[Background / related]
...
ផែនទីខេត្តត្បូងឃ្មុំ / RFA |
ពលរដ្ឋ ខេត្តត្បូងឃ្មុំ ប្រតិកម្ម នឹងគម្រោង យកដីវត្ត ទៅសង់ ទីស្នាក់ការ បក្ស ប្រជាជន កម្ពុជា
RFA / វិទ្យុ អាស៊ី សេរី | ១ ធ្នូ ២០១៦
ប្រជាពលរដ្ឋ អនុប្រធានគណៈកម្មការវត្តត្រពាំងព្រីង ស្នើឲ្យអាជ្ញាធររក្សាទុកចំណែកដីរបស់វត្តដែលបម្រុងនឹងយកទៅកសាងស្នាក់ការគណបក្សប្រជាជនកម្ពុជា ឲ្យនៅជារបស់វត្តដដែល។
ការស្នើសុំនេះ ពីព្រោះពួកគេយល់ថា ប្រសិនបើទុកជាសម្បត្តិវត្ត ឬសម្បត្តិសាធារណៈ គឺមានប្រយោជន៍ច្រើនដល់មនុស្សទូទៅ ល្អជាងក្លាយជាសម្បត្តិរបស់គណបក្សនយោបាយណាមួយ។
ពលរដ្ឋនៅឃុំត្រពាំងព្រីង មួយរូប លោក ឆាយ សំបូរ ឲ្យដឹងថា ប្រសិនបើដីរបស់វត្តក្លាយជាកម្មសិទ្ធិក្រុមមួយ ឬបក្សមួយ គឺមិនបានផលចំណេញដល់ប្រជាពលរដ្ឋទេ ផ្ទុយទៅវិញ គឺវាកាន់តែធ្វើឲ្យដីវត្តកាន់តែរួញតូច ហើយអ្នកភូមិកាន់តែខាតបង់ជាមិនខាន៖ «គ្មានសុទ្ធសាធ គ្មានចំណេញអីទេលោកគ្រូ! ព្រោះរបស់សាធារណៈយើងមិនអាចដកហូតយកទៅបម្រើបុគ្គលណាម្នាក់ ឬបក្សណាមួយទេ។»
ដីបរិវេណវត្តវណ្ណៈគិរីសេដ្ឋា ហៅវត្តត្រពាំងព្រីង ស្ថិតនៅភូមិត្រពាំងព្រីង ឃុំត្រពាំងព្រីង ដែលមានទំហំសរុបជាង ១០ហិកតារ។ ដោយឡែកទំហំដីដែលខាងមន្ត្រីគណបក្សប្រជាជនកម្ពុជា នៅក្នុងឃុំចង់យកធ្វើស្នាក់ការគណបក្សរបស់ខ្លួន គឺមានទំហំទទឹង ៣០ម៉ែត្រ និងបណ្តោយប្រវែង ៥០ម៉ែត្រ។
អនុប្រធាន គណៈកម្មការ វត្តត្រពាំងព្រីង លោក កន រី មានប្រសាសន៍ថា បញ្ហាដីធ្លីនេះ សមាជិកគណៈកម្មការវត្តខ្លះ ព្រមទាំងពលរដ្ឋទើបតែដឹងកាលពីពាក់កណ្ដាលខែវិច្ឆិកា កន្លងទៅ។ លោកបន្ថែមថា មន្ត្រីគណបក្សប្រជាជនកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាឃុំ អះអាងថា ចំណែកដីរបស់វត្តដែលបម្រុងកសាងស្នាក់ការគណបក្សរបស់ខ្លួននោះ គឺប្រធានគណៈកម្មការវត្ត ព្រមទាំងចៅអធិការវត្ត បានយល់ព្រមប្រគល់ឲ្យពួកគេ ស្របពេលពួកលោកមិនបានដឹងឡើយ៖ «គណបក្សប្រជាជន នៅតែទាមទារយកទៅធ្វើស្នាក់ការ គឺប៉ះទង្គិចគ្នាច្រើនណាស់ ព្រោះប្រជាពលរដ្ឋខ្ញុំចង់ថា ៩០ភាគរយហើយដែលគេមិនអនុញ្ញាត ដែលគេមិនយល់ព្រម។»
