Paris Peace Accords 23 Oct. 1991

Thursday, January 19, 2017

Global Witness ជំរុញ ប្រទេសស្វីសបិទទ្វារបណ្តេញលោក ហ៊ុន​ សែន ​ចេញពីវេទិកាសេដ្ឋកិច្ចពិភពលោក​

លោក ហ៊ុន សែន (រូបភាពហ្វេប៊ុកនាយករដ្ឋមន្ត្រី)

Global Witness ជំរុញ ប្រទេសស្វីសបិទទ្វារបណ្តេញលោក ហ៊ុន​ សែន ​ចេញពីវេទិកាសេដ្ឋកិច្ចពិភពលោក​

 | ១៩ ខែមករា ឆ្នាំ២០១៧

អង្គការ Global Witness ជាអង្គការអន្តរជាតិ​ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានអំពាវនាវឲ្យប្រទេសស្វីសដែលជាម្ចាស់ផ្ទះនៃវេទិកាសេដ្ឋកិច្ចអន្តរជាតិ បិទទ្វារ និង បណ្តេញ​កុំឲ្យលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមដោយអង្គការនេះ ចាត់ទុកលោក ហ៊ុន សែន ជាជនផ្តាច់ការធ្វើបាបពលរដ្ឋ។​


សេចក្តីថ្លែងការណ៍របស់អង្គការនេះ ចេញផ្សាយកាលពីថ្ងៃពុធទី១៨ម្សិលមិញ បានលើកឡើងថា អ្នករៀបចំ វេទិកាសេដ្ឋកិច្ចពិភពលោក​នៅទីក្រុងដាវ៉ូស ប្រទេសស្វីស មិនគួរអនុញ្ញាតឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាន់កម្មវិធីនៅក្នុងវេទិកានោះ ដើម្បីឃោសនាទាក់ទាញ អ្នកវិនិយោគពីក្រៅប្រទេសធ្វើជាដៃគូរពាណិជ្ជកម្មនោះទេ។​

Global Witness លើកឡើងថា លោក ហ៊ុន សែន ដឹកនាំធ្វើឲ្យប្រទេសកម្ពុជា ស្ថិតនៅឆ្ងាយពីគោលដៅនៃការចង់បានរបស់អ្នកវិនិយោគ ដោយសារការបង្កើតជាប្រព័ន្ធនៃការធ្វើទុក្ខបុកម្នេញ​លើអ្នកនយោបាយប្រឆាំង ការធ្វើទារុណកម្ម សម្លាប់ រំលោភសិទ្ធិមនុស្ស និងចាប់អ្នករិគន់ដាក់ពន្ធនាគារជាដើម។​

អង្គការនេះ ក៏បានរិះគន់ថា គ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ កំពុងតែក្តោបក្តាប់សេដ្ឋកិច្ច។

អ្នកស្រី​ Alice Harrison ទីប្រឹក្សា​ផ្នែក​សារ​គមនាគមន៍​របស់​អង្គការ​ Global Witness ថ្លែងក្នុងសេចក្តីថ្លែងការណ៍នោះថា៖ «វា មិមានអ្វីចម្លែកទេ សម្រាប់នាយករដ្ឋមន្ត្រី ហ៊ុន សែន​ ដែល គៀងគរអ្នកមានទ្រព្យសម្បត្តិនៅទីក្រុងដាវ៉ូសនោះ។ លោក​នឹងក្រុមគ្រួសាររបស់លោក​កំពុងក្តោបក្តាប់សេដ្ឋកិច្ចជាតិ ប្រមូលផលដាក់ក្នុងហោប៉ៅផ្តាល់ខ្លួន។​ កិច្ចប្រជុំនៅដាវ៉ូស ត្រូវមានការប្តេជ្ញាឲ្យពិភពលោកឆ្ពោះទៅរកការរីកចម្រើនត្រឹមត្រូវ ដូច្នេះត្រូវបិទទ្វារមិនឲ្យជនផ្តាច់ការដូច ហ៊ុន សែន​ ចូលរួមនោះទេ ។»

ទោះយ៉ាងណា លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការ គណៈរដ្ឋមន្ត្រី បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា ការលើកឡើងរបស់ Global Witness គឺជាការញុះញង់ ខុសពីការពិតដែលកំពុងមាននៅកម្ពុជា។​

លោកសរសេរថា៖ «សំណូមពរឲ្យអង្គប្រជុំសេដ្ឋកិច្ចអន្តរជាតិ នៅទីក្រុង Davo ប្រទេសស្វីសបិទទ្វា បណ្តេញកម្ពុជានោះ គឺជាសំដីរបស់ជនពាល និងបិសាចអន្តរជាតិ ដែលតែងតែញុះញង់ ប្រឌិតខុសពីការពិត។ កម្ពុជាទទួល បានការគោរព និងឃើញថាជា ខ្លាសេដ្ឋកិច្ចមួយប្រចាំអាស៊ាន ASEAN ដែលមានផលិតផលសរុបក្នុងស្រុកក្នុងរង្វង់ជាង ៧ភាគរយ ក្នុងរយៈពេលមួយទសវត្សចុងក្រោយនេះ។ កម្ពុជា ក៏ជាទិសដៅ ដល់អ្នកបណ្តាក់ទុនអន្តរជាតិ ដែលមានភាពកក់ក្តៅ និងបរិមាណខ្ពស់ប្រចាំតំបន់។»


វេទិកាសេដ្ឋកិច្ចពិភពលោកនោះ មានការចូលរួមពីបណ្តារ​មេដឹកនាំនានា អ្នកជំនួញ អ្នកស្រាវជ្រាវ មន្ត្រីអង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មាន​ប្រមាណ ៣០០០នាក់​ មកពីប្រទេសចំនួន​៣២។ ​តាមហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា ក្រៅពីការចូលប្រជុំនោះ លោកក៏មានគម្រោងជួបជាមួយប្រជាពលរដ្ឋខ្មែររស់នៅទីនោះ និងជួបជាមួយមេដឹកនាំផ្សេងៗទៀតជាលក្ខណៈទ្វេរភាគីផងដែរ៕

No comments:

Post a Comment