ពិធីដាក់កម្រងផ្ការំឭកខួប ១៣ឆ្នាំ វិញ្ញាណក្ខន្ធលោក ជា វិជ្ជា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧។ RFA/Rach Vingur |
លោក ជា មុន្នី រំពឹង ថា, រដ្ឋាភិបាល ថ្មី នឹងអាច រកឃើញ ឃាតកសម្លាប់ លោក ជា វិជ្ជា
RFA / វិទ្យុ អាស៊ី សេរី | ២២ មករា ២០១៧
ថ្វីត្បិតតែលោក ជា មុន្នី រំពឹងទុកយ៉ាងនេះក្ដី ប៉ុន្តែក្រុមសហជីព កម្មករ និងពលរដ្ឋដែលគោរពស្រឡាញ់លោក ជា វិជ្ជា នៅតែផ្ដល់ក្ដីសង្ឃឹមថា រដ្ឋាភិបាលបច្ចុប្បន្ននឹងរកឃើញឃាតក ប្រសិនរដ្ឋាភិបាលមានឆន្ទៈក្នុងការស៊ើបអង្កេតករណីនេះ។
ថ្វីត្បិតតែឃាតកបាញ់សម្លាប់លោក ជា វិជ្ជា អតីតប្រធានសហជីពដ៏ល្បីល្បាញបំផុត មិនទាន់រកឃើញថាជានរណា ហើយរយៈពេល ១៣ឆ្នាំមកនេះ ពលរដ្ឋភាគច្រើននៅតែទទូចចង់ដឹងអំពីមុខមាត់ពិតរបស់ឃាតកក្ដី ប៉ុន្តែសាច់ញាតិ និងត្រូវជាប្អូនប្រុសបង្កើតរបស់លោក ជា វិជ្ជា បែរជាគ្មានជំនឿទៅវិញថា រដ្ឋាភិបាលសព្វថ្ងៃនឹងមិនអាចស៊ើបអង្កេតដើម្បីវែកមុខឃាតកពិតបានឡើយ។ ផ្ទុយទៅវិញ លោករំពឹងថា ឃាតកពិតនឹងរកឃើញនៅពេលដែលកម្ពុជា មានរដ្ឋាភិបាលថ្មីមួយផ្សេងទៀត។
ប្អូនប្រុសលោក ជា វិជ្ជា គឺលោក ជា មុន្នី អះអាងនៅក្នុងកម្មវិធីរំឭកខួប ១៣ឆ្នាំនៃការបាញ់សម្លាប់លោក ជា វិជ្ជា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ ថា តាំងពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញសេចក្ដីសម្រេចមួយលេខ ៧៣ ស.ស.រ ដើម្បីបង្កើតក្រុមស៊ើបអង្កេតជំនាញមកពីអន្តរក្រសួង និងដឹកនាំដោយក្រសួងមហាផ្ទៃ ប៉ុន្តែជិត ៣ឆ្នាំនៃការបង្កើតសេចក្ដីសម្រេចនេះ គឺពុំមានសកម្មភាពស៊ើបអង្កេត និងបង្ហាញលទ្ធផលអ្វីឡើយ៖ «គ្មានសង្ឃឹម និងជំនឿឲ្យរដ្ឋាភិបាលសព្វថ្ងៃធ្វើទៀតទេ យើងមានសង្ឃឹមលើរដ្ឋាភិបាល នឹងរកឃើញឃាតកពិត។»
លោក ជា មុន្នី បញ្ជាក់ថា មូលហេតុដែលលោកសង្ឃឹមលើរដ្ឋាភិបាលថ្មី ដែលមិនមែនជាការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា សព្វថ្ងៃ ថានឹងរកឃើញទាំងឃាតក និងអ្នកនៅពីក្រោយឃាតកម្មលើបងប្រុសលោក គឺដោយសារតាមផ្លូវច្បាប់ បទល្មើសព្រហ្មទណ្ឌគឺមានអាជ្ញាយុកាលស៊ើបអង្កេតតែរយៈពេល ១៥ឆ្នាំប៉ុណ្ណោះ ហើយបើអំឡុងពេលនេះមិនបានស៊ើបអង្កេតរកឃាតកពិត គឺគេនឹងបិទសំណុំរឿងនេះចោលវិញមិនខាន។
ក្រៅពីថ្លែងអស់ជំនឿជាមួយរដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ជា មុន្នី ក៏អះអាងថា ក្រុមគ្រួសារលោកជាជនរងគ្រោះ តាមពិតគឺដឹងអំពីបុគ្គលនៅពីខាងក្រោយឃាតកម្មលើលោក ជា វិជ្ជា ប៉ុន្តែការចង្អុលបង្ហាញរបស់លោកកន្លងមក ត្រូវបានសមត្ថកិច្ចបដិសេធ។ លើសពីនេះ លោកថាដើម្បីរឹតតែដឹងច្បាស់អំពីអ្នកនៅពីក្រោយនៃករណីឃាតកម្មនេះ ទាល់តែសួរលោក ហេង ពៅ ដែលជាអតីតស្នងការរងរាជធានីភ្នំពេញ ព្រោះលោក ហេង ពៅ ធ្លាប់បញ្ជាក់ថា សុខ សំអឿន និង ប៊ន សំណាង ដែលអាជ្ញាធររដ្ឋាភិបាលធ្លាប់ចាប់ខ្លួន និងចោទថាជាឃាតក តាមពិតមិនមែនជាឃាតកពិតឡើយ។
