សមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី លោក ហុង សុខហួរ |
តុលាការ ជាន់ខ្ពស់ លើកពេល សវនាការ មន្រ្តី បក្សប្រឆំាង ខណៈ អវត្តមាន មេធាវី
|
សមាជិក ព្រឹទ្ធសភា មកពី គណបក្ស សម រង្ស៊ី គឺ លោក ហុង សុខហួរ ត្រូវ បានសាលាដំបូង រាជធានី ភ្នំពេញ កាត់ទោស ចំនួន ៧ឆ្នាំ ពីបទក្លែងបន្លំ ឯកសារ សាធារណៈ, ការប្រើប្រាស់ ឯកសារ សាធារណៈក្លែង, និងញុះញង់ បង្ក ឲ្យមាន ភាពវឹកវរ ធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម។ ប៉ុន្តែ មេធាវី ការពារក្តី បានប្តឹង ជំទាស់ ទៅសាលាឧទ្ធរណ៍។
ប្រធាន ក្រុមប្រឹក្សា ជំនុំជម្រះ នៃសាលាឧទ្ធរណ៍ លោក សេង ស៊ីវុត្ថា នៅព្រឹក ថ្ងៃព្រហស្បតិ៍ នេះ បានប្រកាស លើកពេល សវនាការ ទៅអំឡុង ខែកុម្ភៈវិញ ដោយថា, តាមច្បាប់ អ្នក ព្រឹត្ត បទឧក្រិដ្ឋ តម្រូវ ឲ្យមាន មេធាវី ចូលការពារក្តី ឲ្យជនល្មើស, ប៉ុន្តែ នៅថ្ងៃនេះ អវត្តមាន មេធាវី ការពារក្តី។
ទោះ ជាបែបនេះក្តី លោក សេង ស៊ីវុត្ថា ពុំបានបញ្ជាក់ថ្ងៃណាមួយជាក់លាក់ ដើម្បីបើកសវនាការជម្រះក្តីលើសំណុំរឿងលោក ហុង សុខហួរ នោះទេ។
មេធាវីការពារលោក ហុង សុខហួរ គឺលោក ជួង ជូងី បានឲ្យដឹងថា ករណីក្រុមមេធាវីមិនចូលសវនាការនៅថ្ងៃនេះ ដោយសារពួកគេបានដាក់លិខិតទៅចៅក្រម ដើម្បីសុំពន្យាពេលសវនាការ និងសុំឲ្យចៅក្រមចាត់តំាងអ្នកជំនាញសន្ធិសញ្ញានិងភ្ជាប់អ៊ិនធើណែត (Internet) ក្នុងពេលសវនាការ ដើម្បីឲ្យដំណើរការកាត់ក្តីមានយុត្តិធម៌សម្រាប់កូនក្តី។ លោកមានប្រសាសន៍ថា៖ «យើងអាចរកថា តើការក្លែងសន្ធិសញ្ញាយ៉ាងម៉េច ការប្រើប្រាស់យ៉ាងម៉េច ហើយឯកសារដែលកូនក្តីខ្ញុំយកមកបកស្រាយបង្ហោះតាមហ្វេសប៊ុកពិតមែន យើងអាចបំភ្លឺ បង្ហាញការពិតទៅបាន ហើយតុលាការក៏មានមូលដ្ឋានច្បាស់លាស់ក្នុងការពិចារណាដែរ តែបើសិនជាអត់រកអ្នកជំនាញមកទេ ពិចារណាដោយខ្លួនឯង (ចៅក្រម) អត់មានចំណេះដឹងខាងសន្ធិសញ្ញា គឺសម្រេចដោយអត់ត្រូវ។»
គួរបញ្ជាក់ថា លោក ហុង សុខហួរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីពាក់កណ្តាលខែសីហា ឆ្នាំ២០១៥ បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចេញបញ្ជាឲ្យចាប់ខ្លួនដោយចោទថា ក្លែងឯកសារសន្ធិសញ្ញាកម្ពុជា-វៀតណាម ឆ្នាំ១៩៧៩។ ប៉ុន្តែបក្សប្រឆំាងថា ការចោទប្រកាន់ និងការឃុំខ្លួនលោកហុង សុខហួរ ជារឿងនយោបាយ៕
No comments:
Post a Comment