នាយិកាប្រតិបត្តិនៃអង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT) អ្នកស្រី ស្រី សុធាវី ថ្លែងក្នុងសិក្ខាសាលាចែករំលែកលទ្ធផលស្រាវជ្រាវ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦។ RFA/San Sel |
របាយការណ៍៖ អ្នក សារព័ត៌មាន បន្តរងការ គំរាមកំហែង អាយុជីវិត ពេលរាយការណ៍ ព័ត៌មាន រសើប
RFA / វិទ្យុ អាស៊ី សេរី | ១១ ធ្នូ ២០១៦
របាយការណ៍ ស្រាវជ្រាវ ដែលទើប ចេញផ្សាយ បង្ហាញ ថា, អ្នក សារព័ត៌មាន បន្ត រងការ គំរាមកំហែង ដល់អាយុជីវិត និងខ្វះ ការសហការ ក្នុងការ ផ្តល់សម្ភាស ពីបុគ្គល ពាក់ព័ន្ធ។ សង្គមស៊ីវិល យល់ថា, នេះ ជាក្តី ព្រួយបារម្ភ មួយ ដែលរារាំង អ្នក សារព័ត៌មាន មិនឲ្យ ធ្វើការងារ ពេញលេញ។ ចំណែក រដ្ឋាភិបាល ឆ្លើយតប ថា, ស្ថានភាព អ្នក សារព័ត៌មាន នៅកម្ពុជា កំពុង ប្រសើរឡើង។
ការស្រាវជ្រាវរបស់អង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT) ចេញផ្សាយនៅថ្ងៃទី១១ ធ្នូ រកឃើញថា ក្នុងចំណោមអ្នកសារព័ត៌មាន ៥០នាក់មកពីស្ថាប័នផ្សេងៗដែលត្រូវបានសម្ភាស ៤៨ភាគរយ ឆ្លើយថា សេរីភាពសារព័ត៌មានមានតិចតួច ចំណែក ៤៤ភាគរយទៀតឆ្លើយថា សេរីភាពមានគួរសម ហើយ ៤ភាគរយឆ្លើយថា មានសេរីភាពពេញលេញ និង ៤ភាគរយឆ្លើយថា គ្មានសេរីភាព។
កម្រិតនៃសេរីភាពនេះ ត្រូវបានវាយតម្លៃដោយកត្តាប្រឈមរបស់អ្នកសារព័ត៌មានកម្ពុជា។ ការស្រាវជ្រាវបង្ហាញថា អ្នកសារព័ត៌មានបន្តរងការគំរាមកំហែងដល់អាយុជីវិត ដោយ ៣៨ភាគរយនៃអ្នកត្រូវគេសម្ភាស រាយការណ៍ថា ត្រូវគេគំរាមដល់សុវត្ថិភាព ឬអាយុជីវិតផ្ទាល់ខ្លួន ៣០ភាគរយនៃអ្នកត្រូវគេសម្ភាស ត្រូវបានគេគំរាមប្ដឹងទៅតុលាការ ឬចាប់ដាក់ពន្ធនាគារ ហើយ ១៤ភាគរយនៃអ្នកត្រូវគេសម្ភាស ធ្លាប់ត្រូវគេគំរាមដល់សុវត្ថិភាពសមាជិកគ្រួសារ។
ក្រៅពីនេះ ការស្រាវជ្រាវក៏រកឃើញថា អ្នកសារព័ត៌មានក៏បានពើបប្រទះនឹងការបដិសេធមិនផ្តល់សម្ភាសពីបុគ្គលពាក់ព័ន្ធ ដោយ ៥៨ភាគរយនៃអ្នកត្រូវគេសម្ភាសអះអាងថា ត្រូវបានអាជ្ញាធរ ក្រុមហ៊ុន ឬសមត្ថកិច្ច បដិសេធមិនឲ្យចុះយកព័ត៌មាន ៦៤ភាគរយនៃអ្នកត្រូវគេសម្ភាស ធ្លាប់ត្រូវអ្នកពាក់ព័ន្ធមិនឲ្យសម្ភាស ២៦ភាគរយនៃអ្នកត្រូវគេសម្ភាស ត្រូវបានគេដកយកសម្ភារ ដូចម៉ាស៊ីនថត ជាដើម។
នាយិកាប្រតិបត្តិនៃអង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ អ្នកស្រី ស្រី សុធាវី ព្រួយបារម្ភចំពោះស្ថានភាពដែលបានរកឃើញក្នុងការស្រាវជ្រាវនេះ៖ «វាជាការព្រួយបារម្ភខ្លាំង។ វាពាក់ព័ន្ធសិទ្ធិរបស់អ្នកសារព័ត៌មាន ប្រជាពលរដ្ឋដែលគាត់ត្រូវការប្រមូលព័ត៌មាន និងចែកចាយព័ត៌មានឲ្យមានតម្លាភាព។»
