Paris Peace Accords 23 Oct. 1991

Friday, January 27, 2017

មន្ត្រី​ បក្ស​ប្រឆាំង ​គ្រោង​ កោះ​ហៅ​ លោក ទៀ បាញ់ បំភ្លឺ​ រឿង​ ដំឡើង​ស័ក្តិ​ អ្នក​ វាយ​តំណាង​រាស្ត្រ | Opposition officials to summons Tea Banh to explain promotion of those who viciously beat parliamentarians

លោក ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ថ្លែង​ក្នុង​ពិធី​ជូន​ដំណើរ​កង​ទ័ព​មួក​ខៀវ នា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០១៤។ RFA/Brach Chev
លោក ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ថ្លែង​ក្នុង​ពិធី​ជូន​ដំណើរ​កង​ទ័ព​មួក​ខៀវ នា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០១៤។ RFA/Brach Chev

មន្ត្រី​ បក្ស​ប្រឆាំង ​គ្រោង​ កោះ​ហៅ​ លោក ទៀ បាញ់ បំភ្លឺ​ រឿង​ ដំឡើង​ស័ក្តិ​ អ្នក​ វាយ​តំណាង​រាស្ត្រ

RFA / វិទ្យុ អាស៊ី សេរី | ២៥ មករា ២០១៧



មន្ត្រី​ ជាន់​ខ្ពស់ ​គណបក្ស​ សង្គ្រោះ​ជាតិ ថ្លែង​ ថា,  ខ្លួន​ នឹង​អាច​ កោះ​ហៅ​ រដ្ឋមន្ត្រី​ ក្រសួង​ ការពារ​ជាតិ លោក ទៀ បាញ់ ទៅ​ឆ្លើយ​បំភ្លឺ ​ក្នុង​រដ្ឋសភា ពាក់ព័ន្ធ​ នឹង​ការ​ ដំឡើង ​ឋានន្តរស័ក្ដិ​ ពី​វរសេនីយ៍ឯក ​ទៅ​ជា​ឧត្តមសេនីយ៍ត្រី ដល់​អង្គរក្ស​ លោក ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ម្នាក់​ទៀត ដែល​ធ្លាប់ ​វាយ​តំណាងរាស្ត្រ​ របស់ ​បក្ស​ប្រឆាំង។


ជាមួយ​គ្នា​នោះ មន្ត្រី​សង្គម​ស៊ីវិល​ការពារ​សិទ្ធិ​មនុស្ស ក៏​លើក​ឡើង​ស្រដៀង​គ្នា​ថា ស្រប​ពេល​មាន​ការ​សង្ស័យ​ជុំវិញ​ការ​ដំឡើង​ឋានន្តរស័ក្ដិ​ដល់​បុគ្គល​ធ្លាប់​វាយ​តំណាងរាស្ត្រ​នេះ សមាជិក​សភា​មាន​សិទ្ធិ​កោះ​ហៅ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ មក​ឆ្លើយ​បំភ្លឺ។

ប្រសិន​បើ​ពិនិត្យ​រក​ឃើញ​ភាព​មិន​ប្រក្រតី​ជុំវិញ​ការ​ដំឡើង​ឋានន្តរស័ក្ដិ​ផ្កាយ​មួយ​ដល់​អង្គរក្ស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ធ្លាប់​ចូលរួម​វាយ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ រហូត​របួស​ធ្ងន់ ថា​ជា​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​ផល​ប្រយោជន៍​ជាតិ សន្តិសុខ​ជាតិ និង​ផល​ប្រយោជន៍​ជន​រងគ្រោះ គឺ​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង នឹង​កោះ​ហៅ​រដ្ឋមន្ត្រី​ការពារ​ជាតិ លោក ទៀ បាញ់ ទៅ​បកស្រាយ​បំភ្លឺ​ក្នុង​រដ្ឋសភា​នា​ពេល​ខាង​មុខ។

