Paris Peace Accords 23 Oct. 1991

Saturday, January 21, 2017

លោក ហ៊ុន សែន៖ គ្លូបបល វីដនេស៍ ឆ្កួត​លីលា​ ចង់​ស្នើ​លោក​ ចេញ​ ពី​វេទិកា​ សេដ្ឋកិច្ច ​ពិភពលោក |Hun Sen: Global Witness crazy mad in wanting him out of WEF

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពេល​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​លើក​ទី​៤៥  នា​ប្រទេស​ស្វីស កាល​ពី​ថ្ងៃ​ទី​២៣ មករា ២០១៥។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពេល​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​លើក​ទី​៤៥ នា​ប្រទេស​ស្វីស កាល​ពី​ថ្ងៃ​ទី​២៣ មករា ២០១៥។

លោក ហ៊ុន សែន៖ គ្លូបបល វីដនេស៍ ឆ្កួត​លីលា​ ចង់​ស្នើ​លោក​ ចេញ​ ពី​វេទិកា​ សេដ្ឋកិច្ច ​ពិភពលោក

RFA / វិទ្យុ អាស៊ី សេរី |


លោក នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ ទី​២០ មករា ប្រតិកម្ម​ ទៅ​នឹង ​ការ​ស្នើ ​របស់​ អង្គការ​ ឃ្លាំមើល​ ពិភពលោក គ្លូបបល វីដនេស៍ (Global Witness) ដែល​ឲ្យ​ វេទិកា​ សេដ្ឋកិច្ច​ ពិភពលោក​ ផាត់​លោក​ចេញ ពី​កិច្ចប្រជុំ​ ពិភពលោក​ មួយ​នេះ។  លោក ហ៊ុន សែន ហៅ​ ការ​ស្នើ ​របស់ គ្លូបបល វីដនេស៍ នេះ​ ថា​ ជា​រឿង ​ឆ្កួត​លីលា​។  ប៉ុន្តែ ​អ្នកវិភាគ​ ថា, ការ​ឆ្លើយ​តប ​របៀប​កំហឹង​ ទល់កំហល់ ​របស់ ​រដ្ឋាភិបាល​ នឹង​មិន ​ធ្វើ​ឲ្យ​ រដ្ឋាភិបាល​ ចំណេញ​ នោះ​ឡើយ​។


អស់ពី​ប្រតិកម្ម​របស់​មន្ត្រី​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ដែល​ថ្លែង​ចាត់​ទុក អង្គការ​គ្លូបបល វីដនេស៍ ថា​ជា ជនពាល និង​បិសាច​អន្តរជាតិ ពេលនេះ​ដល់ពេល​លោក ហ៊ុន សែន វិញ​ម្ដង ដែល​ថ្លែង​ចាត់ ទុក គ្លូបបល វីដនេស៍ ថា​ឆ្កួត​លីលា។

ថ្លែង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​ខ្លួន​ពី​ប្រទេស​ស្វីស (Switzerland) ទី​ដែល​លោក​កំពុង​ចូលរួម កិច្ចប្រជុំ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក លោក ហ៊ុន សែន ផ្ដាំ​ទៅ គ្លូបបល វីដនេស៍ និង​បក្សពួក ឲ្យ​ល្មម​ឈប់​ល្ងង់​និង​ឆ្កួត​ទៀត​ទៅ។ លោក ហ៊ុន សែន សង្កត់​ធ្ងន់​ថា ថ្នាក់ដឹកនាំ​ប្រទេស​ធ្វើការ ជាមួយគ្នា​ដែល​ជា​ទម្លាប់​ធម្មតា​នៃ​ទំនាក់ទំនង​រវាង​រដ្ឋ​និង​រដ្ឋ ហើយ​លោក​ថា បើ គ្លូបបល វីដនេស៍ មិនទាន់​ឡប់ ឬ​ឆ្កួត​ទេ​នោះ គួរ​ចូល​សាលារៀន​ថែមទៀត ដើម្បី​កុំ​មក​ប្រឆាំង​នឹង​លោក​ទាំង​ឆ្កួត​លីលា។

