Paris Peace Accords 23 Oct. 1991

Sunday, December 18, 2016

លោក កឹម សុខា បិទ​មាត់​ជិត​ ក្រោយ​ជំនួប ​របស់​លោក ​ជាមួយ​លោក ហ៊ុន សែន | Kem Sokha keeps complete silence re his meeting with Hun Sen

កឹម សុខា​ ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​ ជម្រាប​សួរ​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ នៅ​ពេល​លោក​កំពុង​ដើរ​ចូល​ក្នុង​ពន្ធនាគារ​ព្រៃ​ស កាល​ពី​ថ្ងៃ​ទី​ ០៨​ ខែ​ធ្នូ​ ឆ្នាំ​ ២០១៦។​ (ហ៊ុល រស្មី/VOA)
កឹម សុខា​ ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​ ជម្រាប​សួរ​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ នៅ​ពេល​លោក​កំពុង​ដើរ​ចូល​ក្នុង​ពន្ធនាគារ​ព្រៃ​ស កាល​ពី​ថ្ងៃ​ទី​ ០៨​ ខែ​ធ្នូ​ ឆ្នាំ​ ២០១៦។​ (ហ៊ុល រស្មី/VOA)

លោក កឹម សុខា បិទ​មាត់​ជិត​ ក្រោយ​ជំនួប ​របស់​លោក ​ជាមួយ​លោក ហ៊ុន សែន

VOA | ១៧ ធ្នូ ២០១៦
 
លោក អ៊ូ​ ច័ន្ទ​ឫទ្ធិ​ ​​បាន​បញ្ជាក់​ បន្ថែម​ ថា,​ គណបក្ស​ សង្គ្រោះ​ជាតិ​   បន្ត​ធ្វើ​ការ ​ជាមួយ​ គណបក្ស​ កាន់​អំណាច​ ដើម្បី​​​ ស្វែង​រក​ ដំណោះ​ស្រាយ​​ ឱ្យ​មន្ត្រី​ ការពារ​ សិទ្ធិ​មនុស្ស ​របស់​ សមាគម​ ការពារ​ សិទ្ធិមនុស្ស​ អាដហុក និង​អគ្គ​លេខា ​រង​ នៃ​គណៈកម្មាធិការ​ ជាតិ​ រៀប​ចំ​ ការ​បោះឆ្នោត​ (គ.ជ.ប.)​,  ព្រមទាំង អ្នកស្រី​ ទេព​ វន្នី​ ​សកម្មជន​ ការពារ​ សិទ្ធិ​ដី​ធ្លី​ នៅ​តំបន់​ បឹង​កក់។



លោក​ កឹម​ សុខា​ ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ​បាន​រក្សា​ការ​មិនព្រម​បង្ហាញ​ពី​សេចក្ដី​លម្អិត នៅ​ក្នុងជំនួបផ្ទាល់របស់​លោក​ ជា​មួយ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន​ ​សែន​ ​នៅ​សភា​ជាតិ​កាល​ពី​ពេល​ថ្មីៗ​នេះនិង​លក្ខខ័ណ្ឌ​នៅ​ពី​ក្រោយ​ការ​ទម្លុះ​ទម្លាយ​ជម្លោះ​នយោបាយ​ដែល​អូស​បន្លាយ​ពេល​មកជាង​មួយ​ឆ្នាំ​កន្លង​មក​នោះ។​ ក្រុម​មន្ត្រី​នៃ​គណបក្ស​ប្រឆាំង​ក៏​បាន​រក្សា​ជំហរ​ដូចគ្នា​នេះ​ដែរ។​

​លោក កឹម​ សុខា​ ​ដែល​បាន​ចូល​សួរ​សុខ​ទុក្ខ​មន្ត្រី​ និង​សកម្មជន​នយោបាយ​របស់​គណ​បក្សសង្គ្រោះ​ជាតិ​ចំនួន​១៥នាក់ នៅ​ពន្ធនាគារ​ព្រៃ​សរ​ កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​នេះ​ បាន​គេច​ចេញ​ពី​អ្នក​សារ​ព័ត៌មាន​ដោយ​លោក​បាន​ឡើង​លើ​រថយន្ត​ត្រៀម​ចាំទទួល​ ​ក្រោយ​ពី​លោក​បាន​ចាក​ចេញ​ពី​ពន្ធនាគារ​វិញ។

