Paris Peace Accords 23 Oct. 1991

Thursday, January 12, 2017

[Demographic Vietnamization] សកម្មជន​ បក្ស​ប្រឆាំង​ នៅ​ខេត្ត​ កំពង់ឆ្នាំង ​ប្ដឹង​ លុប​ឈ្មោះ​ មនុស្ស​ ២៥​នាក់​ ចេញ​ ពី​បញ្ជី​ បោះឆ្នោត | Opposition activists in Kampong Chhnang file to have 25 names remove from voter registry

ពលរដ្ឋ​ពិនិត្យ​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ថ្មី នា​សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០១៧។ Photo Provided
ពលរដ្ឋ​ពិនិត្យ​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ថ្មី នា​សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០១៧។ Photo Provided

សកម្មជន​ បក្ស​ប្រឆាំង​ នៅ​ខេត្ត​ កំពង់ឆ្នាំង ​ប្ដឹង​ លុប​ឈ្មោះ​ មនុស្ស​ ២៥​នាក់​ ចេញ​ ពី​បញ្ជី​ បោះឆ្នោត

RFA / វិទ្យុ អាស៊ី សេរី | ១២ មករា ២០១៧

 

សកម្មជន​ គណបក្ស​ សង្គ្រោះ​ជាតិ ខេត្ត​ កំពង់ឆ្នាំង ប្ដឹង​ សូម លុប​ឈ្មោះ មនុស្ស ២៥​នាក់​ ដែល​រស់នៅ​ ឃុំ​ ឆ្នុកទ្រូ ស្រុក​ បរិបូរណ៍ ចេញ​ ពី​បញ្ជី​ឈ្មោះ ​អ្នក​បោះឆ្នោត ​ថ្មី​ ឆ្នាំ​២០១៦ ដោយ​សង្ស័យ​ ថា, ​អ្នក​ ទាំងនោះ​ ជា​ជនជាតិ ​វៀតណាម កាន់​ អត្តសញ្ញាណប័ណ្ណ​ សញ្ជាតិ​ខ្មែរ។  អាជ្ញាធរ​ ឃុំ​ ឆ្នុកទ្រូ សម្រេច​ មិន​ លុប​ឈ្មោះ​ ចេញ​ ពី​បញ្ជី​ទេ ដោយ​សំអាង​ ថា, ពួក​គេ​ មាន​អត្តសញ្ញាណប័ណ្ណ។


បន្ទាប់​ពី​ក្រុមប្រឹក្សា​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ សម្រេច​បដិសេធ​មិន​លុប​ឈ្មោះ​មនុស្ស ១៦​នាក់ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ឃុំ​នេះ បន្ត​ប្ដឹង​សុំ​លុប​ឈ្មោះ​មនុស្ស​ចំនួន ៩​នាក់​ផ្សេង​ទៀត​ដែល​សង្ស័យ​ថា​ជា​ជនជាតិ​វៀតណាម ដែរ​នៅ​រសៀល​ថ្ងៃ​ទី​១២ ខែ​មករា។ ជន​សង្ស័យ​សរុប​ទាំង ២៥​នាក់ ត្រូវ​បាន​មន្ត្រី​បក្ស​ប្រឆាំង​ស្គាល់​ច្បាស់​ថា​ជា​ជនជាតិ​វៀតណាម ដោយ​មាន​សាក្សី​ជាច្រើន​ជួយ​បញ្ជាក់​ផង។
គ្រូបង្រៀន​ម្នាក់ និង​ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ឃុំ​ឆ្នុកទ្រូ លោក អ៊ុំ សាវ៉ាន ចោទ​មេ​ឃុំ និង​ជំទប់​ទី​១ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ថា​បាន​ចេញ​សេចក្ដី​សម្រេច​ដោយ​អយុត្តិធម៌​ចំពោះ​ករណី​ជនជាតិ​វៀតណាម ចុះ​ឈ្មោះ​បោះឆ្នោត​នេះ។ លោក​ថា មេ​ឃុំ​ឆ្នុកទ្រូ ឈ្មោះ សំរិទ្ធ ផេង រក​រឿង​ចោទ​ប្រកាន់​រូប​លោក ថា​មិន​គួរ​ប្រឡូក​ក្នុង​រឿង​នយោបាយ​ដោយ​ខ្លាច​ប៉ះពាល់​ដល់​ការ​បង្រៀន៖ «ថា​ពេល​នេះ​គេ​ចុះ​ឈ្មោះ​រួច​អស់​ហើយ បើ​ឯង​ចង់​ប្ដឹង​មិន​ព្រម​ប្ដឹង​នៅ​ពេល​ចុះ​ឈ្មោះ​បោះឆ្នោត បើ​ថា​អ្នក​ហ្នឹង​ជា​ជនជាតិ​បរទេស។ គាត់​និយាយ​មក​ដូច​អត់​ស្គាល់​ច្បាប់​ស្អី​បន្តិច»


