Paris Peace Accords 23 Oct. 1991

Sunday, December 18, 2016

បក្ស​នយោបាយ ​មាន​សំឡេង ​ក្នុង​សភា​ ចាប់​ផ្ដើម​ អួតអាង ​ពី​ជ័យជម្នះ ​ក្នុង​ការ​ បោះ​ឆ្នោត | Political parties represented in NatAss begin predicting election victory

​ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន (ឆ្វេង) និង​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី។
ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន (ឆ្វេង) និង​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី។ RFA

បក្ស​នយោបាយ ​មាន​សំឡេង ​ក្នុង​សភា​ ចាប់​ផ្ដើម​ អួតអាង ​ពី​ជ័យជម្នះ ​ក្នុង​ការ​ បោះ​ឆ្នោត

RFA / វិទ្យុ អាស៊ី សេរី | ១៧ ធ្នូ ២០១៦


ប្រមុខ ​គណបក្ស​ មាន​សំឡេង​ឆ្នោត​ ទាំង​ពីរ​ នៅ​ក្នុង​សភា អួតអាង បង្ហាញ ​វោហារសាស្ត្រ​ នយោបាយ​ ថា, គណបក្ស​ របស់​ខ្លួន​ នឹង​យក​ ជ័យជំនះ ​ក្នុង​ការ​ បោះ​ឆ្នោត ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ខាង​មុន​នេះ។  ចំណែក ​ក្រុម​អ្នក ​ឃ្លាំមើល​ ស្ថានការណ៍​ នយោបាយ​ វិញ ចង់​ឃើញ​ គណបក្ស​ ទាំង​ពីរ ​ព្យាយាម​ ដោះស្រាយ ​បញ្ហា​ជាតិ ដោះស្រាយ​ បញ្ហា​ពលរដ្ឋ ជា​ជាង​ ការ​អួតអាង​គ្នា។


រដូវ​កាល​អួតអាង​ពី​ជ័យជម្នះ​របស់​គណបក្ស​ខ្លួន ត្រូវ​បាន​ប្រមុខ​គណបក្ស​នយោបាយ​មាន​សំឡេង​ក្នុង​សភា គឺ​លោក ហេង សំរិន និង​លោក សម រង្ស៊ី បង្ហាញ​ក្ដី​រំពឹង​ក្នុង​ការ​គ្រប់គ្រង​ឃុំ-​សង្កាត់ និង​កៅអី​នៅ​ក្នុង​សភា បាន​ច្រើន​លើស​គូប្រកួត​រៀងៗ​ខ្លួន។

​ថ្លែង​ប្រាប់​សមាជិក​បក្ស​ប្រមាណ ២​ពាន់​នាក់ ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា លោក ហេង សំរិន រំពឹង​ថា ពលរដ្ឋ​កម្ពុជា នឹង​ផ្ដល់​សច្ចធម៌​មក​គណបក្ស​ប្រជាជន ដោយ​ការ​បោះឆ្នោត​ឲ្យ​គណបក្ស​មួយ​នេះ​បន្ត​ដឹកនាំ​ប្រទេស ទាំង​ថ្នាក់​ជាតិ និង​ក្រោម​ជាតិ។

លោក ហេង សំរិន ថ្លែង​បែប​នេះ​ក្នុង​សន្និបាត​គណៈកម្មាធិការ​កណ្ដាល​លើក​ទី​៤០ របស់​គណបក្ស​ប្រជាជន​កម្ពុជា ថ្ងៃ​ទី​១៧ ខែ​ធ្នូ។
​មិន​ខុស​គ្នា​ពី​លោក ហេង សំរិន ប្រធាន​គណបក្ស​ប្រឆាំង​កំពុង​និរទេស​ខ្លួន​ក្រៅ​ប្រទេស លោក សម រង្ស៊ី បាន​ផ្ដល់​បទសម្ភាសន៍​មក​វិទ្យុ​អាស៊ីសេរី កាល​ពី​រាត្រី​ទី​១៥ ខែ​ធ្នូ ថា ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០១៧ គណបក្ស​របស់​លោក​នឹង​គ្រប់គ្រង​ឃុំ​សង្កាត់​ជាង ៥០​ភាគរយ នៃ​ឃុំ​សង្កាត់​ទូទាំង​ប្រទេស។ លើស​ពី​នេះ​ទៅ​ទៀត លោក សម រង្ស៊ី ថា, តួនាទី​ប្រធាន​ព្រឹទ្ធ​សភា​នឹង​ត្រូវ​គ្រប់គ្រង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​លទ្ធផល​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​គណបក្ស​របស់​លោក​ឆ្ពោះ​ទៅ​ការ​ដឹកនាំ​ប្រទេស​ក្នុង​ឆ្នាំ​២០១៨។

