ប៉ូលិសប្រោះទឹកលើបាតុករដែលត្រូវបានចាប់ខ្លួនក្នុងពេលបង្ក្រាបការតវ៉ានៅផ្លូវវ៉េងស្រេង កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤។ RFA/Sek Bandith |
សង្គមស៊ីវិល គ្រោង រំឭក ខួប ៣ឆ្នាំ នៃព្រឹត្តិការណ៍ បាញ់សម្លាប់ កម្មករ នៅផ្លូវ វ៉េងស្រេង
RFA / វិទ្យុ អាស៊ី សេរី | ១ មករា ២០១៧
សង្គមស៊ីវិល និងគ្រួសារ ជនរងគ្រោះ គ្រោង រំឭក ព្រឹត្តិការណ៍ បាញ់សម្លាប់ កម្មករ នៅផ្លូវ វ៉េងស្រេង កាលពី ៣ឆ្នាំមុន, គឺ ព្រឹត្តិការណ៍ ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ ដែលមកទល់ ពេលនេះ ជនរងគ្រោះ មិនទាន់ ទទួលបាន យុត្តិធម៌ នៅឡើយ។ សម្រាប់ នៅឆ្នាំ ២០១៧ នេះ, អង្គការ សង្គមស៊ីវិល និងក្រុមគ្រួសារ ជនរងគ្រោះ នឹងមិនធ្វើ ពិធីបង្សុកូល នៅកន្លែង កើតហេតុ ដូចកាល ពីមុន នោះទេ ព្រោះ បារម្ភ ខ្លាចមាន ការបង្ក្រាប ពីសំណាក់ កងកម្លាំង រដ្ឋាភិបាល ដូចឆ្នាំកន្លងទៅ។
នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ ខាងមុខនេះ ជាថ្ងៃខួបបីឆ្នាំនៃព្រឹត្តិការណ៍បាញ់បង្ក្រាបកម្មករនៅផ្លូវវ៉េងស្រេង។ សាច់ញាតិកម្មករដែលបានស្លាប់ រួមនឹងសង្គមស៊ីវិល ព្រះសង្ឃ គ្រោងធ្វើពិធីបង្សុកូលឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធអ្នកដែលបានចែកឋានទៅ តែអ្នកខ្លះមិនទាន់កំណត់ទីតាំងប្រារព្ធពិធីច្បាស់លាស់នៅឡើយទេ។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) លោក វន់ ពៅ ដែលរងគ្រោះក្នុងព្រឹត្តិការណ៍នោះ ហើយត្រូវបានអាជ្ញាធរចាប់ដាក់គុកផង មានប្រសាសន៍ថា សមាគមរបស់លោក និងសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) គ្រោងរៀបចំពិធីរំឭកព្រឹត្តិការណ៍ដ៏ឈឺចាប់នៅព្រឹកថ្ងៃទី៣ ខែមករា នៅផ្ទះសាមគ្គី ឋិតក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោកបញ្ជាក់ថា មូលហេតុមិនទៅប្រារព្ធនៅលើដងផ្លូវវ៉េងស្រេង ជាទីកន្លែងកើតហេតុនោះ ដោយសារមានការរឹតត្បិតសិទ្ធិសេរីភាពមិនឲ្យមានការប្រមូលផ្តុំនៅទីសាធារណៈ និងមានការរងគ្រោះផ្ទួនៗ ជាដើម៖ «រងគ្រោះផ្ទួនៗមានន័យថា ការវាយស្ទើរស្លាប់ហើយ គេចាប់ដាក់គុកទៀត ហើយទាំងអស់គ្នាជាអ្នករងគ្រោះ គ្រាន់តែរម្លឹកពិធីដើម្បីចង់បានយុត្តិធម៌ ក៏គេមិនឲ្យធ្វើនៅកន្លែងនោះដែរ។»
កាលពីឆ្នាំមុន សមត្ថកិច្ចបង្ក្រាបពុំអនុញ្ញាតឲ្យប្រារព្ធពិធីរំឭកខួប ២ឆ្នាំនៅម្ដុំគ្លីនិកឯករាជ្យទេ និងបានរុញច្រានអ្នកចូលរួមរំឭកខួបនោះឲ្យចាកចេញពីតំបន់ផ្លូវវ៉េងស្រេង ក្នុងចម្ងាយដីជាច្រើនគីឡូម៉ែត្រថែមទៀត។ មិនតែប៉ុណ្ណោះ សមត្ថកិច្ចក៏បានរឹបអូសស្លាកសញ្ញា និងបដាផ្សេងៗពីក្រុមអ្នកប្រារព្ធពិធីទៀតផង។
លោក វន់ ពៅ លើកឡើងថា បំណងសំខាន់នៃការរំឭកខួប ៣ឆ្នាំនេះ គឺចង់ឃើញសង្គមកម្ពុជា មានយុត្តិធម៌ ឃាតកសម្លាប់មនុស្សទាំងនោះនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
