ប្រធានគ្រប់គ្រងផ្នែកអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត ក្នុងកម្មវិធីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៧។ RFA |
«អាជ្ញាធរ អនុវត្តច្បាប់ ដោយលំអៀង ជុំវិញ ករណី កោះហៅ មន្ត្រី សិទ្ធិមនុស្ស ២រូប»
RFA / វិទ្យុ អាស៊ី សេរី | ៧ កុម្ភៈ ២០១៧
មន្ត្រី នៃអង្គការ សិទ្ធិមនុស្ស លីកាដូ គឺ លោក អំ សំអាត និងអ្នកសហគមន៍ បឹងកក់ លោក ចាន់ ពុទ្ធិស័ក្ដ ត្រូវ ព្រះរាជអាជ្ញា រង នៃសាលាដំបូង រាជធានីភ្នំពេញ កោះហៅ ទៅបំភ្លឺ នៅថ្ងៃ ទី៨ ខែកុម្ភៈ ក្នុងនាម ជាជនសង្ស័យ ក្នុងរឿងហិង្សា ដែលប្ដឹង ដោយក្រុម សន្តិសុខសាលា ខណ្ឌ ដូនពេញ។
នាយកអង្គការលីកាដូ ចាត់ទុកដីកាកោះរបស់សាលាដំបូងរាជធានីភ្នំពេញ ថាជារឿងហួសចិត្ត ដ្បិតអ្នកការពារសិទ្ធិមនុស្សទាំង ២នាក់ គឺជាអ្នកដែលត្រូវក្រុមសន្តិសុខវាយ បែរជាត្រូវសង្ស័យថា ជាអ្នកប្រើហិង្សាទៅវិញ។
នាយកអង្គការលីកាដូ លោក ថាវ គឹមសាន ថ្លែងថា អាជ្ញាធរគួរតែចាត់ការបណ្ដឹងរបស់លោក អំ សំអាត និងលោក ចាន់ ពុទ្ធិស័ក្ដ ដែលប្ដឹងប្រឆាំងក្រុមសន្តិសុខ ដែលបានប្រើហិង្សាលើពួកគេកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦។ លោកថា ការអនុវត្តបែបនេះបង្ហាញថា អាជ្ញាធរអនុវត្តច្បាប់ដោយលំអៀង។
ក្នុងសេចក្ដីថ្លែងការណ៍របស់អង្គការលីកាដូ និងសហគមន៍បឹងកក់ ចេញនៅថ្ងៃទី៧ ខែកុម្ភៈ អោយដឹងថា កាលពីថ្ងៃទី១០ ខែតុលា ដែលជាទិវាសិទ្ធិលំនៅឋាន ប្រធានផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ បានទៅឃ្លាំមើលការហែក្បួនដោយអហិង្សា។ ចំណែកលោក ចាន់ ពុទ្ធិស័ក្ដ តំណាងសហគមន៍បឹងកក់ បានទៅថតសកម្មភាពនានា ក្នុងព្រឹត្តិការណ៍នោះដែរ។
សេចក្ដីថ្លែងការណ៍ដដែលបន្តថា ក្នុងពេលដែលក្បួនហែអហិង្សាធ្វើដំណើរឆ្ពោះទៅទីលានប្រជាធិបតេយ្យក្រុមសន្តិសុខខណ្ឌដូនពេញ បានបិទផ្លូវរារាំងក្បួន និងបានឆក់យកស្គរ និងឆៃយ៉ាំពីអ្នកហែក្បួន។ ពេលនោះក្រុមសន្តិសុខបានវាយទៅលើលោកពុទ្ធិស័ក្ត ដែលកំពុងថតសកម្មភាពរបស់សន្តិសុខ។ ចំណែកលោក អំ សំអាត បានព្យាយាមដោយសន្តិវិធី ដើម្បីបញ្ឈប់អំពើហិង្សានោះក្នុងនាមជាអ្នកការពារសិទ្ធិមនុស្ស។ ប៉ុន្តែក្រុមសន្តិសុខក៏បានចោមវាយលោក អំ សំអាត ដែរ។ ទាំងលោក អំ សំអាត និងលោក ចាន់ ពុទ្ធិស័ក្ដិ របួស និងត្រូវសម្រាកព្យាបាល។
ក្នុងសេចក្ដីថ្លែងការណ៍ដដែល អង្គការលីកាដូ និងសហគមន៍បឹងកក់ សង្ឃឹមថា ព្រះរាជអាជ្ញាអាចបញ្ចប់ការស៊ើបអង្កេតបឋមទៅលើអ្នកការពារសិទ្ធិមនុស្សទាំង ២រូប ហើយពិចារណាបណ្ដឹងប្រឆាំងអ្នកប្រើអំពើហិង្សាពិតប្រាកដ។
ស្របគ្នានេះ អង្គការអន្តរជាតិចំនួន៤ ក្នុងនោះមានទាំងអង្គការលើកលែងទោសអន្តរជាតិ និងអង្គការឃ្លាំមើលសិទ្ធិមនុស្សផង បានរួមគ្នាអំពាវនាវអោយអាជ្ញាធររដ្ឋាភិបាលទម្លាក់ចោលការចោទប្រកាន់លើអ្នកទាំង២ ដោយចាត់ទុកករណីនេះថា ជាការចោទប្រកាន់ដែលមានចរិតនយោបាយ។ គម្រោងការសាកសួរអ្នកទាំងដោយសាលាដំបូងរាជធានីភ្នំពេញ កើតឡើងស្របពេលដែលមានការរីកដុះដាលការគំរាមកំហែងដោយប្រើប្រាស់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។
