លូស្បៃមុងដែលត្រូវបានគេដាក់នៅភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅតំបន់បឹងធំ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦។ Photo provided |
ប្រជានេសាទ នៅខេត្ត កំពង់ចាម បារម្ភ ពីការ កើនឡើង នៃបទល្មើស នេសាទ
RFA / វិទ្យុ អាស៊ី សេរី | ១២ មករា ២០១៧
ប្រជានេសាទ នៅឃុំ មៀន ស្រុក ព្រៃឈរ ខេត្ត កំពង់ចាម បារម្ភ ពីទិន្នផល ត្រី ថា នឹងអាច កាន់តែ ថយចុះ បន្ថែមទៀត ប្រសិនបើ អាជ្ញាធរ ពាក់ព័ន្ធ នៅតែ បណ្តោយ ឱ្យមាន បទល្មើស កើតមាន ឡើង។
ការបារម្ភ ខាងលើនេះ ពីព្រោះ ពលរដ្ឋ មើលឃើញ ថា, បទល្មើស នេសាទ ខុសច្បាប់ ដូចជា ឆក់ត្រជាក់, អូសអួន, និងលូស្បៃមុង នៅតែ កើតមាន ឡើង ដោយគ្មាន ការទប់ស្កាត់ ឱ្យមាន ប្រសិទ្ធភាព។ ប្រធាន សហគមន៍ នេសាទ នៅឃុំ មៀន បញ្ជាក់ ថា, បទល្មើស នេសាទ ពិត ជាកើតមាន ឡើង ប្រាកដមែន។
ប្រជាពលរដ្ឋ នៅឃុំ មៀន ស្នើ ឱ្យមន្ត្រី ជំនាញ ឬអាជ្ញាធ រពាក់ព័ន្ធ ជួយចាត់ វិធានការ លើករណី បទល្មើស នេសាទ នៅតំបន់ បឹងធំ ដើម្បី ធានា ដល់ការ រក្សាពូជ ត្រី ឱ្យនៅគង់វង្ស ដល់មនុស្ស ជំនាន់ក្រោយ។ បន្ថែម ពីនេះ ដើម្បី ផ្តល់ភាព ងាយស្រួល ដល់ប្រជាពលរដ្ឋ ដែលរក របរ នេសាទ ដោយប្រើប្រាស់ ឧបករណ៍ ស្របច្បាប់ និងជាលក្ខណៈ គ្រួសារ ជាដើម។
តំណាងពលរដ្ឋនៅភូមិកំពង់សំរិទ្ធិ ឃុំមៀន ម្នាក់ លោក រ៉េន រ៉ាន មានប្រសាសន៍ថា បទល្មើសនេសាទរួមមានការប្រើប្រាស់ឧបករណ៍ឆក់ត្រជាក់ប្រមាណ ៦វង់ ឆក់ធម្មតា លូស្បៃមុងរាប់រយម៉ែត្រជាដើម បន្តកើតមាននៅក្នុងតំបន់បឹងធំ ដដែល។ លោកបន្តថា អាជ្ញាធរ ឬមន្ត្រីជំនាញ មានវិធានការខ្លះដែរ ប៉ុន្តែពុំមានប្រសិទ្ធភាពឡើយ៖ «អនាគតទៅ គឺគ្មានទេកូនចៅយើង មិនដឹងថា មានត្រីអ្វីៗ បើវាឆក់ត្រជាក់យ៉ាងហ្នឹង ហើយបើដាក់សៃយ៉ាងនេះ។»
បឹងធំ ជាបឹងមួយដែលមានទទឹងប្រវែងប្រមាណ ៤គីឡូម៉ែត្រ និងបណ្តោយប្រមាណ ៨គីឡូម៉ែត្រ ជាប់ស្រុកចំនួនបី នៅក្នុងខេត្តកំពង់ចាម រួមមានស្រុកកងមាស ស្រុកកំពង់សៀម និងស្រុកព្រៃឈរ។ បឹងនេះ គឺជាផ្នែកមួយជួយសម្រួលដល់ជីវភាពរស់នៅរបស់ពលរដ្ឋរាប់រយគ្រួសារ ដែលរស់ពឹងផ្អែកទៅលើមុខរបរនេសាទ។
