Paris Peace Accords 23 Oct. 1991

Sunday, January 15, 2017

បក្ស​ទាំង​ពីរ​ ផ្ញើ​លិខិត​ ដាក់​ របៀបវារៈ ​នៃ​ការ​ ចរចា​គ្នា | Both parties send agenda for negotiation

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង (ឆ្វេង) ចាប់​ដៃ​ជាមួយ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មុន​អ្នក​នាំ​ពាក្យ​បក្ស​ទាំង​២ ធ្វើ​សន្និសីទ​កាសែត​ស្ដីពី​លទ្ធផល​នៃ​ជំនួប​នៅ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៦ នា​វិមាន​រដ្ឋ​សភា។
រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង (ឆ្វេង) ចាប់​ដៃ​ជាមួយ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មុន​អ្នក​នាំ​ពាក្យ​បក្ស​ទាំង​២ ធ្វើ​សន្និសីទ​កាសែត​ស្ដីពី​លទ្ធផល​នៃ​ជំនួប​នៅ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៦ នា​វិមាន​រដ្ឋ​សភា។
RFA/Rann Samnang                       

បក្ស​ទាំង​ពីរ​ ផ្ញើ​លិខិត​ ដាក់​ របៀបវារៈ ​នៃ​ការ​ ចរចា​គ្នា

RFA / វិទ្យុ អាស៊ី សេរី | ១៤ មករា ២០១៧


គណបក្ស​ ប្រជាជន​ កម្ពុជា និង​គណបក្ស​ សង្គ្រោះ​ជាតិ បាន​ផ្ញើ​ លិខិត​ ឆ្លើយឆ្លង ​កំណត់​ ពី​របៀបវារៈ នៃ​ការ​ចរចា ដែល​លិខិត​នេះ​ ធ្វើ​ឡើង​ តាម​រយៈ ​រដ្ឋ​សភា ជជែក​ អំពី​ តួនាទី, ការងារ,  និង​សិទ្ធិ​អំណាច ​របស់ ប្រធាន ​ក្រុម​ភាគ​តិច, ប្រធាន ​ក្រុម​ភាគ​ច្រើន​ នៅ​ក្នុង​សភា និង​សភាពការណ៍​ មុន​ការ​ បោះ​ឆ្នោត។  អ្នក​វិភាគ​ យល់​ថា, របៀបវារៈ​ ដែល​គណបក្ស​ ទាំង​ពីរ​ លើក​ឡើង នឹង​អាច​ ធ្វើ​ឲ្យ​ គណបក្ស​ ជួប​ចរចា​គ្នា​ នៅ​ពេល​ ខាង​មុខ។


ការ​ឆ្លើយឆ្លង​គ្នា​ របស់​ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ តាម​រយៈ​លិខិត​នេះ ធ្វើ​ឡើង​ពីរ​ថ្ងៃ​ជាប់​គ្នា ចាប់​តាំង​ពី​ថ្ងៃ​សុក្រ ទី​១៣ និង​ថ្ងៃ​សៅរ៍ ទី​១៤ ខែ​មករា។ អ្នកនាំពាក្យ​រដ្ឋ​សភា លោក ឡេង ប៉េងឡុង ថ្លែង​ថា គណបក្ស​ទាំង​ពីរ​ឆ្លើយឆ្លង​លិខិត​គ្នា​ទៅ​វិញ​ទៅ​មក។ លិខិត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ចុះ​ហត្ថលេខា​ដោយ​លោក ស ខេង កំណត់​របៀបវារៈ​នៃ​ការ​ចរចា និយាយ​ពី​តួនាទី ការងារ និង​សិទ្ធិ​អំណាច​របស់​ប្រធាន​ក្រុម​ភាគតិច និង​ប្រធាន​ក្រុម​ភាគ​ច្រើន​នៅ​ក្នុង​សភា។

ចំណែក​លិខិត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចុះ​ហត្ថលេខា​ដោយ​លោក កឹម សុខា ស្នើ​ការ​ចរចា​និយាយ​បន្ថែម​ពីរ​ចំណុច​ទៀត គឺ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​តំណាងរាស្ត្រ​ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​អាច​បោះឆ្នោត​បាន និង​ចំណុច​មួយ​ទៀត ស្នើ​ជជែក​ទាក់ទង​សភាពការណ៍​មុន​ការ​បោះ​ឆ្នោត។

លោក​បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ ស្នើ ​ឲ្យ​មាន​ ការ​ចរចា​គ្នា​ ធ្វើ​ឡើង ​ក្នុង​អំឡុង​ខែ​ មករា នេះ។

