Paris Peace Accords 23 Oct. 1991

Tuesday, February 7, 2017

អ្នក​កាសែត​ និង​មន្ត្រី​ អង្គការ​ ៧​នាក់​ អំពាវនាវ​ រក​យុត្តិធម៌ បន្ទាប់​ ពី​រង​ អំពើ​ហិង្សា​ នៅ​ខេត្ត​ រតនគិរី | 7 journalists, NGO workers, victims of violence in Ratanakiri, seek justice

ផែនទី​ខេត្ត​រតនគិរី។
ផែនទី​ខេត្ត​រតនគិរី។ RFA

អ្នក​កាសែត​ និង​មន្ត្រី​ អង្គការ​ ៧​នាក់​ អំពាវនាវ​ រក​យុត្តិធម៌ បន្ទាប់​ ពី​រង​ អំពើ​ហិង្សា​ នៅ​ខេត្ត​ រតនគិរី

 RFA |
ក្រុម​ សមត្ថកិច្ច​ ប៉ូលិស​ ស្រុក​វើនសៃ ខេត្ត​ រតនគិរី បញ្ចប់​ ការ​ស៊ើប​អង្កេត​ បឋម​ ទៅ​លើ​ ពាក្យ​បណ្ដឹង​ របស់​ ក្រុម​អ្នក​កាសែត និង​សកម្មជន ​បរិស្ថាន ​មាន​គ្នា ៧​នាក់ ដែល​សង្ស័យ ​អ្នក​ជំនួញ ​ឈើ​ ម្នាក់ ថា​ ជាប់​ពាក់ព័ន្ធ​ គម្រោង​ ធ្វើ​ឃាត​ ពួក​គេ ​ពេល​ព្យាយាម​ ស៊ើប​អង្កេត ​បទល្មើស​ ព្រៃ​ឈើ​ នៅ​ទី​រួម​ស្រុក​ វើនសៃ។

លទ្ធផល ​នៃ​ការ​ ស៊ើប​អង្កេត​ បឋម, ក្រុម​សមត្ថកិច្ច​ មិន​ទាន់ ​វាយ​តម្លៃ​ បាន​ ជាក់លាក់​ នៅ​ឡើយ គ្រា​ ដែល​សមត្ថកិច្ច​ បន្ត​ សុំ​គោលការណ៍ ​ទៅ​មន្ត្រី​ អយ្យការ​ ដើម្បី​ ស៊ើប​អង្កេត ​បន្ថែម។


តំណាង​ក្រុម​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​មក​ពី​អង្គភាព​ចំនួន​៦ និង​អង្គភាព​ការពារ​បរិស្ថាន​មួយ​រូប អំពាវនាវ​សុំ​ឲ្យ​សមត្ថកិច្ច​នៃ​អាជ្ញាធរ​ខេត្ត​រតនគិរី ស៊ើប​អង្កេត​ឲ្យ​បាន​ហ្មត់ចត់​ពាក់ព័ន្ធ​ក្រុម​មនុស្ស​មួយ​ក្រុម ដែល​បាន​ប្រើ​អំពើ​ហិង្សា​វាយ​ប្រហារ​លើ​រថយន្ត​ពួក​គេ ខណៈ​ចុះ​យក​ព័ត៌មាន​ពាក់ព័ន្ធ​បទល្មើស​ព្រៃ​ឈើ​ក្នុង​ស្រុក​វើនសៃ។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ បន្ទាប់​ពី​រថយន្ត​អ្នក​កាសែត​ពីរ​គ្រឿង​ក្នុង​ចំណោម​រថយន្ត​បី​គ្រឿង ត្រូវ​បាន​មនុស្ស​ពីរ​ក្រុម មួយ​ក្រុម​ព្យាយាម​បើក​គោយន្ត​បុក​រថយន្ត​អ្នក​កាសែត បន្ទាប់​មក​មនុស្ស​មួយ​ក្រុម​ទៀត បាន​យក​ឈើ​បង្កប់​ដែកគោល​ដាក់​លើ​ផ្លូវ ដើម្បី​បញ្ឈប់​រថយន្ត ហើយ​មនុស្ស​ប្រមាណ ១០​នាក់​ប្រដាប់​ដោយ​ដំបង​ឈើ ដំបង​ដែក និង​ញញួរ ព្រួត​គ្នា​វាយ​បំបែក​កញ្ចក់​រថយន្ត​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ខណៈ​ក្រុម​អ្នក​កាសែត​ព្យាយាម​រត់​គេច​ពី​ការ​វាយ​ប្រហារ​នេះ។