ប្រធានសហគមន៍នេសាទសាមគ្គីឃុំមៀន លោក ម៉ុន ឆៃលាង មានប្រសាសន៍ថា បទល្មើសលូស្បៃមុងពិតជាកើតឡើងប្រាកដមែន។ ចំណែកអួនមានមួយវង់ ប៉ុន្តែឆក់ត្រជាក់ គឺមិនទាន់ឃើញមានទេ ព្រោះទឹកបឹងនៅជ្រៅនៅឡើយ។ លោកបន្ថែមថា ទិន្នផលត្រីនៅឆ្នាំនេះ គឺសំបូរជាងឆ្នាំមុន ប៉ុន្តែលោកបារម្ភខ្លាចទិន្នផលត្រីនឹងអាចថយចុះ ប្រសិនបើបទល្មើសនៅតែកើតមានឡើងបន្តទៀតនោះ៖ «នៅពេលត្រីពងកូន ពួកគាត់នឹងសហការជាមួយយើង។ ជាមួយសហគមន៍ ជាមួយអាជ្ញាធរដែនដី ជាមួយសមត្ថកិច្ចជលផលហ្នឹង គាត់បានសហការជាមួយនៅពេលរដូវបិទនេសាទ ប៉ុន្តែរដូវបើកនេសាទ គាត់មិនចូលរួមជាមួយយើងទេ។»
ប្រធានសហគមន៍នេសាទរូបនេះនឹងបន្តចុះបង្ក្រាបបន្ថែមទៀត ប្រសិនបើមានកិច្ចសហការជាមួយអាជ្ញាធរ ឬមន្ត្រីជំនាញ ប៉ុន្តែលោកថា ខាងសហគមន៍ជួបបញ្ហាប្រឈមមួយចំនួន ពីព្រោះមិនមានសិទ្ធិអំណាចចុះបង្ក្រាបដោយផ្ទាល់ទេ ពោលគឺបានត្រឹមរាយការណ៍ទៅមន្ត្រីជំនាញ ឬអាជ្ញាធរប៉ុណ្ណោះ។
ទាក់ទងបញ្ហានេះ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម លោក អ៊ុក ណារិន មានប្រសាសន៍ថា បទល្មើសនេសាទនៅតំបន់បឹងធំ ខាងមន្ត្រីជំនាញតែងតែបង្ក្រាបជាហូរហែ ព្រមទាំងផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋទាំងឡាយដែលរករបរខុសច្បាប់ឱ្យពួកគាត់ត្រឡប់មកនេសាទដោយប្រើឧបករណ៍ស្របច្បាប់វិញ ប៉ុន្តែមានករណីនេសាទខុសច្បាប់ដោយលួចលាក់ខ្លះដែរ។ យ៉ាងនេះក្តី លោកសង្កេតឃើញថា បទល្មើសឆ្នាំនេះហាក់ថយចុះច្រើនជាងពេលមុន ហើយអួនត្រជាក់ គឺមិនមានទេ ប៉ុន្តែមានករណីអូសអួនធម្មតា៖ «គោលការណ៍របស់រដ្ឋាភិបាល គឺគាត់ឱ្យផ្សព្វផ្សាយពីប្រកាសប្រើប្រាស់ឧបករណ៍នេសាទរបស់ក្រសួងកសិកម្ម ដើម្បីឱ្យពួកគាត់យល់ដឹង។»
មន្ត្រីជំនាញដដែលបញ្ជាក់ថា នៅឆ្នាំ២០១៦ អាជ្ញាធរខេត្តកំពង់ចាម បង្ក្រាបបទល្មើសនេសាទ បាន ១៧៨ករណី។ បន្ថែមពីនេះ មន្ត្រីជំនាញបានសម្រេចបញ្ជូនជនសង្ស័យទៅតុលាការចំនួន ៤ករណី ដែលមានមនុស្សចំនួន ៤នាក់។ រឹបអូស និងបំផ្លាញលូស្បៃមុងជាង ២ពាន់មាត់ ហើយរបាំងស្បៃមុងមានប្រវែងជាង ៧ម៉ឺនម៉ែត្រទៀតផង។
ច្បាប់ជលផលឆ្នាំ២០០៦ មាត្រា ៩៨ ចែងថា ត្រូវផ្តន្ទាទោសបទល្មើសជលផលថ្នាក់ទី១ ដាក់ពន្ធនាគារពី ៣ឆ្នាំ ទៅ ៥ឆ្នាំ និងរឹបអូសយកវត្ថុតាងទាំងអស់ដាក់ជាសម្បត្តិរដ្ឋ ឬបំផ្លាញចោល។ បទល្មើសទាំងនោះរួមមាន នេសាទដោយឧបករណ៍ឆក់ គ្រឿងផ្ទុះ និងសារធាតុពុលគ្រប់ប្រភេទក្នុងដែននេសាទ។ នេសាទដោយឧបករណ៍ទំនើប ឬឧបករណ៍ដែលបង្កើតឡើងថ្មី ឬរបៀបនេសាទបែបថ្មី ដែលនាំមកនូវការបំផ្លាញមច្ឆជាតិ ឬធនធានជលផល និងប្រព័ន្ធអេកូឡូស៊ីជលផលជាដើម៕
No comments:
Post a Comment