សមាជិក​រដ្ឋសភា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក ហូរ វ៉ាន់ បាន​ថ្លែង​នៅ​ថ្ងៃ​ទី​២៦ មករា ថា ពេលវេលា​ជាក់លាក់​កោះ​ហៅ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ចូល​ឆ្លើយ​បំភ្លឺ​នៅ​រដ្ឋសភា ពាក់ព័ន្ធ​នឹង​ការ​ដំឡើង​ឋានៈ​ដល់​អង្គរក្ស​លោក ហ៊ុន សែន នឹង​ត្រូវ​ដឹង​ច្បាស់​នៅ​ក្រោយ​មាន​ការ​ពិភាក្សា​ជាមួយ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ឬ​ជាមួយ​ប្រធាន​ស្ដីទី​គណបក្ស​ជា​មុន​សិន៖ «បើ​ករណី​ឡើង​នោះ​វា​មិន​ប្រក្រតី ប៉ះពាល់​ផល​ប្រយោជន៍​ប្រទេស​ជាតិ សន្តិសុខ​ជាតិ តំណាងរាស្ត្រ​យើង​មាន​សិទ្ធិ​នឹង​សួរ និង​សុំ​ឲ្យ​រដ្ឋមន្ត្រី​បំភ្លឺ​លើ​រឿង​នោះ​បាន»

លោក​បន្ត​ថា សមាជិក​រដ្ឋសភា​បក្ស​ប្រឆាំង​ទាំង ៥៥​រូប គឺ​អាច​កោះ​ហៅ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ មក​ឆ្លើយ​បំភ្លឺ​ក្នុង​រដ្ឋសភា​បាន ព្រោះ​តាម​ច្បាប់ គឺ​តម្រូវ​ឲ្យ​មាន​សមាជិក​រដ្ឋសភា​ចាប់​ពី ៣០​រូប។ គម្រោង​កោះ​ហៅ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ នេះ គឺ​បន្ទាប់​ពី​មាន​រាជក្រឹត្យ​មួយ​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ដែល​ព្រះមហាក្សត្រ​ព្រះ​បរមនាថ នរោត្តម សីហមុនី ត្រាស់​បង្គាប់​តែងតាំង​វរសេនីយ៍ឯក​ពីរ​រូប ឡើង​ជា​ឧត្តមសេនីយ៍ត្រី ហើយ​ឧត្តមសេនីយ៍ត្រី​ថ្មី​ទាំង​ពីរ​រូប​នេះ មាន​ម្នាក់​គឺ​ជា​អង្គរក្ស​លោក ហ៊ុន សែន ឈ្មោះ ចាយ សារិទ្ធ ដែល​ធ្លាប់​វាយ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ពីរ​រូប​ឲ្យ​របួស​ធ្ងន់ និង​បញ្ជូន​ទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស គឺ​លោក គង់ សភា និង​លោក ញ៉យ ចំរើន។

ជន​សង្ស័យ​វាយ​តំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ មក​តុលាការ ៨៥៥ ២០១៦
(ពី​ឆ្វេង) លោក សុត វណ្ណនី លោក ចាយ សារិទ្ធ និង​លោក ម៉ៅ ហឿន ជន​សង្ស័យ​វាយ​តំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ ពេល​បញ្ជូន​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Rann Samnang 


ការ​ដំឡើង​ឋានន្តរស័ក្ដិ​ដល់​អង្គរក្ស​រូប​នេះ ស្រប​ពេល​រដ្ឋាភិបាល​កំពុង​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ក្រោយ​ពី​អង្គរក្ស​លោក ហ៊ុន សែន ពីរ​រូប​ទៀត គឺ សុត វណ្ណនី និង ម៉ៅ ហឿន កាល​ពី​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ទើប​ទទួល​បាន​ការ​ដំឡើង​ឋានន្តរស័ក្ដិ​ពី​វរសេនីយ៍ទោ​ទៅ​ជា​វរសេនីយ៍ឯក។