សេចក្ដីថ្លែងការណ៍របស់អង្គការដដែលលើកឡើងទៀតថា តឹកតាងនៃការគំរាមកំហែងនេះគឺពេលនេះ មានមន្ត្រីសិទ្ធិមនុស្ស និងសកម្មជនសិទ្ធិមនុស្សចំនួន ២៦នាក់ កំពុងជាប់ឃុំក្នុងពន្ធនាគារដែលពួកគេត្រូវចោទប្រកាន់ក្នុងសំណុំរឿងដែលពាក់ព័ន្ធនឹងនយោបាយ។ ក្នុងនោះក៏មានសកម្មជនគណបក្សនយោបាយចំនួន ១៤នាក់ ដែលត្រូវជាប់ឃុំក្នុងរឿងហិង្សានៅស្ពាននាគ កាលពីខែកក្កដា ឆ្នាំ២០១៤ នៅពេលក្រុមសន្តិសុខប៉ះទង្គិចនឹងអ្នកតវ៉ា។ ប៉ុន្តែអាជ្ញាធរពុំបានបង្ហាញការប្រឹងប្រែងដើម្បីនាំយកក្រុមសន្តិសុខមកប្រឈមនឹងច្បាប់ឡើយ ចំពោះការប្រើប្រាស់កម្លាំងដែលមិនមានភាពត្រឹមត្រូវតាមច្បាប់។
អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី (Human Rights Watch) លោក ហ្វីល រូប៊ឺតសុន (Phil Robertson) ត្រូវបានស្រង់សម្ដីមកដាក់ក្នុងសេចក្ដីថ្លែងការណ៍រួមនោះថា ការសាកសួរលោក អំ សំអាត និងលោក ចាន់ ពុទ្ធិស័ក្ដ គឺជាផ្នែកមួយនៃការប៉ុនប៉ងបង្ខូចឈ្មោះអង្គការសិទ្ធិមនុស្សដែលបំពេញការងារតាមច្បាប់ និងបង្ហាញយ៉ាងច្បាស់ពីការប្រើប្រាស់ពន្ធនាគារ ដើម្បីគំរាមកំហែងអ្នកគ្រប់គ្នាដែលបំពេញការងារការពារ និងលើកកម្ពស់សិទ្ធិមនុស្ស។ លោកថា ការគំរាមកំហែងលើអ្នកតស៊ូមតិដើម្បីសិទ្ធិមនុស្សត្រូវតែបញ្ឈប់ជាបន្ទាន់នៅពេលនេះ។
ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ លោក ងិន ពេជ កាលពីថ្ងៃទី២០ ខែមករា បានចេញដីកាចំនួន២ ដាច់ដោយឡែកពីគ្នាកោះហៅ លោក អំ សំអាត និង លោក ចាន់ ពុទ្ធិស័ក្ដ អោយចូលទៅបំភ្លឺនៅរសៀលថ្ងៃទី៨ ខែកុម្ភៈ ពីដំណើររឿងបង្កហិង្សាដោយចេតនា កាលពីថ្ងៃទៅ១០ ខែតុលា ឆ្នាំ២០១៦ តាមបណ្ដឹងរបស់ឈ្មោះ តែ ចន្ធូ និងឈ្មោះ សំ សុធារ៉ា។
ជាញឹកញយមន្ត្រីរដ្ឋាភិបាលតែងហៅចំណាត់ការរបស់តុលាការគឺជាការអនុវត្តនីតិរដ្ឋ និងតែងតែជំរុញអោយអ្នកដែលត្រូវចោទប្រកាន់រកមេធាវីល្អៗការពារក្ដីជាជាងចេញសេចក្ដីថ្លែងការណ៍រិះគន់រដ្ឋាភិបាល ឬស្ថាប័នតុលាការ។
ប្រធានគ្រប់គ្រងផ្នែកអង្កេតនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា លោកនឹងចូលទៅបំភ្លឺការការកោះហៅនេះ ដ្បិតលោកមានសាក្សី និងភស្តុតាងបញ្ជាក់ថា រូបលោកជាអ្នករងគ្រោះ។
ក្នុងសំណុំរឿងហិង្សាដដែលនេះ លោក អំ សំអាត និងលោក ចាន់ ពុទ្ធិស័ក្ដ បានដាក់បណ្ដឹងប្រឆាំងក្រុមសន្តិសុខភា្លមៗនៅក្រោយអំពើហិង្សាកាលពីថ្ងៃទី១០ ខែតុលា ប៉ុន្តែរហូតមកដល់ពេលនេះពុំមានចំណាត់ការណាមួយនៅឡើយ។
នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក និងក្នុងគេហទំព័ររបស់អង្គការសិទ្ធិមនុស្សលីកាដូ បានដាក់បង្ហាញវីដេអូឃ្លិប ដែលអាចមើលឃើញក្រុមសន្តិសុខវាយអ្នកការពារសិទ្ធិមនុស្សទាំង ២រូប៕
No comments:
Post a Comment