ប្រធាន​ក្រុមប្រឹក្សា​សារព័ត៌មាន​កម្ពុជា លោក សុខ សុវណ្ណ ចាត់​ទុក​សកម្មភាព​ទាំង​ពីរ​លើក​នេះ ថា​ជា​គម្រោង​ប៉ង​ធ្វើ​ឃាត​ក្រុម​អ្នក​កាសែត​ពី​សំណាក់​ឈ្មួញ​រក​ស៊ី​ឈើ​ខុស​ច្បាប់​មួយ​រូប​នៅ​តំបន់​នោះ។ លោក​កត់​សម្គាល់​ថា អំពើ​ហិង្សា​នេះ​កើត​មាន​ឡើង​បន្ទាប់​ពី​ក្រុម​អ្នក​កាសែត​រក​ឃើញ​ឈើ​ត្រូវ​បាន​គេ​ដឹក​ជញ្ជូន​តាម​ទូក​នៅ​តំបន់​នោះ ចំណែក​ក្រុម​អ្នក​ដឹក​ជញ្ជូន​ឈើ​បញ្ជាក់​ថា ជា​ឈើ​របស់​បុរស​ឈ្មោះ ម៉េង មុខ​របរ​ប្រមូល​ទិញ​ឈើ​ខុស​ច្បាប់​ដែល​ប្រជាពលរដ្ឋ​លួច​កាប់​ពី​ក្នុង​ព្រៃ៖ «ករណី​យើង​ចាត់​ទុក​ជា​ការ​ប៉ុនប៉ង​ធ្វើ​ឃាត ដើម្បី​បំបាក់​ស្មារតី​អ្នក​កាសែត។ ខ្ញុំ​ចង់​ឲ្យ​មាន​យុត្តិធម៌ ចង់​ឲ្យ​មាន​ភាព​ប្រឈម​ជាមួយ​គ្នា​ចំពោះ​មុខ​ច្បាប់»

អ្នក​កាសែត​ទាំង​ពីរ​នាក់ គឺ​ជា​នាយក នាយក​រង និង​ជា​អ្នក​យក​ព័ត៌មាន​របស់​អង្គភាព​ក្រុមប្រឹក្សា​អ្នក​សារព័ត៌មាន​កម្ពុជា កាសែត​ភ្នំពេញ​ប្រ៉ែស កាសែត​ថ្ងៃ​នេះ សមាគម​អ្នក​សារព័ត៌មាន​ប្រជាធិបតេយ្យ អង្គការ​អភិរក្ស​ឃ្លាំ​មើល​ធនធាន​ធម្មជាតិ កាសែត​ជួយ​ខ្មែរ និង​មជ្ឈមណ្ឌល​ព័ត៌មាន​ថ្ងៃ​នេះ។