លោក គង់ សភា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​រងគ្រោះ​ពី​ការ​វាយ​ទាត់​ធាក់​ពី​អង្គរក្ស​លោក ហ៊ុន សែន ទាំង ៣​នាក់ បាន​ចាត់​ទុក​ការ​ដំឡើង​ឋានៈ​នោះ​ថា គឺ​បង្ហាញ​រឹត​តែ​ច្បាស់​ថា​គណបក្ស​កាន់​អំណាច ជា​អ្នក​រៀបចំ និង​ស្ថិត​នៅ​ខាង​ក្រោយ​ខ្នង​នៃ​ករណី​ប្រើ​ហិង្សា​វាយ​ដំ​លោក។ តំណាងរាស្ត្រ​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា មូលហេតុ​នាំ​ឲ្យ​មាន​ការ​ដំឡើង​ឋានន្តរស័ក្ដិ គឺ​ដោយសារ​អង្គរក្ស​ទាំង​បី​មាន​ស្នាដៃ​វាយ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ប៉ុណ្ណោះ៖ «ខ្ញុំ​យល់​ថា ប្រជាពលរដ្ឋ​នឹង​វិនិច្ឆ័យ​ចំពោះ​រឿង​នេះ ដើម្បី​ដាក់​ទោស»

អង្គរក្ស​របស់​លោក ហ៊ុន សែន ដែល​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ម្នាក់ៗ​ចំនួន ៤​ឆ្នាំ ពី​បទ​ប្រព្រឹត្ត​ហិង្សា​លើ​ក្រុម​តំណាងរាស្ត្រ​មាន​ស្ថាន​ទម្ងន់​ទោស ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ កាល​ពី​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ដោយសារ​តុលាការ​បាន​សម្រេច​អនុវត្ត​ទោស​តែ ១​ឆ្នាំ ហើយ ៣​ឆ្នាំ​ទៀត ត្រូវ​បាន​តុលាការ​សម្រេច​ព្យួរ​ទោស។

ពាក់ព័ន្ធ​ការ​ដំឡើង​ឋានន្តរស័ក្ដិ​ដល់​អង្គរក្ស​របស់​លោក ហ៊ុន សែន ដែល​កំពុង​ស្ថិត​ក្នុង​ការ​ព្យួរ​ទោស​បែន​នេះ ត្រូវ​បាន​អ្នក​ច្បាប់​ចាត់​ទុក​ថា ជា​ការ​ដើរ​ផ្ទុយ​ពី​ផ្លូវ​ច្បាប់​របស់​កម្ពុជា។ ប្រធាន​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក ហុង គឹមសួន ថ្លែង​ប្រាប់​អាស៊ីសេរី​ថា ថ្វីត្បិតតែ​អង្គរក្ស​ទាំង​បី​ស្ថិត​នៅ​ក្រៅ​ឃុំ​ដោយសារ​ការ​ព្យួរ​ទោស​ក្ដី ប៉ុន្តែ​ពួក​គេ​នៅ​តែ​មាន​ឈ្មោះ​ជា​ទណ្ឌិត នឹង​មិន​ត្រូវ​ដំឡើង​ឋានន្តរស័ក្ដិ​ឡើយ។ អ្នក​ច្បាប់​រូប​នេះ​បន្ត​ថា ផ្ទុយ​ទៅ​វិញ អ្នក​ទាំង ៣​នាក់ គួរ​តែ​បញ្ឈប់​ពី​តួនាទី​ជា​មន្ត្រី​រាជការ​ត្រឡប់​ជា​ពលរដ្ឋ​សាមញ្ញ ដើម្បី​ជា​ការ​ដាក់​ទោស​ទណ្ឌ​ឲ្យ​ស័ក្ដិសម​នឹង​ទង្វើ​របស់​ពួក​គេ ដែល​ប្រើប្រាស់​ហិង្សា​វាយ​លើ​តំណាងរាស្ត្រ៖ «ឈ្មោះ​ជា​ទណ្ឌិត ជា​គោលការណ៍​ច្បាប់ គឺ​មិន​អាច​ដំឡើង ឬ​ក៏​ឲ្យ​ឋានៈ​ដល់​អ្នក​កំពុង​មាន​ឈ្មោះ​ជា​ទណ្ឌិត​បាន​ទេ»

