ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ផ្ដល់បទសម្ភាសន៍ដល់អាស៊ីសេរី នាការិយាល័យនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦។ |
«តុលាការ អាមេរិក កំពុង ដំណើរការ លើបណ្ដឹងសុំ បញ្ចេញវីដេអូ ទាក់ទិន ឃាតកម្ម លោក កែម ឡី»
RFA / វិទ្យុ អាស៊ី សេរី | ១៣ មករា ២០១៧
មេដឹកនាំ បក្សប្រឆាំង ឲ្យដឹង ថា, មេធាវី របស់ខ្លួន ដែលជាជនជាតិ អាមេរិកាំង ប្រាប់ថា, តុលាការ សហរដ្ឋ អាមេរិក នៅរដ្ឋ កាលីហ្វ័រញ៉ា (California) កំពុង តែ ដំណើរការ ក្នុងសំណុំរឿង លោកបណ្ឌិត កែម ឡី ហើយ ពេលនេះ។ លោក សម រង្ស៊ី បានដាក់បណ្ដឹង កាលពីខែធ្នូ ឆ្នាំ២០១៦ ដោយស្នើសុំ ឲ្យតុលាការ អាមេរិក បង្គាប់ ទៅក្រុមហ៊ុន ឆេវរ៉ុន (Chevron) ដែលមាន ក្រុមហ៊ុន ប្រេងសាំង កាល់តិច (Caltex) ជាប្រតិបត្តិករ នៅក្នុងទីក្រុង ភ្នំពេញ ឲ្យបញ្ចេញ វីដេអូឃ្លិប ដែលថតបាន ពីសកម្មភាព បាញ់ប្រហារ លោកបណ្ឌិត កែម ឡី នៅក្នុងហាង ស្តារម៉ាត។
ប្រមុខដឹកនាំបក្សសង្គ្រោះជាតិ អះអាងថា ក្នុងសំណុំរឿងព្រហ្មទណ្ឌនេះ តុលាការអាមេរិក ប្រាកដណាស់នឹងចេញដីកាដំណោះស្រាយក្នុងពេលខាងមុខនេះហើយ ខណៈពេលដែលលោក សម រង្ស៊ី អះអាងថា មេធាវីរបស់ខ្លួនកំពុងតែធ្វើកិច្ចការនេះជាមួយនឹងតុលាការ ក្រោយពាក្យបណ្ដឹងរបស់លោកបានចូលដល់ដៃតុលាការ កាលពីខែធ្នូ កន្លងទៅនេះ។
ថ្លែងប្រាប់អាស៊ីសេរី តាមទូរស័ព្ទពីប្រទេសបារាំង នៅថ្ងៃទី១៣ មករា លោក សម រង្ស៊ី ឲ្យដឹងថា មេធាវីរបស់លោកដែលជាជនជាតិអាមេរិកាំង បានបញ្ជាក់ប្រាប់មុននេះថា តុលាការអាមេរិក កំពុងតែចាត់វិធានការលើនីតិវិធីជុំវិញបណ្ដឹងរបស់លោកហើយ។ ឆ្លើយតបនឹងសំណួរថា តើលោកជឿជាក់បែបណាចំពោះសេចក្ដីសម្រេចពីតុលាការនេះ? មេដឹកនាំបក្សប្រឆាំងមានសុទិដ្ឋិនិយមថា តុលាការអាមេរិក គឺខុសពីតុលាការនៅកម្ពុជា។
លោក សម រង្ស៊ី មានជំនឿថា តុលាការនៅសហរដ្ឋអាមេរិក មានភាពឯករាជ្យ និងធ្វើកិច្ចការដោយយុត្តិធម៌ គឺប្រាកដណាស់គ្រប់សំណុំរឿងដែលតុលាការទទួលយកទៅចាត់ការវិធានការហើយ គឺកម្រឃើញតុលាការអាមេរិក ផ្អឹបទុក ឬបិទរឿងក្ដីចោលម្ដងណានោះទេ៖ «តុលាការស្រុកគេឯករាជ្យ គេធ្វើសេចក្ដីសម្រេចអីទាល់តែឈរលើមូលដ្ឋានច្បាស់លាស់ ហើយនេះគឺជាច្បាប់នៅសហរដ្ឋអាមេរិក ត្រូវតម្រូវឲ្យក្រុមហ៊ុនអាមេរិកាំងណាក៏ដោយ ពេលណាមានភស្តុតាងអ្វីមួយទាក់ទងទៅនឹងឃាតកម្មអ្វីមួយ ត្រូវតែបង្ហាញ ហើយបញ្ចេញភស្តុតាងនោះ។»
បើទោះជាលោក សម រង្ស៊ី បង្ហាញពីសុទិដ្ឋិនិយមថា តុលាការអាមេរិក អាចនឹងចេញដីកាបង្គាប់ឲ្យក្រុមហ៊ុន ឆេវរ៉ុន បញ្ចេញវីដេអូ ដែលថតបានពីសកម្មភាពធ្វើឃាតលោកបណ្ឌិត កែម ឡី ក៏ដោយចុះ ក៏មេដឹកនាំរូបនេះ នៅមិនទាន់អាចដឹងពីពេលវេលាជាក់លាក់ដែលតុលាការនឹងឈានទៅបើកការជំនុំជម្រះនៅឡើយនោះដែរ។
