ឈើមូលដែលត្រូវក្រុមហ៊ុន ស៊ីបាយអូថេច (Ci-Biotech) កាប់នៅចំណុចអូរជាំ ឃុំបឹងចារ ស្រុកសំបូរ ខែត្រក្រចេះ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧។ Photo Provided |
ជនជាតិដើម ភាគតិច ខេត្ត ក្រចេះ ចោទ ក្រុមហ៊ុន សម្បទាន ថា នៅតែ បន្ត កាប់ឈើ
RFA / វិទ្យុ អាស៊ី សេរី | ១២ មករា ២០១៧
ជនជាតិដើម ភាគតិច កួយ រស់នៅ ឃុំ បឹងចារ ស្រុក សំបូរ ខែត្រ ក្រចេះ អះអាង ថា, ក្រុមហ៊ុន សម្បទាន សេដ្ឋកិច្ច ឈ្មោះ ស៊ី បាយអូថេច (Ci-Biotech) បានបិទផ្លូវ មិនឲ្យ អ្នកភូមិ ឆ្លងកាត់ ទៅតំបន់ ព្រៃឡង់ ជាងមួយសប្ដាហ៍ មកហើយ។ ការបិទ ផ្លូវនេះ បានរាំងខ្ទប់ ការប្រមូល អនុផល ព្រៃឈើ របស់ ជនជាតិដើម ភាគតិច ចំនួន ពីរឃុំ។
ជនជាតិដើម ភាគតិច កួយ អំពាវនាវ នៅថ្ងៃ ទី១២ មករា សូម ឲ្យអាជ្ញាធរ ខែត្រ និងស្ថាប័ន ពាក់ព័ន្ធ អន្តរាគមន៍ ទៅក្រុមហ៊ុនសម្បទាន សេដ្ឋកិច្ច ស៊ី-បាយអូថេច (Ci-Biotech) ថា, បានបិទផ្លូវ ឈ្មោះ អេប៊ីប្រាយ ដែលជាផ្លូវ ដែលគេ កសាង កាលពីទសវត្សរ៍ ទី៨០ ដោយក្រុមហ៊ុន សម្បទាន ព្រៃគុប។
អ្នកភូមិចោទប្រកាន់ ថា, ការបិទផ្លូវនេះ ដោយសារ ក្រុមហ៊ុន ចង់បិទ ព័ត៌មាន ពីសកម្មភាព កាប់ឈើ មានតម្លៃ នៅព្រៃឡង់។
ជនជាតិដើមភាគតិចរស់នៅភូមិអាជេន ឃុំបឹងចារ ស្រុកសំបូរ ខែត្រក្រចេះ លោក សំ ណូ ចាត់ទុកផ្លូវមួយខ្សែនេះជាសរសៃឈាមសេដ្ឋកិច្ចពលរដ្ឋចំនួនពីរឃុំតាំងពីដើម ដែលតែងតែចូលព្រៃប្រមូលអនុផលព្រៃឈើលក្ខណៈជនជាតិដើមភាគតិច ដូចជាដងជ័រទឹក រកឧស បោចវល្លិ និងរកឃ្មុំជាដើម ក៏ប៉ុន្តែកាលពីថ្ងៃទី១ មករា សន្តិសុខក្រុមហ៊ុន និងមន្ត្រីកងរាជអាវុធហត្ថ បានហាមឃាត់មិនឲ្យអ្នកភូមិឆ្លងកាត់។ លើសពីនេះ ពលរដ្ឋបានរាយការណ៍ករណីនេះទៅអាជ្ញាធរមូលដ្ឋានរួចហើយ តែពុំទាន់មានដំណោះស្រាយ។ លោកសង្កត់ធ្ងន់ថា ពលរដ្ឋគ្រោងលើកគ្នាធ្វើបាតុកម្មទាមទារឲ្យក្រុមហ៊ុនបើកផ្លូវវិញ ប្រសិនបើអាជ្ញាធរមិនមានវិធានការដោះស្រាយទេ៖ «វា នឹងបន្ថែម អាវុធហត្ថ បន្ថែមទៀត, បិទច្រក ចេញចូល ទាំងអស់, តាំងពីកន្លែង លួចចូល ក៏បិទដែរ។ បិទទាំងអស់។ មិន ឲ្យចេញចូល ទេ។ ហើយ ប្រជាពលរដ្ឋ នៅពេញភូមិ អត់មាន ទៅរកអី បានទេ។ កកស្ទះ ពេញហ្នឹង។»
លោក សំ ណូ អះអាងថា ក្រុមហ៊ុន ស៊ីបាយអូថេច នៅតែបន្តកាប់ឈើមានតម្លៃ ឬឈើមូលក្នុងតំបន់ព្រៃឡង់តាំងពីចុងខែធ្នូ ឆ្នាំ២០១៦ រហូតមកទល់ពេលនេះ ដោយប្រើគ្រឿងចក្របួនគ្រឿង។ លោកសន្និដ្ឋានថា ក្រុមហ៊ុនមានចេតនាបិទផ្លូវមិនឲ្យពលរដ្ឋចូលព្រៃឡង់ ដោយខ្លាចក្រែងពលរដ្ឋប្រទះឃើញភាពមិនប្រក្រតីនៃការកាប់បំផ្លាញព្រៃឈើ៖ «ខ្ញុំពិបាកដែររឿងស្ថានីយស្ដារព្រៃឡើងវិញហ្នឹង។ ខ្ញុំដូចរកអត់យល់សោះ បើព្រៃធំៗដូចនេះសុទ្ធតែកាប់ ហើយឈើខ្លះយកមកគរដុតដូចភ្នំដងរែក។»