ជាមួយ​គ្នា​នោះ ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ថ្លែង​ថា នៅ​ពេល​មាន​ការ​សង្ស័យ​ជុំវិញ​ការ​ដំឡើង​ឋានន្តរស័ក្ដិ​ដល់​មន្ត្រី​រាជការ​ណា​មួយ តំណាងរាស្ត្រ​មាន​សិទ្ធិ​កោះ​ហៅ​រដ្ឋមន្ត្រី​នៃ​ក្រសួង​ស្ថាប័ន​នោះ មក​ឆ្លើយ​បំភ្លឺ​ក្នុង​រដ្ឋសភា​បាន៖ «តំណាងរាស្ត្រ​ជា​តំណាង​ពលរដ្ឋ​ទូទៅ រហូត​មាន​អភ័យ​ឯកសិទ្ធិ គឺ​ត្រូវ​គោរព និង​ការពារ​សិទ្ធិ​ចំពោះ​ពួក​គាត់ ប៉ុន្តែ​តំណាងរាស្ត្រ​ត្រូវ​បាន​គេ​វាយ ហើយ​អ្នក​វាយ​ត្រូវ​បាន​ផ្ដល់​ឋានៈ វា​គឺ​ជះ​ឥទ្ធិពល​មិន​ល្អ ព្រោះ​អាច​ធ្វើ​ឲ្យ​អ្នក​តំណាងរាស្ត្រ​ភ័យ​ខ្លាច»

អាស៊ីសេរី មិន​ទាន់​ទាក់ទង​សុំ​ការ​ឆ្លើយ​បំភ្លឺ​បន្ថែម​ពី​មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាតិ បាន​ទេ​នៅ​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៧ នេះ។ ប៉ុន្តែ​កន្លង​មក មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ ធ្លាប់​បញ្ជាក់​ថា ការ​ដំឡើង​ឋានន្តរស័ក្ដិ​ដល់​អង្គរក្ស​ទាំងនោះ គឺ​បន្ទាប់​ពី​ពួក​គេ​ទទួល​ទោស​តាម​ផ្លូវ​ច្បាប់​រួច ហើយ​ត្រូវ​បាន​ក្រសួង​ការពារ​ជាតិ ទទួល​ឲ្យ​មក​បំពេញ​ការងារ​វិញ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ តំណាងរាស្ត្រ​បក្ស​ប្រឆាំង​យល់​ថា ការ​ដំឡើង​ឋានន្តរស័ក្ដិ​ដល់​បុគ្គល​ដែល​បាន​វាយ​តំណាងរាស្ត្រ​សភា គឺ​ជា​ធ្វើ​ឲ្យ​កេរ្តិ៍​ឈ្មោះ​ជាតិ រង​ការ​អាម៉ាស់។ លើស​ពី​នេះ រដ្ឋាភិបាល​ក៏​កំពុង​គាំទ្រ​ឲ្យ​មាន​វប្បធម៌​និទ្ទណ្ឌភាព​រីក​ដុះដាល​នៅ​សង្គម​កម្ពុជា ផង​ដែរ។

សូម​ស្ដាប់​បទសម្ភាសន៍​បន្ថែម​រវាង​លោក តាំង សារ៉ាដា និង​លោក គង់ សភា តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ជុំវិញ​បញ្ហា​នេះ៖






No comments:

Post a Comment