ទាក់ទង​ការ​ចោទ​ប្រកាន់​នេះ អធិការ​នគរបាល​ស្រុក​វើនសៃ លោក ទឺ នូថង បញ្ជាក់​ថា ការ​ស៊ើប​អង្កេត​បឋម​រយៈពេល​មួយ​សប្ដាហ៍​របស់​ប៉ូលិស​ស្រុក មិន​ទាន់​រក​ឃើញ​តម្រុយ​ទាក់ទិន​គម្រោង​ធ្វើ​ឃាត​អ្នក​កាសែត​នោះ​ទេ។ លោក​ថា ប៉ូលិស​កំពុង​បន្ត​នីតិវិធី​សុំ​គោលការណ៍​ពី​មន្ត្រី​ស្ថាប័ន​អយ្យការ​ស៊ើប​អង្កេត​បន្ត​ទៀត មុន​នឹង​ធ្វើ​ការ​វាយ​តម្លៃ​ជាក់លាក់​ពី​ហេតុការណ៍​កើត​មាន​អំពើ​ហិង្សា​ទៅ​លើ​ក្រុម​អ្នក​កាសែត​នេះ៖ «ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​ស្រាវជ្រាវ​រឿង​ហ្នឹង​យ៉ាង​សកម្ម​បំផុត ហើយ​ប៉ុន្តែ​អត់​មាន​ករណី​បញ្ជាក់​ណា​មួយ​ថា គេ​ប៉ុនប៉ង​ធ្វើ​ឃាត​អ្នក​កាសែត​នោះ​ទេ។ គាត់​មក​ប្ដឹង​យើង​ថា មាន​ពួក​មេ​ប៉ុនប៉ង ប៉ុន្តែ​អត់​មាន​អ្វី​ដាក់​បន្ទុក​ទេ»

កាល​ពី​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ក្រុម​អ្នក​កាសែត​បាន​ធ្វើ​របាយការណ៍​ដាក់​ជូន​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ស្ដីពី​អំពើ​ហិង្សា​លើ​ក្រុម​អ្នក​សារព័ត៌មាន ប្រយោជន៍​សុំ​ឲ្យ​សាមី​ក្រសួង​ជួយ​អន្តរាគមន៍​ទាក់ទិន​ការ​ប្រើ​អំពើ​ហិង្សា​រំលោភ​សិទ្ធិ​អ្នក​សារព័ត៌មាន​នេះ។

អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន លោក អ៊ុក គឹមសេង បញ្ជាក់​ថា ក្រសួង​បាន​ទទួល​របាយការណ៍​នោះ​ហើយ និង​កំពុង​ចាត់​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្ទៀងផ្ទាត់​របាយការណ៍​នេះ។ លោក​ថា អ្វី​ដែល​សំខាន់ គឺ​អ្នក​សារព័ត៌មាន​គ្មាន​គ្រោះថ្នាក់​ពាក់ព័ន្ធ​ការ​ប្រើ​អំពើ​ហិង្សា ហេតុ​នេះ​ការ​ស៊ើប​អង្កេត​រក​អ្នក​ប្រព្រឹត្តិ គឺ​ជា​តួនាទី​របស់​ក្រុម​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​កំណត់​មុខ​សញ្ញា​ប្រព្រឹត្ត​ល្មើស​មក​ទទួល​ខុស​ត្រូវ​ចំពោះ​អំពើ​ហិង្សា​នេះ៖ «ទោះ​បី​ករណី​នេះ​យើង​មិន​ទាន់​ដឹង​ថា​យ៉ាង​ម៉េច​ក៏ដោយ ក៏ប៉ុន្តែ​ឃើញ​អ្នក​កាសែត​ទាំងអស់​មាន​សុវត្ថិភាព​ធម្មតា ចំពោះ​ខាង​ណា​ខុស ខាង​ណា​ត្រូវ ទុក​ឲ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច។ ក្រសួង​ព័ត៌មាន ពុំ​មាន​សមត្ថកិច្ច​ក្នុង​ការ​វិនិច្ឆ័យ​ក្តី​ក្ដាំ​នោះ​ទេ ក៏ប៉ុន្តែ​ចង់​ដឹង​ការពិត​បន្ថែម តើ​មូលហេតុ​នាំ​ឲ្យ​មាន​រឿង​ហ្នឹង​ឡើង កើត​ពី​ត្រឹម​ណា

របាយការណ៍​បឋម​របស់​ប៉ូលិស​ស្រុក​វើនសៃ ឲ្យ​ដឹង​ថា បាតុភាព​ដែល​កើត​មាន​ចំពោះ​អ្នក​កាសែត ទី​មួយ​គឺ​ជា​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ឡើង​ដោយ​រថយន្ត​ដាច់​ហ្វ្រាំង និង​ទី​ពីរ គឺ​បង្ក​ឡើង​ដោយ​យុវជន​ទំនើង​មក​ពី​ក្រុង​បានលុង៕








No comments:

Post a Comment