រីឯលោក ខឹម សឿន ដែលជាឪពុកយុវជន ខឹម សូផាត ដែលបាត់ខ្លួននៅផ្លូវវ៉េងស្រេង មានប្រសាសន៍ថា លោកនៅតែទាមទាររកយុត្តិធម៌ជូនកូនប្រុសរបស់លោក ព្រោះថាកូនប្រុសរបស់លោកមិនអាចបាត់ខ្លួនទៅទទេៗនោះទេ។ ចំពោះពិធីបង្សុកូលនោះ លោកចង់ធ្វើនៅកន្លែងកើតហេតុ តែបារម្ភខ្លាចសមត្ថកិច្ចធ្វើបាបដូចឆ្នាំមុនទៀត៖ «ក្នុងចិត្តខ្ញុំចង់ធ្វើពិធីបង្សុកូលដែរ តែរាងកាលខ្ញុំទៅធ្វើនៅវ៉េងស្រេង គេធាក់ គេទាត់។»
អភិបាលរងសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង មានប្រសាសន៍ថា អាជ្ញាធរពុំអនុញ្ញាតឲ្យរៀបចំនៅលើផ្លូវវ៉េងស្រេងឡើយ ព្រោះអាចបណ្ដាលឲ្យស្ទះចរាចរណ៍ និងប៉ះពាល់ទៅដល់ពលរដ្ឋផ្សេងៗទៀត៖ «គ្មានអ្នកហាមឃាត់មិនឲ្យរម្លឹកទេ សំខាន់បំផុតគឺកណ្ដាលផ្លូវវ៉េងស្រេងមិនឲ្យប្រារព្ធទេ។ គ្មានអាណាទៅធ្វើបុណ្យរម្លឹកខួបនៅកណ្ដាលផ្លូវទេ សូម្បីជីដូនជីតាខ្ញុំស្លាប់ ក៏ធ្វើសែននៅក្នុងផ្ទះដែរ ហើយជីដូនជីតាប្អូនឯងស្លាប់ ក៏ធ្វើនៅក្នុងផ្ទះដែរ មិនដែលទៅធ្វើនៅតាមផ្លូវ។ ដូច្នេះបើគាត់ខូចតាមឡាន ទៅធ្វើក្នុងឡាន ហើយបើខូចគ្រប់គ្នានៅពេទ្យ ទៅធ្វើនៅពេទ្យ?»
ប្រធានគ្រប់គ្រងការិយាល័យស៊ើបអង្កេតសិទ្ធិមនុស្សនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ការលើកឡើងរបស់លោក ឃួង ស្រេង ហាក់មិនសមហេតុផលឡើយ ព្រោះថាការរៀបចំពិធីបង្សុកូលខុសគ្នាពីកាលៈទេសៈមួយទៅកាលៈទេសៈមួយទៀត៖ «វាខុសគ្នាពីកាលៈទេសៈមួយទៅកាលៈទេសៈមួយ ប៉ុន្តែចំណុចសំខាន់ គឺយើងមានទិសដៅមិនបម្រើផលប្រយោជន៍នយោបាយណាទេ គឺជាការគោរពវិញ្ញាណក្ខន្ធមែនទែន ហើយក៏មិនមានធ្វើឲ្យកកស្ទះ ហើយមិនមានចំណាយពេលវេលាណាយូរដែរ។»
រហូតមកពេលនេះ លោក អំ សំអាត លើកឡើងថា ពិធីបង្សុកូលរំឭកខួប ៣ឆ្នាំនេះ នឹងត្រូវប្រារព្ធធ្វើឡើង តែនៅមិនច្បាស់ថា ធ្វើនៅកន្លែងណានៅឡើយ។
កាលពីថ្ងៃទី២ និងថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ មានព្រឹត្តិការណ៍បង្ក្រាបលើកម្មករនៅក្បែររោងចក្រយ៉ាកជីន (Yakjin) ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងនៅលើកំណាត់ផ្លូវវ៉េងស្រេង ស្ថិតក្នុងខណ្ឌដង្កោ ក្នុងពេលតវ៉ាទាមទារដំឡើងប្រាក់ឈ្នួល ១៦០ដុល្លារ។
ពេលនោះ កម្មករចំនួន ៤នាក់ត្រូវបានគេបាញ់សម្លាប់ ម្នាក់បាត់ខ្លួន និងមនុស្សជិត ៤០នាក់របួស។ ចំណែកកម្មករ និងសកម្មជនសិទ្ធិមនុស្ស ២៣នាក់ផ្សេងទៀត ត្រូវបានអាជ្ញាធរចាប់ខ្លួន និងផ្ដន្ទាទោសដាក់ពន្ធនាគារមួយរយៈ។ ការបាញ់សម្លាប់ និងការចាប់ខ្លួននេះ ត្រូវបានអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ រិះគន់យ៉ាងខ្លាំង ហើយជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ស្វែងរកមុខជនទទួលខុសត្រូវលើការបាញ់សម្លាប់កម្មករតវ៉ាទាមទារដំឡើងប្រាក់ខែមកផ្ដន្ទាទោស៕
I really miss the batons and the protestors...
ReplyDelete