លោកស្រី Donica Pottie (រូបភាពពី http://www.tccc.or.th) |
កាណាដា អំពាវនាវ ឲ្យកម្ពុជា ធានា ការបោះឆ្នោត ដោយសេរី នៅឆ្នាំ ២០១៧ និង២០១៨
កាណាដា បានសម្តែង ការព្រួយបារម្ភ ចំពោះ រដ្ឋសភា អនុម័ត ធ្វើវិសោធនកម្ម ច្បាប់ ស្តីពី គណបក្ស នយោបាយ ថា អាចជះ ឥទ្ធិពល ដល់ដំណើរការ លទ្ធិប្រជាធិបតេយ្យ, ហើយ ក៏បាន អំពាវនាវ ឲ្យរដ្ឋាភិបាល កម្ពុជា ធានា ពីការបោះឆ្នោត ដោយសេរី និងត្រឹមត្រូវ នៅឆ្នាំ ២០១៧ និង២០១៨។
ក្នុងសេចក្តីថ្លែងការណ៍របស់ឯកអគ្គរដ្ឋទូតកាណាដា ប្រចាំកម្ពុជាកាលពីថ្ងៃទី២៤កុម្ភៈ បានលើកឡើងថា ការអនុម័តធ្វើវិសោធនកម្មលើច្បាប់ស្តីពីគណបក្សនយោបាយនោះ គឺជាការផ្តល់អំណាចថ្មីបន្ថែមទៀត ឲ្យរដ្ឋាភិបាលក្នុងរឹតត្បិត និង រំលាយគណបក្សនយោបាយផ្សេងៗ។
ឯកអគ្គរដ្ឋទូតរបស់កាណាដា ប្រចាំកម្ពុជាលោកស្រី Donica Pottie ថ្លែងថា កាដាណា មានការព្រួយបារម្ភចំពោះ ស្ថានភាពដែលកើតឡើងនៅប៉ុន្មានខែចុងក្រោយនេះថា អាចជះឥទ្ធិពលលើការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅខែមិថុនាឆ្នាំ២០១៧ និង ការបោះឆ្នោតថ្នាក់ជាតិនៅខែកក្កដាឆ្នាំ២០១៨។
លោកស្រី Donica Pottie ថ្លែង ក្នុងសេចក្តី ថ្លែងការណ៍ នោះ ថា៖ «ការធ្វើវិសោធនកម្មនោះ ធ្វើឲ្យដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដើរថយក្រោយ ហើយកាណាដា អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាធានាការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី បើកចំហ និង មានតម្លាភាព នៅឆ្នាំ២០១៧ និង ២០១៨។»
កាលពីថ្ងៃទី២០ខែកុម្ភះ តំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា បានអនុម័តធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ សំឡេង៦៦លើ ៦៦ ដោយមិនមានការចូលរួមពីតំណាងរាស្ត្រគណបក្សប្រឆាំងនោះទេ។ ក្រោយការអនុម័តការធ្វើវិសោធនកម្មច្បាប់នោះមានការថ្កោលទោសពីអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch អង្គការជាតិនានា និង អាមេរិកថា ច្បាប់នេះរឹតត្បិតគណបក្សនយោបាយផ្សេងៗ។
No comments:
Post a Comment