Paris Peace Accords 23 Oct. 1991

Sunday, January 22, 2017

[Demographic Vietnamization: Border, Svay Rieng] បក្ស​ប្រឆាំង ​ស្នើ​ អភិបាល​ខេត្ត​ ស្វាយរៀង​ អន្តរាគមន៍ ​រឿង ​វៀតណាម​ ជួល​ដី​ ជាង ​១​ពាន់​ ហិកតារ | Opposition party requests Svay Rieng governor intervenes in case of leasing over 1,000 hectares of land to Vietnamese citizens

ពលរដ្ឋ​រស់នៅ​ភូមិ​កណ្ដាល សង្កាត់​ប្រាសាទ ក្រុង​បាវិត ខេត្ត​ស្វាយរៀង បង្ហាញ​ទីតាំង​ដី​ស្រែ​ដែល​ជនជាតិ​វៀតណាម ជួល​ដី​ខ្មែរ​ធ្វើ​កសិកម្ម កាល​ពី​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Yeang Socheameta
ពលរដ្ឋ​រស់នៅ​ភូមិ​កណ្ដាល សង្កាត់​ប្រាសាទ ក្រុង​បាវិត ខេត្ត​ស្វាយរៀង បង្ហាញ​ទីតាំង​ដី​ស្រែ​ដែល​ជនជាតិ​វៀតណាម ជួល​ដី​ខ្មែរ​ធ្វើ​កសិកម្ម កាល​ពី​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Yeang Socheameta

បក្ស​ប្រឆាំង ​ស្នើ​ អភិបាល​ខេត្ត​ ស្វាយរៀង​ អន្តរាគមន៍ ​រឿង ​វៀតណាម​ ជួល​ដី​ ជាង ​១​ពាន់​ ហិកតារ

RFA / វិទ្យុ អាស៊ី សេរី | ២២ មករា ២០១៧


មន្ត្រី​ គណបក្ស​ សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​ ស្វាយរៀង បាន​ដាក់ ​ពាក្យ​ប្ដឹង ​សូម​ ឲ្យ​អភិបាល​ខែត្រ​ ស្វាយរៀង ជួយ​អន្តរាគមន៍ ​លើ​ករណី​ វៀតណាម ដាំ​ដំណាំ ​ស្រូវ​ ជាប់​បង្គោល ​ព្រំដែន​ លេខ​១៨៩ និង​ករណី​ អ្នក​មាន​អំណាច ​ក្នុង​ខេត្ត​ ស្វាយរៀង ជួល​ដី​ស្រែ​ ឲ្យ​វៀតណាម ជាង ១​ពាន់​ ហិកតារ។  ជុំវិញ​ បញ្ហា​នេះ អភិបាល​ខេត្ត​ ថា​ នឹង​ចាត់ ​ឲ្យ​ក្រុម​ការងារ​ ចុះ​ពិនិត្យ​ ដោះស្រាយ។

ថ្វីត្បិត តែ​ រដ្ឋាភិបាល​ បាន​ចេញ​ សារាចរ​ ណែនាំ​ មិន ​ឲ្យ​មាន ​ករណី​ ជួល​ដី​ ជាប់​ព្រំដែន​ នៅ​តាម​ បណ្តោយ ​ព្រំដែន​ក្តី តែ, មន្ត្រី​គណបក្ស​ សង្គ្រោះ​ជាតិ រួម​ទាំង ​ប្រជាពលរដ្ឋ​ផង នៅ​តែ​ រាយការណ៍​ ថា, ករណី​ ជួល​ដី​ ឲ្យ​ជនជាតិ​ វៀតណាម នៅ​តែ​ កើត​មាន​ ដដែល, ហើយ​ ពលរដ្ឋ​ វៀតណាម នៅ​តែ ​មាន​សេរីភាព​ ធ្វើ​ស្រែ​ ជាប់​បង្គោល​ ព្រំដែន ឬ​តំបន់​ ស​ ខុស​ឆ្ងាយ​ ពី​ពលរដ្ឋ​ខ្មែរ។


ក្នុង​ពាក្យ​បណ្ដឹង​របស់​ក្រុមប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ដាក់​ចូល​សាលា​ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មករា បាន​បង្ហាញ​ថា ប្រជាពលរដ្ឋ​វៀតណាម បាន​ដាំ​ដំណាំ​ស្រូវ​ជាប់​បង្គោល​ព្រំដែន​លេខ​១៨៩ ស្ថិត​ក្នុង​ភូមិ​ដូនទៃ ឃុំ​ទួលស្តី ស្រុក​ចន្ទ្រា។ ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ​វិញ ត្រូវ​អាជ្ញាធរ​វៀតណាម ហាមឃាត់ និង​តម្រូវ​ឲ្យ​ដាំ​ស្រូវ​ឃ្លាត​ពី​បង្គោល​ចម្ងាយ ៥០​ម៉ែត្រ។ ពាក្យ​បណ្ដឹង​នោះ​បង្ហាញ​ទៀត​ថា អ្នក​មាន​អំណាច​ក៏​បាន​ជួល​ដី​ឲ្យ​វៀតណាម សរុប​ប្រមាណ ១.០៤៧​ហិកតារ ក្នុង​នោះ​នៅ​ភូមិ​កោះឫស្សី ឃុំ​ទួលស្តី ចំនួន ៥៦០​ហិកតារ។ រីឯ​ភូមិ​គោកតែក ចំនួន ២៤៧​ហិកតារ និង​ភូមិ​តែងម៉ៅ ២៤០​ហិកតារ ស្ថិត​ក្នុង​ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង។

