ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា លោក ឌិន ពុទ្ធី (រូបពាក់កម្រផ្កា) ត្រូវបានព្រះសង្ឃសូធ្យមន្តប្រោះព្រំក្រោយពេលចេញពីពន្ធនាគារខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧។ RFA/Hum Chamroeun |
បក្សប្រឆាំង ចោទអាជ្ញាធរ ថា នៅពីក្រោយ ធ្វើ ឲ្យលោក ឌិន ពុទ្ធី លាលែង ពីបក្ស
RFA / វិទ្យុ អាស៊ី សេរី | ២៧ មករា ២០១៧
មន្ត្រី គណបក្ស ប្រឆាំង ចោទអាជ្ញាធរ ក្រុងប៉ោយប៉ែត ថា, ជាអ្នក នៅពីក្រោយ ការលាលែង ពីគណបក្ស សង្រ្គោះជាតិ របស់លោក ឌិន ពុទ្ធី។ ការលាលែង ពីតួនាទី អនុប្រធាន គណៈកម្មាធិការ ប្រតិបត្តិ គណបក្ស សង្គ្រោះជាតិ ក្រុងប៉ោយប៉ែត របស់លោក ឌិន ពុទ្ធី ដែលជាប្រធាន សមាគម អភិវឌ្ឍន៍ សេដ្ឋកិច្ច ក្រៅប្រព័ន្ធនេះ គឺ នៅក្រោយពេល លោក ត្រូវ ដោះលែង ពីពន្ធនាគារ។ បើ ទោះ ជាយ៉ាងណា អាជ្ញាធរ អះអាង ថា មិនពាក់ព័ន្ ធទៅ នឹងលាលែង នេះទេ។ ចំណែក លោក ឌិន ពុទ្ធី លើកឡើង ថា, ការលាលែងនេះ គឺ ដោយសារ លោក ជាប់បំពេញ ការងារ សមាគម និងមិន ចង់ ឲ្យមាន ការធ្វើ ទុក្ខបុកម្នេញ គ្រួសារ របស់លោក។
មន្ត្រីគណបក្សប្រឆាំង និងជាប្រធានសមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅក្រុងប៉ោយប៉ែត ដែលទើបតែត្រូវបានដោះលែងនៅក្រៅឃុំបណ្ដោះអាសន្ន ក្នុងសំណុំរឿងចោទប្រកាន់ថាបើករថយន្តបុកមន្ត្រីច្រកទ្វារព្រំដែនមួយរូប បានដាក់លិខិតលាលែងពីគណបក្សសង្គ្រោះជាតិហើយ កាលពីថ្ងៃទី១៦ មករា កន្លងទៅ។
ការលាលែងនេះ ត្រូវបានមន្ត្រីគណបក្សប្រឆាំងលើកឡើងថា ដោយសារតែអាជ្ញាធរបានគំរាមកំហែងលោក ឌិន ពុទ្ធី ជាថ្នូរនឹងការដោះលែងឲ្យនៅក្រៅឃុំ ឬជាការទិញទឹកចិត្តជាដើម។
ជំទប់ទី២គណបក្សសង្គ្រោះជាតិ សង្កាត់ប៉ោយប៉ែត លោក ចៅ វាសនា ឲ្យអាស៊ីសេរីដឹងនៅថ្ងៃទី២៧ មករា ថា គណបក្សសង្គ្រោះជាតិខេត្តពុំដែលបានដឹងថា លោក ឌិន ពុទ្ធី សុំលាលែងពីបក្សទេ ព្រោះកាលពីថ្ងៃទី២៦ មករា នៅពេលប្រធានស្ដីទីគណបក្សលោក កឹម សុខា ចុះជួប សមាជិកបក្សនៅខេត្តបន្ទាយមានជ័យ ក៏មានវត្តមានលោក ឌិន ពុទ្ធី ក្នុងកម្មវិធីនោះដែរ។ ប៉ុន្តែលោកថា ក្រោយពីទទួលបានព័ត៌មាននៃការលាលែងនេះ គណបក្សខេត្តសម្រេចលែងទទួលស្គាល់លោក ឌិន ពុទ្ធី ជាសមាជិករបស់ខ្លួនទៀតហើយ។
លោក ចៅ វាសនា អះអាងថា នេះជាល្បិចរបស់បក្សកាន់អំណាច ដើម្បីបំបែកបំបាក់គណបក្សប្រឆាំង ដោយឲ្យលោក ឌិន ពុទ្ធី ធ្វើលិខិតលាលែងរួចប្រគល់ឲ្យទៅបក្សកាន់អំណាច ជាថ្នូរនឹងការបាននៅក្រៅឃុំ ហើយងាកមកវាយប្រហារបក្សប្រឆាំងវិញនៅថ្ងៃណាមួយ៖ «ខ្ញុំជឿថា មានគំនាប ប៉ុន្តែបើយើងគ្មានចំណុចខ្សោយណាមួយឲ្យបក្សប្រជាជនគាបបាន គឺមិនអាចគាបបានទេ។»
