អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ទេព នីថា ថ្លែងក្នុងសន្និសីទសារព័ត៌មាន ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦។ RFA/Brach Chev |
គ.ជ.ប. លុបឈ្មោះ ខុស ប្រក្រតី ជាង ៨ពាន់ នាក់ ចេញ ពីបញ្ជីឈ្មោះ បោះឆ្នោតថ្មី
RFA / វិទ្យុ អាស៊ី សេរី | ២៨ ធ្នូ ២០១៦
ក្រុមមន្ត្រី គ.ជ.ប ពន្យល់ថា ករណីខុសឈ្មោះ និងឈ្មោះស្ទួននេះ អាចមកពីបញ្ហាបច្ចេកទេស និងភាពខ្វះចន្លោះរបស់មន្ត្រីបច្ចេកទេស គ.ជ.ប.។
អគ្គលេខាធិការនៃ គ.ជ.ប លោក ទេព នីថា ថាការបង្ហាញបញ្ជីឈ្មោះមានបញ្ហានៅពេលនេះ ជាដំណាក់កាលទី២ ដែល គ.ជ.ប ត្រូវសម្អាតឈ្មោះដែលមានបញ្ហាទាំងនេះ ដើម្បីយកទៅបញ្ចូលទៅក្នុងបញ្ជីឈ្មោះបោះឆ្នោតផ្លូវការ៖ «ចឹងតែមានការច្របូកច្របល់គ្នា តែលើកនេះយើងចុះថ្មីទាំងស្រុង។ ចឹងទេ ពលរដ្ឋមួយគ្រួសារៗមានឈ្មោះនៅក្នុងបញ្ជីឈ្មោះបោះឆ្នោតតែមួយនៅក្នុងភូមិ។ ចឹងទេមិនមានបញ្ហាទេ ហើយគ្រួសារនីមួយៗអាចឲ្យប្ដី ប្រពន្ធ ឬកូនដែលគាត់ចេះអក្សរ គាត់មើលទៅក្នុងករណីមានបញ្ហាអី គាត់អាចប្ដឹងតវ៉ា។»
លោកឲ្យដឹងទៀតថា គ.ជ.ប នឹងពិភាក្សាគ្នាម្ដងទៀតនៅថ្ងៃទី៣០ ធ្នូ មុននឹងសម្រេចថា តើគួរតែទុក ឬលុបឈ្មោះទាំងនេះចេញពីបញ្ជីឈ្មោះបោះឆ្នោត។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថ្ងៃទី២៨ ខែធ្នូ ក្រុមមន្ត្រី គ.ជ.ប ប្រកាសថា នឹងបិទផ្សាយឈ្មោះពលរដ្ឋដែលបានចុះឈ្មោះនៅតាមការិយាល័យចុះឈ្មោះឃុំ-សង្កាត់ទូទាំងប្រទេស ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧។ រយៈពេល ១០ថ្ងៃនេះ ដើម្បីឲ្យពលរដ្ឋពិនិត្យឈ្មោះរបស់ខ្លួន ក្នុងករណីមានភាពមិនប្រក្រតី ខុសឈ្មោះ ឬបាត់ឈ្មោះ។ ពួកគេអាចប្ដឹងដំបូងទៅក្រុមប្រឹក្សាឃុំ-សង្កាត់។ ក្នុងករណីមិនអាចដោះស្រាយបាន ពលរដ្ឋអាចប្ដឹងមក គ.ជ.ប និងចុងក្រោយប្ដឹងមកក្រុមប្រឹក្សាធម្មនុញ្ញ។
ស្ថាប័នបោះឆ្នោតថ្មីដែលកើតចេញពីការព្រមព្រៀងគ្នារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ទទួលបានការពេញចិត្ត និងកោតសរសើរពីប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី។
ទាក់ទងដំណើរការនេះដែរ ប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោត និងនីតិកម្មនៃគណបក្សសង្គ្រោះជាតិ អ្នកស្រី ម៉េង សុភារី ឲ្យដឹងថា គណបក្សសង្គ្រោះជាតិ មានគម្រោងប្ដឹងជំទាស់ជនជាតិវៀតណាម ប្រមាណ ៥.០០០នាក់ដែលគណបក្សនេះរកឃើញថា ពួកគេគ្មានលក្ខខណ្ឌគ្រប់គ្រាន់អាចចុះឈ្មោះបោះឆ្នោត ប៉ុន្តែបែរជាមានឈ្មោះក្នុងបញ្ជីឈ្មោះ។ អ្នកស្រីបញ្ជាក់ថា ក្នុងចំណោមនោះ នៅភ្នំពេញប្រមាណ ៣.០០០នាក់ និងខេត្តស្វាយរៀង ជិត ៩០០នាក់ និងខេត្តផ្សេងៗទៀត៖ «យើងឃើញថាជនទាំងអស់នោះគាត់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប៉ុន្តែយើងកត់សម្គាល់ឃើញថា អត្តសញ្ញាណប័ណ្ណរបស់គាត់ហ្នឹង ថាតើគាត់បានមកដោយត្រឹមត្រូវស្របច្បាប់ដែរឬយ៉ាងណា? ភាគច្រើនយើងមានភ្នាក់ងារសង្កេតការណ៍នយោបាយនៅតាមមូលដ្ឋាន។ ដូច្នេះគាត់អាចដឹងថា ពលរដ្ឋហ្នឹងជាពលរដ្ឋមានសញ្ជាតិខ្មែរគិតពិតប្រាកដគាត់អាចដឹង។»
គិតមកទល់ពេលនេះ គ.ជ.ប ទទួលបានបញ្ជីឈ្មោះបណ្ដោះអាសន្នជាង ៧លាន ៨សែននាក់ (៧.៨៧៥.៥១២នាក់) ដែលចំនួននេះរាប់បញ្ចូលទាំងបញ្ជីជាង ២ពាន់នាក់ដែលមានបញ្ហាដោយប្រព័ន្ធអ៊ីនធឺណិត ម៉ាស៊ីនកុំព្យូទ័រមានបញ្ហា (Error) កាលពីថ្មីៗនេះ បញ្ជីឈ្មោះដំបូងនេះ នឹងត្រូវបិទផ្សាយចាប់ពីទី៣ ដល់ថ្ងៃទី១៤ ខែមករា។ ចំនួននេះស្មើ ៨១,៤៧% នៃអ្នកមានសិទ្ធិបោះឆ្នោតសរុបជាង ៩,៦លាននាក់។ គ.ជ.ប នឹងបង្ហាញបញ្ជីផ្លូវការរបស់ខ្លួននៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧។
សមាជិក គ.ជ.ប លោក ហ៊ីង ធីឫទ្ធិ អំពាវនាវឲ្យពលរដ្ឋទៅពិនិត្យឈ្មោះរបស់ខ្លួនក្នុងរយៈពេលបិទផ្សាយបញ្ជីឈ្មោះបោះឆ្នោតដំបូងរបស់ គ.ជ.ប នឹងប្រព្រឹត្តទៅគ្រប់ឃុំ-សង្កាត់ទូទាំងប្រទេស ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ ខាងមុខនេះ៕
No comments:
Post a Comment