សមាជិក​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​ស្វាយរៀង លោក គង់ ម៉ាស់ ឲ្យ​ដឹង​ថា អាជ្ញាធរ​ខ្មែរ​នៅ​មូលដ្ឋាន​ភូមិ-ឃុំ​ខាង​លើ មិន​អើពើ​យក​ចិត្ត​ទុក​ដាក់​បញ្ហា​នេះ​ទេ ថែម​ទាំង​ការពារ និង​បណ្តោយ​ឲ្យ​ជនជាតិ​វៀតណាម ចេញ​ចូល​តាម​អំពើ​ចិត្ត​ទាំង​គ្មាន​លិខិត​ឆ្លង​ដែន​មក​ជួល​ដី និង​ធ្វើ​ស្រែ​នៅ​លើ​ទឹកដី​ខ្មែរ​តាម​បណ្តោយ​ព្រំប្រទល់​កម្ពុជា-វៀតណាម នៃ​ខេត្ត​ស្វាយរៀង៖ «ជាក់ស្តែង​យើង​បាន​ចុះ​ទៅ​ឃើញ​សុទ្ធតែ​ជនជាតិ​វៀតណាម តែ​ម្តង ដែល​មក​សាបព្រោះ និង​ធ្វើ​ស្រូវ​លើ​ដី​ខ្មែរ។ តែ​ពេល​យើង​ចុះ​ទៅ​ដូច​មាន​អ្នក​រាយការណ៍​ប្រាប់​យួន​មុន​ចឹង គឺ​ពួក​គេ​ចេញ​អស់​ទៅ ពោល​គឺ​នៅ​សល់​តែ​ដំណាំ​ស្រូវ គ្រាប់​ពូជ និង​ឧបករណ៍​ធ្វើ​ស្រែ​ដូចជា​ត្រាក់ទ័រ​ជាដើម នៅ​ពេញ​ទីនោះ»


លោក គង់ ម៉ាស់ ឲ្យ​ដឹង​ដែរ​ថា ការ​ដាក់​ពាក្យ​បណ្ដឹង​នេះ​ដើម្បី​ឲ្យ​អភិបាល​ខេត្ត​ស្វាយរៀង អន្តរាគមន៍ និង​ឆ្លើយតប​ជា​សាធារណៈ​ចំពោះ​ករណី​វៀតណាម ធ្វើ​ស្រែ និង​ជួល​ដី​នេះ ដើម្បី​ការពារ​បូរណភាព​ទឹកដី​ខ្មែរ​កុំ​ឲ្យ​បាត់បង់​ទៅ​ថ្ងៃ​ខាង​មុខ។ លោក​ថា បើ​ពុំ​មាន​ដំណោះស្រាយ​ទេ​នោះ លោក​នឹង​បន្ត​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃ​ទៀត៖ «យើង​ព្រួយ​បារម្ភ​ខ្លាច​ដេញ​មិន​ទៅ ហើយ​យូរៗ​ទៅ​ជា​ទម្លាប់ ដូច្នេះ​យើង​ខ្លាច​បាត់បង់​ដី»


ទាក់ទិន​ករណី​នេះ អភិបាល​ខេត្ត​ស្វាយរៀង លោក ម៉ែន វិបុល មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​បាន​ឃើញ​ពាក្យ​បណ្ដឹង​នោះ​ឡើយ​ទេ ដោយសារ​តាំង​ពី​ថ្ងៃ​ទី​១៩ ខែ​មករា លោក​ជាប់​រវល់​នៅ​ទីក្រុង​តៃនិញ ប្រទេស​វៀតណាម។ ទោះ​យ៉ាង​ណា​ក្តី លោក​បញ្ជាក់​ថា នឹង​ចាត់​ឲ្យ​គណៈកម្មការ​ខេត្ត​ពិនិត្យ​មើល​លើ​បញ្ហា​នេះ៖ «ចាំ​ឲ្យ​គេ​ចុះ​ពិនិត្យ​ជាក់ស្តែង​មើល ព្រោះ​ថា​ខាង​វៀតណាម ខ្ញុំ​បាន​និយាយ​ជាមួយ​គេ​ច្បាស់​ណាស់ ថា​កន្លែង​ណា​អាស្រ័យ​ផល គឺ​អាស្រ័យ​ផល​កន្លែង​នោះ​សិន ទម្រាំ​រដ្ឋាភិបាល​ប្រគល់ និង​បោះ​បង្គោល​ព្រំដែន​រៀប​ម៉េចៗ​ចឹង​នោះ។ ឥឡូវ​ពាក្យ​បណ្ដឹង​នោះ ចាំ​មើល​ខ្ញុំ​ឲ្យ​គណៈកម្មការ​ចុះ​មើល​កន្លែង​ណា​អី​កន្លែង​ណា»