បន្ទាប់​ពី​ចាក​ចេញពី​ពន្ធនាគារ​ លោកបាន​ទៅ​ចូល​រួម​ពិធី​ស្រោច​ទឹក​រំដោះ​គ្រោះ​របស់​លោក​ ស៊ាង​ ចែត ​មេ​ឃុំ​ស្រក​ ​នៅ​ខេត្ត​កំពង់​ចាម​ ដែល​ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍សប្ដាហ៍​មុននោះ។​

​ក្រោយ​ពី​ពិធី​ស្រោច​ទឹក​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​វត្ត ​អង្គ​មេត្រី ​ស្ថិត​នៅ​ក្បែរ​ពន្ធនាគារ​ព្រៃ​ស​ លោក​ កឹម ​សុខា​ ​ព្យាយាម​មិន​ផ្ដល់​បទ​សម្ភាសន៍​ ​ដោយ​គ្រាន់​តែ​បាន​និយាយទៅកាន់​អ្នកសារព័ត៌មាន​ថា​ ស្ថាន​ភាព​នយោបាយ​កម្ពុជា​ ​បាន​វិល​មក​ស្ថាន​ភាព​ល្អ​ប្រសើរ​វិញ។​

​«ខ្ញុំ​គ្រាន់​និយាយ​ថា​ ល្អ​!​ ណា៎​បរិយាកាស​ល្អ»

លោក​ អ៊ូ​ ច័ន្ទ​ឫទ្ធិ​ ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​ចូល​ទៅ​សួរ​ទុក​ សកម្មជន​ដែល​ជាប់​ឃុំទាំង​១៥​រូប​ផង​ដែរ​នោះ​ ក៏​មិន​បាន​ឆ្លើយសំណួរ​របស់​អ្នកកាសែត​អំពី​ការ​ប្រជុំ​នោះ​ដែរ។

ឆ្លើយ​ទៅ​នឹង​សំណួរ​របស់​ VOA ​ចំពោះ​លក្ខ​ខណ្ឌ​នយោបាយ​នៅ​ក្រោយ​ការ​ធ្វើ​ឲ្យ​មាន​ស្ថានភាព​ប្រក្រតី​នៃ​នយោបាយកម្ពុជា​នោះ​ ​អ្នក​តំណាង​រាស្ត្រ​រូប​នេះ​ បាន​បក​ស្រាយ​ថា៖​

«គ្មាន​លក្ខ​ខណ្ឌ​ទេ​ គឺ​បញ្ហា​បង្រួប​បង្រួម​ជាតិ​ ផ្សះ​ផ្សារ​ជាតិ​ ហើយ​យើង​ធ្វើ​ម៉េច​ ឲ្យ​មាន​ស្ថិរភាព​នយោបាយ។ ដូច្នេះ​អត់​មាន​លក្ខ​ខណ្ឌ​ទេ​ ​ក្នុង​ការ​ជជែក​គ្នា​ ដោះ​លែង​សកម្ម​ជន​គណបក្ស»

​លោក​បាន​បញ្ជាក់​បន្ថែម​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ បន្ត​ធ្វើ​ការ​ជាមួយ​គណបក្ស​កាន់​អំណាច​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយឱ្យ​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក និង​អគ្គ​លេខា​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ (គ.ជ.ប)​ ព្រមទាំង អ្នកស្រី​ទេព​ វន្នី​ ​សកម្មជន​ការពារ​ សិទ្ធិ​ដី​ធ្លី​នៅ​តំបន់​បឹង​កក់។​

ទោះ​បី​ជា​មាន​ការ​ប្រកែក​ថា​ ​មិន​មានការ​ដាក់លក្ខ​ខណ្ឌ​យ៉ាង​ណា​ក្តី​ ដំណើរ​ការ​ដោះស្រាយ​ភាព​ទាល់​ច្រក​នយោបាយ​របស់​កម្ពុជា​ ត្រូវ​គេ​ជឿ​ថា​ ​ជា​រឿយៗ​ ​ត្រូវ​បាន​ធ្វើ​ឡើង​ ​ដោយ​ការ​ដោះដូរ​ឬ​ជា​កិច្ច​ព្រមព្រៀង​ដែល​ផ្ដល់​ប្រយោជន៍​ដល់​គណបក្ស​ទាំងពីរ ទោះ​បី​ជាតិច​ឬ​ច្រើន។