ទាក់ទិនរឿងនេះមេបក្សប្រឆាំងដែលត្រូវបានរដ្ឋាភិបាលបិទផ្លូវមិនឲ្យវិលចូលស្រុកវិញ បានដាក់បណ្ដឹងទៅតុលាការអាមេរិក កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦។ ក្នុងសំណុំរឿងនេះ លោក សម រង្ស៊ី ស្នើសុំឲ្យតុលាការអាមេរិក បង្គាប់ឲ្យក្រុមហ៊ុន ឆេវរ៉ុននេះបញ្ចេញវីដេអូឃ្លិបដែលថតបានពីសកម្មភាពបាញ់ប្រហារលោកបណ្ឌិត កែម ឡី កាលពីខែកក្កដា ឆ្នាំ២០១៦ ដែលហ៊ុមព័ទ្ធទៅដោយកាមេរ៉ាសុវត្ថិភាពស្ទើរគ្រប់ជ្រុង និងនៅចំកណ្ដាលទីប្រជុំជន។
លោក សម រង្ស៊ី រិះគន់តុលាការទីក្រុងភ្នំពេញថា ជាតុលាការមិនឯករាជ្យ ដែលជាហេតុនាំឲ្យសំណុំរឿងនៃបទឧក្រិដ្ឋនេះ ត្រូវបន្តអូសបន្លាយពេលជាង ៦ខែមកហើយ។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យតុលាការក្រុងភ្នំពេញ លោក លី សុផាណា អះអាងកាលពីថ្ងៃទី១០ ខែមករា ថា តុលាការកំពុងតែបន្តនីតិវិធីទៀត ក្នុងដំណាក់កាលនៃការបិទបញ្ចប់ការស៊ើបសួរនេះ។ កាលពីថ្ងៃទី២៣ ខែធ្នូ ចៅក្រមស៊ើបសួរនៃតុលាការក្រុងភ្នំពេញ លោក សេង លាង បានប្រកាសជូនដំណឹងដល់លោកស្រី ប៊ូ រចនា ពីការបិទបញ្ចប់នៃការសាកសួរក្នុងសំណុំរឿងព្រហ្មទណ្ឌមួយនេះ។
យ៉ាងនេះក្ដី មេធាវីជនជាតិអង់គ្លេស លោក រីឆាត រ៉ូជើរ (Richard Rogers) នៃក្រុមហ៊ុនមេធាវី គ្លបល ឌីលីជិនស៍ (Global Diligence) ដែលតំណាងពលរដ្ឋរងគ្រោះក្រោមរបបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់បណ្ដឹងរបស់លោកនៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ជុំវិញករណីឃាតកម្មលើលោកបណ្ឌិត កែម ឡី និងឯកសារថ្មីៗបន្ថែមទៀតស្ដីពីការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា។
ចំណែកលោក អំ សំអាត ប្រធានគ្រប់គ្រងផ្នែកអង្កេតអង្គការលីកាដូ (Licadho) យល់ឃើញថា នេះជាជម្រើសល្អ ហើយដែលតុលាការនៅសហរដ្ឋអាមេរិក ចាប់ផ្ដើមលើកយកសំណើនេះទៅពិចារណា។ លោកមានជំនឿថា តាមរយៈការបំពេញកិច្ចការដ៏ឯករាជ្យ តុលាការអាមេរិក អាចនឹងបង្គាប់ឲ្យក្រុមហ៊ុន ឆេវរ៉ុន បញ្ចេញវីដេអូឃ្លិប ហើយនឹងដឹងថា តើនរណាខ្លះដែលពាក់ព័ន្ធក្នុងរឿងក្ដីដ៏សំខាន់មួយនេះ៖ «ខ្ញុំជឿជាក់ថា នៅសហរដ្ឋអាមេរិក តុលាការគេ គេនឹងស្វែងរក ហើយនឹងស្នើសុំឲ្យ ឆេវរ៉ុន បង្ហាញនូវកាមេរ៉ាទាំងអស់ហ្នឹង ដើម្បីដាក់ចូលទៅតុលាការ ហើយបង្ហាញពីភាពពិតនៅក្នុងកាមេរ៉ាហ្នឹង។»
លោក សម រង្ស៊ី ដែលចាប់ផ្ដើមគាស់កកាយរឿងក្ដីដ៏ចម្រូងចម្រាសនេះ មកលាតត្រដាងឡើង ព្រោះតែមេបក្សប្រឆាំងរូបនេះ យល់ឃើញថា អ្នកនៅពីក្រោយនៃអំពើបាញ់ប្រហារនេះ គឺជាមនុស្សដែលមានអំណាច និងឥទ្ធិពលនៅកម្ពុជា។ ស្ថិតក្រោមហេតុផលនេះហើយដែលធ្វើឲ្យតុលាការនៅកម្ពុជា មិនហ៊ានចេញមុខរកអ្នកបញ្ជាពីខាងក្រោយខ្នង និងឃាតកពិតមកផ្ដន្ទាទោសបាន៕
No comments:
Post a Comment