Paris Peace Accords 23 Oct. 1991

Thursday, December 29, 2016

[Vietnamization] លោក សម រង្ស៊ី ជាប់​បណ្ដឹង​ សរុប ​នៅ​តុលាការ​ ចំនួន ​៥​ករណី | Sam Rainsy entangled in 5 court cases

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នា​ការិយាល័យ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៦។
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នា​ការិយាល័យ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៦។

លោក សម រង្ស៊ី ជាប់​បណ្ដឹង​ សរុប ​នៅ​តុលាការ​ ចំនួន ​៥​ករណី

RFA / វិទ្យុ អាស៊ី សេរី | ២៨ ធ្នូ ២០១៦


រហូត​ មក​ដល់​ ពេល​នេះ, ប្រធាន​ គណបក្ស​ សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​ត្រូវ​ បាន​រដ្ឋាភិបាល​ ហាម​ មិន​ឲ្យ វិល​ចូល​ស្រុក កំពុង​ ជាប់​បណ្ដឹង ​សរុប​ នៅ​ក្នុង​តុលាការ​ ចំនួន ៥​ករណី។

បណ្ដឹង​ទាំងនោះ ​រួម​មាន៖ បណ្ដឹង​ បរិហារ​កេរ្តិ៍​ លោក ហោ ណាំហុង កាល​ពី​ថ្ងៃ​ ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា មាន​ឯកសារ​ផ្ទៃ​ក្នុង​ពី​ស្ថានទូត​សហរដ្ឋ​អាមេរិក ប្រចាំ​ប្រទេស​កម្ពុជា ដែល​ទើប​តែ​បាន​បញ្ចេញ​ជា​សាធារណៈ ហើយ​មាន​ខ្លឹមសារ​ថា «លោក ហោ ណាំហុង បាន​វិល​មក​ប្រទេស​កម្ពុជា វិញ បន្ទាប់​ពី​ពួក​ខ្មែរ​ក្រហម​ឡើង​កាន់​អំណាច ហើយ​គាត់​រួច​ពី​ការ​ស្លាប់ ព្រោះ​គាត់​ធ្លាប់​រៀន​សូត្រ​ជាមួយ អៀង សារី។ គាត់​បាន​ក្លាយ​ទៅ​ជា​មេ​ជំរំ (ឬ​គុក) បឹងត្របែក ហើយ​គាត់​ព្រម​ទាំង​ភរិយា​គាត់ បាន​សហការ​ជាមួយ​ពួក​ខ្មែរ​ក្រហម​ក្នុង​ការ​សម្លាប់​មនុស្ស​ជាច្រើន ដែល​ជាប់​ឃុំឃាំង​នៅ​ទី​នោះ»

បណ្ដឹង​ ទី​២ ពី​បទ​បរិហារ​កេរ្តិ៍ លោក ហេង សំរិន។  កាល​ពី​ថ្ងៃ​ ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៦ លោក រស់ ពិសិដ្ឋ ចៅក្រម​ជំនុំ​ជម្រះ បាន​សម្រេច​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់​លើ​លោក សម រង្ស៉ី ចំនួន ១០​លាន​រៀល​ចូល​ថវិកា​រដ្ឋ និង​សង​សំណង​ជំងឺ​ចិត្ត​ដល់​លោក ហេង សំរិន ចំនួន ១៥០​លាន​រៀល​ពី​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ តាម​មាត្រា​៣០៥ នៃ​ក្រម​ព្រហ្មទណ្ឌ។


ការ​សម្រេច​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក សម រង្ស៉ី បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក ដោយ​ចោទ​លោក ហេង សំរិន ថា​ជា​អ្នក​កាត់​ទោស​សម្ដេច សីហនុ ក្បត់​ជាតិ កាល​ពី​ជំនាន់​លោក ហេង សំរិន ជា​ប្រធាន​រដ្ឋ។

សំណុំ​រឿង​ ទី​៣ គឺ​ ទាក់ទង​បណ្ដឹង ​បរិហារ​កេរ្តិ៍​ ពាក់ព័ន្ធ​ ការ​ចោទ​ប្រកាន់​ ថា លោក ហ៊ុន សែន បាន​ទិញ​ ចំនួន​ឡៃ (Like) ហ្វេសប៊ុក​ ពី​បរទេស។

កាល​ពី​ថ្ងៃ​ ទី​១០ ខែ​មីនា ឆ្នាំ​២០១៦ លោក សោម សឿន សមាជិក​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្ដឹង​លោក សម រង្ស៊ី ថា​បាន​បង្ហោះ​អត្ថបទ​ដែល​មាន​ខ្លឹមសារ​មួលបង្កាច់​ខុស​ពី​ការ​ពិត ដែល​ថា​រូប​លោក​បាន​ណែនាំ​ដល់​មន្ត្រី​របស់​ខ្លួន អ្នក​គាំទ្រ និង​បណ្ដាញ រួម​ទាំង​មន្ត្រី​រាជការ​ស៊ីវិល ប៉ូលិស ទាហាន ដើម្បី​បង្កើត​គណនី​ហ្វេសប៊ុក​ក្លែងក្លាយ ក្នុង​គោល​បំណង​ផ្តល់​ការ​ចូល​ចិត្ត (Like) សិប្បនិម្មិត​ដល់​ទំព័រ​ហ្វេសប៊ុក​លោក ហ៊ុន សែន។ លោក សោម សឿន ទាមទារ​តុលាការ​ឲ្យ​ផ្ដន្ទាទោស​លោក សម រង្ស៊ី តាម​ច្បាប់ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ពី​លោក សម រង្ស៊ី ចំនួន ២០​លាន​រៀល ដែល​ស្មើ​ប្រមាណ ៥​ពាន់​ដុល្លារ​ អាមេរិក។

កាល​ពី​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០១៦ លោក​ ក៏​រង​បណ្ដឹង​ មួយ​ទៀត គឺ​បរិហារ​កេរ្តិ៍​ លោក​ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ករណី​ ឃាតកម្ម​ លោក​បណ្ឌិត កែម ឡី

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដាក់​ពាក្យ​បណ្ដឹង​ពីរ​ដាច់​ដោយឡែក​ពី​គ្នា ប្ដឹង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស សម រង្ស៊ី អ្នកស្រី ថាក់ ឡានី ទាក់ទង​នឹង​ការ​ចោទ​ថា រូប​លោក និង​រដ្ឋាភិបាល​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តំណាង​ដោយ​មេធាវី​រដ្ឋាភិបាល លោក គី តិច ប្ដឹង​សុំ​ឲ្យ​តុលាការ​ផ្ដន្ទាទោស​លោក សម រង្ស៊ី និង​អ្នកស្រី ថាក់ ឡានី តាម​ផ្លូវ​ច្បាប់ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ក្នុង​ម្នាក់​ចំនួន ១០០​រៀល។


រីឯ ​បណ្ដឹង ទី​៥ នោះ គឺ​ ពាក់ព័ន្ធ​ លោក ហុង សុខហួរ រឿង​បង្ហោះ​ផែនទី។ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​ធ្នូ លោក សម រង្ស៊ី និង​ជំនួយការ​ពីរ​នាក់​ទៀត ត្រូវ​បាន​តុលាការ​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ ៥​ឆ្នាំ ក្នុង​បទ​ចោទ​ប្រកាន់ ៣​បទល្មើស គឺ​សម​គំនិត​ក្នុង​អំពើ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម៕

No comments:

Post a Comment