តុលាការ អាមេរិក នឹងបើក សវនាការ លើសំណុំរឿង លោក ហ៊ុន សែន និងកូនប្រុស ច្បង នៅដើមខែ កុម្ភៈ
|
តុលាការ នៅសហរដ្ឋ អាមេរិក នឹងបើក សវនាការ នៅដើមខែ កុម្ភៈ លើសំណុំរឿង លោក មាជ សុវណ្ណារ៉ា ដែលប្តឹង លោក នាយករដ្ឋមន្ត្រី កម្ពុជា និងកូនប្រុស លោក ហ៊ុន ម៉ាណែត ពាក់ព័ន្ធ នឹងសំណុំរឿង «ធ្វើ "ភេរវកម្ម” និង “ធ្វើ ទារុណកម្ម តាមរយៈការ ឃុំខ្លួន ស្រេច តែ អំពើចិត្ត ក្រៅច្បាប់ និងរយៈពេលយូរ។» នេះ បើ តាមការ អះអាង របស់ ដើមបណ្តឹង។
ភរិយា របស់ លោក មាជ សុវណ្ណារ៉ា គឺលោកស្រី ចេមី មាជ (Jamie Meach) បាននិយាយក្នុងវីដេអូឃ្លីប និងបង្ហោះជាសាធារណៈនៅថ្ងៃព្រហស្បតិ៍នេះថា តុលាការនៅក្នុងក្រុងឡូសអែនជឺឡេស (Los Angeles) រដ្ឋកាលីហ្វ័រញ៉ា (California) នឹងបើកសវនាការនៅម៉ោង៨.៣០នាទីព្រឹក លើសំណុំរឿងលោក មាជ សុវណ្ណារ៉ា ដែលប្តឹងលោកនាយករដ្ឋមន្ត្រីកម្ពុជានិងកូនប្រុស លោក ហ៊ុន ម៉ាណែត។
លោកស្រី ចេមី មាជ ប្រាប់ទៅជនរួមជាតិដែលគំាទ្រលោក មាជ សុវណ្ណារ៉ា ឲ្យទៅចូលរួមនិងតាមដានករណីនេះនៅតុលាការសហរដ្ឋអាមេរិកនោះផងដែរ។
លោកស្រីលើកឡើងដូចនេះថា៖ «ចង់ដឹងព័ត៌មានលម្អិត គឺលោក មូរតុន ក្លា(មេធាវីការពារក្តីឲ្យលោក មាជ សុវណ្ណារ៉ា) គាត់នឹងអញ្ជើញមក ហើយបើកសវនាការនោះគឺនៅថ្ងៃទី២ ខែ២ ឆ្នាំ២០១៧ ម៉ោង៨.៣០នាទីព្រឹក។ តើតុលាការនោះ គេនិយាយកាត់សេចក្តីយ៉ាងណានោះ សូមអញ្ជើញបងប្អូនទៅចូលរួមឲ្យបានច្រើននៅសហរដ្ឋអាមេរិក មិនមែនតុលាការប្រទេសកម្ពុជាទេ។»
ក្រុមមេធាវីអន្តរជាតិដែលការពារលោក សុវណ្ណារ៉ា ធ្លាប់លើកឡើងថា បណ្តឹងរបស់លោកផ្តោតលើករណីអង្គរក្សលោក ហ៊ុន ម៉ាណែត ចាប់បោក លោក ផល ហេរ បណ្តាលឲ្យរងរបួសឆ្អឹងខ្នង កាលពីថ្ងៃទី៩ ខែមេសា ខណៈមន្ត្រីតុលាការរូបនោះយកដីកាជូនលោក ហ៊ុន ម៉ាណែត ពេលគាត់ទៅអាមេរិក។ លោក ថា អំពើហិង្សានេះ បានរំលោភលើច្បាប់រដ្ឋកាលីហ្វ័រញ៉ានិងរំលោភច្បាប់ជាតិសហរដ្ឋអាមេរិកផង។ ប៉ុន្តែលោកថា ក្រុមមេធាវីលោក ហ៊ុន ម៉ាណែត ទាត់ចោលបណ្តឹងនេះ ដោយអះអាងថាមិនត្រឹមត្រូវតាមនីតិវិធី។
VOD មិនអាចសុំការបំភ្លឺពីលោក ហ៊ុន ម៉ាណែត បានទេនៅថ្ងៃនេះ។
ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន មានប្រសាសន៍ថា លោកមិនចាប់អារម្មណ៍តុលាការអាមេរិកសម្រចបន្តនីតិវិធីពាក់ព័ន្ធនឹងសំណុំរឿងលោក ហ៊ុន សែន និងកូនប្រុសលោក ហ៊ុន ម៉ាណែត នោះទេ ដោយលោកថា តុលាការអាមេរិកមិនអាចមានយុត្តាធិការលើអធិបតេយ្យភាពរបស់កម្ពុជាបានទេ៖ “តុលាការអាមេរិកមានយុត្តាធិការឯណា «មកគ្របដណ្តប់មកលើឯករាជ្យភាព អធិបតេយ្យភាពរបស់កម្ពុជា គាត់កាត់អីកាត់ទៅ ស្រេចតែគាត់។»
នៅពេលសួរថា តើពេលសវនាការថ្ងៃទី២កុម្ភៈ នឹងមានតំណាងរបស់លោកនាយករដ្ឋមន្ត្រីនិងកូនក្រុសលោក ហ៊ុន ម៉ាណែត ចូលរួមសវនាការដែរឬទេ? លោកឆ្លើយយ៉ាងខ្លីថា ប្រហែលជាមិនមានអ្នកណាចូលស្តាប់សវនាការនៅសហរដ្ឋអាមេរិកនោះទេ។
មេធាវីលោក មាជ សុវណ្ណារ៉ា បានបញ្ជាក់ទៀតថា “ភេរវកម្មអន្តរជាតិ” ស្ថិតក្រោមច្បាប់ប្រឆាំងភេរវកម្មរបស់អាមេរិក ដោយសារតែមានការចោទប្រកាន់ថាធ្វើទារុណកម្មលើលោក សុណ្ណារ៉ា ដែលមានសញ្ជាតិអាមេរិក កំពុងជាប់ពន្ធនាគារនៅកម្ពុជា។ ក្នុងពាក្យបណ្តឹងពន្យល់ថា ច្បាប់អាមេរិកឲ្យនិយមន័យ “ភេរវកម្មអន្តរជាតិ” ថា ជាទង្វើហិង្សាឬសកម្មភាពដែលគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សដែលរំលោភច្បាប់ព្រហ្មទណ្ឌអាមេរិកឬច្បាប់នៃរដ្ឋណាមួយ។
រីឯមេធាវីកម្ពុជាលោក ហុង គឺមសួរ បានពន្យល់តាមនីតិវីធីច្បាប់ជាទូទៅថា បើបុគ្គលណាមួយបានប្រព្រឹត្តបទល្មើស ”ភេរវកម្មអន្តរជាតិ” តុលាការអន្តរជាតិមានសិទ្ធិយកសំណុំរឿងនោះទៅជម្រះបាន ដើម្បីការពារសិទ្ធិប្រជាពលរដ្ឋទូទៅក្នុងពិភពលោក។
គួររំលឹកថា មន្ត្រីគណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា ដែលមានសញ្ជាតិអាមេរិក បានដាក់ពាក្យបណ្តឹងនៅអាមេរិកប្រឆាំងនឹងលោក ហ៊ុន ម៉ាណែតនិងរដ្ឋាភិបាលកម្ពុជា ដោយចោទពីបទ”ធ្វើភេរវកម្ម”និង”ធ្វើទារុណកម្មតាមរយៈការឃុំខ្លួនស្រេចតែអំពើចិត្ត ក្រៅច្បាប់និងរយៈពេលយូរ”។ ក្នុងពាក្យបណ្តឹងនោះ លោក សុវណ្ណារ៉ា បានបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត ជាអ្នកទទួលខុសត្រូវចំពោះអំពើហិង្សាដែលបានកើតឡើងនៅទីលានប្រជាធិបតេយ្យ កាលពីខែកក្កដា ឆ្នាំ២០១៤ និងនាំឲ្យមានការចាប់ខ្លួននិងកាត់ទោសលោកឲ្យជាប់ពន្ធនាគារ២០ឆ្នាំ៕
No comments:
Post a Comment