ឆ្លើយតបនឹងការរកឃើញនេះ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក អ៊ុក គឹមសេង ទទួលស្គាល់ការប្រឈមនេះ អាចកើតឡើងមែន ក៏ប៉ុន្តែលោកសង្ស័យចំពោះព័ត៌មានដែលប្រមូលបានពីការស្រាវជ្រាវនេះ។
លោកថា សមត្ថកិច្ច អាជ្ញាធរ ឬតុលាការ មិនសូវទទួលបានបណ្ដឹងការតវ៉ាជាលាយលក្ខណ៍អក្សរនោះទេ ពីការដែលអ្នកសារព័ត៌មានបានអះអាងថាទទួលការគំរាមកំហែង៖ «យើងអត់ដែលឃើញសោះ។ ជាសព្វមួយដង គាត់និយាយចឹងឯង។ មានការលំបាក មានការគំរាម។ ចុះគំរាមនៅកន្លែងណា ធ្វើអីបានគេគំរាម? គាត់ត្រូវតែហ៊ានធ្វើរបាយការណ៍ដោយខ្លួនឯងផ្ទាល់ មិនមែនចាំតែដោយអង្គការណាមួយគេធ្វើ។ សម្រាប់ខ្លួនគាត់ មិនដែលធ្វើផងហ្នឹង! គាត់បានត្រឹមតែនិយាយចឹង។ យើងមិនដឹងថាវានៅដដែលៗពេក។»
បច្ចុប្បន្ន រដ្ឋាភិបាលកម្ពុជា និងអង្គការយូណេស្កូ (UNESCO) កំពុងចងក្រងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន ប៉ុន្តែសេចក្ដីព្រាងច្បាប់នេះ ក្រសួងមិនទាន់កំណត់ឲ្យបានថា នឹងបញ្ចប់នៅពេលណាជាក់លាក់នៅឡើយទេមកទល់ពេលនេះ។
សន្ទស្សន៍សេរីភាពសារព័ត៌មានសកលឆ្នាំ២០១៦ (2016 World Press Freedom Index) របស់អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Borders) បានដាក់ចំណាត់ថ្នាក់កម្ពុជា នៅលេខរៀង១២៨ ក្នុងចំណោមប្រទេស១៨០។
ទោះជាយ៉ាងណា សេរីភាពសារព័ត៌មានក្នុងប្រទេសកម្ពុជា នៅតែបន្តរងការគំរាមកំហែង ពិសេសលើអ្នកសារព័ត៌មានដែលរាយការណ៍បញ្ហារសើប។ សន្ទស្សន៍សេរីភាពសារព័ត៌មានសកលឆ្នាំ២០១៦ នេះ វិភាគថា រដ្ឋាភិបាលកម្ពុជា បន្តឈ្លបមើលដោយប្រយោល និងត្រួតពិនិត្យទៅលើប្រព័ន្ធផ្សព្វផ្សាយ ហើយអ្នកសារព័ត៌មានបន្តប្រឈមនឹងគ្រោះថ្នាក់ពេលចុះយកព័ត៌មាន ពិសេសព័ត៌មានរសើបទាក់ទងនឹងការកាប់បំផ្លាញ និងជួញដូរព្រៃឈើ ការនេសាទខុសច្បាប់ ការជួញដូរមនុស្ស និងការរុករកធនធានរ៉ែ។
ចាប់តាំងពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០១២ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិចំនួន ១៣នាក់ ត្រូវបានគេសម្លាប់ ក្រោយពេលរាយការណ៍ព័ត៌មានរិះគន់រដ្ឋាភិបាល ឬបរិហារការធ្វើជំនួញខុសច្បាប់ ដែលភាគច្រើននៃករណីឃាតកម្មទាំងនេះ ឃាតកមិនត្រូវបានគេយកមកផ្ដន្ទាទោសត្រឹមត្រូវតាមច្បាប់នោះទេ៕
No comments:
Post a Comment