ជាក់ស្ដែង​ ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​ ២០១៣​ ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​កៅអី​សម្រាប់​អ្នក​តំណាងរាស្ត្រ​ ​ស្ទើរតែ​ពាក់​កណ្ដាល​នៅ​រដ្ឋសភា។​

ក៏ប៉ុន្តែ ក្រុម​អ្នក​តំណាងរាស្ត្រនៃ​គណបក្ស​មួយ​នេះ ​មិន​បាន​បង្ហាញ ​ការ​ពេញចិត្ត​នឹង​លទ្ធផល​នេះ​ទេ​ ដោយ​ពួកគេ​យល់​ថា​ សន្លឹក​ឆ្នោត​ត្រូវ​បាន​គេ​លួច​បន្លំ។

ការ​មិន​ពេញ​ចិត្ត​នេះ​ បាន​នាំ​ឲ្យ​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ​ ដឹក​នាំ​មហា​បាតុកម្ម ដែល​ធ្វើ​ឲ្យ​មាន​ដំណើរ​រាំង​ស្ទះ​ ក្នុង​កិច្ច​ការ​នយោបាយ​របស់​ប្រទេស​ ជាពិសេស​ភាព​ស្រប​ច្បាប់​របស់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយគណបក្ស​ប្រជាជន​កម្ពុជា។​

នៅ​ពេល​ស្ថាន​ភាព​នយោបាយ​បាន​ជាប់​គាំង​ជាង​មួយ​ឆ្នាំ​នោះ​ ហិង្សា​មួយ​ក៏បាន​កើត​ឡើង​ចេញ​ពី​ការ​ធ្វើ​បាតុកម្ម​មួយ​ដែល​ធ្វើ​ឡើង ​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​កណ្ដាល​ខែ​កក្កដា​ ឆ្នាំ​ ​២០១៤។

អំពើ​ហិង្សា​នោះ​ បាន​បង្ក​ឲ្យ​កង​សន្តិសុខ​ខណ្ឌ​ដូន​ពេញ​ប្រមាណ​ជា ​៣៥​នាក់​ រង​របួស​ ​និង​មានការចាប់​ខ្លួន​ ហើយ​និង​បញ្ជូនអ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​មួយ​ចំនួន​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ។​
​ដើម្បី​រំដោះ​អ្នក​តំណាង​រាស្ត្រ​ទាំង​នោះ​មក​វិញ​ ​គណបក្ស​សង្គ្រោះ​ជាតិ ​ក៏​បាន​យល់​ព្រម​ចុះ​កិច្ចព្រៀងនយោបាយ​មួយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។

កិច្ច​ព្រមព្រៀង​រវាង​គណបក្ស​នយោបាយ​ទាំង​ពីរ​ដែល​បាន​ចុះ​កាល​ពី​ថ្ងៃ​ទី​២២​ខែ​កក្កដា​ឆ្នាំ២០១៤​ បាន​បញ្ជាក់​ថា ​គណបក្ស​ទាំង​ពីរ​ឯកភាព​គ្នា​ដើម្បី​កែ​ទម្រង់ការ​បោះ​ឆ្នោត​ ដោយ​រៀប​ចំស្ថាប័ន​បោះ​ឆ្នោត​ដោយ​ឯក​រាជ្យ។

កិច្ច​ព្រមព្រៀង​នោះ ក៏​បាន​បើក​ផ្លូវ​ឲ្យ​មាន​ការបែងចែក​គណៈកម្មការ​ជំនាញ​នៅ​រដ្ឋសភា​ និង​ការ​ជ្រើសរើស​លោក​ កឹម​ សុខា​ ជា​អនុ​ប្រធាន​ទី​មួយ​នៃ​រដ្ឋ​សភា។

នៅ​ខណៈ​ពេល​នៃ​ការ​សម្រេច​កិច្ចព្រមព្រៀង​នោះ​ ក៏​មាន​ការ​ចាប់​ខ្លួន​ឃុំ​ខ្លួន​ មន្ត្រី​ និង​សកម្ម​ជន​នយោបាយ​គណបក្ស​ប្រឆាំង​ចំនួន​ ១៥​រូប​ដែរ។