កាលពី​ថ្ងៃ​ទី​១៨ មករា មន្ត្រី​អង្គការ​ឃ្លាំមើល​ពិភពលោក គ្លូបបល វីដនេស៍ អ្នកស្រី អាលីស ហារីសាន់ (Alice Harrison) បាន​ថ្លែង​តាមរយៈ​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន ថា អ្នកស្រី​គ្មាន​ការ​ភ្ញាក់ផ្អើល​នោះ​ទេ ដែល​លោក ហ៊ុន សែន ព្យាយាម​ទាក់ទាញ​អ្នក​វិយោគ ទុន​កំពូលៗ​ពី​ទីក្រុង​ដាវូស (Davos) មក​វិនិយោគ​នៅ​កម្ពុជា។
អ្នកស្រី​ថា លោក ហ៊ុន សែន និង​គ្រួសារ​របស់​គាត់​កំពុង​ក្ដោបក្ដាប់​សេដ្ឋកិច្ច​របស់​ប្រទេស ហេតុដូច្នេះ​រាល់​លុយ​ទាំងឡាយ​របស់​អ្នក​វិនិយោគ​ទុន​ថ្មីៗ​ទាំងនោះ នឹង​អាច​ធ្លាក់​ក្នុង​ហោ​ប៉ាវ របស់​ក្រុម​គ្រួសារ លោក ហ៊ុន សែន។

អង្គការ​ឃ្លាំមើល​ពិភពលោក​មួយ​នេះ​លើក​ឡើង​ថា កិច្ចប្រជុំ​ដែល​មាន​ការ​ចូល​ដោយ​ក្រុម​មន្ត្រី សំខាន់ៗ​ខាង​ផ្នែក​ហិរញ្ញវត្ថុ​ពិភពលោក មិន​ត្រូវ​ផ្តល់​ឱកាស​ឲ្យ លោក ហ៊ុន សែន ដែល គ្លូបបល វីដនេស៍ ចាត់ទុកថា​ជា​ជន​ផ្ដាច់ការ​ដ៏​សាហាវ​ម្នាក់​នោះ អាច​ស្វែងរក​ដៃគូ​អន្តរជាតិ​ថ្មី ចូលរួម​ធ្វើ​ពាណិជ្ជកម្ម​នោះ​ឡើយ​។

ការ​លើកឡើង​របស់​មន្ត្រី​អង្គការ គ្លូបបល វីដនេស៍ ដូចនេះ​គឺ​ផ្សា​ភ្ជាប់​ទៅ​នឹង​ការ​រក ឃើញ​របស់គ្លូបបល វីដនេស៍ នៅក្នុង​របាយការណ៍​ចុងក្រោយ​របស់​ខ្លួន ចេញផ្សាយ​កាលពី ដើមខែ កក្កដា ឆ្នាំ​២០១៦ ដែល​លាតត្រដាង​ពី​ការ​ក្តោបក្តាប់​មុខ​ជំនួញ​ធំៗ​របស់​ត្រកូល ហ៊ុន ដោយ​អំពើពុករលួយ រំលោភ​អំណាច និង​រំលោភ​សិទ្ធិមនុស្ស​ដើម្បី​ការពារ​អំណាច​របស់​លោក ហ៊ុន សែន។

​គ្លូបបល វីដនេស៍ រកឃើញថា​គ្រួសារ​ត្រកូល ហ៊ុន បាន​កាន់កាប់ ផ្ទាល់ ឬ​កាន់កាប់​ដោយ​ផ្នែក​ក្នុង​ក្រុមហ៊ុន​ជាច្រើន​ដែល​មាន​ដើមទុន​ចុះបញ្ជី​ជាង​២០០​លាន ដុល្លារ​សហរដ្ឋអាមេរិក ហើយ​បាន​ដាក់​ភាគហ៊ុន​ជាមួយ​ក្រុមហ៊ុន​បរទេស​ជាង​មួយ​រយ​ក្រុមហ៊ុន នៅ​ក្នុង​ប្រទេស។ ទោះជា​យ៉ាងណា ស្ថាប័ន​រដ្ឋាភិបាល​ពាក់​ព័ន្ធ​មិនបាន​បើក​ការ​ស៊ើបអង្កេត​ចំពោះ​រឿង​នេះ​ឡើយ។