កន្លង​មក ថ្នាក់​ដឹកនាំ​ខេត្ត​ធ្លាប់​ចុះ​ទៅ​ស្រាវជ្រាវ​ដែរ ប៉ុន្តែ​រក​ពុំ​ឃើញ​ដូច​ការ​លើក​ឡើង​របស់​ពលរដ្ឋ និង​បក្ស​ប្រឆាំង​ឡើយ។ ចំណែក​ពលរដ្ឋ និង​មន្ត្រី​បក្ស​ប្រឆាំង​ជាដើម សុទ្ធតែ​អះអាង​ថា ករណី​វៀតណាម ជួល​ដី​នេះ គឺ​ជា​រឿង​ពិត ដោយ​គ្រាន់​តែ​ដូរ​រូបភាព​ការ​ជួល​ដី​ប៉ុណ្ណោះ​ដែល​ឲ្យ​ខ្មែរ​ឈរ​ឈ្មោះ​ជា​តំណាង ហើយ​ម្យ៉ាង​វិញ​ទៀត ពលរដ្ឋ​ថា​ថ្នាក់​ខេត្ត​ក៏​មិន​ត្រូវ​ជឿ​លើ​របាយការណ៍​របស់​អាជ្ញាធរ​ថ្នាក់​ក្រោម​ខ្លាំង​ពេក។

រីឯ​មន្ត្រី​សម្របសម្រួល​នៃ​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​ស្វាយរៀង លោក នុត បូពិណ្ណារ័ត្ន មាន​ប្រសាសន៍​ថា ករណី​វៀតណាម ធ្វើ​ដំណាំ​ផ្សេង​នៅ​ជាប់​បង្គោល​ព្រំដែន គឺ​ជា​រឿង​ពិត​ជាក់ស្តែង ដែល​ធ្លាប់​ចុះ​ទៅ​ឃើញ​ផ្ទាល់​ដែរ។ រីឯ​ករណី​វៀតណាម ជួល​ដី​នោះ លោក​ស្នើ​ឲ្យ​អភិបាល​ខេត្ត​ចាត់​ឲ្យ​ក្រុម​ការងារ​ពិនិត្យ​លើ​លិខិត​ស្នាម​ជួល​ដី​នោះ​ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​បកស្រាយ​ឲ្យ​បាន​ច្បាស់៖ «យើង​ឃើញ​ជាក់ស្តែង គេ​ដាំ​ដល់​បង្គោល​មែន បើ​ដាំ​ដំឡូង​ដាំ​បង្គោល ហើយ​បើ​ដាំ​ស្រូវ​ដាំ​ដល់​បង្គោល​តែ​ម្តង តែ​កម្ពុជា មិន​អាច​ធ្វើ​ដល់​បង្គោល​បាន​ទេ»

អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត កែម ឡី ដែល​ធ្លាប់​ស្រាវជ្រាវ​ព្រំដែន​កម្ពុជា-វៀតណាម កាល​លោក​នៅ​មាន​ជីវិត​នោះ ចាត់​ទុក​ថា បញ្ហា​ជួល​ដី​នេះ គឺ​ជា​អាណានិគម​បែប​ថ្មី ដែល​គំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ​ដល់​បូរណភាព​ទឹកដី​កម្ពុជា ពី​សំណាក់​ប្រទេស​ជិត​ខាង​តាម​រយៈ​យុទ្ធសាស្ត្រ​ច្រែះ​ស៊ី​ដែក ដែល​បាន​រៀបចំ​ទុក​ជា​យូរ​ណាស់​មក​ហើយ។

លោក​បណ្ឌិត កែម ឡី បន្ត​ថា រដ្ឋាភិបាល​គួរ​តែ​ទទួល​ស្គាល់​ការពិត ហើយ​ចាប់​ផ្តើម​អភិវឌ្ឍ ឬ​បំពេញ​បន្ថែម​នូវ​តម្រូវការ​ចាំបាច់​របស់​ប្រជាជន​ខ្មែរ​តាម​ព្រំដែន ដើម្បី​ឲ្យ​ពួក​គាត់​ងាយ​ស្រួល​បង្កបង្កើនផល និង​ចូលរួម​ការពារ​ព្រំដែន​យ៉ាង​មាន​ប្រសិទ្ធភាព៕

No comments:

Post a Comment