ចំណែក​ប្រធាន​អង្គការ​វេទិកា​អនាគត និង​ជា​អ្នក​វិភាគ​នយោបាយ លោក អ៊ូ វីរៈ យល់​ថា របៀបវារៈ​ដែល​គណបក្ស​ទាំង​២ បាន​ឆ្លើយឆ្លង​គ្នា ជា​សំណើ​សមរម្យ​ដែល​ធ្វើ​ឲ្យ​គណបក្ស​អាច​ជួប​គ្នា​បាន។ ជាង​នេះ​ទៅ​ទៀត លោក​យល់​ថា គណបក្ស​ទាំង​ពីរ​ក្រៅ​ពី​មាន​កំណត់​របៀបវារៈ​ត្រូវ​មាន​សេចក្ដី​ព្រាង​ជាក់លាក់​នៃ​របៀបវារៈ​នោះ មិន​មែន​គ្រាន់​តែ​លើក​ប្រធានបទ​ដើម្បី​ឲ្យ​បាន​ជជែក​នោះ​ទេ។

​កាល​ពី​ដើម​ខែ​ធ្នូ ឆ្នាំ​២០១៦ លោក ស ខេង អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ សន្យា​ថា នឹង​មាន​ការ​ចរចា​ដោះលែង​មន្ត្រី​អាដហុក (ADHOC) និង​មន្ត្រី គ.ជ.ប. ប៉ុន្តែ​ជំនួប​នោះ​ត្រូវ​ខកខាន។

​ទាក់ទង​របៀបវារៈ​នៃ​ការ​ចរចា​នេះ លោក ឡេង ប៉េងឡុង ថា គណបក្ស​ទាំង​ពីរ​មិន​ទាន់​និយាយ​ពី​រឿង​ចរចា​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស​អាដហុក ៤​រូប និង​អគ្គលេខាធិការ​រង គ.ជ.ប ទេ។
អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ជុំវិញ​រឿង​នេះ​បាន​​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​១៤ ខែ​មករា។

​ចំណែក​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​កំពុង​រស់​នៅ​ក្រៅ​ប្រទេស បាន​សរសេរ​នៅ​ហ្វេសប៊ុក (Facebook) របស់​លោក នៅ​ថ្ងៃ​ទី​១៤ ខែ​មករា ថា មាន​អ្នក​ចោទ​ប្រកាន់​លោក​ថា ការ​អត្ថាធិប្បាយ​របស់​លោក​ខ្លះៗ ដែល​ប៉ះពាល់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ការ​ចរចា​ដើម្បី​ដោះលែង​មន្ត្រី​អង្គការ​សិទ្ធិមនុស្ស​អាដហុក។ លោក​ចោទ​ប្រកាន់​ថា គណបក្ស​កាន់​អំណាច​បាន​យក​មន្ត្រី​អាដហុក និង​មន្ត្រី គ.ជ.ប ទាំង ៥​រូប​នេះ ជា​ចំណាប់​ខ្មាំង​នយោបាយ​ដើម្បី​ប្រើប្រាស់​ជា​ថ្នូរ គំរាមកំហែង​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ការ​បម្រើ​ប្រយោជន៍​របស់​ខ្លួន។


​ប៉ុន្តែ​ជា​អ្នក​វិភាគ​នយោបាយ លោក អ៊ូ វីរៈ យល់​ថា ការ​អត្ថាធិប្បាយ​របស់​លោក សម រង្ស៊ី គឺ​អាច​ប៉ះពាល់​ដល់​ដំណើរការ​នៃ​ការ​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស​អង្គការ​អាដហុក និង​អគ្គលេខាធិការ​រង គ.ជ.ប ព្រោះ​លោក សម រង្ស៊ី ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ទោះ​លោក​ថ្លែង​នៅ​ទី​ណា ក៏​សម្ដី​តំណាង​ឲ្យ​គណបក្ស​ប្រឆាំង។ ទោះ​យ៉ាង​ណា​ក៏ដោយ លោក អ៊ូ វីរៈ យល់​ថា មន្ត្រី​សិទ្ធិមនុស្ស​​អាដហុក និង​អគ្គលេខាធិការ​រង គ.ជ.ប នឹង​ត្រូវ​ដោះលែង ដោយ​ត្រូវ​រង់ចាំ​ស្ថានការណ៍​ស្ងប់ស្ងាត់​ជាង​នេះ​បន្តិច៕​


No comments:

Post a Comment