បដិសេធនឹងការចោទប្រកាន់នេះ អភិបាលក្រុងប៉ោយប៉ែត លោក ង៉ោ ម៉េងជ្រួន ថា អាជ្ញាធររបស់ខ្លួនមិនពាក់ព័ន្ធទៅនឹងការគំរាមកំហែងឲ្យលោក ឌិន ពុទ្ធី លាលែងពីបក្សសង្គ្រោះជាតិឡើយ៖ «អាជ្ញាធរយើងខ្ញុំអត់មានពាក់ព័ន្ធនឹងគណបក្សទេ។»
បច្ចុប្បន្នលោក ឌិន ពុទ្ធី កំពុងស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការខេត្តបន្ទាយមានជ័យ ទោះបីជាលោក ត្រូវបានដោះលែងនៅក្រៅឃុំបណ្ដោះអាសន្ន កាលពីថ្ងៃទី១៤ មករា ក្រោយពីជាប់ឃុំអស់រយៈពេល២១ថ្ងៃ ក្រោមបទចោទថា បង្កហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស លើមន្ត្រីប៉ូលិសប៉ោយប៉ែតក្ដី។
លោក ឌិន ពុទ្ធី គឺជាសកម្មជនគណបក្សប្រឆាំង តាំងពីឆ្នាំ២០០៣ រហូតមក ហើយនៅឆ្នាំ២០១៣ លោកក៏បង្កើតសមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធមួយដើម្បីការពារផលប្រយោជន៍កម្មករនៅក្រុងប៉ោយប៉ែត។
លោក ឌិន ពុទ្ធី ឲ្យអាស៊ីសេរីដឹងនៅថ្ងៃទី២៧ មករា ថា លោកពិតជាបានដាក់ពាក្យលាលែងពីបក្សសង្គ្រោះជាតិ តាំងពីលោកបានចេញពីពន្ធនាគារបានពីរថ្ងៃមកម្ល៉េះ ប៉ុន្តែលោកពុំទាន់បានទទួលការឆ្លើយតបពីគណបក្សខេត្តទេ។
យ៉ាងណាក៏ដោយលោក ឌិន ពុទ្ធី ហាក់ស្ទាក់ស្ទើរថា ការលាលែងរបស់លោក ចេញពីបក្សប្រឆាំង ដោយសារការគំរាមកំហែង។ លោកលើកហេតុផលថា ការលាលែងនេះ ដោយសារលោកជាប់បំពេញការងារសមាគម និងមិនចង់អោយមានការធ្វើទុក្ខបុកម្នេញមកលើគ្រួសាររបស់លោកផង៖ «បើសិនយើងវិភាគលើរឿងមួយ ដែលគេធ្វើដួលនៅមុខឡាន ហើយចាប់ខ្ញុំដាក់គុក តាមខ្ញុំយល់យើងអាចវិភាគបានហើយ។»
ជុំវិញករណីនេះ មន្ត្រីសម្របសម្រួលអង្គការលីកាដូ (LICADHO) ខេត្តបន្ទាយមានជ័យ លោក ភុន ឈិន ថា ការងាររបស់លោក ឌិន ពុទ្ធី កន្លងមក ពិតជាបានធ្វើឲ្យប៉ះពាល់នយោបាយបក្សកាន់អំណាច និងភាគីបំពានលើកម្មករជាដើម ដែលកត្តានេះហើយ អាចឲ្យភាគីរងផលប៉ះពាល់ទាំងអស់នេះ ប្រើគ្រប់វិធីដោយការគំរាម អូសទាញ និងបញ្ចុះបញ្ចូល ឲ្យឈប់ប្រឆាំងខ្លួន និងងាកមកគាំទ្រខ្លួនវិញ។ ប៉ុន្តែលោកមើលឃើញថា ករណីនេះវាប្លែកជាងធម្មតា ត្រង់ថា ពេលចេញពីពន្ធនាគារ មានអាជ្ញាធរទៅសម្រុះសម្រួលជាមួយលោក ឌិន ពុទ្ធី ជាដើម៖ «យើងមិនដឹងខ្លឹមសារមានអីខ្លះទេ ប៉ុន្តែអ្វីដែលយើងឃើញចម្លែកជាងពេលធម្មតា ព្រោះអ្នកចេញពីគុកមិនដែលមានមន្ត្រីអាជ្ញាធរទៅទទួលដល់ពន្ធនាគារទេ។»
យ៉ាងណាក៏ដោយ មន្ត្រីសម្របសម្រួលអង្គការលីកាដូរូបនេះ ថា ការសម្រេចចាកចេញពីបក្សនយោបាយមួយ ទៅបក្សនយោបាយមួយទៀត វាជាសិទ្ធិសេរីភាពរបស់បុគ្គលនោះ។ ប៉ុន្តែលោកគត់សម្គាល់ថា វាសនារបស់បុគ្គលនោះមិនសូវល្អទេ៕
No comments:
Post a Comment