លោកនៅតែស្នើឲ្យរក្សាទុកដីនោះជាសម្បត្តិសាធារណៈដដែល ជៀសវាងធ្លាក់ទៅលើដៃក្រុមណាមួយ ឬបក្សណាមួយ ដែលមិនបានបម្រើប្រយោជន៍ដល់អ្នកភូមិសោះនោះ។
ទាក់ទងបញ្ហានេះ មេឃុំត្រពាំងព្រីង លោក មុំ សាប៊ុន មានប្រសាសន៍ថា កិច្ចប្រជុំរវាងអាជ្ញាធរ គណៈកម្មការវត្ត ព្រមទាំងប្រជាពលរដ្ឋនៅភូមិត្រពាំងព្រីង កាលពីយប់ថ្ងៃទី៣០ វិច្ឆិកា គឺមានភាពចម្រូងចម្រាសច្រើន ហើយពួកលោកក៏ដកឃ្លាដើម្បីគិតពិចារណាឡើងវិញ។ លោកបន្តថា បញ្ហានេះមិនទាន់សម្រេចយ៉ាងណាទេ ប៉ុន្តែដីដែលមានវិវាទ គឺចៅអធិការវត្ត និងគណៈកម្មការវត្តបានប្រគល់ឲ្យមន្ត្រីគណបក្សប្រជាជនកម្ពុជា កាលពីពេលកន្លងទៅ។ យ៉ាងនេះក្តី លោកបញ្ជាក់ថា ការដោះស្រាយនឹងផ្អែកទៅលើស្ថានភាពជាក់ស្តែង ប្រសិនបើមានការជំទាស់ពីពលរដ្ឋច្រើន ខាងលោកនឹងមិនប៉ះពាល់ឡើយ៖ «អត់អីទេលោកគ្រូ! ចាំមើលខ្ញុំពិគ្រោះពិចារណាគ្នារកនីតិវិធីដោះស្រាយ។»
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តត្បូងឃ្មុំ លោក នាង សុវ៉ាត បញ្ជាក់ថា ដីរបស់វត្ត គឺគេចាត់ទុកថាជាដីសាធារណៈរបស់រដ្ឋ ដោយមិនអាចមានបុគ្គលណាម្នាក់លក់ដូរ ឬចាត់ចែងបានទេ។ លោកបញ្ជាក់ថា គណៈកម្មការវត្តក្តី ឬចៅអធិការវត្តក្តី គឺមានសិទ្ធិត្រឹមគ្រប់គ្រង និងអាស្រ័យផល ឬកសាងអ្វីមួយ ប៉ុន្តែពួកគេមិនអាចចាត់ចែងឲ្យទៅក្រុមណាមួយបានទេ ពីព្រោះជាការរំលោភច្បាប់ធ្ងន់ធ្ងរ៖ «គេបោះឆ្នោតឲ្យគាត់ធ្វើគណៈកម្មការ គេលើកគាត់ឲ្យធ្វើចៅអធិការវត្ត មានសិទ្ធិចាត់ចែងដី អត់ទេៗៗៗ កុំច្រឡំឲ្យសោះ ហើយបើហ៊ានធ្វើមានទោស។»
លោកនៅតែអះអាងថា ដីសាធារណៈរបស់រដ្ឋ គឺគ្មានអាជ្ញាយុកាល ហើយក៏គ្មានបុគ្គលណាអាចចាត់ចែងបានដែរ។ ការចាត់ចែងដីទាំងនោះបាន លុះណាវាលែងបម្រើប្រយោជន៍ដល់សាធារណជនទូទៅ៕
No comments:
Post a Comment