លោកនាយករដ្ឋមន្ត្រីហ៊ុន សែននៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅស្វីស / Hun Sen Page |
Global Witness៖ វេទិកា សេដ្ឋកិច្ចពិភពលោក មិនគួរ ឲ្យលោក ហ៊ុន សែន បង្កើត វេទិកា ទាក់ទាញ ការវិនិយោគ
វិទ្យុ បារាំង អន្តរជាតិ RFI | ១៩ មករា ២០១៧
អង្គការ អន្តរជាតិ Global Witnessបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា វេទិកាសេដ្ឋកិច្ចពិភពលោកដែលកំពុងរៀបចំធ្វើឡើងនៅក្នុងទីក្រុងដាវ៉ូស ប្រទេស្វីស មិនគួរណាអនុញ្ញាតឲ្យនាយករដ្ឋមន្ត្រីកម្ពុជាធ្វើជាម្ចាស់វេទិកាមួយ ដើម្បីទាក់ទាញវិនិយោគគិនបរទេសនោះឡើយ។ ជាប្រតិកម្មតប អ្នកនាំពាក្យរដ្ឋាភិបាលបានហៅការលើកឡើងរបស់អង្គការអន្តរជាតិនេះថា ជាសម្តីរបស់ជនពាល។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី១៨ មករា អង្គការអន្តរជាតិGlobal Witness បានលើកឡើងថា វេទិកាសេដ្ឋកិច្ចពិភពលោកនៅក្នុងទីដាវ៉ូសប្រទេសស្វីស មិនគួរអនុញ្ញាតឲ្យលោកនាយករដ្ឋមន្ត្រីកម្ពុជាហ៊ុន សែន រៀបចំវេទិកាមួយក្នុងបំណងទាក់ទាញការវិនិយោគថ្មីៗពីបរទេសនោះទេ។ បើតាម Global Witness កិច្ចប្រជុំរបស់វរជនលើផ្នែកហិរញ្ញវត្ថុនេះ មិនគួរណាផ្តល់វេទិកាដល់ជនផ្តាច់ការដើម្បីស្វែងរកដៃគូរ វិនិយោគអន្តរជាតិ ឡើយ។លោកស្រី Alice Harrison ទីប្រឹក្សាផ្នែកទំនាក់ទំនងរបស់អង្គការ Global Witness បាននិយាយថា វាមិនមែនជារឿងចំឡែកទេដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ព្យាយាមលួងលោមអ្នកសម្បូរទ្រព្យសម្បត្តិនៅក្នុងទីក្រុងដាវ៉ូសនោះ។ គាត់ និងក្រុមគ្រួសាររបស់គាត់ បានក្តោបក្តាប់យ៉ាងណែននូវសេដ្ឋកិច្ចកម្ពុជាដែលការវិនិយោគថ្មីៗអាចនឹងចូលទៅក្នុងហោប៉ាវរបស់ពួកគេ។ លោកស្រី Alice Harrison បានបន្តទៀតថា អង្គការ Global Witness បានបង្ហាញរួចមកហើយនូវសមាជិកគ្រួសាររបស់លោកហ៊ុន សែន បានជាប់ទងនឹងក្រុមហ៊ុនបរទេសធំៗមួយចំនួន ។ ដូច្នេះ អ្នកវិនិយោគ ឫក៏ក្រុមហ៊ុននានាដែលសំឡឹងមើលការរកស៊ីនៅក្នុងប្រទេសកម្ពុជា គួរតែគិតដោយប្រុងប្រយ័ត្នអំពីហានិភ័យលើផ្នែកផ្លូវច្បាប់ ហិរញ្ញវត្ថុ និងកិត្តិយសនៃរកស៊ីនៅក្នុងបរិយាកាសដែលពុលកង្វក់បែបនេះ។
លោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការលើកឡើងរបស់អង្គការGlobal witness នេះថា សំដីរបស់ជនពាល និងបិសាចអន្តរជាតិដែលតែងតែញុះញង់ និងប្រឌិតខុសពីការពិត។ លោកផៃ ស៊ីផាន បានបញ្ជាក់ថា កម្ពុជាទទួលបានការគោរព និងឃើញថាជាខ្លាសេដ្ឋកិច្ចមួយប្រចាំអាស៊ាន ASEAN ដែលមានផលិតផលសរុបក្នុងស្រុកក្នុងរង្វង់ជាង៧ភាគរយក្នុងរយៈពេលមួយទសវត្សចុងក្រោយនេះ។ កម្ពុជា ក៏ជាទិសដៅ ដល់អ្នកបណ្តាក់ទុនអន្តរជាតិដែលមានភាពកក់ក្តៅ និងបរិមាណខ្ពស់ប្រចាំតំបន់ផងដែរ។ បើតាមលោកផៃ ស៊ីផាន កម្ពុជាទទួលបានជោគជ័យដែលទទួលស្គាល់ដោយអន្តរជាតិ ជាពិសេសគឺលោកនាយករដ្ឋមន្ត្រី ដែលកើតចេញពីប្រជារាស្ត្រខ្មែរដែលលោកទទួលបានការគោរព និងកោតសរសើរពីសំណាក់អន្តរជាតិ ចំពោះការដឹកនាំដ៏រស់រវើក និងចំទិសដៅ គឺសន្តិភាព ស្ថេរភាព និងវិបុលភាព។
សូមបញ្ជាក់ថា សេចក្តីថ្លែងការណ៍របស់អង្គការអន្តរជាតិGlobal Witness នេះបានធ្វើឡើងចំពេលនាយករដ្ឋមន្ត្រីកម្ពុជាកំពុងចូលរូមនៅក្នុងវេទិកាសេដ្ឋកិច្ចពិពភលោកនៅក្នុងទីក្រុងដាវ៉ូស ប្រទេសស្វីស។ នៅទីនោះ លោកនាយករដ្ឋមន្ត្រីខ្មែរក៏បានធ្វើវេទិកាលើកឡើងពីកាលានុវត្តភាពនៅកម្ពុជា ដើម្បីទាក់ទាញអ្នកវិនិយោគបរទេសពិចារណាមកវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ៕
No comments:
Post a Comment