ក្រោយ​មក​ពួក​គេ​ត្រូវបាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ​ ​នៅ​ឆ្នាំ​ ​២០១៥​ ប៉ុន្តែ​ពួកគេ​ក៏​ត្រូវ​បាន​ចាប់​ឃុំខ្លួន​វិញ​ម្ដង​ទៀត​នៅ​ឆ្នាំ​២០១៥​ដដែល​នោះ​ដែរ គឺ​នៅ​ពេល​ដែល​ក្រុម​តំណាង​រាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ចាប់​ផ្ដើម​សើរើ​រឿង​ព្រំដែន​កម្ពុជា-វៀតណាមឡើងវិញ។​

លោក ​អ៊ូ វីរៈ​ ប្រធាន​វេទិកា​អនាគតដែល​ជា​មជ្ឈមណ្ឌល​សិក្សា​ស្រាវ​ជ្រាវ​គោល​នយោបាយ​ក្នុង​ស្រុក ប្រាប់​ VOA ​កាល​ពី​ថ្ងៃ​ពុធ​ថា​ ការ​ចុះ​ថមថយ​ស្ថានភាព​នយោបាយ​ម្ដង​ទៀត​នា​ពេល​នេះ​ គឺជា​លទ្ធផល​នៃ​ការ​ភ្ជាប់​កិច្ច​ព្រមព្រៀង​នយោបាយ​ជាក់​លាក់​ណាមួយ​ ដែល​អាចធ្វើ​ឲ្យ​គូរ​ប្រកួត​នយោបាយ​ទាំង​ពីរ​នេះ​ ​ ឈាន​ដល់​ចំណុច​រួម​មួយ។​ ​

​លោក​បានប្រាប់​ VOA បន្ថែម​នៅមុខ​ប៉ុស្តិ៍​របស់​ក្រុម​កងការពារ​សន្តិសុខ​នៃពន្ធនាគារ​ព្រៃ​ស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​ថា​ ​ដំណើរ​វិល​ចុះ​ឡើង​នៃ​វប្បធម៌​នយោបាយ​នេះ​ នឹង​មិន​ផ្ដល់​ផលចំណេញ​ច្រើន​ដល់​ប្រទេស​ជាតិ​នោះ​ឡើយ តែ​លោក​ថា​ នេះ​ជា​ឧបសគ្គ​របស់​អ្នក​នយោបាយ​ខ្មែរ។

«មិន​ចំណេញៗ​ ទាំង​ស្រុង​ទេ ក៏​ប៉ុន្តែ​ដូច​ខ្ញុំ​ថា​ អញ្ចឹង​ជា​ឧបសគ្គ​ ដែល​យើង​អាច ដែល​អាចឆ្លង​ផុត​គឺ​ជា​រឿង​មួយ​បង្ហាញ​ថា​ បន្ទាប់​ពី​យើង​ដួល​ហើយ​ យើង​ងើប​ឈរ​វិញ​ យើង​រឹង​ម៉ាំ​ រឹងប៉ឹង​ជាង​មុន​ហើយ​ ​យើង​រឹងមាំ​ជាង​មុន​ហើយ។ អា​ហ្នឹង​ជា​មេរៀន​ដូច​ក្មេង​មួយ​ដែល​កំពុង​រៀន​ដើរ​ អញ្ចឹង​ទៅ​ណា៎។ជាទូទៅ​ តែង​មុន​នឹង​ចេះ​រត់​ ទាល់​តែ​ដួល​ខ្លះ​អី​ខ្លះ​ហើយ​ ប៉ុន្តែនៅ​ពេល​ការ​ដួល​ណាមួយ​ ងើប​ឡើង​វិញ​រួច​ អា​ហ្នឹង​គឺ​ជា​សញ្ញា​ល្អ។​ ប៉ុន្តែ​បើ​ដួល​ហើយ​ ងើប​អត់​រួច​សោះ​ អា​ហ្នឹង​បាន​យ៉ាប់​មែន​ទែន»