​តែ​ទោះ​យ៉ាង​នេះ​ក្ដី សម្រាប់​អ្នក​ឃ្លាំមើល​ស្ថានការណ៍​នយោបាយ​យល់​ថា វោហារសាស្ត្រ​នយោបាយ​បែប​នេះ មិន​មែន​ជា​រឿង​ប្លែក​នោះ​ទេ។

អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី យល់​ថា ក្រៅ​ពី​ការ​អួតអាង​នៃ​ជ័យជម្នះ​រៀងៗ​ខ្លួន គណបក្ស​ទាំង​ពីរ​ត្រូវ​ព្យាបាល​ជំងឺ​បី​មុខ​ឲ្យ​ជា​សះ​ស្បើយ គឺ​ជំងឺ​បក្សពួកនិយម គ្រួសារ​និយម ពុករលួយ និង​ជំងឺ​រិះគន់​មិន​បាន។

ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នឹង​ប្រព្រឹត្ត​នៅ​ដើម​ខែ​មិថុនា ឆ្នាំ​២០១៧ ខាង​មុខ។ នៅ​ពេល​នេះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ចាប់​ផ្ដើម​ប្រមូល​ឈ្មោះ​បេក្ខភាព​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ដែល​មាន​ទាំង​បេក្ខជន​ពេញ​សិទ្ធិ និង​បេក្ខជន​បម្រុង​រាប់​ម៉ឺន​នាក់​ដើម្បី​បញ្ជូន​ឈ្មោះ​ទៅ គ.ជ.ប.។

ទាក់ទង​រឿង​នេះ​ដែរ អ្នក​វិភាគ​នយោបាយ លោក សូ ចន្ថា មាន​ប្រសាសន៍​ថា គណបក្ស​ដែល​អាច​ទទួល​សំឡេង​ឆ្នោត​ពី​ពលរដ្ឋ​បាន​ច្រើន គឺ​ជា​គណបក្ស​ដែល​មាន​គោលនយោបាយ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ ដែល​មាន​ផែនការ និង​កម្មវិធី​ជាក់លាក់។  លោក​សង្កេត​ឃើញ​ថា បញ្ហា​ច្រើន​ណាស់​របស់​ពលរដ្ឋ​មិន​ទាន់​បាន​ដោះស្រាយ ដូចជា កង្វះ​មធ្យោបាយ​កសិកម្ម កង្វះ​ទីផ្សារ កង្វះ​ប្រឡាយ ឬ​មាន​ប្រឡាយ​គ្មាន​ទឹក។ ជាង​នេះ​ទៅ​ទៀត លោក​យល់​ថា ការ​ដាក់​បេក្ខភាព​ដែល​មាន​សមត្ថភាព ក៏​ជា​ចំណុច​ទាក់ទាញ​ដែរ។

ក្រុម​អ្នក​វិភាគ​យល់​ថា នៅ​ពេល​ស្ថានការណ៍​ចាប់​ផ្ដើម​ល្អ​ឡើង​វិញ ក្រោយ​ពេល​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ងាក​មក​ចរចា​គ្នា នឹង​ធ្វើ​ឲ្យ​ស្ថានការណ៍​បោះឆ្នោត​ខាង​មុខ​កាន់​តែ​ល្អ​ប្រសើរ ដែល​ជា​ការ​ទុក​ឱកាស​ឲ្យ​គណបក្ស​ទាំង​ពីរ និង​គណបក្ស​ផ្សេងៗ​ទៀត បង្ហាញ​ស្នាដៃ​ឲ្យ​ពលរដ្ឋ​ម្ចាស់​ឆ្នោត​បាន​ឃើញ៕

1 comment:

  1. Anonymous9:32 AM

    I predict Kem Sokha will kick Scam Rainsy to the curb by 2018 election.

    ReplyDelete