ឆ្លើយតប​បញ្ហា​នេះ មេ​ឃុំ​ឆ្នុកទ្រូ លោក សំរិទ្ធ ផេង ទទួល​ស្គាល់​ថា លោក​ពិត​ជា​បាន​និយាយ​ទៅ​កាន់​លោក អ៊ុំ សាវ៉ាន ដូច្នេះ​មែន ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​ម៉ោង​បង្រៀន​សិស្ស។ ចំពោះ​ការ​ដោះស្រាយ​រឿង​លុប​ឈ្មោះ​នេះ​វិញ លោក​បាន​ប្រគល់​តួនាទី​ទៅ​ឲ្យ​ជំទប់​ទី​១ ព្រោះ​គ្រា​នោះ​លោក​មិន​សូវ​ស្រួល​ខ្លួន ដោយ​មាន​បញ្ហា​ជំងឺ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ឬ​លើស​ឈាម ហើយ​លោក​ចូលរួម​ក្នុង​នាម​ជា​គណៈអធិបតី​ប៉ុណ្ណោះ។

ចំណែក​ជំទប់​ទី​១ ឃុំ​ឆ្នុកទ្រូ លោក សុខ សៀម ថា​អ្នក​ដែល​ត្រូវ​បាន​ប្ដឹង​សុំ​លុប​ឈ្មោះ​ទាំងនេះ ពិត​ជា​រស់នៅ​ក្នុង​មូលដ្ឋាន​លោក ប៉ុន្តែ​បដិសេធ​មិន​បញ្ជាក់​ថា អ្នក​ទាំង ២៥​នាក់​នោះ​ជា​ជនជាតិ​វៀតណាម ឬ​ខ្មែរ​នោះ​ទេ ដោយ​ជំរុញ​ឲ្យ​ទៅ​សួរ​អ្នក​ប្ដឹង។ ទោះ​ជា​យ៉ាង​ណា លោក​ថា​ការ​សម្រេច​មិន​លុប​ឈ្មោះ​តាម​ពាក្យ​បណ្ដឹង ដោយសារ​បុគ្គល​ទាំងនោះ​មាន​កាន់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ៖ «ខាង​អន្តោប្រវេសន៍​មិន​ជំរឿន​បាន​អ្នក​ណា នៅ​អ្នក​ណា ខ្ញុំ​ក៏​វា​មិន​បាន​ដឹង​ដែរ។ គ្រាន់​តែ​ថា​អ៊ីចេះ រឿង​ការ​ចុះ​ឈ្មោះ​នេះ គឺ​សម្គាល់​ទៅ​លើ​អ្នក​ណា​ដែល​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ»


សកម្មជន និង​មន្ត្រី​ក្រុមប្រឹក្សា​ខេត្ត​កំពង់ឆ្នាំង មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ប្រកាន់​ជំហរ​ប្ដឹង​ករណី​នេះ​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ឬ​ក្រុមប្រឹក្សាធម្មនុញ្ញ​ទៀត បើ​ពាក្យ​បណ្ដឹង​សុំ​លុប​ឈ្មោះ​នេះ​មិន​ត្រូវ​បាន​ដោះស្រាយ​ដោយ​យុត្តិធម៌​នោះ​ទេ។ ពួក​គេ​ថា ពាក្យ​បណ្ដឹង​មាន​សាក្សី ហើយ​សមត្ថកិច្ច​គួរ​កោះ​ហៅ​អ្នក​ទាំងនោះ​មក​សាកសួរ​ពី​ការ​ចូល​សញ្ជាតិ ឬ​ប្រើប្រាស់​អត្តសញ្ញាណប័ណ្ណ។

