវេលាដែលគួរតែដោះស្រាយបញ្ហានយោបាយមួយចំនួនឲ្យបានមុនការបោះឆ្នោតខាងមុខ ដើម្បីធានាថាការបោះឆ្នោតទាំងការជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងការជ្រើសតាំងតំណាងរាស្ត្រ ធ្វើឡើងដោយសេរី និងយុត្តិធម៌៖ «គាត់ជជែកគ្នាប៉ុន្មានថ្ងៃមុន ថាពួកគាត់មានឆន្ទៈចង់ពិភាក្សាគ្នានៅក្រោយថ្ងៃទី២០ ខែ១២ តែមិនទាន់កំណត់ថាថ្ងៃណានៅឡើយទេ។»
ពាក់ព័ន្ធសំណួរថា ការជួបពិភាក្សាគ្នារវាងលោក កឹម សុខា និងលោក ស ខេង អាចនឹងជាប់ទាក់ទិនមន្ត្រី និងសកម្មជនបក្សប្រឆាំងជាច្រើនរូបដែលកំពុងជាប់ឃុំក្នុងពន្ធនាគារដែរឬទេ? លោក យឹម សុវណ្ណ មិនទាន់បញ្ជាក់បានឡើយ ព្រោះលោកចង់ឲ្យគេត្រូវរង់ចាំរហូតការពិភាក្សានោះចេញជាផ្លែផ្កាសិន ទើបអាចជម្រាបជូននៅពេលក្រោយបាន។
ទោះជាយ៉ាងណាក៏ដោយ រយៈពេលកន្លងមក គណបក្សប្រឆាំងតែងតែចាត់ទុកការសម្រេចឃុំខ្លួន ចាប់តាំងពីសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា សកម្មជនបក្សប្រឆាំង និងមន្ត្រីអង្គការសង្គមស៊ីវិលមួយចំនួនទៀត ថាជារឿងនយោបាយ ដែលមានការរៀបចំពីគណបក្សកាន់អំណាច។ មិនត្រឹមតែប៉ុណ្ណោះ បក្សប្រឆាំងតែងតែចង់បានការចរចាផ្នែកនយោបាយ ដើម្បីបានដោះលែងអ្នកទាំងនោះមកវិញ។ ពាក់ព័ន្ធរឿងមន្ត្រីអង្គការសង្គមស៊ីវិល និងមន្ត្រី គ.ជ.ប អនុប្រធានគណបក្សប្រជាជនកម្ពុជា លោក ស ខេង ធ្លាប់បញ្ជាក់ថា នឹងមានការពិភាក្សាគ្នានៅចុងខែធ្នូ ខាងមុខ។
ដោយឡែកសម្រាប់កិច្ចពិភាក្សារវាងលោក ស ខេង និងលោក កឹម សុខា នៅក្រោយថ្ងៃទី២០ ធ្នូ ត្រូវបានមន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បញ្ជាក់ថា លោកពុំទាន់ទទួលបានព័ត៌មាននេះច្បាស់នៅឡើយទេ៖ «ខ្ញុំមិនបានដឹងព័ត៌មាននេះទេ។»
ស្ថានភាពនយោបាយនៅកម្ពុជា បច្ចុប្បន្ន ត្រូវបានគេសង្កេតឃើញថា ហាក់លែងមានភាពតានតឹងដូចមុន បន្ទាប់ពីអ្នកនយោបាយមកពីគណបក្សធំៗទាំងពីរ ចាប់ផ្ដើមល្អូកល្អើនជាមួយគ្នាឡើងវិញ ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សុំព្រះរាជអន្តរាគមន៍លើកលែងទោសពីព្រះមហាក្សត្រដ៏គួរឲ្យភ្ញាក់ផ្អើលឲ្យលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ទទួលបានសេរីភាពពេញលេញឡើងវិញ។
ក្រោយពីមានការលើកលែងទោសភ្លាម មេឃុំមកពីគណបក្សប្រឆាំងដែលជាប់ចោទពីបទសូកប៉ាន់សាក្សីក្នុងសំណុំរឿងសញ្ចារកម្ម ក៏ត្រូវបានដោះលែងវិញដែរ។
លោក កឹម សុខា មិនត្រឹមតែទទួលបានការលើកលែងទោសពីព្រះមហាក្សត្រទេ តែត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជ្រើសរើសធ្វើជាដៃគូសន្ទនារវាងលោកទាំងពីរថែមទៀត ដើម្បីជំនួសលោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួន។
ជុំវិញការវិវឌ្ឍន៍នយោបាយចុងក្រោយ អ្នកសិក្សាស្រាវជ្រាវផ្នែកអភិវឌ្ឍន៍សង្គម និងជាអ្នកវិភាគនយោបាយ លោកបណ្ឌិត មាស នី យល់ថា វាមិនទាន់ហួសពេលឡើយសម្រាប់អ្នកនយោបាយទាំងពីរបក្ស ដើម្បីស្វែងរកការផ្សះផ្សាជាតិ និងឯកភាពជាតិ៖ «ខ្ញុំគិតថាអ្វីក៏ដោយឲ្យតែទាក់ទងការផ្សះផ្សាជាតិ និងឯកភាពជាតិ វាមិនទាន់ហួសពេលទេសម្រាប់អ្នកនយោបាយ ដើម្បីជួបចរចាគ្នា។»
ផ្ទុយទៅវិញ លោកបណ្ឌិត មាស នី យល់ថា ការរៀបចំឆាកល្ខោននយោបាយដើម្បីផ្ដួលរំលំភាគីម្ខាងទៀតកាលពីរយៈពេលកន្លងទៅ បានត្រឹមការទិតៀនពីពលរដ្ឋប៉ុណ្ណោះ និងគ្មានប្រយោជន៍អ្វីសម្រាប់ជាតិនោះទេ។
ទោះជាបែបណា ដើម្បីកុំឲ្យមានបញ្ហានយោបាយតានតឹងតទៅទៀត លោកចង់ឃើញអ្នកនយោបាយទាំងអស់ ចេះប្រកាន់យកចរិតអ្នកនយោបាយចាស់ទុំ មិនប្រើប្រាស់ពាក្យសម្ដីឆ្អេះឆ្អះដាក់គ្នា និងត្រូវចេះផ្អែមល្ហែមជាមួយគ្នា ដើម្បីចាប់យកវប្បធម៌សន្ទនា រួចហើយធ្វើយ៉ាងណាដើម្បីអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនដូចប្រទេសជិតខាង៕
No comments:
Post a Comment