អ្នកស្រាវជ្រាវ​នយោបាយ​ការបរទេស និង​ច្បាប់​អន្តរជាតិ លោក ឡុង គឹមឃន សង្កេត​ឃើញ ថា កន្លងទៅ​នៅ​ពេល​រដ្ឋាភិបាល​រង​ការរិះគន់​របស់​អង្គការ​អន្តរជាតិ រដ្ឋាភិបាល​តែង​ទាត់ចោល នូវ​ការរិះគន់ និង​ឆ្លើយតប​ជា​របៀប​កំហឹង​ទល់​កំហល់​។ លោក ឡុង គឹមឃន យល់​ឃើញ​ថា ប្រតិកម្ម​របៀប​នេះ នឹង​មិន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ចំណេញ​ឡើយ​។  ប៉ុន្តែ​ លោក​ ថា, បើ​ រដ្ឋាភិបាល ឆ្លើយតប ​ដោយ​ភាសា​ ការទូត ឬ​ដោយ​បង្ហាញ​ នូវ​ឯកសារ​ ភស្តុតាង​ បញ្ជាក់ ​ពី​ភាព​ត្រឹមត្រូវ​ របស់​ខ្លួន ទើប​ ធ្វើ​ឲ្យ​ ការ​ឆ្លើយតប​ នោះ​ មាន​ប្រសិទ្ធភាព៖ «តាម​ពិត​ទៅ​ នៅ​ក្នុង ​រដ្ឋាភិបាល​យើង​ ក៏​មាន​ អ្នក​បញ្ញវន្ត, អ្នកស្រាវជ្រាវ​ ធំៗ​ ដែល​ពូកែ ទាំង​ផ្នែក​ សេដ្ឋកិច្ច, នយោបាយ, និង​ទិន្នន័យ​ ជាដើម។  ដូច្នេះ​ បើ សិនជា​មាន ការ​លើកឡើង​ ដែលជា​ការ​ ចោទប្រកាន់​ របស់​ ស្ថាប័ន​ អន្តរជាតិ វិធី​តែ មួយ​ ដែល​ល្អ ជាងគេ​ បំផុត គួរ​ ឲ្យ​គេ​ ស្រាវជ្រាវ រក ​ឲ្យ​ឃើញ​ ឆ្លើយតប​ ទៅវិញ ដោយ​ពឹង​ផ្អែក លើ​ស្ថិតិ, ទិន្នន័យ, ឬ​ការ​ រក​ឃើញ​ តាម​បែប ​វិទ្យាសាស្ត្រ។»

លោក ឡុង គឹមឃន មានប្រសាសន៍ថា នៅ​ពេល​ការ​ឆ្លើយតប​របស់​រដ្ឋាភិបាល ធ្វើ​ឲ្យ​មនុស្ស​គ្រប់គ្នា​ទទួល​យក​បាន វា​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ចំណេញ​នោះ​ទេ ប៉ុន្តែ​វា​ការ​ថែ​រក្សា ការពារ​មុខមាត់ និង​កិត្តិយស​របស់​រដ្ឋាភិបាល​នៅ​លើ​ឆាក​នយោបាយ​អន្តរជាតិ​ថែមទៀត។
ទាក់ទង​នឹង​រឿង​អង្គការ គ្លូបបល វីដនេស៍ នេះ​ដែរ​លោក ហ៊ុន សែន នៅ​ថ្ងៃ​ដដែល​នេះ បាន​សរសេរ​ឆ្លើយតប​ទៅ​នឹង​អ្នក បញ្ចេញមតិ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក របស់​លោក ដោយ​ទម្លាយ​រឿង​អាថ៌កំបាំង​អាស្រូវ​ស្នេហា​របស់​បុគ្គលិក​ស្ត្រី​ម្នាក់​នៃ​អង្គការ​មួយ​នេះ។
លោក ហ៊ុន សែន សរសេរ​ថា រឿង គ្លូបបល វីដនេស៍ ចាប់​ផ្ដើម​ពី​បុគ្គលិក​ស្រី​ម្នាក់​ជា​ខ្មែរ​កាត់ បារាំង​ទៅ​ធ្វើ​ការ​នៅ​កម្ពុជា ហើយ​លួច​មាន​សា​ហាយ​ជាមួយ​ប្ដី​គេ​។ លោក​ថា ដល់​ប្រពន្ធ គេ​ទៅតាម​រករឿង​ដល់​ផ្ទះ​បែរជា​ចោទ​ថា អ្នក​រក​ស៊ី​កាប់​ឈើ​ទៅ​រក​រឿង​ទៅវិញ។ លោក ហ៊ុន សែន បញ្ជាក់​ថា​ពេលនោះ​ស្ថានទូត​អង់គ្លេស​ក៏​ដឹង​រឿង​នេះ​ដែរ​។ លោក ហ៊ុន សែន ចាត់​ទុក ការ​បង្វែរ​រឿងអាស្រូវ​ផ្លូវ​ភេទ​ទៅជា​រឿង​ផ្សេង​ដូចនេះ គឺជា​រឿង​ថោកទាប។
ទោះជា​យ៉ាងណា លោក ហ៊ុន សែន មិន​បញ្ជាក់​ឈ្មោះ​ស្ត្រី​នោះ​ឡើយ។ លោក​គ្រាន់តែ​បង្ហើប ថា បុគ្គលិក​ស្រី​នោះ មាន​ម្ដាយ​ជា​ខ្មែរ និង​ឪពុក​ជា​ជនជាតិ​បារាំង៕






No comments:

Post a Comment