អាស៊ីសេរី មិនអាចទាក់ទងតំណាងក្រុមហ៊ុន ស៊ីបាយអូថេច (Ci-Biotech) លោក សុ ម៉េងធា ដើម្បីសុំការបំភ្លឺជុំវិញការចោទប្រកាន់នេះបានទេ នៅថ្ងៃទី១២ មករា។
មេឃុំបឹងចារ លោក ហ៊ុល សឿង ទទួលស្គាល់ថា ក្រុមហ៊ុនបានបិទផ្លូវ និងបានអូសឈើមកដាក់លើផ្លូវរាំងខ្ទប់ មិនឲ្យ ពលរដ្ឋធ្វើដំណើរ ដោយសារតែផ្លូវនោះឋិតនៅទីតាំងក្រុមហ៊ុនវិនិយោគ។ លោកបន្ត ថា, ពលរដ្ឋ បានរាយការណ៍ ករណីនេះ ជូនអាជ្ញាធរ ឃុំដែរ, ហើយ លោក គ្រោងចាត់ ឲ្យអាជ្ញាធរ ឃុំ ចុះទៅ ស្រាវជ្រាវ លម្អិត ដើម្បី ជូនដំណឹង ទៅថ្នាក់លើ រកវិធានការ ដោះស្រាយ៖ «ផ្លូវនេះក៏ជាផ្លូវដែលគេឈូស ពីមុនគេឲ្យពលរដ្ឋដើរ តែឥឡូវគេមិនឲ្យពលរដ្ឋដើរទេ គេអូសឈើមកដាក់។»
ក្រុមហ៊ុន ស៊ីបាយអូថេច គឺជាក្រុមហ៊ុនតំណាងឲ្យរដ្ឋាភិបាលកូរ៉េ អភិវឌ្ឍរួមគ្នានឹងរដ្ឋាភិបាលកម្ពុជា វិនិយោគដំណាំឧស្សាហកម្មអាកាស្យា ឬស្ថានីយស្ដារព្រៃឈើឡើងវិញ ដែលវិនិយោគលើផ្ទៃដីចំនួនជាង ៣ម៉ឺនហិកតារ (៣៤.០០៧ហិកតារ) តាំងពីខែមិថុនា ឆ្នាំ២០១២ ឋិតនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ និងមួយផ្នែកចូលដី ស្រុកសៀមបូក ខេត្ត ស្ទឹងត្រែង។
មន្ត្រីអង្កេតជាន់ខ្ពស់ផ្នែកដីធ្លី និងធនធានធម្មជាតិ នៃសមាគមអាដហុក (ADHOC) លោក ស៊ឹង សែនករុណា យល់ថា ការដែលមានការរារាំង ឬបិទផ្លូវមិនឲ្យជនជាតិដើមភាគតិចអាស្រ័យផលព្រៃឈើ គឺជាករណីរំលោភច្បាប់ និងផ្ទុយនឹងឆន្ទៈរបស់ប្រមុខរដ្ឋាភិបាល ដែលធ្លាប់ជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធយកចិត្តទុកដាក់បម្រើសេវាសាធារណៈជូនពលរដ្ឋ។ លោកថា អាជ្ញាធរមានសមត្ថកិច្ចគួរតែប្រញាប់ដោះស្រាយរឿងនេះជាបន្ទាន់ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការចិញ្ចឹមជីវិតរបស់ជនជាតិដើមភាគតិច៖ «បញ្ហាទាំងអស់នេះមិនគួរណាប្រមុខរដ្ឋាភិបាល ឬអ្នកពាក់ព័ន្ធទាំងអស់ព្រងើយកន្តើយទេ។ គួរតែយកចិត្តទុកដាក់ឲ្យមានការពិនិត្យឲ្យច្បាស់លាស់ និងដោះស្រាយជាបន្ទាន់ ចៀសវាងអំពើបែបនេះកាន់តែកើនឡើង ធ្វើឲ្យជនជាតិដើមភាគតិចអាស្រ័យផលកាន់តែរងគ្រោះ។»
ឃុំកំពង់ចាម និងឃុំបឹងចារ ជាតំបន់ដាច់ស្រយាលនៃស្រុកសំបូរ ខែត្រក្រចេះ ពុំមានផ្លូវគមនាគមន៍ល្អប្រសើរនោះទេ។ ឃុំទាំងនោះនៅក្បែរតំបន់ព្រៃឡង់ខែត្រក្រចេះ និងជាប់ទន្លេមេគង្គ ហើយពលរដ្ឋរស់នៅតំបន់នោះច្រើនប្រើប្រាស់ផ្លូវលំក្រាលក្រួសក្រហមឈ្មោះអេប៊ីប្រាយ ដែលឆ្លងកាត់តំបន់ព្រៃឡង់ បន្តដល់ខែត្រកំពង់ធំ មានប្រវែងទទឹងពី ៥ ទៅ ៦ម៉ែត្រ៕
No comments:
Post a Comment