មន្ត្រី​ផ្នែក​អង្កេត​ជាន់​ខ្ពស់​របស់​អង្គការ​ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស ថ្លែង​ថា នៅ​ក្នុង​នីតិវិធី​នៃ​ការ​ចុះ​ឈ្មោះ និង​ពិនិត្យ​ឈ្មោះ​បោះឆ្នោត​មិន​មាន​ចែង​ថា តម្រូវ​ឲ្យ​អាជ្ញាធរ​ឃុំ​កោះ​ហៅ​បុគ្គល​ដែល​បាន​ចុះ​ឈ្មោះ ហើយ​គេ​សង្ស័យ​ថា​ជា​ជន​បរទេស មក​សាកសួរ​នោះ​ទេ។ ប៉ុន្តែ​ពេល​មាន​ពាក្យ​បណ្ដឹង គួរ​តែ​កោះ​ហៅ​អ្នក​ទាំងនោះ​មក​បញ្ជាក់ ដើម្បី​បញ្ចប់​បញ្ហា ឬ​ត្រូវ​មាន​នីតិវិធី​យ៉ាង​ណា​ទៀត៖ «ហើយ​បើ​ថា​គាត់​មាន​អត្តសញ្ញាណប័ណ្ណ​ត្រឹមត្រូវ​មិន​អាច​ទេ ពីព្រោះ​នៅ​ក្នុង​ផ្លូវ​ច្បាប់ គ.ជ.ប ក៏​គេ​មាន​និយាយ​ដែរ​ថា ជន​បរទេស​ទាំងឡាយ​ណា​ក៏ដោយ​ដែល​មាន​ប្រើប្រាស់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ដោយ​ខុស​ច្បាប់ នឹង​ត្រូវ​មាន​ទោស ព្រោះ​កាលណា​គាត់​ជា​សញ្ជាតិ​ខ្មែរ​ពិត​មែន គាត់​មាន​ឯកសារ​នៅ​ក្នុង​ដៃ​ហើយ។ មាន​ទៅ​បញ្ហា​អី​ហៅ​គេ​យក​មក ហើយ​លោក​នឹង​មក​ទៅ​បញ្ជាក់​ទៅ​វា​ចប់​សាច់​រឿង​ហើយ»

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​ដំបូង​ឆ្នាំ​២០១៦ សម្រាប់​បម្រើ​ឲ្យ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧ ខាង​មុខ​នៅ​តាម​ឃុំ-សង្កាត់ ដើម្បី​ឲ្យ​អ្នក​ចុះ​ឈ្មោះ​ផ្ទៀងផ្ទាត់​ឡើង​វិញ​ចាប់​ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​១៤ ខែ​មករា។ នៅ​ពេល​ណា​ពលរដ្ឋ​ពិនិត្យ​ទៅ​ឃើញ​មាន​បញ្ហា ហើយ​ចង់​ប្ដឹង​តវ៉ា ឬ​ប្ដឹង​ជំទាស់​អ្វី​មួយ ត្រូវ​ធ្វើ​ទៅ​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ក្នុង​រយៈពេល ១០​ថ្ងៃ បន្ទាប់​ពី​ថ្ងៃ​បិទ​ផ្សាយ​បញ្ជី​នេះ គឺ​ចាប់​ពី​ថ្ងៃ​ទី​៤ រហូត​ដល់​ថ្ងៃ​ទី​១៤ មករា ដែល​ជា​កាលបរិច្ឆេទ​ចុង​ក្រោយ។ ក្នុង​ករណី​អ្នក​ប្ដឹង​តវ៉ា ឬ​ប្ដឹង​ជំទាស់​មិន​ពេញ​ចិត្ត​ទៅ​នឹង​សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ពួក​គេ​អាច​ប្ដឹង​ទៅ គ.ជ.ប និង​ក្រុមប្រឹក្សាធម្មនុញ្ញ​តាម​ច្បាប់​កំណត់៕




No comments:

Post a Comment