ពលរដ្ឋខេត្តព្រះសីហនុ លោក ទុន សុខ ពិនិត្យមើលឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតនៅក្នុងបរិវេណសាលាសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧។ RFA/Den Ayuthyea |
មន្ត្រី បក្សប្រឆាំង ថា, ឈ្មោះបោះឆ្នោត នៅខេត្ត បន្ទាយមានជ័យ រាប់រយនាក់ ខុសអក្ខរាវិរុទ្ធ
RFA / វិទ្យុ អាស៊ី សេរី | ១២ មករា ២០១៧
មន្ត្រី គណបក្ស ប្រឆាំង នៅខេត្ត បន្ទាយមានជ័យ ព្រួយបារម្ ភពីការ បាត់បង់ សិទ្ធិ របស់ ប្រជាពលរដ្ឋ ដែលទៅ ធ្វើការ នៅប្រទេស ថៃ។ មន្ត្រី ដដែល សង្កេតឃើញ ថា, ពលរដ្ឋ នៅក្នុងខេត្តនេះ ដែលកំពុង ធ្វើការ នៅក្នុងប្រទេស ថៃ មិនបាន មកមើល ឈ្មោះ បោះឆ្នោត ដើម្បី កែតម្រូវ ឲ្យបាន ទាន់ពេល កំណត់ ប្រសិនបើ ឈ្មោះ ពួកគេ មានកំហុស ណាមួយ ឡើយ។ ក្ដីបារម្ភនេះ បន្ទាប់ ពីរកឃើញ ឈ្មោះ ពលរដ្ឋ ជាច្រើន នៅក្នុងបញ្ជី បោះឆ្នោត ដែល គ.ជ.ប. បិទប្រកាស នៅតាម ឃុំ-សង្កាត់ នៅក្នុង ខេត្តនេះ មានកំហុស អក្ខរាវិរុទ្ធ។
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខេត្តបន្ទាយមានជ័យ លោក កែ សម្ផស្ស ឲ្យដឹងនៅថ្ងៃទី១២ មករា ថា ក្រុមការងាររបស់លោកបានចុះទៅតាមមូលដ្ឋាន ហើយពិនិត្យឃើញថា ឈ្មោះរបស់ប្រជាពលរដ្ឋដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបិទប្រកាសនៅតាមឃុំ-សង្កាត់នោះមានសរសេរខុសអក្ខរាវិរុទ្ធរាប់រយនាក់។ លោកអះអាងថា ប្រជាពលរដ្ឋហាក់មិនខ្វល់ទៅពិនិត្យមើលឈ្មោះរបស់ពួកគាត់ ដែលបានបិទនៅតាមឃុំ-សង្កាត់នោះទេ ជាពិសេសពលករដែលទៅធ្វើការនៅប្រទេសថៃ៖ «ប៉ុន្តែការខុសនោះដូចជាខុសស្រះ ដែលស្រះ ិ ទៅជាស្រះ ី ហើយស្រះ ុ ទៅជាស្រះ ូ ជាដើម ក្រៅពីនោះក៏មានខុសថ្ងៃខែឆ្នាំកំណើតខ្លះដែរ។»
ទាក់ទងនឹងបញ្ហានេះ ប្រធានលេខាគណៈកម្មការរៀបចំការបោះឆ្នោតបន្ទាយមានជ័យ លោក ហ៊ី គឹមសេង ទទួលស្គាល់ថា ឈ្មោះបោះឆ្នោតរបស់ពលរដ្ឋដែលបានបិទនៅតាមឃុំ-សង្កាត់នៅក្នុងខេត្តមួយនេះ ពិតជាមានខុសអក្ខរាវិរុទ្ធខ្លះប្រាកដមែន ប៉ុន្តែលោកថាពុំទាន់ដឹងតួលេខដែលខុសមានប៉ុន្មាននោះទេ។ ទោះជាយ៉ាងនេះក្ដី លោកអះអាងថា រហូតមកដល់ពេលនេះ ពុំទាន់មានគណបក្សនយោបាយណាដាក់ពាក្យប្ដឹងតវ៉ាមកខាងលោក ដើម្បីសុំកែតម្រូវឈ្មោះទាំងអស់នោះនៅឡើយ៖ «ការខុសនេះវាទាល់តែប្ដឹងបានយើងឲ្យឃុំ-សង្កាត់គេសម្រេចឲ្យទៅ បានយើងចុះក្នុងបញ្ជីដើម្បីរាយការណ៍ទៅថ្នាក់ជាតិឲ្យគេកែតម្រូវឲ្យ ព្រោះឥឡូវនេះយើងមិនអាចកែតម្រូវដោយដៃបានទេ។»
ពលរដ្ឋនៅខេត្តបន្ទាយមានជ័យ ដែលជាប់រវល់ធ្វើការងារនៅឆ្ងាយពីស្រុកកំណើត ភាគច្រើនពួកគាត់ឲ្យសាច់ញាតិ និងអ្នកស្គាល់គ្នាទៅពិនិត្យមើលឈ្មោះបោះឆ្នោតជំនួស។ ចំណែកឈ្មោះដែលមានសរសេរខុសអក្ខរាវិរុទ្ធ ពួកគាត់មិនបានមកកែតម្រូវភ្លាមៗដោយខ្លួនឯងនោះទេ។
មន្ត្រីផ្នែកស៊ើបអង្កេត និងតស៊ូមតិនៃអង្គការខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស មានប្រសាសន៍ថា បញ្ហាឈ្មោះពលរដ្ឋសរសេរខុសពីអត្តសញ្ញាណប័ណ្ណ បើទោះជាខុសតិច ឬធ្ងន់ធ្ងរក្ដី គឺប្រឈមនឹងការបាត់បង់សិទ្ធិបោះឆ្នោត៖ «ការខុសវាមានពីរ គឺធ្ងន់ធ្ងរ និងតិចតួច។ ចំពោះការខុសធ្ងន់ធ្ងរមានន័យថា នាមត្រកូល និងឈ្មោះសាមីខ្លួនខុសពីអត្តសញ្ញាណប័ណ្ណ ហើយខុសបែបនេះ គឺបាត់បង់ការបោះឆ្នោតតែម្ដង។ ចំណែកខុសតិចតួច ដូចជាខុសស្រះជាដើម ដែលខុសនេះកាលពីមុនមានការលើកលែងពី គ.ជ.ប។ ប៉ុន្តែមកទល់ថ្ងៃនេះ គ.ជ.ប មិនទាន់កំណត់ថាការប៉ុនណាអាចលើកលែងបាននោះទេ។»
លោកស្នើឲ្យប្រជាពលរដ្ឋទៅពិនិត្យឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា ហើយប្រសិនបើប្រជាពលរដ្ឋពិនិត្យឃើញមានសរសេរខុសចំណុចណាមួយ ត្រូវប្រញាប់ទាក់ទងទៅក្រុមប្រឹក្សាឃុំ-សង្កាត់កែតម្រូវឡើងវិញឲ្យបានឆាប់ យ៉ាងយូរត្រូវត្រឹមថ្ងៃទី១៤ មករា។
ពលរដ្ឋនៅខេត្តបន្ទាយមានជ័យ ដែលគ្រប់អាយុបោះឆ្នោតសរុបជាង ៤៧ម៉ឺននាក់ (៤៧៤.៩២៧នាក់) ក្នុងនោះអ្នកដែលបានចុះឈ្មោះបោះឆ្នោតរួចមានជាង ៣២ម៉ឺននាក់ (៣២៣.៧៣៤នាក់) និងមាន ៦៥ឃុំ-សង្កាត់៕
No comments:
Post a Comment