​ទោះ​បី​ជា ​លោក​ កឹម​ សុខា​ មិន​ទម្លាយ​ឲ្យ​ដឹង​ពី​ការសន្ទនា​ជា​លក្ខណៈ​ជន​ជាមួយ​លោក​ នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នៅ​សភា​ក្ដី​ ពេលនេះ​ក្នុង​តួនាទី​ ជា​ប្រធាន​ក្រុម​មតិ​ភាគតិច​ នៅ​រដ្ឋសភា​ ​លោក កឹម សុខា បាន​ប្រាប់​ក្រុម​អ្នកតំណាង​រាស្ត្រ​ទាំងពីរ​គណបក្ស​នៅ​សភា​កាលពី​ថ្ងៃពុធ​ថា​ លោក​បាន​ឈាន​ដល់​ចំណុច​រួម​ខ្លះ​ៗជា​មួយលោក​នាយករដ្ឋមន្ត្រី។​

លោក​បាន​ថ្លែង​នៅមុន​ជំនួប​នោះ​យ៉ាង​ដូច្នេះ​ថា៖​

«ថ្ងៃ​នេះ​ ដូច​សម្ដេច​ ដួច​សម្តេច​នាយក​បាន​ ជម្រាប​ហើយ​ថា​ ការ​ដែល​វិល​មក​ចូលរួម​ក្នុង​រដ្ឋសភា​ ចាប់​ផ្ដើម​ឡើងវិញ​នេះ​ គឺ​ក្រោយ​អំពី​ ខ្ញុំ​បាន​ពិភាក្សា​កិច្ច​ការ​មួយ​ចំនួន​ពី​រឿង​បញ្ហា​ប្រទេស​ជាតិ​ ជា​មួយសម្ដេច​តេជោ​ នាយក​រដ្ឋមន្ត្រី​ ហើយ​យើង​បាន​រក​ឃើញ​នូវ​ចំណុច​រួម​ខ្លះៗ​ គឺ​ការ​រួបរួម​ជាតិឯក​ភាព​ជាតិ​ ដើម្បី​ឲ្យ​មាន​ស្ថិរភាព ​សន្តិ​ភាព​ និង​ការ​រីកចម្រើន​ របស់​ប្រទេស​ជាតិ​យើង​ និង​ប្រជា​ពល​រដ្ឋ​យើង»

​លោក ​ឡៅ​ ម៉ុង​ហៃ​ អ្នក​វិភាគ​នយោបាយ​ និង​ជា​អតីត​ទីប្រឹក្សា​លោក​ កឹម សុខា​ នៅ​រដ្ឋសភា​បាន​មើល​ឃើញ​ថា​ ការ​វិវត្តន៍​ស្ថាន​ការណ៍នយោបាយ​ចុង​ក្រោយនេះ​ គឺ​មាន​ភាព​វិជ្ជមាន​ តែ​ក៏​មិន​ខុស​ពី​ពេល​មុនៗ​ដែរ។

លោក​មិន​បាន​ថ្លែង​បញ្ជាក់​ថា​ មាន​ការ​ដាក់​លក្ខខណ្ឌ​នយោបាយ​រវាង​គណបក្ស​ទាំង​ពីរ​ឬ​យ៉ាង​ណា​នោះ​ទេ​ តែ​លោក​យល់ថា​ ការ​សម្រុះសម្រួល​នយោបាយ​ ឈាន​ដល់​ការ​និយាយ​គ្នា​ស្ងាត់ៗ​រវាង​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ និង​លោក​ កឹម សុខា​ អាចជា​ការ​រង​សំពាធ​ពី​សហគមន៍​អន្តរជាតិ​ ដូចជា​សហភាព​អឺរ៉ុប​ជាដើម។

លោក​និយាយ​ថា​វា​មាន​ការពិបាក​ដើម្បី​ទស្សន៍ទាយ​ថា​តើ​អ្នក​ណា​មាន​ល្បិច​អ្វី​ខ្លះនៅក្នុង​នយោបាយ​កម្ពុជា ក្រោយ​ការ​ស្រុះស្រួល​គ្នា​នេះ៕​







3 comments:

  1. Anonymous2:56 AM

    Traitor Hun Sen's tongue overrules the
    country's Constitution; and slave Hun
    is ruled by his Hanoi Masters.

    ReplyDelete
  2. Anonymous4:56 AM

    Can Scam Rainsy ordered this deputy Kem Sokha to make any official statement on CNRP's behalf? Or Mr. Hun Sen has Kem Sokha completely wrapped around his finger?

    ReplyDelete
  3. Anonymous6:35 AM

    Aw, Kem Sokha is smiling a lot lately.

    ReplyDelete