ទោះជាមានការលើកឡើងពីប្អូនប្រុសលោក ជា វិជ្ជា បែបនេះក្ដី តំណាង និងជាប្រធានសហជីពប្រចាំរោងចក្រមួយកន្លែងនៅសង្កាត់ចាក់អង្រែក្រោម អ្នកស្រី មឿន សារ៉េត រំឭកថា លោក ជា វិជ្ជា ជាបុគ្គលម្នាក់ហ៊ានទាំងការលះបង់ជីវិត និងគ្មាននរណាហ៊ានលះបង់ដូចគាត់ឡើយនៅពេលបច្ចុប្បន្ននេះ ដើម្បីលើកកម្ពស់សិទ្ធិកម្មករនៅតាមរោងចក្រ គេចផុតពីការជិះជាន់របស់ថៅកែរោងចក្រ ជាពិសេសលោកជាអ្នកទាមទារដំបូងគេឲ្យប្រាក់ខែកម្មករចាប់ពី ២០ដុល្លារក្នុងមួយខែ ឡើងមកដល់ ៤០ដុល្លារ។ បន្ទាប់មក ប្រាក់ខែកម្មករបានឡើងជាបន្តបន្ទាប់ ថ្វីត្បិតតែលោក ជា វិជ្ជា បានស្លាប់អស់រយៈពេល ១៣ឆ្នាំក្ដី។ ជាមួយគ្នានោះ អ្នកស្រី មឿន សារ៉េត សង្ស័យថា ហេតុអ្វីបានរដ្ឋាភិបាលមិនអាចស្វែងរកឃាតកពិតដែលសម្លាប់លោក ជា វិជ្ជា ស្របពេលករណីឃាតកម្មខ្លះ អាជ្ញាធររដ្ឋាភិបាលអាច វែកមុខ ឃាតក ពិត ក្នុងរយៈពេល ដ៏ខ្លី បាន? «ត្រូវតែរងការរិះគន់អ៊ីចឹងហើយ ប្រសិនបើរដ្ឋាភិបាលរកមិនឃើញ ជារឿងធម្មតា។»
នៅក្នុងកម្មវិធីជិតមួយព្រឹកដើម្បីរំឭកនៃការចងចាំថ្ងៃលោក ជា វិជ្ជា ដែលត្រូវបានគេបាញ់សម្លាប់នៅតូបលក់កាសែតក្បែររបងវត្តលង្កា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ មានការចូលរួមពីសហជីព កម្មករ និងមន្ត្រីគណបក្សសង្គ្រោះជាតិ ដែរ។
មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងរំឭកអំពីករណីបាញ់ប្រហារជាច្រើនទៀតដែលរដ្ឋាភិបាលមិនអាចរកឃាតកឃើញ ដូចជាប្រធានសហជីព តារាចម្រៀង តារាសម្ដែង ព្រះសង្ឃ និងករណីឃាតកម្មចុងក្រោយលើលោកបណ្ឌិត កែម ឡី អ្នកវិភាគឯករាជ្យដ៏ល្បី ជាដើម។
អតីតសហការីរបស់លោក ជា វិជ្ជា និងជាប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ សង្ស័យថា អ្នកដែលសម្លាប់លោក ជា វិជ្ជា អាចជាថៅកែរោងចក្រ ឬជាមន្ត្រីមានអំណាចណាមួយដែលយល់ថា លោក ជា វិជ្ជា ធ្វើឲ្យខូចប្រយោជន៍ និងប្រជាប្រិយភាពពួកគេ។ លោកបន្តថា នៅពេលរដ្ឋាភិបាលមិនអាចស្វែងរកឃាតកពិត មិនមែនជារឿងអយុត្តិធម៌សម្រាប់តែលោក ជា វិជ្ជា ទេ ប៉ុន្តែអំពើនិទ្ទណ្ឌភាពនៅបន្តមាន ហើយបុគ្គលដែលចូលចិត្តបាញ់បោះសម្លាប់មនុស្ស នឹងកាន់តែសម្បូរនៅក្នុងសង្គមខ្មែរ៖ «រដ្ឋាភិបាលត្រូវបន្តចាប់ឃាតកពិតយកមកផ្ដន្ទាទោស ឲ្យសមទៅនឹងតួនាទីរដ្ឋ និងច្បាប់រដ្ឋធម្មនុញ្ញ។»
អ្នកជិតស្និទ្ធរបស់លោក ជា វិជ្ជា រូបនេះរំឭកថា នៅអំឡុងឆ្នាំ២០០០ សហការីរបស់លោក ជា វិជ្ជា បានចាប់ផ្ដើមតស៊ូដើម្បីទាមទារឲ្យមានការកំណត់ប្រាក់ឈ្នួលអប្បបរមា និងសិទ្ធិផ្សេងៗជូនកម្មករ។ កាលនោះ កម្មករកម្មការនីត្រូវបានគេសង្កេតឃើញថា ជួបភាពលំបាកខ្លាំង ព្រោះត្រូវថៅកែប្រើឲ្យធ្វើការងារដូចទាសករ ហើយប្រសិនពួកគេធ្វើការលើសម៉ោងរហូតធ្លាក់ខ្លួនឈឺ ត្រូវគេបញ្ឈប់ចោល និងអ្នកខ្លះស្លាប់វិញ គឺគ្មានយន្តការដោះស្រាយឲ្យបានត្រឹមត្រូវឡើយ៕
No comments:
Post a Comment